១ កូរិនថូស 7:1-40

១ កូរិនថូស 7:1-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​បាន​សរសេរ​ថា «ប្រសិន‌បើ​បុរស​មិន​ប៉ះ​ពាល់​ស្ត្រី នោះជា​ការ​ប្រសើរ»។ ប៉ុន្ដែ ដោយ​ព្រោះ​មាន​អំពើ​សហាយ​ស្មន់​កើត​ឡើង បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ​ជា​របស់​ខ្លួន ហើយ​ស្រី្ត​ម្នាក់ៗ ក៏​ត្រូវ​មាន​ប្តី​ជា​របស់​ខ្លួន​ដែរ។ ប្តី​ត្រូវ​បំពេញ​ករណីយ​កិច្ច​ជា​ប្ដី​ចំពោះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្តី​របស់​ខ្លួន​ដែរ។ ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​របស់​ខ្លួន​ទេ គឺ​ជា​របស់​ប្តី ឯ​ប្តី​ក៏​ដូច្នោះ​ដែរ មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​របស់​ខ្លួន​ទេ គឺ​ជា​របស់​ប្រពន្ធ។ មិន​ត្រូវ​បង្អត់​គ្នា​ឡើយ លើក​លែង​តែ​មាន​ការ​យល់​ព្រម​គ្នា​ទុក​ពេល​មួយ​ឲ្យ​ទំនេរ​សម្រាប់​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជាមួយ​គ្នា​វិញ ក្រែង​អារក្ស​សា​តាំង​ល្បួង​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មិន​ចេះ​អត់​ទ្រាំ។ ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្តី​នេះ​ដោយ​អធ្យា‌ស្រ័យ​ទេ មិន​មែន​ដោយ​បង្គាប់​ឡើយ។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង‌អស់​បាន​ដូច​ជា​ខ្ញុំ ក៏​ប៉ុន្តែ ម្នាក់ៗ​មាន​អំណោយ‌ទាន​មួយ​មក​ពី​ព្រះ​រៀងៗ​ខ្លួន ម្នាក់​មាន​យ៉ាង​នេះ ម្នាក់​ទៀត​មាន​យ៉ាង​នោះ។ ខ្ញុំ​សូម​និយាយ​ចំពោះ​អ្នក​នៅ​លីវ និង​ស្រ្ដី​មេ‌ម៉ាយ​ថា បើ​គេ​នៅ​ដូច​ជា​ខ្ញុំ​បាន នោះ​ជា​ការ​ប្រសើរ។ ប៉ុន្តែ បើ​គេ​អត់​ទ្រាំ​មិន​បាន ចូរ​រៀប‌ការ​ចុះ ដ្បិត​ដែល​រៀប‌ការ នោះ​ប្រសើរ​ជាង​ទុក​ឲ្យ​មាន​តណ្ហា​ពុះ​កញ្ជ្រោល។ ប៉ុន្តែ ចំពោះ​អ្នក​រៀប‌ការ​ហើយ ខ្ញុំ​សូម​ទូន្មាន​តាម​បង្គាប់​ព្រះ‌អម្ចាស់ មិន​មែន​ខ្ញុំ​ទេ គឺ​ថា ប្រពន្ធ​មិន​ត្រូវ​បែក​ពី​ប្តី​ឡើយ (តែ​បើ​នាង​ជ្រុល​ជា​បែក​ពី​ប្តី​ហើយ នោះ​ចូរ​នៅ​ជា​ឥត​ប្តី​ទៅ ពុំ​នោះ​ទេ​សូម​ទៅ​ជា​នា​នឹង​ប្តី​ខ្លួន​វិញ) ឯ​ប្តី ក៏​មិន​ត្រូវ​លែង​ប្រពន្ធ​របស់​ខ្លួន​ដែរ។ ចំពោះ​អ្នក​ឯទៀត (នេះ​មិន​មែន​មក​ពី​ព្រះ‌អម្ចាស់​ទេ គឺ​ជា​ពាក្យ​ខ្ញុំ) ខ្ញុំ​សូម​ជម្រាប​ថា បើ​បង‌ប្អូន​ណា​មាន​ប្រពន្ធ​ជា​អ្នក​មិន​ជឿ ហើយ​នាង​ព្រម​រស់​នៅ​ជា​មួ​យ នោះ​មិន​ត្រូវ​លែង​នាង​ឡើយ ហើយ​បើ​ស្ត្រី​ណា​មាន​ប្តី​ជា​អ្នក​មិន​ជឿ​វិញ តែ​គាត់​ព្រម​រស់​នៅ​ជា​មួ​យ នោះ​ក៏​មិន​ត្រូវ​លែង​គាត់​ដែរ។ ដ្បិត​ប្តី​ដែល​មិន​ជឿ​នោះ​បាន​រាប់​ជា​បរិសុទ្ធ​តាម​រយៈ​ប្រពន្ធ ហើយ​ប្រពន្ធ​ដែល​មិន​ជឿ ក៏​បាន​រាប់​ជា​បរិសុទ្ធ​តាម​រយៈ​ប្តី​ដែរ ពុំ​នោះ​ទេ កូ​ន​របស់​អ្នក​រាល់​គ្នា​មិន​ស្អាត​ឡើយ ប៉ុន្តែ ឥឡូវ​នេះ ពួកគេ​ស្អាត​ហើយ។ ប៉ុន្តែ បើ​ដៃ​គូ​ដែល​មិន​ជឿ​ចុះ​ចេញ ឲ្យ​គេ​ទៅ​ចុះ រឿង​បែប​នេះ បង‌ប្អូន​ប្រុស ឬ​ស្រី​នោះ​មិន​ជាប់​ចំណង​ទៀត​ទេ ដ្បិត​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​រស់​ក្នុង​សេចក្តី​សុខ‌សាន្ត។ បង‌ប្អូន​ជា​ប្រពន្ធ​រាល់​គ្នា​អើយ តើ​នាង​ដឹង​ដូច​ម្ដេច​បាន​ថា នាង​អាច​នឹង​សង្គ្រោះ​ប្ដី​របស់​នាង? បង‌ប្អូន​ជា​ប្តី​រាល់​គ្នា​អើយ តើ​អ្នក​ដឹង​ដូច​ម្ដេច​បាន​ថា