រ៉ូម 8

8
ជីវិត​រួម​ជា​មួយ​ព្រះ‌វិញ្ញាណ
1ឥឡូវ​នេះ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ឥត​មាន​ទោសពៃរ៍​ទៀត​ឡើយ​ 2ដ្បិត​វិន័យ​របស់​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​បាប​ និង​ពី​សេចក្ដី​ស្លាប់។ 3ការ​អ្វី​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​ពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​នោះ​ទៅ​ជា​អស់​ឫទ្ធិ ព្រះ‌ជា‌ម្ចាស់​បាន​សម្រេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប ព្រះអង្គ​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ផ្ទាល់​ឲ្យ​យាង​មក មាន​និស្ស័យ​ជា​មនុស្ស ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាប​ក្នុង​និស្ស័យ​ជា​មនុស្ស។ 4ព្រះអង្គ​ធ្វើ​ដូច្នេះ ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត ស្រប​តាម​ការ​តម្រូវ​របស់​ក្រឹត្យ‌វិន័យ គឺ​ចំពោះ​យើង​ដែល​មិន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ​វិញ 5ដ្បិត​អ្នក​ដែល​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់ទង​នឹង​លោកីយ៍ រីឯ​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់ទង​នឹង​ព្រះ‌វិញ្ញាណ។ 6ការ​គិត​ខាង​លោកីយ៍​នាំ​ឲ្យ​ស្លាប់ រីឯ​ការ​គិត​ខាង​ព្រះ‌វិញ្ញាណ​នាំ​ឲ្យ​មាន​ជីវិត និង​សេចក្ដី​សុខ‌សាន្ត​វិញ 7ដ្បិត​ការ​គិត​ខាង​លោកីយ៍​ទាស់​នឹង​ព្រះ‌ជា‌ម្ចាស់ ព្រោះ​លោកីយ៍​ពុំ​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​ថែម​ទាំង​គ្មាន​សមត្ថ‌ភាព​នឹង​ចុះ​ចូល​បាន​ផង។ 8អស់​អ្នក​ដែល​រស់​នៅ​ក្នុង​និស្ស័យ​លោកីយ៍ ពុំ​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់​ឡើយ។
9ចំពោះ​បងប្អូន ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​សណ្ឋិត​នៅ​ក្នុង​បងប្អូន បងប្អូន​មិន​ស្ថិត​ក្នុង​និស្ស័យ​លោកីយ៍​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ត អ្នក​នោះ​មិន​មែន​ជា​កូន​ចៅ​របស់​ព្រះអង្គ​ទេ។ 10ប្រសិន​បើ​ព្រះ‌គ្រិស្ត​គង់​នៅ​ក្នុង​បងប្អូន ទោះ​បី​រូប​កាយ​របស់​បងប្អូន​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ ក៏​ព្រះ‌វិញ្ញាណ​នៅ​តែ​ផ្ដល់​ជីវិត​ឲ្យ​បងប្អូន​ដែរ មក​ពី​ព្រះ‌ជា‌ម្ចាស់​ប្រោស​បងប្អូន​ឲ្យ​សុចរិត។ 11 ប្រសិន​បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បងប្អូន​មែន​នោះ ព្រះ‌ជា‌ម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ក៏​នឹង​ប្រទាន​ឲ្យ​រូប​កាយ​របស់​បងប្អូន ដែល​តែងតែ​ស្លាប់​នេះ មាន​ជីវិត​តាម​រយៈ​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​បងប្អូន​នោះ​ដែរ។
12ហេតុ​នេះ បងប្អូន​អើយ យើង​មាន​ជំពាក់​ម្យ៉ាង តែ​មិន​មែន​ជំពាក់​នឹង​និស្ស័យ​លោកីយ៍ ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​ទៀត​ឡើយ។ 13ប្រសិន​បើ​បងប្អូន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ បងប្អូន​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​ពឹង​ផ្អែក​លើ​ព្រះ‌វិញ្ញាណ ដើម្បី​រំលាយ​របៀប​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ បងប្អូន​មុខ​តែ​មាន​ជីវិត 14ដ្បិត​អស់​អ្នក​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​ណែ‌នាំ សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ 15 បងប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឲ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បងប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ ដោយ‌សារ​ព្រះ‌វិញ្ញាណ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អប្បា!»