សុភាសិត 17
17
1បរិភោគបាយកកតែមានសេចក្ដីសុខ ប្រសើរជាងជប់លៀងនៅផ្ទះមួយដែលមានតែការឈ្លោះគ្នា។
2អ្នកបម្រើឆ្លាតរមែងត្រួតត្រាលើកូនដ៏ថោកទាបរបស់ចៅហ្វាយ ព្រមទាំងទទួលចំណែកមត៌កក្នុងគ្រួសារនោះផង។
3គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយសារដុតក្នុងភ្លើង រីឯចិត្តមនុស្សវិញ មានតែព្រះអម្ចាស់ទេដែលអាចលត់ដំ ដើម្បីស្គាល់តម្លៃ។
4មនុស្សមានបំណងអាក្រក់រមែងយកចិត្តទុកដាក់ស្ដាប់ពាក្យអាក្រក់ ហើយមនុស្សកុហករមែងផ្ទៀងត្រចៀកស្ដាប់ពាក្យមួលបង្កាច់។
5អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថព្រះជាម្ចាស់ដែលបង្កើតគេ រីឯអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោស។
6ចៅរមែងធ្វើឲ្យជីតាមានកិត្តិយស រីឯកូនបានខ្ពស់មុខ ព្រោះតែឪពុក។
7ពាក្យថ្លៃថ្នូរមិនសមជាសម្ដីរបស់មនុស្សល្ងីល្ងើទេ ហើយពាក្យកុហកក៏មិនសមចេញពីមាត់របស់អ្នកដឹកនាំដែរ។
8អ្នកសូកនឹកស្មានថា សំណូកប្រៀបបាននឹងត្បូងទិព្វដែលនាំឲ្យមានជោគជ័យក្នុងគ្រប់កិច្ចការដែលគេធ្វើ។
9អ្នកចង់បានមិត្តភាពតែងតែបំភ្លេចកំហុស រីឯអ្នកដែលរំឭកកំហុសរមែងធ្វើឲ្យមិត្តភាពរលាយ។
10ស្ដីប្រដៅមនុស្សចេះដឹងតែមួយម៉ាត់ មានប្រសិទ្ធភាពជាងវាយមនុស្សល្ងីល្ងើមួយរយដំបង។
11មនុស្សទុច្ចរិតគិតតែបះបោរ ប៉ុន្តែ គេនឹងចាត់ពេជ្ឈឃាតកំណាចឲ្យទៅបង្ក្រាបអ្នកនោះ។
12ជួបមេខ្លាឃ្មុំព្រាត់កូន ប្រសើរជាងជួបមនុស្សល្ងីល្ងើដែលល្ងង់ហួស។
13អ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។
14បង្កជម្លោះប្រៀបបាននឹងទំលាយទំនប់ទឹក ចូរដកខ្លួនថយមុននឹងជម្លោះផ្ទុះឡើង។
15អ្នកដែលចាត់ទុកមនុស្សជាប់ទោសថាគ្មានទោស និងអ្នកដែលចាត់ទុកមនុស្សគ្មានកំហុសថាមានកំហុស មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ។
16ប្រាក់នៅក្នុងដៃមនុស្សខ្លៅគ្មានប្រយោជន៍អ្វីទេ ព្រោះទិញប្រាជ្ញាមិនបាន ដ្បិតអ្នកនោះមិនចេះគិត ពិចារណាអ្វីសោះ។
17កល្យាណមិត្តតែងតែស្រឡាញ់គ្នាគ្រប់ពេលវេលា រីឯបងប្អូនវិញតែងតែចាំជួយគ្នាក្នុងពេលមានទុក្ខធុរៈ។
18អ្នកណាធានាសងបំណុលជួសអ្នកដទៃ អ្នកនោះមិនចេះគិតពិចារណាទេ។
19អ្នកដែលចូលចិត្តសន្សំរឿងរមែងចូលចិត្តអំពើបាប អ្នកណានិយាយអួតបំប៉ោង អ្នកនោះស្វែងរកមហន្តរាយ។
20មនុស្សមានកលល្បិចមិនស្គាល់សុភមង្គលទេ ហើយមនុស្សសម្ដីអាក្រក់រមែងជួបគ្រោះកាច។
21អ្នកណាបង្កើតកូនល្ងីល្ងើ អ្នកនោះស្គាល់តែទុក្ខព្រួយ រីឯឪពុករបស់មនុស្សលេលាមិនដែលស្គាល់អំណរសប្បាយទេ។
22ចិត្តសប្បាយរមែងនាំឲ្យជាសះស្បើយ រីឯចិត្តព្រួយរមែងធ្វើឲ្យរីងរៃ។
23មនុស្សអាក្រក់លួចទទួលសំណូក ដើម្បីបង្ខូចយុត្តិធម៌។
24ប្រាជ្ញារមែងនៅក្បែរមនុស្សឈ្លាសវៃ រីឯមនុស្សល្ងីល្ងើវិញ គិតតែពីសម្លឹងមើលអ្វីដែលខ្លួនឈោងមិនដល់។
25កូនភ្លីភ្លើធ្វើឲ្យឪពុកព្រួយ និងធ្វើឲ្យម្ដាយសោកស្ដាយ។
26ដាក់ទោសមនុស្សសុចរិតជាការមិនល្អទេ ហើយវាយមនុស្សថ្លៃថ្នូរ ព្រោះតែគេមានចិត្តទៀងត្រង់ក៏មិនល្អដែរ។
27អ្នកណាទប់ពាក្យសម្ដីរបស់ខ្លួន អ្នកនោះជាមនុស្សចេះដឹង រីឯអ្នកតាំងចិត្តស្ងប់ស្ងៀមជាមនុស្សឈ្លាសវៃ។
28បើមនុស្សល្ងីល្ងើនៅស្ងៀម គេចាត់ទុកគាត់ជាមនុស្សមានប្រាជ្ញា បើគាត់បិទមាត់មិននិយាយអ្វី គេចាត់ទុកគាត់ជាមនុស្សឈ្លាសវៃ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 17: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.