ទំនុកតម្កើង 46
46
ព្រះជាម្ចាស់គង់ជាមួយយើង
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទចម្រៀងរបស់កូនចៅលោកកូរេ។ បទសម្រាប់នារី។
1ព្រះជាម្ចាស់ទ្រង់ជាជម្រក
និងជាបង្អែកដ៏រឹងមាំរបស់យើង
នៅពេលមានអាសន្ន ព្រះអង្គតែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។
2ហេតុនេះហើយបានជាយើង
មិនភ័យខ្លាចអ្វីឡើយ គឺទោះបីមានរញ្ជួយផែនដី
ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរ
3ឬទោះបីឮសូរសន្ធឹកសមុទ្របក់បោក
បែកពពុះទឹកធ្វើឲ្យកក្រើកភ្នំ
នានាយ៉ាងណាក្ដី ក៏យើងមិនភ័យខ្លាចអ្វីដែរ។
- សម្រាក
4មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រព
បុរីរបស់ព្រះជាម្ចាស់ ដែលជាព្រះដំណាក់
ដ៏សក្ការៈនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត ។
5ព្រះជាម្ចាស់គង់នៅក្នុងបុរី
ហើយបុរីនោះនឹងមិនរង្គើសោះឡើយ។
ព្រះអង្គនឹងសង្គ្រោះបុរីនោះ តាំងពីពេលថ្ងៃរះ។
6ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ
ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់
ផែនដីក៏រលាយអស់ទៅ
7 ព្រះអម្ចាស់នៃពិភពទាំងមូល*
ទ្រង់គង់នៅជាមួយយើង
ព្រះរបស់លោកយ៉ាកុបជាជម្រក
ដ៏រឹងមាំសម្រាប់យើង។
- សម្រាក
8ចូរនាំគ្នាមកមើលស្នាព្រះហស្ដរបស់ព្រះអម្ចាស់
ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែង
នៅលើផែនដីនេះ!
9គឺព្រះអង្គបញ្ឈប់សង្គ្រាមនៅលើ
សកលលោកទាំងមូល
ព្រះអង្គកាច់បំបាក់ធ្នូ និងលំពែង
ហើយដុតរទេះចម្បាំងចោលអស់។
10ព្រះអម្ចាស់មានព្រះបន្ទូលថា
«ចូរឈប់ច្បាំង ចូរដឹងថា
យើងនេះហើយជាព្រះជាម្ចាស់
យើងគ្រប់គ្រងលើប្រជាជាតិនានា
ហើយគ្រប់គ្រងលើផែនដីទាំងមូល»។
11 ព្រះអម្ចាស់នៃពិភពទាំងមូល*
ទ្រង់គង់នៅជាមួយយើង
ព្រះរបស់លោកយ៉ាកុបជាជម្រក
ដ៏រឹងមាំសម្រាប់យើង។
- សម្រាក
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 46: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.