​ ឱ​ព្រះ‌បិតា! 16គឺ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ដែល​ផ្ដល់​សក្ខីភាព​ឲ្យ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់​មែន។ 17ប្រសិន​បើ​យើង​ពិត​ជា​បុត្រ​មែន នោះ​យើង​មុខ​ជា​ទទួល​មត៌ក​ពុំ‌ខាន។ យើង​នឹង​ទទួល​មត៌ក​ពី​ព្រះ‌ជា‌ម្ចាស់ គឺ​ទទួល​មត៌ក​រួម​ជា​មួយ​ព្រះ‌គ្រិស្ត។ ដោយ​យើង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​ព្រះអង្គ​ដូច្នេះ យើង​ក៏​នឹង​ទទួល​សិរី‌រុងរឿង​រួម​ជា​មួយ​ព្រះអង្គ​ដែរ។
សិរី‌រុងរឿង​នៅ​បរ‌លោក
18ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នា​បច្ចុប្បន្ន‌កាល​ពុំ​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌រុងរឿង ដែល​ព្រះ‌ជា‌ម្ចាស់​សម្តែង​ឲ្យ​យើង​ឃើញ នៅ​អនាគត‌កាល​នោះ​ឡើយ។ 19អ្វីៗ​សព្វ​សារពើ​ដែល​ព្រះអង្គ​បង្កើត​មក កំពុង​តែ​អន្ទះ‌អន្ទែង ទន្ទឹង​រង់‌ចាំ​ពេល​ដែល​ព្រះ‌ជា‌ម្ចាស់​នឹង​បង្ហាញ​បុត្រ​របស់​ព្រះអង្គ 20 ដ្បិត​អ្វីៗ​ទាំង​អស់​នោះ​បែរ​ទៅ​ជា​ឥត​ន័យ​ តែ​មិន​មែន​ដោយ​ចិត្ត​ឯង​ទេ គឺ​ព្រះ‌ជា‌ម្ចាស់​បាន​តម្រូវ​ដូច្នេះ។ ពិភព​លោក​នៅ​តែ​មាន​សង្ឃឹម​ថា 21ព្រះអង្គ​នឹង​លោះ​ឲ្យ​រួច​ផុត​ពី​វិនាស​អន្តរាយ​ ដើម្បី​ឲ្យ​មាន​សេរី‌ភាព និង​សិរី‌រុងរឿង​នៃ​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ 22យើង​ដឹង​ហើយ​ថា មក​ទល់​ថ្ងៃ​នេះ ពិភព​លោក​ទាំង​មូល​កំពុង​តែ​ស្រែក​ថ្ងូរ និង​ឈឺ​ចុក​ចាប់ ដូច​ជា​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន។ 23 មិន​ត្រឹម​តែ​ពិភព​លោក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​យើង ដែល​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ចិត្ត ទាំង​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជា‌ម្ចាស់ ប្រោស​យើង​ឲ្យ​ទៅ​ជា​បុត្រ​របស់​ព្រះអង្គ និង​លោះ​រូប​កាយ​យើង​ទាំង​ស្រុង​ដែរ 24ដ្បិត​យើង​បាន​ទទួល​ការ​សង្គ្រោះ តែ​ក្នុង​សេចក្ដី​សង្ឃឹម​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​បាន​ ​អ្វី​ដែល​យើង​សង្ឃឹម​ចង់​បាន នោះ​មិន​មែន​ហៅ​ថា​សង្ឃឹម​ទៀត​ទេ ព្រោះ​អ្វីៗ​ដែល​យើង​បាន​ហើយ តើ​យើង​សង្ឃឹម​ចង់​បាន​ដូច​ម្ដេច​ទៀត!។ 25ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​អ្វីៗ ដែល​យើង​មិន​ទាន់​មាន នោះ​យើង​ទន្ទឹង​រង់‌ចាំ​ដោយ​ចិត្ត​ព្យាយាម។
26យ៉ាង​ណា‌មិញ ព្រះ‌វិញ្ញាណ​ក៏​យាង​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​អធិស្ឋាន*​ដូច​ម្ដេច ដើម្បី​ឲ្យ​សម​នោះ​ឡើយ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ទ្រង់​ទូល‌អង្វរ​ឲ្យ​យើង ដោយ​ព្រះ‌សូរសៀង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។ 27រីឯ​ព្រះ‌ជា‌ម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​មនុស្ស ព្រះអង្គ​ជ្រាប​ព្រះ‌បំណង​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល‌អង្វរ​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់។
28យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់​បាន​ទទួល​ផល​ល្អ​ គឺ​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ព្រះអង្គ 29ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ ព្រះអង្គ​ក៏​បាន​តម្រូវ​គេ​ទុក​ជា​មុន ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ដែរ ដើម្បី​ឲ្យ​ព្រះ‌បុត្រា​បាន​ទៅ​ជា​រៀម‌ច្បង ក្នុង​បណ្ដា​បងប្អូន​ជា​ច្រើន។ 30អស់​អ្នក​ដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជា​មុន​នោះ ព្រះអង្គ​ក៏​បាន​ត្រាស់​ហៅ ហើយ​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​នោះ ព្រះអង្គ​ក៏​ប្រោស​ឲ្យ​គេ​សុចរិត រីឯ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រោស​ឲ្យ​សុចរិត ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​គេ​មាន​សិរី‌រុងរឿង​ដែរ។
ព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​លើស‌លប់​របស់​ព្រះ‌ជា‌ម្ចាស់
31បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន? 32ព្រះអង្គ​ពុំ​បាន​ទុក​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​បាន​បញ្ជូន​ព្រះ‌បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ ព្រះអង្គ​មុខ​ជា​ប្រណី‌សន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌បុត្រា​នោះ​ដែរ។ 33តើ​នរណា​អាច​ចោទ​ប្រកាន់​អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស បើ​ព្រះអង្គ​ប្រោស​គេ​ឲ្យ​សុចរិត​ហើយ​នោះ? 34តើ​នរណា​អាច​ដាក់​ទោស​គេ​បាន បើ​ព្រះគ្រិស្ត‌យេស៊ូ​បាន​សោយ​ទិវង្គត ហើយ​ជា​ពិសេស ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌បិតា និង​ទូល‌អង្វរ​ឲ្យ​យើង​ដូច្នេះ? 35តើ​នរណា​អាច​បំបែក​យើង​ចេញ​ពី​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ត​បាន? ទុក្ខ​វេទនា ឬ​ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង ការ​បៀត‌បៀន ការ​ស្រេក​ឃ្លាន ខ្វះ​សម្លៀក‌បំពាក់ គ្រោះ​ថ្នាក់ ឬ​មួយ​ត្រូវ​គេ​សម្លាប់? 36 ដូច​មាន​ចែង​ទុក​មក​ថា:
«ព្រោះ​តែ​ព្រះអង្គ
យើង​ត្រូវ​គេ​រក​សម្លាប់​ពី​ព្រឹក​ដល់​ល្ងាច
គេ​ចាត់​ទុក​យើង​ដូច​ជា​ចៀម​ដែល​ត្រូវ​គេ
យក​ទៅ​សម្លាប់»
37ប៉ុន្តែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យ‌ជម្នះ​លើស​ពី​អ្នក​មាន​ជ័យ‌ជម្នះ​ទៅ​ទៀត ដោយ​ព្រះ‌អម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។ 38ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ទេវតា*​ក្ដី វត្ថុ​ស័ក្ដិ‌សិទ្ធិ​នានា​ក្ដី បច្ចុប្បន្ន‌កាល​ក្ដី អនាគត‌កាល​ក្ដី អំណាច​នានា​ក្ដី 39អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្តី នៅ​ស្ថាន​ក្រោម​ក្តី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត​មក​ក្តី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ឃើញ​ក្នុង​ព្រះគ្រិស្ត‌យេស៊ូ ជា​អម្ចាស់​នៃ​យើង​ឡើយ។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 8: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល