បទចម្រៀង 7

7
1ម្ចាស់‌ក្សត្រិយ៍​អើយ
អូន​ពាក់​ស្បែក​ជើង​ដូច្នេះ​ស្អាត​ណាស់!
ចង្កេះ​របស់​អូន​រាង​មូល ដូច​ខ្សែ​ក
ដែល​ជា​ស្នា‌ដៃ​របស់​ជាង​ដ៏​ចំណាន។
2ផ្ចិត​របស់​អូន​មាន​រាង​ដូច​ពែង
ពេញ​ទៅ​ដោយ​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជានិច្ច។
ពោះ​របស់​អូន​ប្រៀប​បាន​នឹង​គំនរ​ស្រូវ​សាលី ដែល​មាន​ផ្កា​ក្រវាន់​លំអ​ជុំ‌វិញ។
3សុដន់​ទាំង​ពីរ​របស់​អូន ប្រៀប​បាន​នឹង​កូន​ភ្លោះ
របស់​ប្រើស។
4ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​ធ្វើ​ពី​ភ្លុក។
ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​ទឹក​ត្រពាំង
នៅ​ក្រុង​ហេស‌បូន
ដែល​ស្ថិត​នៅ​ក្បែរ​ទ្វារ​បាត-‌រ៉ាប៊ីម
ច្រមុះ​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​លីបង់
ដែល​បែរ​ទៅ​រក​ក្រុង​ដាម៉ាស។
5ក្បាល​របស់​អូន​ស្ថិត​នៅ​ពី​លើ​ដង​ខ្លួន
ដូច​ភ្នំ​កើមែល។
សរសៃ​សក់​របស់​អូន​ប្រៀប​បី​ដូច​ក្រណាត់​ដ៏​ទន់។
ព្រះ‌រាជា ​គាប់​ព្រះ‌ហឫទ័យ​នឹង
ផ្នួង​សក់​របស់​អូន​ណាស់។
6គូ​ស្នេហ៍​របស់​បង ព្រលឹង​មាស​បង​អើយ
អូន​ល្អ​ស្អាត គួរ​ឲ្យ​ស្រឡាញ់​ណាស់។
7រូប​រាង​របស់​អូន​ល្អ​ស្អាត​ដូច​ដើម​ទន្លាប់
សុដន់​របស់​អូន​ក៏​ដូច​ផ្លែ​ទន្លាប់​ដែរ។
8បង​គិត​ថា ត្រូវ​តែ​ឡើង​ដើម​ទន្លាប់​នេះ
ដើម្បី​បេះ​ផ្លែ​របស់​វា។
សូម​ឲ្យ​សុដន់​របស់​អូន​ប្រៀប​បាន​នឹង
ចង្កោម​ទំពាំង‌បាយជូរ
ហើយ​ឲ្យ​ដង្ហើម​របស់​អូន​សាយ​ក្លិន​ក្រអូប
ដូច​ផ្លែ​ចន្ទន៍។
9មាត់​របស់​អូន​ប្រៀប​បាន​នឹង​ស្រា​ទំពាំង‌បាយជូរ
យ៉ាង​ឆ្ងាញ់!
មែន​ហើយ សូម​ឲ្យ​ស្រា​ទំពាំង‌បាយជូរ​នេះ
ហូរ​មក​សម្រាប់​ម្ចាស់​ចិត្ត​អូន
សូម​ឲ្យ​ស្រា​ទំពាំង‌បាយជូរ​នេះ
ស្រក់​លើ​បបូរ​មាត់​ដែល​កំពុង​តែ​លង់‌លក់។
10ខ្ញុំ​ប្រគល់​រូប​កាយ​ជូន​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
ហើយ​គាត់​ចង់​បាន​ខ្ញុំ​ណាស់។
11ម្ចាស់​ចិត្ត​អូន​អើយ សូម​អញ្ជើញ​មក
យើង​ទៅ​ចម្ការ​ជា​មួយ​គ្នា
យប់​នេះ យើង​សម្រាក​នៅ​តាម​ភូមិ។
12ព្រលឹម​ឡើង យើង​ទៅ​ចម្ការ​ទំពាំង‌បាយជូរ
ដើម្បី​មើល ក្រែង​លោ​ទំពាំង‌បាយជូរ​ពន្លក​ឡើង
ហើយ​ចេញ​ផ្កា
រួច​យើង​មើល ក្រែង​លោ​ដើម​ទទឹម​មាន​ផ្កា។
នៅ​ទី​នោះ អូន​នឹង​ប្រគល់​ស្នេហា​ជូន​បង។
13ផ្លែ​ស្នេហ៍ សាយ​ក្លិន​យ៉ាង​ក្រអូប
នៅ​មាត់​ទ្វារ​របស់​យើង
មាន​ផ្លែ​ដ៏​ល្អ​វិសេស​គ្រប់​មុខ
គឺ​ទាំង​ផ្លែ​ចាស់ និង​ផ្លែ​ថ្មី។
ម្ចាស់​ចិត្ត​អូន​អើយ
អូន​រក្សា​ផ្លែ​ទាំង​នោះ​ទុក​ជូន​បង។

ទើបបានជ្រើសរើសហើយ៖

បទចម្រៀង 7: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល