វិវរណៈ 3

3
លិខិត​ផ្ញើ​ជូន​ក្រុម‌ជំនុំ​នៅ​ក្រុង​សើដេស
1«ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម‌ជំនុំ​នៅ​ក្រុង​សើដេស​ដូច​ត​ទៅ​នេះ៖
ព្រះអង្គ​ដែល​មាន​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ‌ពីរ​របស់​ព្រះ‌ជាម្ចាស់ និង​មាន​ផ្កាយ​ទាំង​ប្រាំ‌ពីរ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ អ្នក​មាន​ឈ្មោះ​ល្បី​ថា​រស់ តែ​តាម​ពិត អ្នក​ស្លាប់​ទេ​តើ!។ 2ចូរ​ភ្ញាក់​ស្មារតី! ចូរ​ពង្រឹង​អ្វីៗ​ ​ដែល​នៅ​សល់ ហើយ​ហៀប​នឹង​ស្លាប់​នោះ​ឲ្យ​មាំ‌មួន​ឡើង ដ្បិត​យើង​ឃើញ​ថា អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​មិន​គ្រប់​លក្ខណៈ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​របស់​យើង​ទេ។ 3 ដូច្នេះ ចូរ​នឹក​គិត​អំពី​របៀប​ដែល​អ្នក​បាន​ទទួល និង​បាន​ឮ​ព្រះ‌បន្ទូល ហើយ​ប្រតិបត្តិ​តាម រួច​កែ​ប្រែ​ចិត្ត​គំនិត​ទៅ។ ប្រសិន​បើ​អ្នក​មិន​ភ្ញាក់​ស្មារតី​ទេ យើង​នឹង​មក​ដូច​ចោរ​ចូល​លួច គឺ​អ្នក​ពុំ​ដឹង​ថា យើង​នឹង​មក​ដល់​ថ្មើរ​ណា​ឡើយ។ 4ក៏​ប៉ុន្តែ នៅ​ក្រុង​សើដេស​នេះ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ពុំ​បាន​ធ្វើ​ឲ្យ​សម្លៀក‌បំពាក់​ខ្លួន​ប្រឡាក់​ទេ គឺ​គេ​នឹង​ដើរ​ជា​មួយ​យើង ដោយ​មាន​សម្លៀក‌បំពាក់​ពណ៌​ស ព្រោះ​គេ​សម​នឹង​ស្លៀក​ពាក់​បែប​នេះ។
5 ហេតុ​នេះ អ្នក​ណា​មាន​ជ័យ‌ជម្នះ អ្នក​នោះ​នឹង​មាន​សម្លៀក‌បំពាក់​ពណ៌​ស យើង​នឹង​មិន​លុប​ឈ្មោះ​គេ​ចេញ​ពី​ក្រាំង​ជីវិត​ឡើយ ហើយ​យើង​នឹង​ទទួល​ស្គាល់​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​យើង និង​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះអង្គ។ 6ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!”»។
លិខិត​ផ្ញើ​ជូន​ក្រុម‌ជំនុំ​នៅ​ក្រុង​ភីឡា‌ដិលភា
7 «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ*​នៅ​ក្រុង​ភីឡា‌ដិលភា​ដូច​ត​ទៅ​នេះ៖
ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏​ពិត​ប្រាកដព្រះអង្គ​ដែល​កាន់​កូន​សោរ​បស់​ស្ដេច​ដាវីឌ បើ​ព្រះអង្គ​បើក គ្មាន​នរណា​បិទ​បាន បើ​ព្រះអង្គ​បិទ គ្មាន​នរណា​បើក​បាន ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: 8“យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក​ហើយ គ្មាន​នរណា​អាច​បិទ​ទេ។ អ្នក​មាន​អំណាច​តិច​មែន តែ​អ្នក​បាន​ប្រតិបត្តិ​តាម​ពាក្យ​យើង ហើយ​មិន​បាន​បដិសេធ​ថា មិន​ស្គាល់​ឈ្មោះ​យើង​ផង។ 9 យើង​នឹង​ប្រគល់​អ្នក​ខ្លះ​ពី​សាលា​ប្រជុំ​របស់​មារ*​សាតាំង​មក​ឲ្យ​អ្នក។ ពួក​គេ​ថា​ខ្លួន​ជា​សាសន៍​យូដា តាម​ពិត គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​អ្នក​ទាំង​នោះ​មក​ក្រាប​នៅ​ទៀប​ជើង​អ្នក ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ស្រឡាញ់​អ្នក​មែន។ 10ដោយ​អ្នក​បាន​ព្យាយាម​ប្រតិបត្តិ​តាម​ពាក្យ​យើង យើង​ក៏​រក្សា​អ្នក​ឲ្យ​រួច​ផុត​ពី​គ្រា​លំបាក​ដែល​នឹង​កើត​មាន​ក្នុង​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង‌ល​មើល​មនុស្ស​នៅ​លើ​ផែនដី​ដែរ។ 11យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្វីៗ​ដែល​អ្នក​មាន ចូរ​កាន់​ឲ្យ​ជាប់ ដើម្បី​កុំ​ឲ្យ​នរណា​ដណ្ដើម​យក​មកុដ​របស់​អ្នក​បាន។
