ទំនុកតម្កើង 69:19-36

ទំនុកតម្កើង 69:19-36 គខប

ដ្បិត​ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​ត្រូវ​គេ​ជេរ​ប្រមាថ ត្រូវ​អាម៉ាស់ និង​បាត់​បង់​កិត្តិយស ព្រះអង្គ​ទត​ឃើញ​បច្ចា‌មិត្ត​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ស្រាប់​ហើយ។ ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ ទូលបង្គំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រា ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូលបង្គំ តែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ! ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូលបង្គំ តែ​រក​មិន​បាន​ឡើយ! ពួក​គេ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុង ម្ហូប​អាហារ​របស់​ទូលបង្គំ ហើយ​នៅ​ពេល​ទូលបង្គំ​ស្រេក​ទឹក គេ​បែរ​ជា​យក​ទឹក​ខ្មេះ មក​ឲ្យ​ទូលបង្គំ​ទៅ​វិញ។ សូម​ឲ្យ​តុ និង​ពិធី​ជប់‌លៀង ដ៏​សក្ការៈ​របស់​ពួក​គេ ក្លាយ​ទៅ​ជា​អន្ទាក់​នាំ​ពួក​គេ​ឲ្យ​វិនាស! សូម​ឲ្យ​ភ្នែក​របស់​គេ​ត្រឡប់ ទៅ​ជា​ងងឹត​មើល​អ្វី​លែង​ឃើញ ហើយ​សូម​ឲ្យ​គេ​កោង​ខ្នង​រហូត​ត​ទៅ! សូម​ព្រះអង្គ​ធ្វើ​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ ហើយ​សូម​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ឥត​ត្រា​ប្រណី​ឡើយ។ សូម​ឲ្យ​លំ‌នៅ​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ហើយ​សូម​កុំ​ឲ្យ​មាន​នរណា​រស់​នៅ ក្នុង​ផ្ទះ​របស់​ពួក​គេ​ទៀត​ឡើយ! ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នក ដែល​ព្រះអង្គ​បាន​ដាក់​ទោស​រួច​ហើយ ពួក​គេ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​វាយ ឲ្យ​របួស​នោះ រឹង‌រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។ សូម​ព្រះអង្គ​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​ពួក​គេ សូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ​ឡើយ! សូម​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​បញ្ជី​ជីវិត សូម​កុំ​រាប់​ពួក​គេ​ចូល​ទៅ ក្នុង​ចំណោម​មនុស្ស​ឲ្យ​សោះ។ ចំពោះ​ទូលបង្គំ ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត និង​ឈឺ​ចុក​ចាប់ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​សង្គ្រោះ​ទូលបង្គំ សូម​លើក​ទូលបង្គំ​ឡើង​វិញ​ផង។ ខ្ញុំ​នឹង​ច្រៀង​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌ជាម្ចាស់ ខ្ញុំ​នឹង​ប្រកាស​អំពី​ភាព​ថ្កុំ‌ថ្កើង រុងរឿង​របស់​ព្រះអង្គ ទាំង​កោត​សរសើរ។ ការ​លើក​តម្កើង​បែប​នេះ គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជាង​ការ​ថ្វាយ​គោ​ឈ្មោល ឬ​ថ្វាយ​គោ​ឡើង​ក​ទៅ​ទៀត។ ពេល​មនុស្ស​ទុគ៌ត​ឃើញ​ព្រះអង្គ​រំដោះ​ខ្ញុំ​ដូច្នេះ គេ​នឹង​មាន​អំណរ​សប្បាយ។ អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌ជាម្ចាស់​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​វែង! ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់ ពាក្យ​របស់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​នៅ​ពេល​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ជាប់​ឃុំ‌ឃាំង ព្រះអង្គ​មិន​បំភ្លេច​គេ​ឡើយ។ សូម​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី សរសើរ​តម្កើង​ព្រះអង្គ ហើយ​សូម​ឲ្យ​សមុទ្រ​ទាំង‌ឡាយ និង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ សរសើរ​តម្កើង​ព្រះអង្គ​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​នឹង​សង់​ក្រុង​ទាំង‌ឡាយ នៅ​ស្រុក​យូដា​ឡើង​វិញ ប្រជា‌ជន​នឹង​រស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។ ពូជ‌ពង្ស​អ្នក​បម្រើ​របស់​ព្រះអង្គ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះអង្គ នឹង​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ!