សុភាសិត 9
9
ការអញ្ជើញរបស់ព្រះប្រាជ្ញាញាណ
1ព្រះប្រាជ្ញាញាណបានរៀបចំសសរប្រាំពីរ សម្រាប់សង់ផ្ទះ។ 2ព្រះប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សម្រាប់ធ្វើពិធីជប់លៀង។ 3ព្រះប្រាជ្ញាញាណចាត់អ្នកបម្រើឲ្យទៅប្រកាស នៅតាមទួលខ្ពស់ៗក្នុងទីក្រុងថា: 4«មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា 5ក៏សុំអញ្ជើញចូលមកពិសាអាហារ និងពិសាស្រា ដែលខ្ញុំបានរៀបចំទុកជាស្រេច។ 6ចូរនាំគ្នាបោះបង់ចោលភាពល្ងង់ខ្លៅ ទើបអ្នករាល់គ្នាមានជីវិត។ ចូរដើរតាមមាគ៌ាដែលផ្ដល់ការចេះដឹងវិញ!»។
អ្នកប្រាជ្ញ និងអ្នកវាយឫកខ្ពស់
7អ្នកណាស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ អ្នកនោះនឹងត្រូវគេមើលងាយ អ្នកណាស្ដីបន្ទោសមនុស្សពាល អ្នកនោះនឹងត្រូវគេជេរវិញ។ 8កុំស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ ក្រែងគេស្អប់អ្នក។ បើអ្នកស្ដីបន្ទោសមនុស្សមានប្រាជ្ញា គេនឹងស្រឡាញ់អ្នក។ 9សេចក្ដីដែលអ្នកពោលទៅកាន់មនុស្សមានប្រាជ្ញា ធ្វើឲ្យគេកាន់តែមានប្រាជ្ញា សេចក្ដីដែលអ្នកបង្រៀនមនុស្សសុចរិត ធ្វើឲ្យគេកាន់តែចេះដឹងថែមទៀត។
10 #
យ៉ូប. ២៨.២៨; ទំន. ១១១.១០; សុភ. ១.៧ ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃប្រាជ្ញា ការស្គាល់ព្រះជាម្ចាស់ជាចំណេះរបស់ប្រជាជនដ៏វិសុទ្ធ។ 11ប្រាជ្ញាផ្ដល់ឲ្យអ្នករស់បានយូរ ប្រាជ្ញាធ្វើឲ្យអ្នកមានអាយុវែង។ 12បើអ្នកមានប្រាជ្ញា អ្នកនឹងទទួលផលល្អសម្រាប់ខ្លួនឯង បើអ្នកវាយឫកខ្ពស់ អ្នកនឹងទទួលផលវិបាកខ្លួនឯង។
ដំណើរលេលា
13ភាពលេលាប្រៀបបាននឹងស្រីឡូឡា ឆោតល្ងង់ គ្មានដឹងអ្វីទាំងអស់។ 14ស្រីនោះតែងអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬអង្គុយលើកៅអីមួយ តាមទួលខ្ពស់ៗក្នុងទីក្រុង 15ហើយស្រែកហៅមនុស្សត្រឹមត្រូវ ដែលដើរកាត់តាមនោះថា: 16«មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា 17សុំអញ្ជើញចូលមកពិសាទឹកលួចគេដ៏ផ្អែមត្រជាក់ ហើយបរិភោគអាហារលួចលាក់ដ៏ឆ្ងាញ់ពិសា»។ 18អ្នកដែលស្ដាប់តាមស្រីនោះ ពុំបានដឹងខ្លួនថាកំពុងតែដើរឆ្ពោះទៅរកមច្ចុរាជ ហើយក៏ពុំដឹងថាភ្ញៀវដែលស្រីនោះអញ្ជើញមកមុនៗ ធ្លាក់ទៅក្នុងស្ថានមនុស្សស្លាប់អស់ទេ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 9: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.