អ្នក​អាច​នឹង​សង្គ្រោះ​ប្រពន្ធ​របស់​អ្នក? តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម្នាក់ៗ​ត្រូវ​រស់​នៅ​តាម​ចំណែក​ដែល​ព្រះ‌អម្ចាស់​បាន​ចែក​ឲ្យ តា​មការ​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ចុះ។ ខ្ញុំ​បង្គាប់​ដូច្នេះ​នៅ​គ្រប់​ក្រុម​ជំនុំ​ទាំង‌អស់។ បើ​ព្រះ‌អង្គ​ត្រាស់​ហៅ​អ្នក​ណា​ពេល​កាត់​ស្បែក​រួច​ហើយ អ្នក​នោះ​មិន​ត្រូវ​លុប​បំបាត់​ស្នាមកា​ត់​ស្បែក​នោះ​ឡើយ ហើយ​បើ​ព្រះ‌អង្គ​ត្រាស់​ហៅ​អ្នក​ណា​ដែល​មិន​បាន​កាត់​ស្បែក អ្នក​នោះ​ក៏​មិន​ត្រូវ​កាត់​ស្បែក​ដែរ។ ព្រោះ​ការ​កាត់​ស្បែក​មិន​សំខាន់​អ្វី​ទេ ហើយ​ការ​មិន​កាត់​ស្បែក នោះ​ក៏​មិន​សំខាន់​អ្វី​ដែរ តែ​ដែល​សំខាន់​គឺ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ​វិញ។ បើ​ម្នាក់ៗ​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ​ត្រាស់​ហៅ នោះ​ត្រូវ​រស់​នៅ​តាម​សណ្ឋាន​នោះ​ចុះ។ ពេល​ព្រះ​ត្រាស់​ហៅ តើ​អ្នក​ជា​បាវ​បម្រើ​គេ​ឬ? កុំ​ខ្វល់​ពី​រឿង​នោះ​ឡើយ តែ​បើ​អ្នក​អាច​ដោះ​ខ្លួន​បាន ចូរ​ដោះ​ខ្លួន​ចេញ​ទៅ ដ្បិត​ក្នុង​ព្រះ‌អម្ចាស់ អ្នក​ណា​ដែល​ធ្វើ​ជា​បាវ​បម្រើ​គេ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​ត្រាស់​ហៅ អ្នក​នោះ​ជា​អ្នក​ជា​របស់​ព្រះ‌អម្ចាស់ ហើយ​អ្នក​ជា​ណា​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ នោះ​ដូច​គ្នា គឺ​អ្នក​នោះ​ជា​បាវ​បម្រើ​របស់​ព្រះ‌គ្រីស្ទ​វិញ។ ព្រះ‌អង្គ​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ សូមកុំ​ឲ្យ​ត្រឡប់​ជា​បាវ​បម្រើ​របស់​មនុស្ស​ទៀត​ឡើយ។ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ​ត្រាស់​ហៅ នោះ​ត្រូវ​រស់​នៅ​តាម​សណ្ឋាន​នោះ​នៅ​ចំពោះ​ព្រះ​ចុះ។ រីឯ​ស្រ្ដី​ដែល​នៅ​ក្រ​មុំ ខ្ញុំ​ពុំ​បាន​ទ​ទួល​បង្គាប់​ពី​ព្រះ‌អម្ចាស់​ទេ តែ​ខ្ញុំ​ជូន​យោបល់​ក្នុង​នាម​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដោយ​សារ​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់។ ខ្ញុំ​យល់​ឃើញ​ថា ដោយ​ព្រោះ​ស្ថាន‌ភាព​តឹង​តែង​សព្វ​ថ្ងៃ​នេះ នោះ​បើ​អ្នក​នៅ​បែប​នេះ ជា​ការ​ប្រសើរ។ តើ​អ្នក​មាន​ប្រពន្ធ​ហើយ​ឬ? កុំ​រក​ផ្លូវ​លែង‌លះ​ឲ្យ​សោះ។ តើ​អ្នក​មិន​ទាន់​មាន​ប្រពន្ធ​ឬ? កុំ​ចង់​រក​ប្រពន្ធ​អី។ ប៉ុន្តែ បើ​អ្នក​រៀប‌ការ មិន​មែន​មានន័យ​ថា​មាន​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ណា​រៀប‌ការ នាង​ក៏​គ្មាន​បាប​ដែរ តែ​អស់​អ្នក​ដែល​រៀប‌ការ នឹង​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវិត​នេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ផុត​ពី​ការ​នោះ។ បង‌ប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​ថា ពេល​វេលា​កាន់​តែ​កៀក​ណាស់​ហើយ ពី​ពេល​នេះ​ទៅ​មុខ អស់​អ្នក​ដែល​មាន​ប្រពន្ធ ត្រូវ​កាន់​ចិត្ត​ដូច​ជា​គ្មាន​ប្រពន្ធ អស់​អ្នក​ដែល​យំ‌សោក ដូច​ជា​មិន​យំ‌សោក អស់​អ្នក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក​ដែល​ទិញ ដូច​ជា​គ្មាន​អ្វី​សោះ ហើយ​អស់​អ្នក​ដែល​ប្រើ​ប្រាស់​ពិភព​លោក​នេះ ក៏​ដូច​ជា​មិន​បាន​ប្រើ​ដែរ ដ្បិត​ពិភព​លោក​នេះ​កំពុង​តែ​ប្រែប្រួល។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អ្វី​ឡើយ។ អ្នក​ដែល​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ តែ​អ្នក​ដែល​មាន​ប្រពន្ធ​វិញ គេ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្រពន្ធ ហើយ​ចិត្ត​របស់​អ្នក​នោះ​បែង​ចែក។ ឯ​ស្ត្រី​គ្មាន​ប្តី និង​ស្ត្រី​ក្រ​មុំ នោះ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អ​ម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​បរិសុទ្ធ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ តែ​ស្ត្រី​ដែល​មាន​ប្តី នាង​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្តី។ ខ្ញុំ​និយាយ​ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​ដាក់​អន្ទាក់​អ្នក​រាល់​គ្នា​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​បាន​ល្អ ហើយ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​គ្មាន​ចិត្ត​ប្រទាញ​ប្រទង់។ ប្រសិន‌បើ​អ្នក​ណា​យល់​ថា ខ្លួន​មិន​គួរ​គប្បី​ចំពោះ​គូ‌ដណ្ដឹង ហើយ​បើ​ចិត្ត​គេ​ពុះ​កញ្ជ្រោល​ខ្លាំង នោះ​ធ្វើ​តាម​ចិត្ត​ទៅ​ចុះ ត្រូវ​ឲ្យ​អ្នក​នោះ​រៀប‌ការ​ទៅ គ្មាន​បាប​អ្វី​ទេ។ ប៉ុន្តែ អ្នក​ណា​ដែល​តាំង​ចិត្ត​បាន​យ៉ាង​មាំ​មួន ដោយ​គ្មាន​អ្នក​ណា​បង្ខំ គឺ​អាច​ទប់​ចិត្ត​បាន ហើយ​បាន​តាំង​ចិត្ត​ថា​នឹង​ទុក​នាង​ជា​គូ‌ដណ្ដឹង​របស់​ខ្លួន នោះ​គាត់​ធ្វើ​បាន​ល្អ​ហើយ។ ដូច្នេះ អ្នក​ដែល​រៀប‌ការ​ជាមួយ​គូ‌ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​ទ្រាំ​មិន​រៀប‌ការ នោះ​រឹត​តែ​ប្រសើរ​ថែម​ទៀត។ កាល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រពន្ធ​ត្រូវ​នៅ​ជាប់​ក្នុង​ចំណង​របស់​ប្តី តែ​បើ​ប្តី​ស្លាប់ នោះ​នាង​មាន​សេរីភាព​នឹង​រៀប‌ការ​ជាមួយ​អ្នក​ណា​ក៏​បាន តាម​ចិត្ត​របស់​នាង ឲ្យ​តែ​រៀប‌ការ​ក្នុង​ព្រះ‌អម្ចាស់ ។ ប៉ុន្តែ តាម​គំនិត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា បើ​នាង​រស់​នៅ​មិន​រៀប‌ការ​បាន នោះ​នាង​នឹង​បាន​សប្បាយ​ជាង ហើយ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដែរ។

ចែក​រំលែក
អាន ១ កូរិនថូស 7

១ កូរិនថូស 7:1-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​បាន​សរសេរ​សំបុត្រ​ទៅ​ខ្ញុំ​ថា ប្រសិន​បើ​បុរស​មិន​ប៉ះ‌ពាល់​ស្ត្រី​ទេ​នោះ​ជា​ការ​ប្រសើរ។ ប៉ុន្តែ ដើម្បី​ចៀស‌វាង​កុំ​ឲ្យ​មាន​ការ​ប្រាស​ចាក​សីលធម៌ បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ ហើយ​ស្ត្រី​ម្នាក់ៗ​ក៏​ត្រូវ​មាន​ប្ដី​ដែរ។ ប្ដី​ត្រូវ​បំពេញ​ករណីយ‌កិច្ច​ជា​ប្ដី​ចំពោះ​ប្រពន្ធ​របស់​ខ្លួន រីឯ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្ដី​វិញ​ដែរ។ ប្រពន្ធ​គ្មាន​សិទ្ធិ​អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​រូប​កាយ​នោះ​ជា​របស់​ប្ដី រីឯ​ប្ដី​វិញ​ក៏​ដូច្នោះ​ដែរ គេ​គ្មាន​សិទ្ធិ​អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​ជា​របស់​ប្រពន្ធ។ មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ លើក‌លែង​តែ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ទុក​ពេល​មួយ​រយៈ​សម្រាប់​អធិស្ឋាន*​ប៉ុណ្ណោះ។ បន្ទាប់​មក ចូរ​រួម​រស់​ជា​មួយ​គ្នា​ដូច​ធម្មតា​វិញ​ទៅ ក្រែង​លោ​មារ*​សាតាំង​ល្បួង​ចិត្ត​បងប្អូន មក​ពី​ទ្រាំ​មិន​បាន។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​បើក​សិទ្ធិ​ឲ្យ​បងប្អូន មិន​មែន​ចង់​បង្គាប់​បងប្អូន​ទេ។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដូច​ខ្ញុំ​ដែរ ក៏​ប៉ុន្តែ ម្នាក់ៗ​បាន​ទទួល​ព្រះ‌អំណោយ​ទាន​មួយ​រៀងៗ​ខ្លួន​ពី​ព្រះ‌ជាម្ចាស់ ម្នាក់​ទទួល​យ៉ាង​នេះ ម្នាក់​ទៀត​ទទួល​យ៉ាង​នោះ។ ខ្ញុំ​សូម​ប្រាប់​អស់​អ្នក​ដែល​នៅ​លីវ និង​ស្ត្រី​មេ‌ម៉ាយ​ថា គួរ​តែ​នៅ​លីវ​ដូច​ខ្ញុំ​ទៅ​ល្អ​ជាង។ ប៉ុន្តែ បើ​ទ្រាំ​មិន​បាន​ទេ ចូរ​រៀបការ​ចុះ ព្រោះ​បើ​រៀបការ​ប្រសើរ​ជាង​ទុក​ឲ្យ​ចិត្ត​នៅ​ពុះ​កញ្ជ្រោល។ ខ្ញុំ​សូម​បង្គាប់​អស់​អ្នក​ដែល​មាន​គូ‌ស្រករ​ហើយ​ថា ភរិយា​មិន​ត្រូវ​ចាក​ចោល​ស្វាមី​របស់​ខ្លួន​ឡើយ (មិន​មែន​ខ្ញុំ​ទេ​ជា​អ្នក​បង្គាប់ គឺ​ព្រះ‌អម្ចាស់​ទេ​តើ​ដែល​បង្គាប់)។ ប្រសិន​បើ​នាង​បាន​ជា​ចាក​ចោល​ប្ដី​ហើយ មិន​ត្រូវ​យក​ប្ដី​ទៀត​ទេ ឬ​មួយ​ត្រូវ​តែ​ទៅ​ជា​នា​នឹង​ប្ដី​នាង​វិញ។ រីឯ​ប្ដី ក៏​មិន​ត្រូវ​លែង​ប្រពន្ធ​របស់​ខ្លួន​ដែរ។ ចំពោះ​អ្នក​ឯ​ទៀតៗ (សេចក្ដី​នេះ​មិន​មែន​មក​ពី​ព្រះ‌អម្ចាស់​ទេ គឺ​មក​ពី​ខ្ញុំ​ផ្ទាល់) ខ្ញុំ​សូម​ជម្រាប​ថា ប្រសិន​បើ​បងប្អូន​ណា​មាន​ភរិយា​ជា​អ្នក​មិន​ជឿ ហើយ​បើ​នាង​យល់​ព្រម​រស់​នៅ​ជា​មួយ កុំ​លែង​នាង​ឡើយ។ រីឯ​ស្ត្រី​មាន​ប្ដី​ជា​អ្នក​មិន​ជឿ​វិញ បើ​ប្ដី​យល់​ព្រម​រស់​នៅ​ជា​មួយ​នាង នោះ​ក៏​មិន​ត្រូវ​លែង​គេ​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​ប្រោស​ប្ដី​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះអង្គ​តាម​រយៈ​ភរិយា ហើយ​ព្រះអង្គ​ក៏​ប្រោស​ភរិយា​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះអង្គ តាម​រយៈ​ប្ដី​ដែល​ជា​អ្នក​ជឿ​នោះ​ដែរ។ បើ​សេចក្ដី​ខាង​លើ​នេះ​មិន​ពិត កូន​ចៅ​របស់​បងប្អូន​មិន​បរិសុទ្ធ*​ទេ!។ ប៉ុន្តែ តាម​ពិត ព្រះ‌ជាម្ចាស់​បាន​ប្រោស​ក្មេង​ទាំង​នោះ​ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះអង្គ​រួច​ស្រេច​ទៅ​ហើយ។ បើ​គូ‌ស្រករ​ដែល​មិន​ជឿ ចាក​ចោល​បងប្អូន​ដែល​ជា​អ្នក​ជឿ ឲ្យ​គេ​ទៅ​ចុះ បងប្អូន​ប្រុស ឬ​ស្រី​នោះ​គ្មាន​កំហុស​អ្វី​ក្នុង​រឿង​នេះ​ទេ។ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​រស់​ក្នុង​សេចក្ដី​សុខ‌សាន្ត។ បងប្អូន​ជា​ស្ត្រី​ដែល​មាន​ប្ដី​ហើយ តើ​នាង​អាច​ដឹង​ដូច​ម្ដេច​បាន​ថា នាង​នឹង​សង្គ្រោះ​ប្ដី​របស់​នាង? រីឯ​បងប្អូន​ដែល​មាន​ភរិយា តើ​អ្នក​អាច​ដឹង​ដូច​ម្ដេច​បាន​ថា អ្នក​នឹង​សង្គ្រោះ​ភរិយា​របស់​អ្នក?។ ក្រៅ​ពី​នេះ ម្នាក់ៗ​ត្រូវ​តែ​រស់​នៅ​ឲ្យ​បាន​ស្រប​តាម​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ។ នៅ​ពេល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ភាព​នោះ​ត​ទៅ​មុខ​ទៀត​ទៅ។ ខ្ញុំ​តែង​បង្គាប់​ឲ្យ​ក្រុម‌ជំនុំ*​ទាំង​អស់​ធ្វើ​តាម​សេចក្ដី​នេះ។ នៅ​ពេល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ បើ​អ្នក​ណា​ម្នាក់​កាត់​ស្បែក*​រួច​ហើយ មិន​ត្រូវ​លុប​បំបាត់​ការ​កាត់​ស្បែក​នោះ​ឡើយ បើ​មិន​កាត់​ស្បែក​នៅ​ពេល​ព្រះអង្គ​ត្រាស់​ហៅ ក៏​មិន​បាច់​កាត់​ស្បែក​ដែរ។ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ គ្មាន​សារៈ​សំខាន់​អ្វី​សោះ មាន​តែ​ការ​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​របស់​ព្រះ‌ជាម្ចាស់​វិញ​ទេ​ដែល​សំខាន់។ នៅ​ពេល​ព្រះអង្គ​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ភាព​នោះ​ត​ទៅ​មុខ​ទៀត​ទៅ។ ពេល​ព្រះអង្គ​ត្រាស់​ហៅ បើ​បងប្អូន​ជា​ខ្ញុំ​បម្រើ​គេ កុំ​ខ្វល់​ខ្វាយ​អ្វី។ ប៉ុន្តែ បើ​បងប្អូន​អាច​រួច​ខ្លួន ត្រូវ​ឆ្លៀត​ឱកាស​ឲ្យ​បាន​ទៅ​ជា​អ្នក​ជា​ចុះ ដ្បិត​ខ្ញុំ​បម្រើ​ណា​ដែល​ព្រះ‌អម្ចាស់​ត្រាស់​ហៅ ខ្ញុំ​បម្រើ​នោះ​បាន​រួច​ខ្លួន ហើយ​មាន​ឋានៈ​ជា​អ្នក​ជា​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ ចំពោះ​អ្នក​ជា​ណា​ដែល​ព្រះអង្គ​ត្រាស់​ហៅ អ្នក​នោះ​ទៅ​ជា​ខ្ញុំ​បម្រើ​ព្រះ‌គ្រិស្ត។ ព្រះអង្គ​បាន​លោះ​បងប្អូន ដោយ​បង់​ថ្លៃ​យ៉ាង​ច្រើន ហេតុ​នេះ សូម​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទៀត​ឡើយ។ បងប្អូន​អើយ កាល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​បងប្អូន បើ​បងប្អូន​មាន​ភាព​យ៉ាង​ណា ចូរ​ម្នាក់ៗ​ស្ថិត​ក្នុង​ភាព​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ត​ទៅ​មុខ​ទៀត​ទៅ។ រីឯ​អ្នក​ដែល​មិន​ទាន់​មាន​គូ‌ស្រករ ខ្ញុំ​ពុំ​បាន​ទទួល​បញ្ជា​អ្វី​ពី​ព្រះ‌អម្ចាស់​ទេ ក៏​ប៉ុន្តែ ខ្ញុំ​សូម​ជូន​យោបល់ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​រូប​ខ្ញុំ។ ខ្ញុំ​យល់​ឃើញ​ថា បើ​គ្មាន​គូ‌ស្រករ​ដូច្នេះ​ប្រសើរ​ហើយ គឺ​យោង​តាម​សភាព‌ការណ៍​ដ៏​តឹង‌តែង​សព្វ​ថ្ងៃ​នេះ បើ​មនុស្ស​មាន​ភាព​ដូច្នេះ​ប្រសើរ​មែន។ បើ​បងប្អូន​មាន​ប្រពន្ធ​ហើយ កុំ​លែង​នាង​ឲ្យ​សោះ! បើ​បងប្អូន​មិន​ទាន់​មាន​ប្រពន្ធ មិន​បាច់​រក​ប្រពន្ធ​ទេ។ បើ​បងប្អូន​រៀបការ មិន​មែន​មាន​ន័យ​ថា បងប្អូន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ម្នាក់​រៀបការ នោះ​នាង​ក៏​គ្មាន​បាប​អ្វី​ដែរ ប៉ុន្តែ អ្នក​ដែល​មាន​គូ‌ស្រករ​ទាំង​នោះ នឹង​ជួប​ប្រទះ​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​មិន​ខាន។ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ចៀស​ផុត​ពី​ការ​លំបាក​ទាំង​នោះ។ បងប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ពេល​វេលា​កាន់​តែ​កៀក​ណាស់​ហើយ។ ពី​ពេល​នេះ​ទៅ​មុខ អស់​អ្នក​ដែល​មាន​ប្រពន្ធ​ហើយ ត្រូវ​កាន់​ចិត្ត​ដូច​ជា​គ្មាន​ប្រពន្ធ អស់​អ្នក​ដែល​យំ​សោក ដូច​ជា​មិន​យំ​សោក អស់​អ្នក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក​ដែល​ទិញ ដូច​ជា​មិន​មែន​ម្ចាស់​ទ្រព្យ ហើយ​អស់​អ្នក​ដែល​ប្រើ‌ប្រាស់​សម្បត្តិ​លោកីយ៍ ក៏​ត្រូវ​កាន់​ចិត្ត​ដូច​ជា​មិន​បាន​ប្រើ‌ប្រាស់​ដែរ ដ្បិត​ពិភព​លោក​នេះ​នឹង​ត្រូវ​ប្រែ‌ប្រួល​ជា​មិន​ខាន។ ខ្ញុំ​មិន​ចង់​ឲ្យ​បងប្អូន​ខ្វល់​ខ្វាយ​អ្វី​ឡើយ។ អ្នក​ណា​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់​ខ្វាយ​នឹង​ព្រះ‌អម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ។ រីឯ​អ្នក​មាន​ប្រពន្ធ​វិញ គេ​ខ្វល់​ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្រពន្ធ ហើយ​ចិត្ត​អ្នក​នោះ​ត្រូវ​ប្រទាញ‌ប្រទង់។ ចំពោះ​ស្ត្រី​ដែល​គ្មាន​ប្ដី និង​ស្ត្រី​ក្រមុំ នាង​ខ្វល់​ខ្វាយ​នឹង​រឿង​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ​ទៅ​ព្រះអង្គ។ រីឯ​ស្ត្រី​ដែល​មាន​ប្ដី​វិញ នាង​ខ្វល់​ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្ដី។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន