ទំនុកតម្កើង 71
71
ពាក្យអធិស្ឋានរបស់មនុស្សចាស់ជរា
1 ព្រះអម្ចាស់អើយ
ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គហើយ
សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ!
2ដោយព្រះអង្គមានព្រះហឫទ័យសុចរិត
សូមរំដោះទូលបង្គំឲ្យមានសេរីភាព
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ
សូមសង្គ្រោះទូលបង្គំផង!
3សូមព្រះអង្គធ្វើជាថ្មដា សម្រាប់ទូលបង្គំជ្រកកោន
ព្រះអង្គបង្គាប់ឲ្យទូលបង្គំ
មករកថ្មដានេះជានិច្ច ដើម្បីឲ្យបានរួចជីវិត
ដ្បិតព្រះអង្គពិតជាថ្មដា
និងជាកំពែងការពារទូលបង្គំមែន!
4ឱព្រះនៃទូលបង្គំអើយ
សូមជួយទូលបង្គំឲ្យគេចផុត
ពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់
ព្រមទាំងគេចផុតពីកណ្ដាប់ដៃ
របស់មនុស្សទុច្ចរិត និងមនុស្សកំណាច!
5ឱព្រះជាអម្ចាស់អើយ
ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ
ទូលបង្គំបានផ្ញើជីវិតលើព្រះអង្គតាំងពីក្មេងមក!
6ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្ដាយ
គឺព្រះអង្គហើយដែលបានយក
ទូលបង្គំចេញពីផ្ទៃម្ដាយ
ទូលបង្គំសរសើរតម្កើងព្រះអង្គឥតឈប់ឈរ!
7មនុស្សជាច្រើនយល់ថាព្រះអង្គ
បានដាក់បណ្ដាសាទូលបង្គំ
ក៏ប៉ុន្តែ តាមពិត ព្រះអង្គជាជម្រក
ដ៏រឹងមាំរបស់ទូលបង្គំ។
8សូមឲ្យទូលបង្គំពោលពាក្យ
សរសើរតម្កើងព្រះអង្គជានិច្ច
ទូលបង្គំចង់លើកតម្កើងសិរីរុងរឿង
របស់ព្រះអង្គជារៀងរាល់ថ្ងៃ!
9សូមកុំលះបង់ទូលបង្គំ
នៅគ្រាដែលទូលបង្គំមានវ័យចាស់ជរា
សូមកុំបោះបង់ចោលទូលបង្គំ
នៅគ្រាដែលកម្លាំងទូលបង្គំចុះឱនថយនេះឡើយ!
10ដ្បិតសត្រូវរបស់ទូលបង្គំកំពុង
តែគិតគ្នាប្រឆាំងនឹងទូលបង្គំ
អស់អ្នកដែលប៉ុនប៉ងប្រហារជីវិតទូលបង្គំ
កំពុងតែពិភាក្សាគ្នា
11គេពោលថា: ព្រះជាម្ចាស់
បានបោះបង់ចោលគាត់ហើយ!
ចូរដេញតាមគាត់ចាប់យកមក!
គ្មាននរណាជួយរំដោះគាត់បានទេ!
12ឱព្រះជាម្ចាស់អើយ
សូមកុំទៅណាឆ្ងាយពីទូលបង្គំឡើយ!
ឱព្រះនៃទូលបង្គំអើយ
សូមយាងមកជួយទូលបង្គំជាប្រញាប់!
13សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំ
ត្រូវអាម៉ាស់ ហើយវិនាសសូន្យទៅ!
សូមឲ្យអស់អ្នកដែលប្រាថ្នាឲ្យទូលបង្គំ
វេទនា ត្រូវបាត់បង់កិត្តិយស និងបាក់មុខ!
14រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ច
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ហើយសរសើរតម្កើងទៀត!
15ជារៀងរាល់ថ្ងៃ
ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិត
និងការសង្គ្រោះរបស់ព្រះអង្គ ដែលមានចំនួន
ដ៏ច្រើនឥតគណនា។
16 ព្រះជាអម្ចាស់អើយ ដោយសារព្រះអង្គជួយ
ទូលបង្គំនឹងចូលមកក្នុងព្រះដំណាក់
ទូលបង្គំនឹងរំឭកពីសេចក្ដីសុចរិត
របស់ព្រះអង្គតែមួយប៉ុណ្ណោះ។
17ព្រះជាម្ចាស់អើយ
ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ
តាំងពីទូលបង្គំនៅក្មេង
រហូតមកទល់ពេលនេះ ទូលបង្គំនៅតែប្រកាស
អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គដដែល។
18ឱព្រះជាម្ចាស់អើយ
ឥឡូវនេះ ទូលបង្គំចាស់សក់ស្កូវហើយ
សូមកុំបោះបង់ចោលទូលបង្គំឡើយ
ដើម្បីឲ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្ដា
របស់ព្រះអង្គប្រាប់មនុស្សនៅជំនាន់នេះ
និងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គ
ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។
19ព្រះជាម្ចាស់អើយ
ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ
ខ្ពស់ពន់ពេកណាស់
ដ្បិតព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យជាច្រើន
ព្រះជាម្ចាស់អើយ
គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានឡើយ!
20ព្រះអង្គបានធ្វើឲ្យយើងខ្ញុំ
ជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើន
ក៏ប៉ុន្តែ ព្រះអង្គប្រទានឲ្យយើងខ្ញុំ
មានជីវិតសាជាថ្មី
ព្រះអង្គបាននាំទូលបង្គំឡើងពីរណ្ដៅមកវិញ។
21ព្រះអង្គនឹងប្រទានឲ្យទូលបង្គំ
មានកិត្តិយសកាន់តែខ្ពស់
ព្រះអង្គនឹងសម្រាលទុក្ខទូលបង្គំសាជាថ្មី។
22ព្រះនៃទូលបង្គំអើយ
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ដោយសំឡេងចាប៉ី
ព្រោះព្រះអង្គមានព្រះហឫទ័យស្មោះស្ម័គ្រ
ឱព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលអើយ
ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ
ដោយដេញពិណកំដរផង!
23ទូលបង្គំនឹងច្រៀងតម្កើងព្រះអង្គ
ទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរ
ទូលបង្គំនឹងច្រៀងអស់ពីចិត្ត
ព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។
24ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិត
របស់ព្រះអង្គជារៀងរាល់ថ្ងៃ
ដ្បិតអស់អ្នកដែលប្រាថ្នាឲ្យទូលបង្គំវេទនា
ត្រូវអាប់ឱន និងអាម៉ាស់មុខ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 71: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.