១ យ៉ូហាន 2:12-15

១ យ៉ូហាន 2:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​ព្រះ‌អង្គ​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ។ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ស្គាល់​ព្រះ‌អង្គ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក។ យុវជន​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ឈ្នះ​មេ​កំណាច​ហើយ។ ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ស្គាល់​ព្រះ‌វរ‌បិតា។ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ស្គាល់​ព្រះ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក។ យុវជន​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​មាន​កម្លាំង ហើយ​ព្រះ‌បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​មេ​កំណាច​ហើយ។ កុំ​ស្រឡាញ់​លោកីយ៍ ឬ​អ្វី​ៗ​នៅ​ក្នុង​លោកីយ៍​នេះ​ឡើយ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ៍ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌វរ‌បិតា​មិន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ទេ។

ចែក​រំលែក
អាន ១ យ៉ូហាន 2

១ យ៉ូហាន 2:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា ព្រះ‌ជា‌ម្ចាស់​បាន​លើក‌លែង​ទោស​អ្នក​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌យេស៊ូ។ ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​មារ*​កំណាច​ហើយ។ ក្មេងៗ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះ‌បិតា។ ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះអង្គ ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​មាន​កម្លាំង​ពលំ ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​មារ​កំណាច។ កុំ​ស្រឡាញ់​លោកីយ៍ និង​អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ​ឡើយ។ អ្នក​ណា​ស្រឡាញ់​លោកីយ៍ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌បិតា​មិន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ទេ។

ចែក​រំលែក
អាន ១ យ៉ូហាន 2

១ យ៉ូហាន 2:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ឈ្នះ​មេ​កំណាច​ហើយ ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះវរ‌បិតា ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​មាន​កំឡាំង ហើយ​ព្រះ‌បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ឈ្នះ​មេ​កំណាច​ហើយ កុំ​ឲ្យ​ស្រឡាញ់​លោកីយ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរ‌បិតា​នៅ​ក្នុង​ខ្លួន​ឡើយ

ចែក​រំលែក
អាន ១ យ៉ូហាន 2