មិន​មែន​ចង់​បំបាត់​សេរី‌ភាព​របស់​បងប្អូន​ទេ គឺ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​រស់​នៅ​បាន​ល្អ​ប្រសើរ ជាប់​ចិត្ត​នឹង​ព្រះ‌អម្ចាស់​ដោយ​ឥត​រារែក​ឡើយ។ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​យល់​ឃើញ​ថា បើ​មិន​រៀបការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ នឹង​នាំ​ឲ្យ​បាក់​មុខ ហើយ​បើ​ចិត្ត​របស់​គេ​ឆាប‌ឆួល​ចង់​យក​នាង ត្រូវ​ធ្វើ​តាម​ចិត្ត​ខ្លួន​នឹក​ឃើញ​ទៅ​ចុះ គឺ​រៀបការ​ជា​មួយ​នាង​ទៅ គ្មាន​បាប​អ្វី​ទេ។ រីឯ​អ្នក​ដែល​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ដោយ​គ្មាន​នរណា​បង្ខំ គឺ​យល់​ឃើញ​ថា អាច​ទប់​ចិត្ត​បាន ហើយ​សម្រេច​ចិត្ត​ថា​នឹង​មិន​ប៉ះ‌ពាល់​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ​នោះ គាត់​ធ្វើ​ត្រឹម​ត្រូវ​ហើយ។ ដូច្នេះ អ្នក​ណា​រៀបការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​មិន​រៀបការ​វិញ ក៏​រឹត​តែ​ប្រសើរ​ថែម​ទៀត ។ ភរិយា​ត្រូវ​នៅ​ជាប់​នឹង​ប្ដី​ជានិច្ច ដរាប​ណា​ប្ដី​នៅ​រស់ តែ​បើ​ប្ដី​ស្លាប់ នាង​មាន​សេរី‌ភាព​នឹង​រៀបការ​ជា​មួយ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​នាង ឲ្យ​តែ​រៀបការ​ជា​មួយ​អ្នក​ជឿ​ព្រះ‌អម្ចាស់​ដូច​គ្នា។ ប៉ុន្តែ តាម​យោបល់​ខ្ញុំ ប្រសិន​បើ​នាង​មិន​យក​ប្ដី​ទៀត​ទេ​នោះ នាង​នឹង​បាន​សប្បាយ​ជាង។ ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ដែរ។

ចែក​រំលែក
អាន ១ កូរិនថូស 7

១ កូរិនថូស 7:1-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​សួរ​ខ្ញុំ នោះ​ខ្ញុំ​យល់​ឃើញ​ថា បើ​មនុស្ស​ប្រុស​មិន​ដែល​ប៉ះ​ពាល់​នឹង​ស្រី​សោះ នោះ​ល្អ​ជា​ជាង តែ ដោយ​ព្រោះ​មាន​ការ​សហាយ‌ស្មន់​កើត​ឡើង បាន​ជា​គួរ​ឲ្យ​គ្រប់​គ្នា​មាន​ប្រពន្ធ​ជា​របស់​ផង​ខ្លួន​វិញ ហើយ​គ្រប់​ទាំង​ស្រី​ក៏​ត្រូវ​មាន​ប្ដី​ជា​របស់​ផង​ខ្លួន​ដែរ ត្រូវ​ឲ្យ​ប្ដី​ប្រព្រឹត្ត​នឹង​ប្រពន្ធ​ដោយ​ចិត្ត​សប្បុរស ហើយ​ត្រូវ​ឲ្យ​ប្រពន្ធ​ប្រព្រឹត្ត​នឹង​ប្ដី​ក៏​ដូច្នោះ​ដែរ ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​ខ្លួន​ឯង​ទេ គឺ​ជា​ប្ដី​វិញ ហើយ​ប្ដី​ក៏​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​ខ្លួន​ឯង​ដែរ គឺ​ជា​ប្រពន្ធ​វិញ ដូច្នេះ កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ លើក​តែ​ស្រុះ​ចិត្ត​គ្នា​ក្នុង​១​ពេល ដើម្បី​ឲ្យ​បាន​ជា​ទំនេរ​នឹង​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជា​មួយ​គ្នា​វិញ ក្រែង​អារក្ស​សាតាំង​ល្បួង​លួង​អ្នក​រាល់​គ្នា ដោយ​មិន​ចេះ​អត់​ទ្រាំ ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្ដី​នេះ​ដោយ​អធ្យា‌ស្រ័យ​ទេ មិន​មែន​ដោយ​បង្គាប់​ឡើយ ខ្ញុំ​ចូល​ចិត្ត​ឲ្យ​គ្រប់​មនុស្ស​ទាំង​អស់​បាន​ដូច​ជា​ខ្ញុំ តែ​គ្រប់​គ្នា​មាន​អំណោយ​ទាន​មក​ពី​ព្រះ​ផ្សេង​គ្នា​រៀង​ខ្លួន គឺ​ម្នាក់​យ៉ាង​នេះ ម្នាក់​យ៉ាង​នោះ ខ្ញុំ​ក៏​និយាយ​ចំពោះ​នឹង​ពួក​ក្រមុំ​កំឡោះ ហើយ​នឹង​ពួក​មេម៉ាយ​ថា បើ​គេ​នៅ​ដូច​ជា​ខ្ញុំ នោះ​ល្អ​ហើយ ប៉ុន្តែ បើ​អ្នក​ទាំង​នោះ​អត់​ទ្រាំ​មិន​បាន នោះ​ចូរ​យក​ប្ដី​ប្រពន្ធ​ចុះ ដ្បិត​ដែល​យក​ប្ដី​ប្រពន្ធ នោះ​ជា​ជាង​ទ្រាំ​ឲ្យ​មាន​សេចក្ដី​រោល‌រាល​វិញ ឯ​ខាង​អ្នក​ដែល​មាន​ប្ដី​ប្រពន្ធ​ហើយ នោះ​ខ្ញុំ​នឹង​បង្គាប់​ដែរ តែ​មិន​គឺ​ខ្ញុំ គឺ​ជា​ព្រះ‌អម្ចាស់​វិញ ទ្រង់​បង្គាប់​ថា កុំ​ឲ្យ​ប្រពន្ធ​លែង​ប្ដី​ឡើយ ឬ​បើ​បាន​លែង​ប្ដី​ហើយ នោះ​ចូរ​នៅ​ជា​ឥត​ប្ដី​ទៅ​ចុះ ឬ​ឲ្យ​ជា​នឹង​ប្ដី​ខ្លួន​វិញ​ទៅ ហើយ​ឯ​ប្ដី ក៏​កុំ​ឲ្យ​លែង​ប្រពន្ធ​ខ្លួន​ដែរ។ ឯ​មនុស្ស​ឯ​ទៀត មិន​មែន​ព្រះ‌អម្ចាស់​មាន​បន្ទូល​ទេ គឺ​ខ្លួន​ខ្ញុំ​និយាយ​ថា បើ​បង​ប្អូន​ណា​មាន​ប្រពន្ធ​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​ខ្លួន នោះ​មិន​ត្រូវ​លះ​ចោល​នាង​ឡើយ ហើយ​ស្ត្រី​ណា​មាន​ប្ដី​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​នាង នោះ​ក៏​មិន​ត្រូវ​ឲ្យ​នាង​លះ​ចោល​គេ​ដែរ ដ្បិត​ប្ដី​ដែល​មិន​ជឿ នោះ​បាន​រាប់​ជា​ស្អាត​ដោយ‌សារ​ប្រពន្ធ ហើយ​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ដោយ‌សារ​ប្ដី​ដែរ ពុំ​នោះ កូន​ចៅ​គេ​មិន​ស្អាត​ទេ តែ​ឥឡូវ​នេះ វា​ស្អាត​ហើយ តែ​បើ​អ្នក​ដែល​មិន​ជឿ គេ​ដក​ខ្លួន​ចេញ នោះ​ឲ្យ​គេ​ចេញ​ចុះ យ៉ាង​នោះ បង​ប្អូន​ប្រុស​ឬ​ស្រី នឹង​មិន​នៅ​ជាប់​ចំណង​ទៀត​ទេ ប៉ុន្តែ ព្រះ‌ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា​ឲ្យ​មាន​សេចក្ដី​មេត្រី​នឹង​គ្នា​វិញ ដ្បិត​ឱ​ស្ត្រី​អើយ ប្រហែល​ជា​នាង​នឹង​សង្គ្រោះ​ប្ដី​បាន​ទេ​ដឹង ឬ​បុរស​អើយ ប្រហែល​ជា​អ្នក​នឹង​សង្គ្រោះ​ប្រពន្ធ​បាន​ដែរ​ទេ​ដឹង តែ​ត្រូវ​ឲ្យ​គ្រប់​គ្នា​ដើរ​តាម​ដែល​ព្រះ‌អម្ចាស់​បាន​ចែក​ឲ្យ ហើយ​តាម​ដែល​ព្រះ​បាន​ហៅ​មក​រៀង​ខ្លួន ខ្ញុំ​ក៏​តាំង​របៀប​យ៉ាង​ដូច្នេះ ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ​ដែរ បើ​ទ្រង់​បាន​ហៅ​អ្នក​ណា​ដែល​កាត់​ស្បែក​ហើយ កុំ​ឲ្យ​អ្នក​នោះ​ត្រឡប់​ដូច​ជា​មិន​កាត់​ស្បែក​វិញ​ឡើយ បើ​ទ្រង់​ហៅ​អ្នក​ណា​ដែល​មិន​បាន​កាត់​ស្បែក កុំ​ឲ្យ​អ្នក​នោះ​កាត់​ស្បែក​ឲ្យ​សោះ ព្រោះ​ការ​កាត់​ស្បែក​មិន​ជា​អ្វី​ទេ ឬ​ដែល​មិន​កាត់​ស្បែក នោះ​ក៏​មិន​ជា​អ្វី​ដែរ តែ​ដែល​មាន​ប្រយោជន៍ នោះ​គឺ​ស្រេច​នឹង​កាន់​តាម​បញ្ញត្ត​របស់​ព្រះ​វិញ បើ​មនុស្ស​មាន​សណ្ឋាន​ជា​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ហៅ នោះ​ឲ្យ​ប្រព្រឹត្ត​តាម​សណ្ឋាន​នោះ​ចុះ កាល​ទ្រង់​ហៅ​អ្នក​មក តើ​អ្នក​ជា​បាវ​បំរើ​គេ​ឬ​អី កុំ​ឲ្យ​ព្រួយ​ពី​សេចក្ដី​នោះ​ឡើយ តែ​បើ​អាច​នឹង​ដោះ​ខ្លួន​រួច នោះ​ស៊ូ​ដោះ​ខ្លួន​ចេញ​ទៅ ដ្បិត​អ្នក​ណា​ដែល​ធ្វើ​ជា​បាវ​បំរើ​គេ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​ហៅ​មក នោះ​ជា​អ្នក​ជា​របស់​ព្រះ‌អម្ចាស់ ហើយ​អ្នក​ជា​ណា​ដែល​ទ្រង់​ហៅ​មក នោះ​ជា​បាវ​បំរើ​នៃ​ព្រះ‌គ្រីស្ទ​វិញ ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ កុំ​ឲ្យ​ត្រឡប់​ជា​បាវ​បំរើ​របស់​មនុស្ស​ទៀត​ឡើយ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ហៅ​មក នោះ​ឲ្យ​ប្រព្រឹត្ត​តាម​សណ្ឋាន​នោះ នៅ​ចំពោះ​ទ្រង់​ចុះ។ ឯ​ត្រង់​ពួក​ស្រី​ក្រមុំៗ ខ្ញុំ​គ្មាន​ទទួល​សេចក្ដី​បង្គាប់​ពី​ព្រះ‌អម្ចាស់​មក​ទេ តែ​ខ្ញុំ​សំដែង​ដោយ​គំនិត​ខ្ញុំ ទុក​ដូច​ជា​បាន​ទទួល​សេចក្ដី​មេត្តា‌ករុណា​មក​ពី​ព្រះ‌អម្ចាស់ ឲ្យ​បាន​គួរ​ជឿ​ដែរ ដូច្នេះ ដោយ​ព្រោះ​គ្រា​លំបាក​នេះ ខ្ញុំ​ស្មាន​ជា​យ៉ាង​នេះ​បាន​ស្រួល គឺ​ថា​គួរ​ឲ្យ​មនុស្ស​នៅ​តែ​ដដែល​វិញ តើ​ជាប់​មាន​ប្រពន្ធ​ឬ​អី កុំ​ឲ្យ​រក​ផ្លូវ​នឹង​លែង​គ្នា​ឡើយ បើ​មិន​ទាន់​ជាប់​មាន​ប្រពន្ធ​នៅ​ឡើយ នោះ​ក៏​កុំ​ឲ្យ​រក​ប្រពន្ធ​ដែរ ប៉ុន្តែ បើ​អ្នក​បាន​យក​ប្រពន្ធ​ហើយ នោះ​មិន​មែន​ហៅ​ថា​មាន​បាប​ទេ ហើយ​បើ​ស្ត្រី​ក្រមុំ​ណា​យក​ប្ដី​ហើយ នាង​នោះ​ក៏​មិន​មែន​ហៅ​ថា​មាន​បាប​ដែរ តែ​ពួក​អ្នក​យ៉ាង​នោះ​នឹង​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម ណ្ហើយ ខ្ញុំ​ឈប់​ស្លេះ​ប៉ុណ្ណេះ​ចុះ ដោយ​ព្រោះ​អាណិត​ដល់​អ្នក​រាល់​គ្នា។ បង​ប្អូន​អើយ ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ថា ពេល​វេលា​ចង្អៀត​ណាស់​ហើយ ពី​នេះ​ទៅ​មុខ គួរ​តែ​ឲ្យ​ពួក​អ្នក​ដែល​មាន​ប្រពន្ធ បាន​នៅ​ដូច​ជា​គ្មាន​វិញ ពួក​ដែល​យំ ដូច​ជា​មិន​យំ ពួក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ ពួក​ដែល​ទិញ ដូច​ជា​គ្មាន​អ្វី​សោះ ហើយ​ពួក​អ្នក​ដែល​ប្រើ​ប្រាស់​លោកីយ​នេះ ដូច​ជា​មិន​ប្រើ​ហួស​ខ្នាត​ទេ ដ្បិត​គំរូ​នៃ​លោកីយ​នេះ​តែង‌តែ​ផ្លាស់​ទៅ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ពី​សេចក្ដី​កង្វល់ ឯ​អ្នក​ដែល​គ្មាន​ប្រពន្ធ នោះ​តែង​រវល់​តែ​នឹង​ការ​របស់​ព្រះ‌អម្ចាស់ ដែល​នឹង​ធ្វើ​ដូច​ម្តេច​ឲ្យ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ប៉ុណ្ណោះ តែ​អ្នក​ណា​ដែល​មាន​ប្រពន្ធ នោះ​តែង​រវល់​នឹង​ការ​នៅ​លោកីយ​នេះ​វិញ ដែល​នឹង​ធ្វើ​ដូច​ម្តេច ឲ្យ​ប្រពន្ធ​បាន​ពេញ​ចិត្ត ស្ត្រី​មាន​ប្ដី នឹង​ស្ត្រី​ក្រមុំ​ក៏​ខុស​ពី​គ្នា​យ៉ាង​នោះ​ដែរ គឺ​ស្ត្រី​ដែល​គ្មាន​ប្ដី នោះ​តែង​រវល់​នឹង​ការ​របស់​ព្រះ‌អម្ចាស់ ឲ្យ​បាន​បរិសុទ្ធ​ទាំង​ខ្លួន​ប្រាណ នឹង​ព្រលឹង​វិញ្ញាណ​ផង តែ​ស្ត្រី​ណា​ដែល​មាន​ប្ដី នោះ​តែង​រវល់​នឹង​ការ​នៅ​លោកីយ​នេះ​វិញ ដែល​នឹង​ធ្វើ​ដូច​ម្តេច​ឲ្យ​ប្ដី​បាន​ពេញ​ចិត្ត ដែល​ខ្ញុំ​និយាយ​សេចក្ដី​នេះ នោះ​សំរាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​ជា​ការ​ដាក់​អន្ទាក់​រូត​នៅ​មុខ​អ្នក​រាល់​គ្នា​ទេ គឺ​សំរាប់​ការ​ដែល​គួរ​គប្បី ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឧស្សាហ៍​បំរើ​ព្រះ‌អម្ចាស់ ឥត​មាន​សេចក្ដី​ណា​នាំ​ឲ្យ​ទាស់​ចិត្ត​ឡើយ បើ​មាន​អ្នក​ណា​ស្មាន​ថា មិន​គួរ​គប្បី​ចំពោះ​កូន​ក្រមុំ ដែល​ហួស​អាយុ​គ្រប់​ការ​ហើយ ក៏​មាន​សេចក្ដី​បង្ខំ​ក្នុង​ការ​នោះ​ដែរ នោះ​ឲ្យ​ឪពុក​ធ្វើ​តាម​ចិត្ត​ទៅ គឺ​ឲ្យ​កូន​យក​ប្ដី​ចុះ គ្មាន​បាប​ទេ តែ​ឪពុក​អ្នក​ណា​ដែល​មាន​ចិត្ត​ដាច់​ឥត​មាន​សេចក្ដី​បង្ខំ​ទេ គឺ​មាន​អំណាច​នឹង​សំរេច​ដោយ​ខ្លួន​ឯង​បាន ហើយ​បាន​តាំង​ចិត្ត​ថា នឹង​ទុក​កូន​ឲ្យ​នៅ​ជា​ក្រមុំ​ដរាប​ទៅ នោះ​ក៏​ស្រួល​ហើយ បាន​ជា​អ្នក​ដែល​ឲ្យ​កូន​ទៅ​គេ ក៏​បាន​ប្រព្រឹត្ត​ល្អ ហើយ​អ្នក​ដែល​មិន​ឲ្យ​កូន​ទៅ​គេ នោះ​ក៏​ប្រព្រឹត្ត​ល្អ​ជាង​ទៅ​ទៀត កាល​ប្ដី​នៅ​រស់​នៅ​ឡើយ នោះ​ប្រពន្ធ​ត្រូវ​តែ​ជាប់​នៅ​ក្នុង​ចំណង​របស់​ប្ដី​ជា​ដរាប តែ​បើ​កាល​ណា​ប្ដី​ស្លាប់​ទៅ នោះ​នាង​មាន​ច្បាប់​នឹង​យក​ប្ដី​បាន​តាម​ចិត្ត ឲ្យ​តែ​យក​ក្នុង​ព្រះ‌អម្ចាស់ ប៉ុន្តែ តាម​គំនិត​ខ្ញុំ​យល់​ថា បើ​នាង​នោះ​នៅ​តែ​មេម៉ាយ​ត​ទៅ នោះ​នាង​បាន​សប្បាយ​ជាង ហើយ​ខ្ញុំ​ស្មាន​ថា ខ្ញុំ​មាន​វិញ្ញាណ​នៃ​ព្រះ​ដែរ។

ចែក​រំលែក
អាន ១ កូរិនថូស 7