ទំនុកតម្កើង 75
75
ព្រះជាម្ចាស់ជាចៅក្រម
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់លោកអេសាភ។ ចម្រៀងតម្កើងព្រះជាម្ចាស់។
1ឱព្រះជាម្ចាស់អើយ
យើងខ្ញុំសរសើរតម្កើងព្រះអង្គ!
យើងខ្ញុំសរសើរតម្កើងព្រះនាមព្រះអង្គ
ដែលគង់នៅជិតយើងខ្ញុំ
ហើយយើងខ្ញុំរៀបរាប់អំពីស្នាព្រះហស្ដ
ដ៏ស្ញប់ស្ញែងរបស់ព្រះអង្គ!
2ព្រះអង្គមានព្រះបន្ទូលថា
«ដល់គ្រាដែលយើងបានកំណត់ទុក
យើងនឹងវិនិច្ឆ័យទោស ដោយយុត្តិធម៌!
3ផែនដី និងអ្វីៗទាំងអស់
ដែលរស់នៅលើផែនដីនឹងត្រូវរលាយ
ក៏ប៉ុន្តែ យើងនឹងធ្វើឲ្យផែនដីនៅតែរឹងមាំ!»។
- សម្រាក
4ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថា
កុំអួតបំប៉ោងឲ្យសោះ!
ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់!
5កុំប្រកាន់ឫកខ្ពស់ពេក ឈប់និយាយព្រហើនទៅ
6ដ្បិតអ្នកដែលវិនិច្ឆ័យទោសមិនមែន
មកពីខាងកើត ឬខាងលិច
ហើយក៏មិនមែនមកពីខាងត្បូង ឬខាងជើងដែរ
7គឺព្រះជាម្ចាស់ទេតើ
ដែលជាចៅក្រមវិនិច្ឆ័យទោស
ព្រះអង្គដាក់ទោសអ្នកនេះ
ហើយលើកលែងទោសអ្នកនោះ។
8 ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ដ
គឺពែងដែលមានពេញទៅដោយព្រះពិរោធ
ពេលព្រះអង្គចាក់ពែងនោះទៅលើផែនដី
មនុស្សអាក្រក់ទាំងប៉ុន្មានត្រូវតែទទួលទោស
ចៀសមិនផុតឡើយ។
9រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីព្រះ
របស់លោកយ៉ាកុបរហូតតទៅ
ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ។
10ព្រះអង្គនឹងបំបាក់អំនួតរបស់មនុស្សពាល
តែព្រះអង្គនឹងលើកមុខមនុស្សសុចរិតឡើង ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 75: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.