ទំនុកតម្កើង 31

31
ព្រះ‌អម្ចាស់​អើយ សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​សូម​ជ្រក​កោន​ជា​មួយ​ព្រះអង្គ
សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខក​ចិត្ត​ឡើយ!
ឱ​ព្រះ​ដ៏​សុចរិត​អើយ សូម​រំដោះ​ទូលបង្គំ!។
2សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ
សូម​មក​រំដោះ​ទូលបង្គំ​ជា​ប្រញាប់!
សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ
ហើយ​សង្គ្រោះ​ទូលបង្គំ​ផង!។
3ដ្បិត​ព្រះអង្គ​ជា​សិលា
និង​ជា​កំពែង​ការពារ​ទូលបង្គំ
សូម​ដឹក​ដៃ​នាំ​ផ្លូវ​ទូលបង្គំ
ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះអង្គ។
4សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រួច​ពី​អន្ទាក់
ដែល​ពួក​គេ​ដាក់​ចាំ​ចាប់​ទូលបង្គំ
ដ្បិត​ព្រះអង្គ​ការពារ​ទូលបង្គំ។
5 ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូលបង្គំ
ទៅ​ក្នុង​ព្រះ‌ហស្ដ​ព្រះអង្គ ។
ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ស្មោះ​ត្រង់​អើយ!
ព្រះអង្គ​បាន​ជួយ​ដោះ​លែង​ទូលបង្គំ។
6ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ហើយ
ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នក
ដែល​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ​ទេ។
7ទូលបង្គំ​ត្រេក​អរ​សប្បាយ​ជា​ខ្លាំង
ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​ទូលបង្គំ
ព្រះអង្គ​ទត​ឃើញ​ទុក្ខ​វេទនា​របស់​ទូលបង្គំ
ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​មាន​កង្វល់។
8ព្រះអង្គ​មិន​បណ្តោយ​ឲ្យ​ទូលបង្គំ
ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ
តែ​ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ
មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។
9ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន!
ទូលបង្គំ​យំ​ខ្សោះ​ទឹក​ភ្នែក ព្រលឹង
និង​រូប​កាយ​ទូលបង្គំ​កាន់​តែ​សោក​សង្រេង។
10ជីវិត​ទូលបង្គំ​កាន់​តែ​អន់‌ថយ​ទៅ ដោយ​កើត​ទុក្ខ
ទូលបង្គំ​ស្រែក​ថ្ងូរ​អស់​មួយ​ជីវិត
កម្លាំង​ទូលបង្គំ​កាន់​តែ​ទ្រុឌ‌ទ្រោម
ព្រោះ​តែ​កំហុស​របស់​ទូលបង្គំ
ហើយ​សូម្បី​តែ​ឆ្អឹង​របស់​ទូលបង្គំ
ក៏​កាន់​តែ​ពុក​ទៅៗ​ដែរ។
11ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ
ជា​ពិសេស​អ្នក​ជិត​ខាង
នាំ​គ្នា​ត្មះ‌តិះ‌ដៀល​ទូលបង្គំ
ហើយ​សូម្បី​តែ​អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ទូលបង្គំ
ក៏​មិន​ហ៊ាន​ចូល​ជិត​ទូលបង្គំ​ដែរ
បើ​គេ​ឃើញ​ទូលបង្គំ​នៅ​តាម​ផ្លូវ
គេ​នាំ​គ្នា​រត់​គេច។
12គ្មាន​នរណា​នឹក​នា​ពី​ទូលបង្គំ​ទៀត​ទេ
ទូលបង្គំ​ប្រៀប​បី​ដូច​មនុស្ស​ស្លាប់
និង​ដូច​ជា​ឆ្នាំង​កំបែក​ដែល​គេ​បោះ​ចោល។
13ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន
ពោល​ពាក្យ​មួល​បង្កាច់
មនុស្ស‌ម្នា​នៅ​ជុំ‌វិញ​ទូលបង្គំ
បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុត។
គេ​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ
ព្រម​ទាំង​ឃុប‌ឃិត​គ្នា
បម្រុង​នឹង​ដក​ជីវិត​ទូលបង្គំ​ផង។
14ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ!
ទូលបង្គំ​ពោល​ថា​ព្រះអង្គ​ពិត​ជា​ព្រះ
របស់​ទូលបង្គំ។
15អាយុ​ជីវិត​របស់​ទូលបង្គំ
ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះអង្គ
សូម​រំដោះ​ទូលបង្គំ​ចេញ​ពី​កណ្ដាប់​ដៃ​របស់
ខ្មាំង​សត្រូវ និង​អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ!
16សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​អ្នក​បម្រើ​របស់​ព្រះអង្គ
សូម​សង្គ្រោះ​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ
ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ!
17ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​អង្វរ​រក​ព្រះអង្គ!
សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ
តែ​ឲ្យ​ពួក​មនុស្ស​ពាល​ត្រូវ​អាម៉ាស់​មុខ​វិញ
គឺ​ឲ្យ​ពួក​គេ​បិទ​មាត់
ធ្លាក់​ទៅ​ស្ថាន​មនុស្ស​ស្លាប់​ទៅ!។
18សូម​ឲ្យ​មនុស្ស​ដែល​តែងតែ
និយាយ​កុហក ក្លាយ​ទៅ​ជា គ
គឺ​ពួក​ដែល​និយាយ​យ៉ាង​ព្រហើន
ប្រឆាំង​នឹង​មនុស្ស​សុចរិត
ដោយ​អួត‌បំប៉ោង និង​ប្រមាថ​មាក់‌ងាយ!។
19ឱ​ព្រះ‌អម្ចាស់​អើយ!
ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ
ល្អ​វិសេស‌វិសាល​ណាស់!
ព្រះអង្គ​បម្រុង​ទុក
សម្រាប់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
មនុស្ស​គ្រប់ៗ​គ្នា​ដឹង​ថា
ព្រះអង្គ​ប្រោស‌ប្រណី​អស់
អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ។
20ព្រះអង្គ​លាក់​គេ​នៅ​ក្បែរ​ព្រះអង្គ
ឲ្យ​រួច​ផុត​ពី​ឧបាយ‌កល​របស់​មនុស្ស
គឺ​ឲ្យ​គេ​ជ្រក​នៅ​ក្នុង​ព្រះ‌ពន្លា
ឆ្ងាយ​ពី​ពាក្យ​មួល​បង្កាច់​របស់​សត្រូវ។
21សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!
ដ្បិត​ពេល​មាន​សត្រូវ​ឡោម‌ព័ទ្ធ​ទូលបង្គំ
ព្រះអង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់
យ៉ាង​អស្ចារ្យ​ចំពោះ​ទូលបង្គំ។
22ពេល​ទូលបង្គំ​ខ្វល់​ខ្វាយ ទូលបង្គំ​ស្មាន​ថា
ព្រះអង្គ​បាន​បណ្តេញ​ទូលបង្គំ
ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ហើយ
ប៉ុន្តែ ពេល​ទូលបង្គំ​ស្រែក​រក​ព្រះអង្គ
ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ។
23អ្នក​រាល់​គ្នា​ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់​អើយ
ចូរ​ស្រឡាញ់​ព្រះអង្គ!
ព្រះ‌អម្ចាស់​ថែ‌រក្សា​អ្នក​ជឿ
តែ​ព្រះអង្គ​ធ្វើ​ទោស​យ៉ាង​តឹង‌រ៉ឹង
ដល់​មនុស្ស​ព្រហើន។
24អស់​អ្នក​ដែល​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​អើយ
ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង!។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 31: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល