ទំនុកតម្កើង 144
144
ពាក្យអធិស្ឋានរបស់ព្រះរាជា
ទំនុករបស់ស្ដេចដាវីឌ។
1សូមលើកតម្កើងព្រះអម្ចាស់
ដែលជាថ្មដារបស់ខ្ញុំ
ព្រះអង្គបង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ
ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។
2ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា
ចំពោះខ្ញុំ ព្រះអង្គជួយការពារខ្ញុំ
ព្រះអង្គជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ
ព្រះអង្គរំដោះខ្ញុំ
ព្រះអង្គជាខែលការពារខ្ញុំ
ខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ច
ព្រះអង្គប្រគល់ប្រជាជាតិនានាមកក្រោម
អំណាចរបស់ខ្ញុំ
3 ឱព្រះអម្ចាស់អើយ
តើមនុស្សជាអ្វីបានជាព្រះអង្គ
យកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ?
តើមនុស្សលោកជាអ្វី
បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ?
4មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោល
ដែលតែងតែរសាត់បាត់ទៅ។
5ឱព្រះអម្ចាស់អើយ
សូមផ្អៀងផ្ទៃមេឃរបស់ព្រះអង្គ ហើយយាងចុះមក!
សូមពាល់ភ្នំ ដើម្បីឲ្យមានផ្សែងហុយឡើង។
6សូមព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ
កម្ចាត់កម្ចាយខ្មាំងសត្រូវ
សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។
7សូមលាតព្រះហស្ដពីស្ថានលើមករំដោះទូលបង្គំ
សូមស្រង់ទូលបង្គំឲ្យចេញផុតពីទឹកសមុទ្រ
សូមរំដោះទូលបង្គំឲ្យរួចពីអំណាច
របស់ជនបរទេសទាំងនេះផង។
8ពួកគេមិនដែលនិយាយពាក្យពិតទេ
ហើយក៏មិនដែលគោរពពាក្យ
សម្បថរបស់ខ្លួនដែរ។
9ឱព្រះជាម្ចាស់អើយ
ទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គ
ទូលបង្គំស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ
ដោយលេងឃឹមកំដរផង។
10ព្រះអម្ចាស់សង្គ្រោះស្ដេចនានា
ព្រះអង្គរំដោះដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ
ឲ្យរួចពីការស្លាប់ដោយមុខដាវ។
11សូមរំដោះទូលបង្គំឲ្យរួចពីអំណាច
របស់ជនបរទេសទាំងនេះផង
ពួកគេមិនដែលនិយាយពាក្យពិតទេ
ហើយក៏មិនដែលគោរពពាក្យ
សម្បថរបស់ខ្លួនដែរ។
12សូមឲ្យកូនប្រុសៗរបស់យើងប្រៀបដូចជា
កូនឈើ ដែលដុះឡើងយ៉ាងស្រស់បំព្រង
សូមឲ្យកូនស្រីៗរបស់យើងមានរូបឆោមស្អាត
ដូចរូបទេពអប្សរដ៏ល្អប្រណីត។
13សូមឲ្យជង្រុករបស់យើងមានពោរពេញ
ទៅដោយភោគផលសព្វបែបយ៉ាង
សូមឲ្យហ្វូងចៀមនៅតាមវាលស្មៅ
របស់យើងកើនចំនួនឡើងរាប់ពាន់រាប់ម៉ឺន។
14សូមឲ្យហ្វូងគោរបស់យើង
បានកើនចំនួនជាច្រើន គ្មានបាត់
គ្មាននរណាលួចចាប់យកទៅឡើយ
ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន
នៅតាមទីសាធារណៈរបស់យើងដែរ។
15ប្រជាជាតិណាមានព្រះពរដូច្នេះ
ប្រជាជាតិនោះមានសុភមង្គលហើយ
ប្រជាជាតិណាគោរពព្រះអម្ចាស់
ទុកជាព្រះរបស់ខ្លួន
ប្រជាជាតិនោះមានសុភមង្គលហើយ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 144: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.