ទំនុកតម្កើង 147
147
ព្រះអម្ចាស់សម្តែងឫទ្ធានុភាពតាមរយៈធម្មជាតិ
1ហាលេលូយ៉ា!
ស្មូត្រទំនុកតម្កើង
ថ្វាយព្រះនៃយើង ជាការល្អប្រពៃណាស់
សរសើរតម្កើងព្រះអង្គ
ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។
2 ព្រះអម្ចាស់សង់ក្រុងយេរូសាឡឹមឡើងវិញ
ព្រះអង្គនាំជនជាតិអ៊ីស្រាអែល
ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។
3ព្រះអង្គប្រោសអ្នកដែលមានចិត្តគ្រាំគ្រា
ឲ្យបានធូរស្បើយ ព្រះអង្គរុំរបួសឲ្យគេ។
4ព្រះអង្គរាប់ចំនួនផ្កាយទាំងប៉ុន្មាន
ហើយព្រះអង្គដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។
5ព្រះរបស់យើងធំឧត្ដុង្គឧត្ដម
ព្រះអង្គមានព្រះចេស្ដាដ៏ខ្លាំងបំផុត
ព្រះតម្រិះរបស់ព្រះអង្គឥតមានព្រំដែនឡើយ។
6 ព្រះអម្ចាស់ជួយគាំទ្រជនក្រីក្រ
តែព្រះអង្គបន្ទាបមនុស្សអាក្រក់ដល់ដី។
7ចូរនាំគ្នាច្រៀងអរព្រះគុណព្រះអម្ចាស់
ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះនៃយើង
ទាំងដេញពិណកំដរផង!
8ព្រះអង្គធ្វើឲ្យមានពពកបាំងបិទផ្ទៃមេឃ
ព្រះអង្គរៀបចំឲ្យមាន
ភ្លៀងធ្លាក់មកលើផែនដី
ព្រះអង្គធ្វើឲ្យមានស្មៅដុះនៅតាមភ្នំ
9ព្រះអង្គប្រទានចំណីដល់សត្វពាហនៈ
ហើយពេលកូនក្អែកយំ
ព្រះអង្គក៏ប្រទានចំណីដល់វាដែរ។
10ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងរបស់សេះទេ
ហើយព្រះអង្គក៏មិនរវីរវល់នឹងកម្លាំងកាយ
របស់មនុស្សដែរ
11តែព្រះអង្គគាប់ព្រះហឫទ័យនឹងអស់អ្នក
ដែលគោរពកោតខ្លាចព្រះអង្គ
គឺអស់អ្នកដែលផ្ញើជីវិតលើព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអង្គ។
12ក្រុងយេរូសាឡឹមអើយ
ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់!
ក្រុងស៊ីយ៉ូនអើយ
ចូរសរសើរតម្កើងព្រះរបស់អ្នក!
13ដ្បិតព្រះអង្គការពារ
និងពង្រឹងអ្នកឲ្យមានសន្តិសុខ
ព្រះអង្គនឹងប្រទានពរដល់ប្រជាជន
ដែលរស់នៅក្នុងទីក្រុង។
14ព្រះអង្គប្រទានឲ្យទឹកដីអ្នកមានសន្តិភាព
ព្រះអង្គប្រទានឲ្យអ្នកមានស្រូវដ៏ល្អៗ
យ៉ាងបរិបូណ៌
15ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដី
ហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយ
ទៅយ៉ាងរហ័ស
16ព្រះអង្គធ្វើឲ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី
ព្រះអង្គធ្វើឲ្យមានសន្សើម
ត្រជាក់ធ្លាក់ចុះមកយ៉ាងសក្បុស
17ព្រះអង្គធ្វើឲ្យមានព្រឹលធ្លាក់ចុះមកទាំងដុំៗ
តើនរណាអាចទ្រាំនឹងធាតុអាកាសត្រជាក់
ដែលព្រះអង្គបានបង្កើតមកនេះ?
18ពេលព្រះអង្គមានព្រះបន្ទូល
នោះទឹកកក និងព្រឹលក៏រលាយទៅជាទឹក
ព្រះអង្គធ្វើឲ្យមានខ្យល់បក់មក
ហើយទឹកនោះក៏ហូរទៅ។
19ព្រះអង្គសម្តែងឲ្យពូជពង្ស
របស់លោកយ៉ាកុបស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ
ព្រះអង្គប្រទានច្បាប់
និងវិន័យរបស់ព្រះអង្គ
ឲ្យជនជាតិអ៊ីស្រាអែល។
20ព្រះអង្គពុំបានប្រោសប្រទានដូច្នេះ
ចំពោះប្រជាជាតិទាំងឡាយទេ
ពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។
ហាលេលូយ៉ា!។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 147: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.