ឱព្រះជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំផង ទឹកឡើងដល់ច្រមុះទូលបង្គំ ហើយ!។ ទូលបង្គំកាន់តែផុងខ្លួនទៅៗ ពុំមានអ្វីដែលទូលបង្គំអាចតោងបានឡើយ ទូលបង្គំលិចចុះទៅក្នុងទឹក ហើយទឹកក៏ហូរនាំយកទូលបង្គំទៅ។ ទូលបង្គំលែងមានកម្លាំងស្រែកហៅ ឲ្យគេជួយទៀតហើយ ព្រោះទូលបង្គំស្រែករហូតដល់ស្ងួតបំពង់ក ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គរហូតដល់ផ្សាភ្នែក។ អ្នកដែលស្អប់ទូលបង្គំដោយឥតមូលហេតុ មានគ្នាច្រើនជាងសក់ក្បាល របស់ទូលបង្គំទៅទៀត ពួកមេបំផ្លាញទាំងនោះមានកម្លាំងខ្លាំងណាស់ ពួកគេរកព្យាបាទទូលបង្គំទាំងយល់ច្រឡំ តើឲ្យទូលបង្គំសងទៅគេវិញដូចម្ដេចកើត បើទូលបង្គំមិនបានយករបស់នោះសោះ! ឱព្រះជាម្ចាស់អើយ ព្រះអង្គជ្រាបនូវអំពើលេលា របស់ទូលបង្គំស្រាប់ហើយ ទោសពៃរ៍របស់ទូលបង្គំ ពុំអាចលាក់កំបាំងនឹងព្រះអង្គទេ។ ឱព្រះអម្ចាស់ ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ សូមកុំឲ្យអស់អ្នកដែលផ្ញើជីវិត លើព្រះអង្គត្រូវអាម៉ាស់ ព្រោះតែទូលបង្គំ ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ សូមកុំឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ ត្រូវបាក់មុខ ព្រោះតែទូលបង្គំ! ដ្បិតទូលបង្គំទ្រាំទ្រឲ្យគេជេរប្រមាថ ទូលបង្គំសុខចិត្តអាម៉ាស់មុខ ព្រោះតែព្រះអង្គ។ ញាតិសន្ដានរបស់ទូលបង្គំចាត់ទុកទូលបង្គំ ដូចជនដទៃ បងប្អូនបង្កើតរបស់ទូលបង្គំចាត់ទុកទូលបង្គំ ដូចជនបរទេស។ មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ ពាក្យត្មះតិះដៀលរបស់អស់អ្នក ដែលតិះដៀលព្រះអង្គបានធ្លាក់មកលើទូលបង្គំ។ ទូលបង្គំយំសោកទាំងតមអាហារ ដែលធ្វើឲ្យមនុស្សម្នារឹតតែ ជេរប្រមាថទូលបង្គំថែមទៀត។ ទូលបង្គំស្លៀកសម្លៀកបំពាក់កាន់ទុក្ខ ហើយពួកគេនាំគ្នាយករឿងទូលបង្គំ ទៅលេងសើច។ គេនាំគ្នានិយាយដើមទូលបង្គំ នៅតាមទីសាធារណៈ ហើយមនុស្សប្រមឹកនាំគ្នាយករឿង ទូលបង្គំទៅច្រៀងឡកឡឺយ។ ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ ឥឡូវនេះ ជាពេលដែលគាប់ព្រះហឫទ័យ ព្រះអង្គហើយ ឱព្រះជាម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង ព្រះអង្គពិតជាសង្គ្រោះទូលបង្គំមិនខាន សូមឆ្លើយតបមកទូលបង្គំផង!។ សូមរំដោះទូលបង្គំឲ្យរួចពីភក់ជ្រាំនេះ កុំឲ្យទូលបង្គំផុងខ្លួនទៀតឡើយ! សូមឲ្យទូលបង្គំបានរួចផុត ពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់ទូលបង្គំ សូមយកទូលបង្គំចេញពីទឹកដ៏ជ្រៅនេះផង! សូមកុំឲ្យចរន្តទឹកនេះ អាចហូរនាំយកទូលបង្គំទៅបានឡើយ សូមកុំឲ្យទឹកដ៏ជ្រៅនេះ កួចយកទូលបង្គំឲ្យលិចលង់ ហើយក៏សូមកុំឲ្យអណ្ដូងនេះ ឃុំ ទូលបង្គំទុកបានដែរ! ព្រះអម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យអាណិតមេត្តាដ៏ធំធេង សូមងាកមកទតមើលទូលបង្គំផង! សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គឡើយ សូមមេត្តាឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំកំពុងតែមានអាសន្ន! សូមយាងមកជិតទូលបង្គំ ហើយលោះជីវិតទូលបង្គំ សូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវផង!
អាន ទំនុកតម្កើង 69
ស្ដាប់នូវ ទំនុកតម្កើង 69
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 69:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