ទំនុកតម្កើង 98

98
ព្រះ‌អម្ចាស់​យាង​មក​ជំនុំ‌ជម្រះ​ផែនដី
ទំនុកតម្កើង ។
1ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់!
ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ
ព្រះអង្គ​យក​ជ័យ‌ជម្នះ​ដោយ​ឫទ្ធិ‌បារមី
និង​ព្រះ‌ចេស្ដា​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។
2 ព្រះ‌អម្ចាស់​បាន​បង្ហាញ​ការ​សង្គ្រោះ​របស់​ព្រះអង្គ
ព្រះអង្គ​បាន​សម្តែង​ឲ្យ​ប្រជា‌ជាតិ​នានា
ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។
3ព្រះអង្គ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ
ចំពោះ​កូន​ចៅ​អ៊ីស្រា‌អែល​ជានិច្ច។
មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទី
ដាច់​ស្រយាល​នៃ​ផែនដី
បាន​ឃើញ​ការ​សង្គ្រោះ​នៃ​ព្រះ​របស់​យើង។
4មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ
ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់​ដោយ​អំណរ!
ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ
ព្រម​ទាំង​ស្មូត្រ​ទំនុកតម្កើង!
5ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់
ដោយ​ដេញ​ពិណ
គឺ​ដេញ​ពិណ​លើក​ទំនុក​យ៉ាង​ពីរោះ
6ចូរ​លើក​តម្កើង​ព្រះអង្គ​ដោយ​ផ្លុំ​ត្រែ និង​ផ្លុំ​ស្នែង
ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់
ជា​ព្រះ‌មហា‌ក្សត្រ!
7សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ
ហើយ​ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី
ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាង​អឺង‌កង!
8ទន្លេ​ទាំង‌ឡាយ ចូរ​អបអរ‌សាទរ
ភ្នំ​ទាំង‌ឡាយ ចូរ​ស្រែក​ហ៊ោ​ព្រមៗ​គ្នា​ឡើង
9នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
ដ្បិត​ព្រះអង្គ​យាង​មក​គ្រប់‌គ្រង​ផែនដី
ព្រះអង្គ​គ្រប់‌គ្រង​ផែនដី​ដោយ​យុត្តិធម៌
ព្រះអង្គ​គ្រប់‌គ្រង​ប្រជា‌ជន​ទាំង‌ឡាយ
ដោយ​ទៀង​ត្រង់។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 98: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល