ស្ត្រីគ្រប់លក្ខណ៍កម្ររកបានណាស់ នាងមានតម្លៃលើសពេជ្រទៅទៀត។ ស្វាមីទុកចិត្តលើនាង នាងតែងតែធ្វើឲ្យស្វាមីចម្រុងចម្រើន។ នាងតែងតែផ្ដល់សុភមង្គលឲ្យស្វាមីអស់មួយជីវិត គឺនាងមិនធ្វើឲ្យស្វាមីជួបអពមង្គលឡើយ។ នាងខិតខំរកអំបោះ និងសូត្រ មកត្បាញរវៃយ៉ាងស្វាហាប់។ នាងនាំអាហារមកពីឆ្ងាយ ដូចនាវាដឹកទំនិញ។ នាងក្រោកពីព្រលឹម រៀបចំបាយទឹកឲ្យអស់អ្នកដែលរស់នៅក្នុងផ្ទះ ហើយចាត់ចែងការងារឲ្យស្រីបម្រើធ្វើ។ នាងរិះគិតពិចារណា ហើយទៅទិញចម្ការមួយ រួចនាងយកប្រាក់ដែលខ្លួនរកបាន ទៅទិញទំពាំងបាយជូរមកដាំ។ នាងប្រឹងប្រែងធ្វើការយ៉ាងស្វាហាប់ មិនឲ្យទំនេរដៃឡើយ។ នាងឃើញកិច្ចការរបស់នាងបានចម្រើនឡើង នាងធ្វើការទាំងយប់ ក្រោមពន្លឺចង្កៀង។ នាងកាន់ខ្នាររវៃអំបោះ រួចនាងបោះត្រល់ត្បាញ។ នាងចែកទានដល់ជនក្រីក្រ ហើយជួយជនទុគ៌ត។ នៅរដូវរងា នាងមិនភ័យបារម្ភអ្វីឡើយ ដ្បិតអ្នកនៅក្នុងផ្ទះរបស់នាង សុទ្ធតែមានសម្លៀកបំពាក់យ៉ាងកក់ក្ដៅគ្រប់ៗគ្នា។ នាងត្បាញភួយសម្រាប់ខ្លួនឯង នាងមានសម្លៀកបំពាក់ល្អៗដែលមានពណ៌ស្រស់។ ស្វាមីរបស់នាងជាមនុស្សដែលគេគោរពរាប់អាន គាត់ចូលរួមក្នុងក្រុមព្រឹទ្ធាចារ្យរបស់ស្រុក។ នាងដេរសម្លៀកបំពាក់លក់ ហើយក៏ដេរខ្សែក្រវាត់លក់ឲ្យអ្នកជំនួញដែរ។ នាងមានកម្លាំង និងមានកិត្តិយសថ្លៃថ្នូរ នាងសម្លឹងមើលទៅអនាគត ដោយឥតបារម្ភអ្វីឡើយ។ នាងនិយាយស្ដីប្រកបដោយប្រាជ្ញា ហើយទូន្មានគេដោយចិត្តសប្បុរស។ នាងមើលខុសត្រូវកិច្ចការក្នុងផ្ទះ ឥតទំនេរដៃសោះឡើយ។ កូនរបស់នាងនាំគ្នាកោតសរសើរនាង រីឯស្វាមីរបស់នាងក៏លើកតម្កើងនាង ដោយពោលថា: «មានស្ត្រីជាច្រើនគ្រប់លក្ខណ៍ តែនាងគ្រប់លក្ខណ៍លើសគេទាំងអស់»។ រូបឆោមលោមពណ៌រមែងបញ្ឆោតចិត្ត រីឯសម្រស់ល្អស្អាត មិននៅស្ថិតស្ថេររហូតទេ មានតែស្ត្រីគោរពកោតខ្លាចព្រះអម្ចាស់ប៉ុណ្ណោះ ដែលគួរកោតសរសើរ។ នាងត្រូវតែទទួលផលពីកិច្ចការដែលនាងធ្វើ ហើយទទួលការកោតសរសើរពីមនុស្សទាំងអស់ក្នុងទីក្រុង។
អាន សុភាសិត 31
ស្ដាប់នូវ សុភាសិត 31
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 31:10-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