12 អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរ​មួយ នៅ​ក្នុង​ព្រះ‌វិហារ*​នៃ​ព្រះ​របស់​យើង ហើយ​គេ​នឹង​មិន​ចាក​ចេញ​ពី​ព្រះ‌វិហារ​នេះ​ទៀត​ឡើយ។ យើង​នឹង​ចារឹក​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង និង​ឈ្មោះ​ក្រុង​នៃ​ព្រះ​របស់​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូ‌សាឡឹម​ថ្មី​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ ចុះ​មក​ពី​ព្រះ​របស់​យើង។ យើង​ក៏​នឹង​ចារឹក​នាម​ថ្មី​របស់​យើង​លើ​អ្នក​នោះ​ដែរ។ 13ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!”»។
លិខិត​ផ្ញើ​ជូន​ក្រុម‌ជំនុំ​ក្រុង​ឡៅឌី‌សេ
14 «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ*​នៅ​ក្រុង​ឡៅឌី‌សេ ដូច​ត​ទៅ​នេះ៖
ព្រះ‌អាម៉ែន​ ​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: 15“យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ គឺ​អ្នក​ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ។ ប្រសិន​បើ​អ្នក​ពិត​ជា​ត្រជាក់ ឬ​ពិត​ជា​ក្ដៅ​នោះ​ប្រសើរ​ជាង! 16ដោយ​អ្នក​នៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ​ដូច្នេះ យើង​នឹង​ខ្ជាក់​អ្នក​ចោល​ជា​មិន​ខាន 17ព្រោះ​អ្នក​ពោល​ថា “ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្ដុក‌ស្ដម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ” អ្នក​ពុំ​ដឹង​ថា ខ្លួន​កំពុង​តែ​វេទនា​រហេម‌រហាម ក្រ​តោក‌យ៉ាក ខ្វាក់​ភ្នែក គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​នោះ​ឡើយ។ 18យើង​សុំ​ទូន្មាន​អ្នក​ឲ្យ​មក​រក​ទិញ​មាស​ពី​យើង ជា​មាស​ដែល​សម្រាំង​នៅ​ក្នុង​ភ្លើង ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក‌បំពាក់​ពណ៌​ស​មក​ស្លៀក​ពាក់​បិទ‌បាំង​កេរ‌ខ្មាស​របស់​អ្នក កុំ​ឲ្យ​នៅ​ខ្លួន​ទទេ​ដូច្នេះ។ ចូរ​មក​រក​ទិញ​ថ្នាំ​ដាក់​ភ្នែក​ពី​យើង​ផង​ដែរ ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។ 19 យើង​ស្ដី​បន្ទោស និង​ប្រដែ‌ប្រដៅ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន ហើយ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង!។ 20មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ​យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។
21អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​នឹង​ឲ្យ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​យើង ដូច​យើង​មាន​ជ័យ‌ជម្នះ ហើយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​ព្រះ‌បិតា​របស់​យើង​ដែរ។ 22ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!”»។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 3: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល