សេផានា 3
3
អ្នកក្រុងយេរូសាឡឹមមិនព្រមស្ដាប់ព្រះអម្ចាស់
1យេរូសាឡឹមត្រូវវេទនាជាពុំខាន
ព្រោះអ្នកក្រុងនេះជាជនបះបោរ
ប្រព្រឹត្តអំពើពុករលួយ ជិះជាន់សង្កត់សង្កិនគ្នា។
2ពួកគេមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់
ហើយក៏មិនទទួលការប្រដៅពីព្រះអង្គដែរ។
ពួកគេមិនផ្ញើជីវិតលើព្រះអម្ចាស់
ពួកគេមិនចូលមកជិតព្រះរបស់ខ្លួនទេ។
3មេដឹកនាំរបស់ពួកគេប្រៀបបាននឹងសត្វសិង្ហ
ដែលគិតតែពីគ្រហឹម។
ចៅក្រមរបស់ពួកគេប្រៀបបាននឹងចចក
ដែលរកស៊ីនៅពេលល្ងាច
ហើយឥតទុកអ្វីឲ្យនៅសល់សម្រាប់កកេរ
នៅពេលព្រឹកឡើយ។
4ព្យាការីរបស់ពួកគេជាមនុស្សក្អេងក្អាង
ហើយក្បត់មុខងាររបស់ខ្លួន។
បូជាចារ្យរបស់ពួកគេនាំគ្នាបន្ថោកអ្វីៗ
ដែលជាទីសក្ការៈ ព្រមទាំងបំពានលើក្រឹត្យវិន័យ។
5ប៉ុន្តែ ព្រះអម្ចាស់គង់នៅក្នុងចំណោមពួកគេ
ព្រះអង្គសុចរិត ឥតធ្វើអ្វីខុសសោះ
រៀងរាល់ព្រឹក ព្រះអង្គបង្ហាញយុត្តិធម៌
ឲ្យពួកគេឃើញច្បាស់
មិនដែលអាក់ខានទេ។
ប៉ុន្តែ មនុស្សប្រព្រឹត្តល្មើសមិនចេះខ្មាសឡើយ។
6ព្រះអង្គមានព្រះបន្ទូលថា៖
«យើងបានកម្ទេចប្រជាជាតិនានា
យើងបំផ្លាញប៉មការពារក្រុងរបស់ពួកគេ
យើងធ្វើឲ្យផ្លូវរបស់គេនៅស្ងាត់ជ្រងំ
គ្មានមនុស្សដើរ!
ក្រុងរបស់គេនឹងត្រូវអន្តរាយ
លែងមានប្រជាជនរស់នៅទៀត។
7យើងគិតថា “អ្នករាល់គ្នាគង់តែកោតខ្លាច
និងព្រមទទួលការស្ដីប្រដៅពីយើង
ដូច្នេះ ទីលំនៅអ្នករាល់គ្នាមុខជាមិនត្រូវ
វិនាសអន្តរាយទេ”។
ប៉ុន្តែ ពេលណាយើងដាក់ទោសពួកគេ
ពួកគេគិតតែពីរូតរះប្រព្រឹត្តអំពើថោកទាប
គ្រប់បែបយ៉ាង។
8ហេតុនេះ ចូរចាំយើងសិន!
ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។
យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយ
យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង
ទៅលើពួកគេ ដូចភ្លើងឆាបឆេះ
ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ
ផែនដីទាំងមូល
-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបន្ទូលសន្យា
9ពេលនោះ យើងនឹងជម្រះបបូរមាត់
ជាតិសាសន៍នានាឲ្យបរិសុទ្ធ
ដើម្បីឲ្យពួកគេទាំងអស់គ្នាអង្វររក
នាមយើងជាព្រះអម្ចាស់
ហើយព្រមព្រៀងគ្នាគោរពបម្រើយើង។
10អ្នកថ្វាយបង្គំយើង ដែលយើងកម្ចាត់កម្ចាយ
ឲ្យទៅនៅខាងនាយទន្លេស្រុកអេត្យូពី
នឹងនាំគ្នាយកតង្វាយមកឲ្យយើង។
11នៅថ្ងៃនោះ អ្នកនឹងលែងអាម៉ាស់
ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន
ដែលអ្នកបានប្រព្រឹត្ត
គឺអំពើបាបប្រឆាំងនឹងយើង
ដ្បិតយើងដកមនុស្សក្អេងក្អាង
ចេញពីចំណោមអ្នក
ហើយអ្នកក៏លែងវាយឫកខ្ពស់នៅលើ
ភ្នំដ៏វិសុទ្ធរបស់យើងទៀតដែរ។
12យើងនឹងទុកប្រជាជនមួយចំនួន
ដែលទន់ទាប ហើយក្រខ្សត់
ឲ្យនៅសេសសល់ក្នុងអ្នក
ប្រជាជននេះនឹងផ្ញើជីវិតលើនាមយើង
ដែលជាព្រះអម្ចាស់។
13 ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់
លែងប្រព្រឹត្តបទល្មើស លែងនិយាយកុហក
និងលែងនិយាយបោកបញ្ឆោតទៀតហើយ
ពួកគេរស់នៅយ៉ាងសុខសាន្ត
គ្មាននរណាមកបំភ័យពួកគេទៀតឡើយ»។
14ក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងដោយអំណរ!
ជនជាតិអ៊ីស្រាអែលអើយ
ចូរនាំគ្នាស្រែកជយឃោស!
ក្រុងយេរូសាឡឹមអើយ
ចូរមានអំណរសប្បាយ! ចូររីករាយយ៉ាងខ្លាំង!
15 ព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នក
ព្រះអង្គបានពង្វាងខ្មាំងសត្រូវចេញពីអ្នក។
ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃ
ជនជាតិអ៊ីស្រាអែល គង់នៅជាមួយអ្នក
អ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយ។
16នៅថ្ងៃនោះ គេនឹងពោលមកកាន់
ក្រុងយេរូសាឡឹមថា កុំខ្លាចអ្វីឡើយ!
ក្រុងស៊ីយ៉ូនអើយ កុំបាក់ទឹកចិត្តឲ្យសោះ!
17 ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់គង់ជាមួយអ្នក
ព្រះអង្គជាវីរបុរសដែលមានជ័យជម្នះ។
ព្រោះតែអ្នក ព្រះអង្គមានអំណរសប្បាយជាខ្លាំង។
ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ
ធ្វើឲ្យអ្នកមានជីវិតថ្មី។
ព្រោះតែអ្នក ព្រះអង្គច្រៀងយ៉ាងរីករាយបំផុត។
18«យើងនឹងប្រមូលអស់អ្នកដែលកើតទុក្ខព្រួយ
ដោយមិនអាចចូលរួមក្នុងពិធីបុណ្យដ៏សំខាន់ៗ
គឺអស់អ្នកដែលនៅឆ្ងាយពីអ្នក
ហើយត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។
19នៅថ្ងៃនោះ យើងនឹងដាក់ទោស
ជាតិសាសន៍ទាំងឡាយដែលសង្កត់សង្កិនអ្នក។
យើងនឹងសង្គ្រោះចៀមដែលដើរពុំរួច
ហើយប្រមូលចៀមដែលវង្វេង។
យើងនឹងធ្វើឲ្យពួកគេមានកិត្តិយស
និងមានកេរ្តិ៍ឈ្មោះល្បី នៅគ្រប់ទីកន្លែង
ក្នុងស្រុកដែលពួកគេត្រូវអាម៉ាស់។
20នៅថ្ងៃនោះ យើងនឹងនាំអ្នករាល់គ្នាវិលមកវិញ
ព្រោះជាពេលដែលយើងប្រមូលផ្ដុំអ្នករាល់គ្នា
ពេលយើងស្ដារស្រុកអ្នករាល់គ្នាឡើងវិញ
នៅចំពោះមុខរបស់អ្នករាល់គ្នា
យើងនឹងធ្វើឲ្យអ្នករាល់គ្នាមាន
កេរ្តិ៍ឈ្មោះល្បី និងមានកិត្តិយសក្នុងចំណោម
ជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
សេផានា 3: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.