ទំនុកតម្កើង 78:1-39

ទំនុកតម្កើង 78:1-39 គខប

ប្រជា‌ជន​របស់​ខ្ញុំ​អើយ ចូរ​ត្រង‌ត្រាប់​សេចក្ដី​ដែល​ខ្ញុំ ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា!។ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា នូវ​បទ​ពិសោធ​ពី​អតីតកាល ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យ លាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។ អ្វីៗ​ដែល​យើង​ធ្លាប់​ឮ អ្វីៗ​ដែល​យើង​ដឹង អ្វីៗ​ដែល​ដូនតា​យើង​ធ្លាប់​រ៉ាយ‌រ៉ាប់​ប្រាប់ យើង​នឹង​ថ្លែង​ប្រាប់​កូន​ចៅ​របស់​យើង ឥត​លាក់‌លៀម​ឡើយ យើង​នឹង​ពណ៌នា​ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ និង​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ ប្រាប់​កូន​ចៅ​នៅ​ជំនាន់​ក្រោយ ដើម្បី​លើក​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ផ្ដល់​ដំបូន្មាន​ឲ្យ​កូន​ចៅ របស់​លោក​យ៉ាកុប ព្រះអង្គ​ប្រទាន​ក្រឹត្យ‌វិន័យ​មក​ឲ្យ​ពូជ‌ពង្ស របស់​លោក​អ៊ីស្រា‌អែល ព្រះអង្គ​បង្គាប់​បុព្វបុរស​របស់​យើង ឲ្យ​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​កូន​ចៅ ដើម្បី​ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរ ហើយ​ឲ្យ​កូន​ចៅ​ដែល​នឹង​កើត​មក បង្រៀន​តៗ​គ្នា​រហូត​ទៅ។ ធ្វើ​យ៉ាង​នេះ ពួក​គេ​នឹង​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់ មិន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​ពួក​គេ​នឹង​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ដើម្បី​កុំ​ឲ្យ​ពួក​គេ​បាន​ដូច​បុព្វបុរស នៅ​ជំនាន់​មុន ដែល​មាន​ចិត្ត​កោង​កាច បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់ មាន​ចិត្ត​មិន​ទៀង ហើយ​មាន​គំនិត​មិន​ស្មោះ​ត្រង់ នឹង​ព្រះអង្គ​នោះ​ឡើយ។ កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ដែល​ជា​កង‌ទ័ព​បាញ់​ព្រួញ បាន​បាក់​ទ័ព​នៅ​ថ្ងៃ​ធ្វើ​ចម្បាំង មក​ពី​ពួក​គេ​ពុំ​បាន​គោរព​សម្ពន្ធ‌មេត្រី របស់​ព្រះ‌ជាម្ចាស់ គឺ​មិន​ព្រម​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ពួក​គេ​បាន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្ដុង្គ‌ឧត្ដម និង​ភ្លេច​ពី​ការ​ដ៏​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ។ នៅ​តំបន់​សូអាន ក្នុង​ស្រុក​អេស៊ីប ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ ឲ្យ​បុព្វបុរស​របស់​គេ​ឃើញ គឺ​ព្រះអង្គ​បាន​ញែក​ទឹក​សមុទ្រ ឲ្យ​ពួក​គេ​ដើរ​ឆ្លង ព្រះអង្គ​ធ្វើ​ឲ្យ​ទឹក​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់ មួយ​កន្លែង​ដូច​កំពែង។ នៅ​ពេល​ថ្ងៃ ព្រះអង្គ​ដឹក​នាំ​គេ​ដោយ​ដុំ​ពពក ហើយ​រាល់​យប់​ព្រះអង្គ​ដឹក​នាំ​គេ ដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។ ព្រះអង្គ​បាន​បំបែក​ផ្ទាំង​ថ្ម​ក្នុង​វាល​រហោ‌ស្ថាន ឲ្យ​គេ​ហូប​ទឹក​ដែល​ហូរ​ចេញ យ៉ាង​បរិបូណ៌​ពី​បាត​ដី​មក។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក ហូរ​ចេញ​ពី​ផ្ទាំង​សិលា​មក ដូច​ជា​ទឹក​ទន្លេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ​ជានិច្ច ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នៅ​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង​នោះ។ ពួក​គេ​ហ៊ាន​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់ ដោយ​សូម​ឲ្យ​ព្រះអង្គ​ប្រទាន​ម្ហូប​អាហារ តាម​ទំនើង​ចិត្ត​របស់​ខ្លួន។ គេ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ថា: តើ​ព្រះ‌ជាម្ចាស់​អាច​ជប់‌លៀង​យើង ក្នុង​វាល​រហោ‌ស្ថាន​នេះ​បាន​ឬ? ព្រះអង្គ​បាន​វាយ​ផ្ទាំង​ថ្ម​ឲ្យ​មាន​ទឹក ហូរ​ចេញ​មក ដូច​ជា​ទឹក​ជ្រោះ​ធ្លាក់​មែន ក៏​ប៉ុន្តែ តើ​ព្រះអង្គ​អាច​ប្រទាន​នំបុ័ង