ទំនុកតម្កើង 66
66
ព្រះជាម្ចាស់បានរំដោះយើង
បទពីសៀវភៅរបស់គ្រូចម្រៀង។ ចម្រៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើង ។
1ប្រជាជននៅផែនដីទាំងមូលអើយ
ចូរនាំគ្នាស្រែកជយឃោស
ថ្វាយព្រះជាម្ចាស់!
2ចូរស្មូត្រទំនុកតម្កើង
ថ្វាយសិរីរុងរឿងព្រះនាមព្រះអង្គ
ចូរនាំគ្នាសរសើរ
លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
3ចូរទូលព្រះអង្គថា: ព្រះជាម្ចាស់អើយ
ស្នាព្រះហស្ដរបស់ព្រះអង្គ
គួរឲ្យស្ញែងខ្លាចណាស់!
ពួកខ្មាំងសត្រូវរបស់ព្រះអង្គនាំគ្នាលុតក្រាប
ដោយឃើញព្រះចេស្ដាដ៏ធំធេងរបស់ព្រះអង្គ។
4មនុស្សម្នានៅផែនដីទាំងមូល
ក្រាបថ្វាយបង្គំព្រះអង្គ
ហើយនាំគ្នាស្មូត្រទំនុកតម្កើង ព្រះអង្គ
គេស្មូត្រទំនុកតម្កើង ថ្វាយព្រះនាមព្រះអង្គ។
- សម្រាក
5ចូរនាំគ្នាមករំពៃមើលស្នាព្រះហស្ដ
របស់ព្រះជាម្ចាស់!
កិច្ចការដែលព្រះអង្គធ្វើចំពោះមនុស្សលោក
គួរឲ្យស្ញែងខ្លាចណាស់។
6 ព្រះអង្គបានធ្វើឲ្យទឹកសមុទ្ររីង
ទៅជាដីគោក ដើម្បីឲ្យប្រជាជនដើរឆ្លង។
ដោយព្រះអង្គធ្វើការដ៏អស្ចារ្យនោះ
យើងមានអំណរសប្បាយយ៉ាងខ្លាំង។
7ព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ច
ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គពិនិត្យមើលប្រជាជាតិទាំងឡាយ
ដើម្បីកុំឲ្យពួកបះបោរ
អាចក្រោកឡើងបានឡើយ!
- សម្រាក
8ប្រជាជនទាំងឡាយអើយ
ចូរនាំគ្នាសរសើរតម្កើងព្រះនៃយើង
ចូរបន្លឺសំឡេងសរសើរតម្កើងព្រះអង្គ!
9ព្រះអង្គប្រទានឲ្យយើងមានជីវិត
ហើយព្រះអង្គមិនបណ្ដោយ
ឲ្យយើងភ្លាត់ដួលឡើយ។
10ឱព្រះជាម្ចាស់អើយ!
ព្រះអង្គបានល្បងលមើលចិត្តយើងខ្ញុំ
ព្រះអង្គបានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។
11ព្រះអង្គបាននាំយើងខ្ញុំឲ្យជួបនឹងទុក្ខលំបាក
ព្រះអង្គបានធ្វើឲ្យយើងខ្ញុំវេទនាជាច្រើនដែរ។
12ព្រះអង្គបណ្ដោយឲ្យសត្រូវ
បំបោលសេះពីលើក្បាលយើងខ្ញុំ
យើងខ្ញុំបានឆ្លងកាត់ភ្លើង ឆ្លងកាត់ទឹក
ប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំឲ្យចេញរួច
ហើយប្រទានឲ្យយើងខ្ញុំ
បានសម្បូណ៌ហូរហៀរ។
13ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គ
ទាំងនាំតង្វាយដុតយកមកថ្វាយព្រះអង្គ
ដូចទូលបង្គំបានសន្យា
14គឺស្របតាមពាក្យដែលទូលបង្គំ
បានទូលព្រះអង្គ នៅពេលមានអាសន្ន។
15ទូលបង្គំយកសត្វដ៏ធាត់ៗ គឺពពែឈ្មោល
គោឈ្មោល និងចៀមឈ្មោល
មកថ្វាយជាតង្វាយ
ហើយក្លិននៃយញ្ញបូជានេះសាយភាយ
ឡើងទៅកាន់ព្រះអង្គ។
- សម្រាក
16អ្នកទាំងអស់គ្នាដែលគោរពកោតខ្លាច
ព្រះជាម្ចាស់អើយ សូមអញ្ជើញមកស្ដាប់
ខ្ញុំនឹងរៀបរាប់អំពីកិច្ចការ
ដែលព្រះអង្គបានធ្វើចំពោះខ្ញុំ។
17ខ្ញុំបានស្រែកអង្វររកព្រះអង្គ
ទាំងពោលពាក្យលើកតម្កើងព្រះអង្គទៀតផង
18ប្រសិនបើខ្ញុំមានគំនិតទុច្ចរិត
ព្រះអម្ចាស់មុខជាមិនស្ដាប់ខ្ញុំឡើយ
19ក៏ប៉ុន្តែ ព្រះជាម្ចាស់ស្ដាប់ពាក្យខ្ញុំ
ព្រះអង្គយកព្រះហឫទ័យទុកដាក់
នឹងសម្រែកទូលអង្វររបស់ខ្ញុំ
20សូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គពុំបាន
បដិសេធពាក្យទូលអង្វររបស់ខ្ញុំទេ
ហើយព្រះអង្គមានព្រះហឫទ័យ
មេត្តាករុណាចំពោះខ្ញុំជានិច្ច!។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 66: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.