ដូច្នេះ តើយើងគិតដូចម្ដេចចំពោះលោកអប្រាហាំ ដែលជាបុព្វបុរស*របស់យើងផ្នែកខាងសាច់ឈាម តើលោកបានទទួលអ្វីខ្លះ? ប្រសិនបើលោកអប្រាហាំបានសុចរិត ដោយសារការប្រព្រឹត្តអំពើល្អនោះ លោកអាចនឹងអួតអាងខ្លួនបានមែន។ ប៉ុន្តែ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ លោកពុំអាចអួតអាងទេ ដ្បិតក្នុងគម្ពីរមានចែងថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត ដោយយល់ដល់ជំនឿនេះ» ។ ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុកជាប្រាក់ដែលខ្លួនត្រូវតែបាន។ ចំពោះអ្នកដែលពុំបានប្រព្រឹត្តតាមវិន័យ តែមានជំនឿលើព្រះជាម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ព្រះអង្គឲ្យសុចរិត ព្រះអង្គនឹងប្រោសអ្នកនោះឲ្យសុចរិត ដោយយល់ដល់ជំនឿរបស់គេ។ ហេតុនេះហើយបានជាព្រះបាទដាវីឌថ្លែងអំពីសុភមង្គល*របស់អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យសុចរិត ដោយមិនគិតដល់ការប្រព្រឹត្តអំពើល្អថា: «អស់អ្នកដែលព្រះជាម្ចាស់អត់ទោស និងលុបបំបាត់អំពើបាបចោល ពិតជាមានសុភមង្គលហើយ! បុរសណាដែលព្រះជាម្ចាស់មិនគិតគូរ ពីបាបរបស់ខ្លួនទេ បុរសនោះពិតជាមានសុភមង្គលហើយ!» ។ តើមានតែសាសន៍យូដាទេឬ ដែលអាចទទួលសុភមង្គលនេះ ឬមួយសាសន៍ដទៃក៏អាចទទួលបានដែរ? យើងទើបនឹងនិយាយថា «ព្រះអង្គប្រោសលោកអប្រាហាំឲ្យសុចរិត ដោយយល់ដល់ជំនឿរបស់លោក» ។ តើព្រះជាម្ចាស់ប្រោសលោកអប្រាហាំឲ្យសុចរិតនៅពេលណា? ក្រោយពេលលោកទទួលពិធីកាត់ស្បែក* ឬក៏មុននោះ? គឺនៅមុនពេលលោកទទួលពិធីកាត់ស្បែក មិនមែនក្រោយពេលកាត់ស្បែកហើយនោះទេ!។ លោកទទួលពិធីកាត់ស្បែកតាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា លោកបានសុចរិតដោយសារជំនឿដែលលោកមានកាលពីមិនទាន់កាត់ស្បែកនៅឡើយ។ ដូច្នេះ លោកបានទៅជាឪពុករបស់មនុស្សទាំងអស់ ដែលមិនបានទទួលពិធីកាត់ស្បែក តែមានជំនឿ ហើយព្រះជាម្ចាស់ប្រោសគេឲ្យសុចរិត។ លោកក៏ជាឪពុករបស់សាសន៍យូដាដែលកាត់ស្បែកដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងបានយកតម្រាប់តាមជំនឿរបស់លោកអប្រាហាំជាឪពុករបស់យើង នៅគ្រាដែលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយនោះផង។ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជពង្សរបស់លោកថា គេនឹងទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមក្រឹត្យវិន័យទេ គឺគិតតាមសេចក្ដីសុចរិតដែលមកពីជំនឿវិញ។ ប្រសិនបើមនុស្សទទួលមត៌ក ដោយគោរពតាមក្រឹត្យវិន័យនោះ បានសេចក្ដីថា ជំនឿគ្មានប្រយោជន៍អ្វីសោះ ហើយព្រះបន្ទូលសន្យាក៏គ្មានតម្លៃអ្វីដែរ ដ្បិតក្រឹត្យវិន័យបង្កើតឲ្យមានព្រះពិរោធ តែទីណាគ្មានក្រឹត្យវិន័យ នៅទីនោះក៏គ្មានបទល្មើសក្រឹត្យវិន័យដែរ។ ដូច្នេះ ព្រោះតែជំនឿដែលស្របតាមព្រះគុណ ព្រះបន្ទូលសន្យាត្រូវបានប្រទានមកចំពោះពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ជាឪពុករបស់យើងទាំងអស់គ្នាដែរ ដូចមានចែងទុកមកថា «យើងបានតែងតាំងអ្នកឲ្យធ្វើជាឪពុករបស់ជាតិសាសន៍មួយចំនួនធំ» ។ លោកជាឪពុករបស់យើងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះដែលលោកបានជឿ គឺព្រះអង្គដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយត្រាស់ហៅអ្វីៗដែលគ្មានរូបរាងឲ្យកើតមាន។ ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកអប្រាហាំនៅតែមានសង្ឃឹម និងមានជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលមានថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ» ។ កាលណោះ លោកមានអាយុជិតមួយរយឆ្នាំហើយ ទោះបីលោកមើលមករូបកាយរបស់លោកឃើញថាជិតស្លាប់ និងមើលទៅលោកយាយសារ៉ាឃើញថាពុំអាចបង្កើតកូនបានសោះនោះក៏ដោយ ក៏ជំនឿរបស់លោកមិនអន់ថយដែរ។ លោកមិនបាត់ជំនឿ ហើយក៏មិនសង្ស័យនឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ជំនឿរបស់លោកធ្វើឲ្យលោកមានកម្លាំងចិត្ត និងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះលោកជឿប្រាកដក្នុងចិត្តថា បើព្រះជាម្ចាស់សន្យាធ្វើអ្វី ព្រះអង្គពិតជាមានឫទ្ធានុភាពនឹងសម្រេចតាមបានមិនខាន។ ហេតុនេះហើយបានជា «ព្រះជាម្ចាស់ប្រោសលោកឲ្យសុចរិត»។ ប៉ុន្តែ សេចក្ដីដែលមានចែងថា «ព្រះជាម្ចាស់ប្រោសឲ្យសុចរិត» នេះមិនមែនសំដៅតែលើលោកអប្រាហាំប៉ុណ្ណោះទេ គឺសំដៅមកយើងដែលព្រះជាម្ចាស់ប្រោសឲ្យសុចរិត ព្រោះយើងជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូជាអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ឡើងវិញនេះដែរ។ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត។
អាន រ៉ូម 4
ស្ដាប់នូវ រ៉ូម 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 4:1-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