ព្រះអម្ចាស់ស្អប់អ្នកបន្លំភ្នែកជញ្ជីង តែព្រះអង្គគាប់ព្រះហឫទ័យនឹងអ្នកដែលប្រើកូនជញ្ជីងត្រឹមត្រូវ។ អ្នកណាវាយឫកក្រអឺតក្រទម អ្នកនោះនឹងត្រូវគេមើលងាយ រីឯអ្នកមានចរិយាសុភាព ទើបហៅថាមានប្រាជ្ញា។ ចិត្តទៀងត្រង់តែងតែនាំផ្លូវមនុស្សត្រឹមត្រូវ រីឯចិត្តវៀចវេរវិញ តែងតែនាំមនុស្សពាលឲ្យវិនាស។ នៅថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោស ទ្រព្យសម្បត្តិគ្មានប្រយោជន៍អ្វីទេ គឺមានតែសេចក្ដីសុចរិតប៉ុណ្ណោះ ទើបអាចជួយឲ្យរួចពីស្លាប់បាន។ សេចក្ដីសុចរិតរបស់មនុស្សគ្មានកំហុស រមែងតម្រង់ផ្លូវរបស់ខ្លួន រីឯមនុស្សពាលវិញ តែងតែស្លាប់ដោយសារអំពើពាលរបស់ខ្លួន។ សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ រមែងជួយការពារខ្លួនគេ រីឯមនុស្សវៀចវេរ តែងតែជាប់អន្ទាក់ដោយសារចិត្តលោភលន់របស់ខ្លួន។ ពេលមនុស្សអាក្រក់ស្លាប់ សេចក្ដីសង្ឃឹមរបស់គេក៏វិនាស ហើយការពឹងផ្អែកលើទ្រព្យសម្បត្តិក៏រលាយសូន្យទៅជាមួយដែរ។ ព្រះជាម្ចាស់តែងតែរំដោះមនុស្សសុចរិតឲ្យរួចពីទុក្ខកង្វល់ តែព្រះអង្គឲ្យមនុស្សអាក្រក់រងទុក្ខជំនួសវិញ។ មនុស្សទមិឡតែងតែបំផ្លាញអ្នកដទៃ ដោយសារពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សសុចរិតវិញ តែងតែរួចខ្លួនដោយសារការចេះដឹង។ ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់អន្តរាយ គេបែរជានាំគ្នាស្រែកហ៊ោវិញ។ ពេលមនុស្សត្រឹមត្រូវទទួលពរ ទីក្រុងទាំងមូលក៏ចម្រុងចម្រើនដែរ ផ្ទុយទៅវិញ ដោយសារពាក្យសម្ដីរបស់មនុស្សអាក្រក់ ទីក្រុងត្រូវរលំ។ អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សមិនចេះពិចារណា រីឯមនុស្សចេះដឹងតែងតែនៅស្ងៀម។ អ្នកនិយាយដើមគេមិនអាចរក្សារឿងសម្ងាត់ជិតឡើយ រីឯអ្នកដែលគេទុកចិត្តតែងតែលាក់រឿងសម្ងាត់ទាំងនោះបាន។ ប្រទេសដែលគ្មានអ្នកដឹកនាំ ប្រជាជនតែងតែវិនាស រីឯប្រទេសដែលមានទីប្រឹក្សាច្រើន តែងតែមានជោគជ័យ។ អ្នកណាធានារ៉ាប់រងអ្នកដទៃ អ្នកនោះតែងតែកើតទុក្ខ រីឯអ្នកដែលមិនព្រមធានា តែងតែបានសុខ។
អាន សុភាសិត 11
ស្ដាប់នូវ សុភាសិត 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 11:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