១ យ៉ូហាន 4:13-19

១ យ៉ូហាន 4:13-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​ដឹងដោយ​សារ​សេចក្ដី​នេះ​ថា យើង​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅ​ជាប់​ក្នុង​យើង ព្រោះ​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​មក​យើង។ យើង​បាន​ឃើញ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ព្រះ‌វរ‌បិតា​បាន​ចាត់​ព្រះ‌រាជ‌បុត្រា មកធ្វើ​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក។ អ្នក​ណា​ដែល​ប្រកាស​ថា ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ព្រះ​ស្ថិត​នៅជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ​ដែរ។ យើង​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌អង្គ​មាន​សម្រាប់​យើង។ ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់ ហើយ​អ្នក​ណា​ដែល​ស្ថិត​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះក៏​ស្ថិត​នៅជាប់​ក្នុង​អ្នក​នោះ​ដែរ។ ដោយ​សារ​សេចក្ដី​នេះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លា‌ហាន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ ដ្បិត​ដែល​ព្រះ‌ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​ក៏​យ៉ាង​នោះ​នៅ​ក្នុង​លោក​នេះ​ដែរ។ គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ណានៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ឡើយ តែ​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​ការ​ភ័យ​ខ្លាច​ចេញ ដ្បិត​ការ​ភ័យ​ខ្លាច​តែង​ជាប់​មាន​ទោស ហើយ​អ្នក​ណា​ដែល​ភ័យ​ខ្លាច អ្នក​នោះ​មិន​ទាន់​បាន​ពេញ​ខ្នាតនៅ​ក្នុង​សេចក្ដី​ស្រឡាញ់​នៅ​ឡើយ​ទេ។ ឯ​យើងវិញ យើង​ស្រឡាញ់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង​ជា​មុន។

ចែក​រំលែក
អាន ១ យ៉ូហាន 4

១ យ៉ូហាន 4:13-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​ដឹង​ថា យើង​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ ហើយ​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ​ព្រះអង្គ​បាន​ចែក​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ​មក​យើង។ រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខីភាព​ថា ព្រះ‌បិតា​បាន​ចាត់​ព្រះ‌បុត្រា​ឲ្យ​យាង​មក​សង្គ្រោះ​មនុស្ស​លោក។ អ្នក​ណា​ប្រកាស​ជំនឿ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ​ដែរ។ រីឯ​យើង​វិញ យើង​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ។ ព្រះ‌ជា‌ម្ចាស់​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌ជា‌ម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ បើ​សេចក្ដី​ស្រឡាញ់​ពិត​ជា​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​មែន នោះ​យើង​នឹង​មាន​ចិត្ត​រឹង‌ប៉ឹង នៅ​ថ្ងៃ​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ដ្បិត​ក្នុង​លោក​នេះ យើង​មាន​របៀប​រស់​នៅ​ដូច​ព្រះ‌យេស៊ូ​ដែរ។ បើ​យើង​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​ខ្លួន យើង​ឥត​មាន​ភ័យ​ខ្លាច​ទេ តែ​សេចក្ដី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណៈ បណ្ដេញ​ការ​ភ័យ​ខ្លាច​ឲ្យ​ចេញ​ផុត​ទៅ​បាន​ថែម​ទៀត​ផង។ អ្នក​ណា​នៅ​ភ័យ​ខ្លាច អ្នក​នោះ​តែងតែ​ខ្លាច​ទទួល​ទណ្ឌ‌កម្ម ដូច្នេះ សេចក្ដី​ស្រឡាញ់​ពុំ​ទាន់​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​ខ្លួន​គេ​ឡើយ។ រីឯ​យើង​វិញ យើង​មាន​ចិត្ត​ស្រឡាញ់ ព្រោះ​ព្រះអង្គ​បាន​ស្រឡាញ់​យើង​ជា​មុន។

ចែក​រំលែក
អាន ១ យ៉ូហាន 4

១ យ៉ូហាន 4:13-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​ដឹង​ថា យើង​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​យើង ពី​ព្រោះ​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ទ្រង់​មក​យើង​រាល់​គ្នា ហើយ​យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់​ថា ព្រះវរ‌បិតា​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​មក ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក។ អ្នក​ណា​ដែល​យល់​ព្រម​ថា ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ អ្នក​នោះ​ឈ្មោះ​ថា មាន​ព្រះ​គង់​នៅ​ក្នុង​ខ្លួន​ពិត ហើយ​ខ្លួន​ក៏​នៅ​ក្នុង​ព្រះ​ដែរ យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌ទ្រង់​មាន​ដល់​យើង ព្រះ‌ទ្រង់​ជា​តួ​សេចក្ដី​ស្រឡាញ់ ឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ នោះ​ក៏​បាន​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ គឺ​យ៉ាង​នោះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំ​ជំរះ ដ្បិត​ដែល​ព្រះ‌ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​រាល់​គ្នា​ក៏​យ៉ាង​នោះ​នៅ​ក្នុង​លោកីយ​នេះ​ដែរ គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ណា​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ឡើយ សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្ដី​ភ័យ​ខ្លាច​ចេញ ពី​ព្រោះ​សេចក្ដី​ភ័យ​ខ្លាច​តែង​ជាប់​មាន​សេចក្ដី​វេទនា ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​ភ័យ​ខ្លាច នោះ​មិន​ទាន់​បាន​ពេញ​ខ្នាត ខាង​ឯ​សេចក្ដី​ស្រឡាញ់​នៅ​ឡើយ​ទេ ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។

ចែក​រំលែក
អាន ១ យ៉ូហាន 4