១ របាក្សត្រ 16:18-43
១ របាក្សត្រ 16:18-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយព្រះបន្ទូលថា យើងនិងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមត៌ករបស់ឯង ក្នុងកាលដែលអ្នករាល់គ្នានៅគ្នាតិចនៅឡើយ គឺមានគ្នាតិចណាស់ ក៏គ្រាន់តែស្នាក់នៅស្រុកនេះប៉ុណ្ណោះផង គេចេញដំណើរពីនគរមួយទៅនគរមួយ ហើយពីសាសន៍មួយដល់សាសន៍មួយទៀត ព្រះអង្គមិនបើកឲ្យមនុស្សណាសង្កត់សង្កិនគេឡើយ ព្រះអង្គបានបន្ទោសដល់ទាំងពួកស្តេចដោយព្រោះគេផង ដោយព្រះបន្ទូលថា កុំពាល់ពួកដែលយើងបានចាក់ប្រេងឲ្យឡើយ ក៏កុំឲ្យធ្វើបាបដល់ពួកហោរារបស់យើងដែរ ឱលោកីយ៍ទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសម្ដែងពីសេចក្ដីសង្គ្រោះរបស់ព្រះអង្គរាល់ៗថ្ងៃ ចូរថ្លែងប្រាប់ពីសិរីល្អរបស់ព្រះអង្គ នៅក្នុងគ្រប់ទាំងនគរ ហើយពីការអស្ចារ្យរបស់ព្រះអង្គ នៅកណ្ដាលអស់ទាំងសាសន៍ ដ្បិតព្រះយេហូវ៉ាជាធំ ក៏គួរសរសើរណាស់ ហើយគួរស្ញែងខ្លាចលើសជាងអស់ទាំងព្រះ ព្រោះអស់ទាំងព្រះនៃសាសន៍ដទៃសុទ្ធតែជារូបទទេ តែឯព្រះយេហូវ៉ាវិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ ឯសេចក្ដីរុងរឿង ហើយសិរីលម្អ នោះនៅចំពោះព្រះអង្គ ឥទ្ធានុភាព និងអំណរក៏នៅទីកន្លែងរបស់ព្រះអង្គ ឱអស់ទាំងសាសន៍អើយ ចូរទទួលថ្លែងពីព្រះយេហូវ៉ា ចូរទទួលថ្លែងប្រាប់ថា ព្រះយេហូវ៉ាមានសិរីល្អ និងព្រះចេស្តា ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមព្រះអង្គ ចូរនាំយកតង្វាយមួយមកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ព្រះអង្គ ដោយសិរីលម្អនៃសេចក្ដីបរិសុទ្ធ គ្រប់ផែនដីអើយ ចូរភ័យញ័រនៅចំពោះព្រះអង្គចុះ ឯលោកីយ នោះក៏បានតាំងជាមាំមួនហើយ នឹងកក្រើករញ្ជួយមិនបានឡើយ ចូរឲ្យផ្ទៃមេឃមានអំណរ ហើយឲ្យផែនដីបានត្រេកអរឡើង ឲ្យបានថ្លែងនៅគ្រប់ទាំងសាសន៍ថា ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យសមុទ្រ និងបណ្ដាដែលនៅក្នុងនោះទាំងប៉ុន្មាន បានឮកងរំពងឡើង ចូរឲ្យស្រែចម្ការ និងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន មានសេចក្ដីរីករាយអរសប្បាយផង ចូរឲ្យដើមឈើនៅព្រៃបញ្ចេញសូរយ៉ាងសប្បាយ នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ដើម្បីជំនុំជម្រះផែនដី ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គនៅអស់កល្បជានិច្ច ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំ ឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធរបស់ព្រះអង្គ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរតម្កើងដល់ព្រះអង្គ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប ដរាបដល់អស់កល្បជានិច្ច។ បន្ទាប់មក ប្រជាជនទាំងអស់ក៏ថា អាម៉ែន ហើយសរសើរតម្កើងដល់ព្រះយេហូវ៉ា។ ព្រះបាទដាវីឌទុកឲ្យអេសាភ និងបងប្អូនលោកនៅចំពោះហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការរាល់តែថ្ងៃជានិច្ច ហើយក៏មានអូបិឌ-អេដុម ព្រមទាំងបងប្អូនរបស់លោក ចំនួនហុកសិបប្រាំបីនាក់ ឯអូបិឌ-អេដុម ជាកូនយេឌូថិន និងហូសា ឲ្យធ្វើជាឆ្មាំទ្វារ។ ចំណែកសង្ឃសាដុក និងពួកសង្ឃដែលជាបងប្អូនរបស់លោកបានតាំងឲ្យនៅមុខរោងឧបោសថនៃព្រះយេហូវ៉ា ដែលនៅលើទីខ្ពស់ ត្រង់គីបៀន ដើម្បីថ្វាយតង្វាយដល់ព្រះយេហូវ៉ា នៅលើអាសនា ដែលសម្រាប់តង្វាយដុត រាល់ព្រឹក រាល់ល្ងាចជានិច្ច តាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា ដែលព្រះអង្គបានបង្គាប់ដល់ពួកអ៊ីស្រាអែល។ មានទាំងហេម៉ាន និងយេឌូថិននៅជាមួយដែរ ព្រមទាំងពួកអ្នកឯទៀត ដែលបានតម្រូវដោយឈ្មោះ ដើម្បីអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសព្រះអង្គនៅអស់កល្បជានិច្ច។ ហេម៉ាន និងយេឌូថិន មានត្រែ និងឈិង សម្រាប់ពួកអ្នកភ្លេង និងប្រដាប់ឯទៀតសម្រាប់ប្រកបភ្លេងថ្វាយព្រះ ហើយពួកកូនចៅយេឌូថិន នៅត្រង់មាត់ទ្វារ។ រួចបណ្ដាជនក៏វិលទៅផ្ទះគេរៀងខ្លួនទៅ ហើយព្រះបាទដាវីឌក៏ត្រឡប់ទៅ ដើម្បីឲ្យពរដល់ពួកញាតិវង្សរបស់ព្រះអង្គ។
១ របាក្សត្រ 16:18-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គឺព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ក»។ នៅគ្រានោះ អ្នករាល់គ្នាជាក្រុមមួយដ៏តូច ដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។ អ្នករាល់គ្នាធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ពីនគរមួយទៅនគរមួយទៀត។ ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់ សង្កត់សង្កិនអ្នករាល់គ្នាទេ ដើម្បីការពារអ្នករាល់គ្នា ព្រះអង្គបានបន្ទោសស្ដេចនានាថា: «កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេង អភិសេកនេះឡើយ កុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់! ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ព្រះអង្គ។ ចូរប្រកាសអំពីសិរីរុងរឿងរបស់ព្រះអង្គ នៅក្នុងចំណោមប្រជាជាតិនានា ហើយប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ ព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់! ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។ ព្រះទាំងប៉ុន្មានរបស់សាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់ រីឯព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ។ មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពី ព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយ ឫទ្ធិបារមី និងអំណរសប្បាយ។ ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ ចូរលើកតម្កើងសិរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់! ចូរនាំគ្នាយកតង្វាយចូលមកចំពោះព្រះភ័ក្ត្រ របស់ព្រះអង្គ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ! មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ! ពិភពលោករឹងមាំ ឥតរង្គើសោះឡើយ ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ និងឲ្យផែនដីបានរីករាយដ៏លើសលុប! ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ! ចូរឲ្យសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ ត្រេកអរសប្បាយ! ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មានស្រែកហ៊ោ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់! ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី។ ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ចូរទូលព្រះអង្គថា: ព្រះសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលផ្ដុំយើងខ្ញុំ ហើយយកយើងខ្ញុំ ចេញពីចំណោមប្រជាជាតិនានា ដើម្បីឲ្យយើងខ្ញុំលើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ និងបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ! សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ!»។ ពេលនោះ ប្រជាជនទាំងមូលឆ្លើយថា «អាម៉ែន សូមសរសើរតម្កើងព្រះជាម្ចាស់!»។ ព្រះបាទដាវីឌចាត់លោកអេសោភ និងបងប្អូនរបស់គាត់ ឲ្យបំពេញមុខងារនៅមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ឥតដែលអាក់ខាន ដូចបានកំណត់ទុក។ ស្ដេចចាត់លោកអូបេឌអេដុមជាកូនរបស់លោកយេឌូថិន និងលោកហូសា ព្រមទាំងបងប្អូនរបស់គាត់ហុកសិបប្រាំបីនាក់ ឲ្យធ្វើជាឆ្មាំទ្វារ។ ស្ដេចក៏ចាត់លោកបូជាចារ្យសាដុក និងបូជាចារ្យឯទៀតៗ ជាបងប្អូនរបស់គាត់ ឲ្យបំពេញមុខងារនៅមុខព្រះពន្លារបស់ព្រះអម្ចាស់ ដែលស្ថិតលើទួលខ្ពស់ នៅគីបៀន ដើម្បីថ្វាយតង្វាយដុតជាអចិន្ត្រៃយ៍ចំពោះព្រះអម្ចាស់ លើអាសនៈសម្រាប់ថ្វាយតង្វាយដុត ទាំងព្រឹក ទាំងល្ងាច ស្របតាមសេចក្ដីទាំងប៉ុន្មានមានចែងទុកក្នុងក្រឹត្យវិន័យ ដែលព្រះអម្ចាស់បានបង្គាប់ដល់ប្រជាជនអ៊ីស្រាអែល។ លោកហេម៉ាន និងលោកយេឌូថិន ព្រមទាំងអ្នកឯទៀតៗ ដែលគេបានជ្រើសរើសតាមឈ្មោះ ដើម្បីលើកតម្កើងព្រះអម្ចាស់ ក៏មកចូលរួមជាមួយបូជាចារ្យទាំងនោះដែរ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! លោកហេម៉ាន និងលោកយេឌូថិន ក៏ទទួលខុសត្រូវលើត្រែ និងឈិងរបស់ពួកតន្ត្រីករ ព្រមទាំងឧបករណ៍ឯទៀតៗ សម្រាប់ប្រគំបទចម្រៀងថ្វាយព្រះជាម្ចាស់។ កូនចៅរបស់លោកយេឌូថិនក៏មានមុខងារជាឆ្មាំនៅមាត់ទ្វារដែរ។ ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន ហើយព្រះបាទដាវីឌក៏វិលទៅដំណាក់វិញ ដើម្បីប្រទានពរដល់រាជវង្ស។
១ របាក្សត្រ 16:18-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយបន្ទូលថា អញនឹងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមរដករបស់ឯង ក្នុងកាលដែលអ្នករាល់គ្នានៅគ្នាតិចនៅឡើយ គឺមានគ្នាតិចណាស់ ក៏គ្រាន់តែស្នាក់នៅស្រុកនេះប៉ុណ្ណោះផង គេចេញដំណើរពីនគរ១ទៅនគរ១ ហើយពីសាសន៍១ដល់សាសន៍១ទៀត ទ្រង់មិនបើកឲ្យមនុស្សណាសង្កត់សង្កិនគេឡើយ ទ្រង់បានបន្ទោសដល់ទាំងពួកស្តេចដោយព្រោះគេផង ដោយបន្ទូលថា កុំពាល់ពួកដែលអញបានចាក់ប្រេងឲ្យឡើយ ក៏កុំឲ្យធ្វើបាបដល់ពួកហោរារបស់អញដែរ ឱលោកីយទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសំដែងពីសេចក្ដីសង្គ្រោះរបស់ទ្រង់រាល់ៗថ្ងៃ ចូរថ្លែងប្រាប់ពីសិរីល្អនៃទ្រង់ នៅក្នុងគ្រប់ទាំងនគរ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ដ្បិតព្រះយេហូវ៉ាទ្រង់ជាធំ ក៏គួរសរសើរណាស់ ហើយគួរស្ញែងខ្លាចលើសជាងអស់ទាំងព្រះ ពីព្រោះអស់ទាំងព្រះនៃសាសន៍ដទៃ សុទ្ធតែជារូបទទេ តែឯព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ ឯសេចក្ដីរុងរឿង ហើយសិរីលំអ នោះនៅចំពោះទ្រង់ ឥទ្ធានុភាពនឹងសេចក្ដីអំណរក៏នៅទីកន្លែងរបស់ទ្រង់ ឱអស់ទាំងសាសន៍អើយ ចូរទទួលថ្លែងពីព្រះយេហូវ៉ា ចូរទទួលថ្លែងប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានសិរីល្អ នឹងព្រះចេស្តា ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមទ្រង់ ចូរនាំយកដង្វាយ១មកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ទ្រង់ ដោយសិរីលំអនៃសេចក្ដីបរិសុទ្ធ គ្រប់ផែនដីអើយ ចូរភ័យញ័រនៅចំពោះទ្រង់ចុះ ឯលោកីយ នោះក៏បានតាំងជាមាំមួនហើយ នឹងកក្រើករញ្ជួយមិនបានឡើយ ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ ហើយឲ្យផែនដីបានត្រេកអរឡើង ឲ្យបានថ្លែងនៅគ្រប់ទាំងសាសន៍ថា ព្រះយេហូវ៉ាទ្រង់សោយរាជ្យ ចូរឲ្យសមុទ្រ នឹងបណ្តាដែលនៅក្នុងនោះទាំងប៉ុន្មាន បានឮកងរំពងឡើង ចូរឲ្យស្រែចំការ នឹងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន មានសេចក្ដីរីករាយអរសប្បាយផង ចូរឲ្យដើមឈើនៅព្រៃបញ្ចេញសូរយ៉ាងសប្បាយ នៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជំនះផែនដី ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធនៃទ្រង់ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរដំកើងដល់ទ្រង់ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប ដរាបដល់អស់កល្បជានិច្ច។ ស្រេចហើយ បណ្តាជនទាំងអស់គ្នាក៏ទទួលឡើងថា អាម៉ែន ហើយក៏សរសើរដំកើងដល់ព្រះយេហូវ៉ាដែរ។ ដូច្នេះ ដាវីឌទ្រង់ទុកឲ្យអេសាភ នឹងបងប្អូនលោកនៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការ រាល់តែថ្ងៃជានិច្ច ឯអូបិឌ-អេដំម ជាកូនយេឌូថិន នឹងហូសា ព្រមទាំងបងប្អូនលោកចំនួន៦៨នាក់ បានតាំងឡើងឲ្យធ្វើជាអ្នកឆ្មាំទ្វារ ចំណែកសាដុកដ៏ជាសង្ឃ នឹងបងប្អូនលោក ជាពួកសង្ឃ បានតាំងឲ្យនៅមុខរោងឧបោសថនៃព្រះយេហូវ៉ា ដែលនៅលើទីខ្ពស់ត្រង់គីបៀន ដើម្បីនឹងថ្វាយដង្វាយដល់ព្រះយេហូវ៉ា នៅលើអាសនា ដែលសំរាប់ដង្វាយដុត រាល់ព្រឹករាល់ល្ងាចជានិច្ច តាមគ្រប់ទាំងសេចក្ដី ដែលបានចែងទុកមកក្នុងក្រិត្យវិន័យព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់ដល់ពួកអ៊ីស្រាអែល មានទាំងហេម៉ាន នឹងយេឌូថិននៅជាមួយដែរ ព្រមទាំងពួកអ្នកឯទៀត ដែលបានដំរូវដោយឈ្មោះផង ដើម្បីនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសទ្រង់នៅអស់កល្បជានិច្ច ហេម៉ាន នឹងយេឌូថិននេះ គេមានត្រែនឹងឈឹង សំរាប់ពួកអ្នកភ្លេង នឹងប្រដាប់ឯទៀតសំរាប់ប្រកបភ្លេងថ្វាយព្រះ ហើយពួកកូនចៅយេឌូថិន គេនៅត្រង់មាត់ទ្វារ រួចបណ្តាជនក៏វិលទៅផ្ទះគេរៀងខ្លួនទៅ ហើយដាវីឌទ្រង់ក៏ត្រឡប់ទៅ ដើម្បីឲ្យពរដល់ពួកវង្សាញាតិរបស់ទ្រង់។