និង​ផ្គត់‌ផ្គង់​សាច់​មក​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បាន​ដែរ​ឬ? ពេល​ព្រះ‌អម្ចាស់​ឮ​ពាក្យ​របស់​ពួក​គេ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​ក្រៃ‌លែង ព្រះអង្គ​ក្ដៅ​ក្រហាយ​នឹង​ពូជ‌ពង្ស របស់​លោក​យ៉ាកុប ព្រះអង្គ​ខ្ញាល់​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រោះ​ពួក​គេ​គ្មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់ ពួក​គេ​ពុំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដែល​អាច​សង្គ្រោះ​គេ​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ព្រះអង្គ​បាន​បង្គាប់​ពពក ព្រះអង្គ​បាន​បើក​ផ្ទៃ​មេឃ ហើយ​ប្រទាន​នំ​ម៉ាណា​ធ្លាក់​ចុះ​មក​ដូច​ភ្លៀង ឲ្យ​ពួក​គេ​ធ្វើ​ជា​អាហារ គឺ​ព្រះអង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌ មក​ឲ្យ​ពួក​គេ ។ ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ទេវតា ព្រះអង្គ​ប្រទាន​ឲ្យ​គេ បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។ នៅ​លើ​មេឃ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​កើត ហើយ​ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​ត្បូង​ដែរ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​សាច់​យ៉ាង​ច្រើន ដូច​ធូលី​ដី​ធ្លាក់​ពី​លើ​មេឃ​មក គឺ​ព្រះអង្គ​ប្រទាន​សត្វ​ស្លាប​យ៉ាង​ច្រើន ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ ធ្លាក់​ចុះ​មក​កណ្ដាល​ជំរំ​របស់​ពួក​គេ ជុំ‌វិញ​កន្លែង​ដែល​គេ​ស្នាក់​នៅ។ ពួក​គេ​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់ ដោយ​ព្រះ‌ជាម្ចាស់​ធ្វើ​តាម​ចិត្ត ប៉ង‌ប្រាថ្នា​របស់​ពួក​គេ។ ក៏​ប៉ុន្តែ ទោះ​បី​គេ​មាន​ម្ហូប​អាហារ​នៅ​ពេញ​មាត់​ក្ដី ក៏​ពួក​គេ​នៅ​តែ​ពុំ​ព្រម​ស្កប់​ចិត្ត​ដដែល ជា​ហេតុ​នាំ​ឲ្យ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​ប្រហារ​ជីវិត​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ ព្រម​ទាំង​យុវជន​ដែល​កំពុង​តែ​ពេញ​កម្លាំង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ផង​ដែរ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែល ពួក​គេ​ពុំ​បាន​ជឿ​លើ​ព្រះអង្គ ដែល​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ទេ។ ដូច្នេះ ព្រះអង្គ​ក៏​ប្រហារ​ជីវិត​របស់​គេ តែ​ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី ព្រះអង្គ​ផ្ដាច់​អាយុ​ជីវិត​របស់​គេ យ៉ាង​សែន​វេទនា​បំផុត។ ពេល​ឃើញ​ព្រះ‌ជាម្ចាស់​ប្រហារ​ជីវិត អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​ក៏​នាំ​គ្នា​ស្វែង​រក​ព្រះអង្គ ហើយ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះអង្គ​វិញ។ ពួក​គេ​នឹក​ឃើញ​ថា ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​របស់​ពួក​គេ ហើយ​ថា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ការពារ​ពួក​គេ។ ក៏​ប៉ុន្តែ​តាម​ពិត ពួក​គេ​ចង់​បោក​ប្រាស់​ព្រះអង្គ គឺ​អ្វីៗ​ដែល​គេ​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​កុហក​ទាំង​អស់។ ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ព្រះអង្គ​ទេ ហើយ​ក៏​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ​ដែរ។ រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ជានិច្ច ព្រះអង្គ​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ គឺ​ព្រះអង្គ​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ ជា​ច្រើន​លើក​ច្រើន​សា ព្រះអង្គ​តែងតែ​ទប់ ព្រះ‌ហឫទ័យ​មិន​ឲ្យ​មាន​ព្រះ‌ពិរោធ ព្រះអង្គ​អត់‌ធ្មត់​ចំពោះ​ពួក​គេ។ ព្រះអង្គ​នឹក​ចាំ​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍​ប៉ុណ្ណោះ ជីវិត​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ដង្ហើម ដែល​រសាត់​បាត់​ទៅ​ឥត​វិល​មក​វិញ​ឡើយ។