សុភាសិត 23
23
1កាលណាអ្នកអង្គុយរួមតុជាមួយអ្នកធំ តោងគិតថា តើនរណាអង្គុយនៅមុខអ្នក។ 2បើដឹងខ្លួនថាអ្នកជាមនុស្សល្មោភស៊ី ចូរទប់ចំណង់ឃ្លាននោះទៅ។ 3កុំលោភចង់បានម្ហូបឆ្ងាញ់របស់គេ ក្រែងលោម្ហូបនោះជាគ្រឿងបញ្ឆោតអ្នក។
4កុំខំប្រឹងស្វែងរកទ្រព្យសម្បត្តិពេក ហើយក៏កុំគិតតែពីចង់មាន ចង់បានដែរ។ 5អ្នកតាមសម្លឹងមើលប្រាក់ តែប្រាក់នឹងហើរបាត់ទៅ ដូចឥន្ទ្រីកំពុងហើរឡើងទៅលើមេឃ។
6កុំរួមតុជាមួយមនុស្សដែលមានបំណងអាក្រក់ ហើយកុំចង់បរិភោគម្ហូបដ៏ឆ្ងាញ់របស់គេឲ្យសោះ។ 7ចិត្តរបស់គេមិនដូចសម្ដីរបស់គេទេ គេពោលថា “សូមអញ្ជើញពិសាចុះ” ប៉ុន្តែ តាមពិត គេមិនស្មោះត្រង់ជាមួយអ្នកឡើយ។ 8ក្រោយមក អ្នកនឹងខ្ជាក់អាហារនោះចោល ហើយពាក្យទន់ភ្លន់របស់អ្នកក្លាយទៅជាអសាបង់។
9កុំប្រដៅមនុស្សខ្លៅ ព្រោះគេនឹងមើលងាយពាក្យប្រកបដោយសុភនិច្ឆ័យរបស់អ្នក។
10កុំដកបង្គោលព្រំចម្ការចាស់ឡើយ ហើយក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ 11ដ្បិតព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពនឹងការពារគេ ព្រះអង្គប្រឆាំងនឹងអ្នក ដើម្បីរកយុត្តិធម៌ឲ្យគេ។
12ចូរយកចិត្តទុកដាក់ទទួលការអប់រំ ហើយត្រងត្រាប់ស្ដាប់សេចក្ដីដែលគ្រូបង្រៀន។
13កុំរុញរានឹងវាយប្រដៅកូនឡើយ ទោះបីអ្នកវាយវានឹងរំពាត់ ក៏វាមិនស្លាប់ដែរ។
14បើអ្នកវាយវា អ្នកនឹងជួយការពារវាឲ្យរួចពីស្លាប់។ 15កូនអើយ បើកូនមានប្រាជ្ញា ឪពុកសប្បាយចិត្តណាស់។ 16បើកូនពោលពាក្យទៀងត្រង់ នោះឪពុកនឹងមានអំណរយ៉ាងខ្លាំង។
17កុំចង់យកតម្រាប់តាមមនុស្សបាបឡើយ តែត្រូវកោតខ្លាចព្រះអម្ចាស់ ទាំងយប់ទាំងថ្ងៃ 18ធ្វើដូច្នេះ កូននឹងមានអនាគតភ្លឺស្វាង ហើយមិនអស់សង្ឃឹមឡើយ។
19កូនអើយ ចូរស្ដាប់ឪពុក នោះកូននឹងទៅជាមនុស្សមានប្រាជ្ញា ហើយកូនជំពាក់ចិត្តនឹងផ្លូវទៀងត្រង់។ 20កុំសេពគប់នឹងមនុស្សប្រមឹក ឬមនុស្សល្មោភស៊ីឡើយ 21ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភស៊ី រមែងធ្លាក់ខ្លួនក្រ ហើយមនុស្សខ្ជិលច្រអូសរមែងខ្វះសម្លៀកបំពាក់។
22ចូរស្ដាប់ឪពុក ព្រោះគាត់បង្កើតអ្នកមក ហើយកុំមើលងាយម្ដាយ ក្នុងកាលគាត់ចាស់ជរា។ 23ចូរស្វែងរកសេចក្ដីពិត ហើយរក្សាទុកឲ្យជាប់លាប់។ ចូរស្វែងរកប្រាជ្ញា ការអប់រំ និងការពិចារណា 24ឪពុករបស់មនុស្សសុចរិតតែងតែមានអំណរដ៏លើសលុប ហើយឪពុករបស់អ្នកប្រាជ្ញក៏សប្បាយចិត្តដែរ។ 25ចូរធ្វើឲ្យឪពុកម្ដាយសប្បាយចិត្ត ព្រោះតែកូន ហើយសូមឲ្យម្ដាយដែលបានបង្កើតកូនមក មានអំណរដ៏លើសលុប។
26កូនអើយ ចូរទុកចិត្តលើឪពុក ហើយពេញចិត្តយកតម្រាប់តាមឪពុក។ 27ស្រីពេស្យាប្រៀបបាននឹងរណ្ដៅដ៏ជ្រៅ រីឯប្រពន្ធគេប្រៀបបាននឹងអណ្ដូងដ៏ចង្អៀត។ 28ស្រីនោះចាំស្ទាក់នៅតាមផ្លូវ ដូចចោរស្ទាក់ចាំប្លន់ វាធ្វើឲ្យប្រុសជាច្រើនក្បត់ប្រពន្ធ។
29តើអ្នកដែលត្រូវគេមើលងាយ អ្នកដែលគេនឹកហួសចិត្ត អ្នកដែលរករឿងឈ្លោះ អ្នករអ៊ូរទាំ អ្នកដែលត្រូវគេវាយដោយឥតហេតុ អ្នកក្រហមភ្នែកជានរណា? 30គឺអ្នកវក់នឹងស្រា អ្នកដែលចូលចិត្តស្រាខ្លាំង។ 31កុំចាប់ចិត្តនឹងស្រាដែលមានពណ៌ស្រស់ល្អ ធ្វើឲ្យកែវភ្លឺថ្លា ហើយហូរចូលក្នុងបំពង់កយ៉ាងស្រួលនោះឡើយ។ 32នៅទីបំផុត ស្រានោះធ្វើឲ្យអ្នកឈឺចាប់ដូចពស់អាសិរពិសចឹក។ 33ភ្នែករបស់អ្នកព្រឹល មើលអ្វីៗឃើញសុទ្ធតែចម្លែកទាំងអស់ ហើយអ្នកនឹងនិយាយឥតដឹងខុសត្រូវ។ 34អ្នកនឹងប្រៀបដូចជាមនុស្សដេកនៅកណ្ដាលសមុទ្រ និងដូចមនុស្សដេកនៅលើចុងក្ដោងសំពៅ។ 35អ្នកនឹងពោលថា: «បើគេវាយខ្ញុំ ក៏ខ្ញុំមិនឈឺ បើគេសំពងខ្ញុំ ក៏ខ្ញុំមិនដឹងខ្លួនដែរ។ ពេលណាខ្ញុំដឹងខ្លួន ខ្ញុំនឹងទៅរកផឹកទៀត»។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 23: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.