១ យ៉ូហាន 5:1-12
១ យ៉ូហាន 5:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ ហើយអស់អ្នកណាដែលស្រឡាញ់ព្រះវរបិតា អ្នកនោះក៏ស្រឡាញ់អស់អ្នកដែលកើតមកពីព្រះអង្គដែរ។ កាលណាយើងស្រឡាញ់ព្រះ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ នោះយើងដឹងថា យើងស្រឡាញ់ពួកកូនរបស់ព្រះ។ ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឯបទបញ្ជារបស់ព្រះអង្គ មិនមែនជាបន្ទុកធ្ងន់ទេ។ ព្រោះអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលោកីយ៍នេះ ឯជ័យជម្នះដែលបានឈ្នះលោកីយ៍ នោះគឺជំនឿរបស់យើង។ តើអ្នកណាដែលឈ្នះលោកីយ៍នេះ? គឺមានតែអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះប៉ុណ្ណោះ។ ព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលបានយាងមកដោយទឹក និងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះទេ គឺដោយទឹក និងឈាមផង។ ព្រះវិញ្ញាណជាអ្នកធ្វើបន្ទាល់ ព្រោះព្រះវិញ្ញាណជាសេចក្ដីពិត។ ដ្បិតមានបីដែលធ្វើបន្ទាល់[នៅស្ថានសួគ៌ គឺព្រះវរបិតា ព្រះបន្ទូល និងព្រះវិញ្ញាណបរិសុទ្ធ ហើយទាំងបីនេះរួមមកតែមួយ។ ក៏មានបីទៀត ដែលធ្វើបន្ទាល់នៅផែនដី] គឺព្រះវិញ្ញាណ ទឹក និងឈាម ហើយទាំងបីនេះស្របគ្នា។ ប្រសិនបើយើងបានទទួលទីបន្ទាល់របស់មនុស្ស នោះទីបន្ទាល់របស់ព្រះ រឹតតែធំជាងនោះទៅទៀត ដ្បិតទីបន្ទាល់របស់ព្រះ គឺព្រះអង្គធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ អ្នកណាដែលជឿដល់ព្រះរាជបុត្រារបស់ព្រះ អ្នកនោះមានទីបន្ទាល់នៅក្នុងខ្លួនហើយ។ អ្នកណាដែលមិនជឿព្រះ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រឡប់ជាអ្នកកុហកវិញ ព្រោះគេមិនបានជឿដល់ទីបន្ទាល់ដែលព្រះបានធ្វើ អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ ឯទីបន្ទាល់នោះគឺថា ព្រះបានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះ គឺនៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ។ អ្នកណាដែលមានព្រះរាជបុត្រា អ្នកនោះមានជីវិត អ្នកណាដែលគ្មានព្រះរាជបុត្រារបស់ព្រះ អ្នកនោះគ្មានជីវិតឡើយ។
១ យ៉ូហាន 5:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាជឿថាព្រះយេស៊ូពិតជាព្រះគ្រិស្ត អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។ ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្ររបស់ព្រះជាម្ចាស់។ យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមបទបញ្ជាទាំងប៉ុន្មាន។ បទបញ្ជារបស់ព្រះអង្គមិនតឹងតែងទេ ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។ តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះយេស៊ូគ្រិស្តនេះហើយដែលបានយាងមកក្នុងលោកនេះ ដោយទឹក និងលោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និងលោហិតផង។ ព្រះវិញ្ញាណបានផ្ដល់សក្ខីភាពថា សេចក្ដីនេះពិតជាត្រឹមត្រូវមែន ដ្បិតព្រះវិញ្ញាណជាសេចក្ដីពិត។ មានបន្ទាល់បីគឺ ព្រះវិញ្ញាណ ទឹក និងលោហិត ហើយបន្ទាល់ទាំងបីនេះរួមគ្នាផ្ដល់សក្ខីភាពតែមួយ ។ ព្រះជាម្ចាស់បានផ្ដល់សក្ខីភាពអំពីព្រះបុត្រារបស់ព្រះអង្គ។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស រីឯសក្ខីភាពរបស់ព្រះជាម្ចាស់រឹងរឹតតែធំជាងនោះទៅទៀត។ អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសក្ខីភាពរបស់ព្រះអង្គនៅក្នុងខ្លួន អ្នកណាមិនជឿព្រះជាម្ចាស់ទេ អ្នកនោះចាត់ទុកថា ព្រះអង្គកុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលព្រះជាម្ចាស់បានប្រទានមក ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះស្ថិតនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។ អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ។
១ យ៉ូហាន 5:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតពីព្រះមក ហើយអស់ទាំងអ្នកណាដែលស្រឡាញ់ព្រះដ៏បង្កើតខ្លួនមក នោះក៏រមែងស្រឡាញ់ដល់អស់អ្នកឯទៀត ដែលកើតពីទ្រង់មកដែរ កាលណាយើងស្រឡាញ់ដល់ព្រះ ហើយកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ នោះយើងដឹងថា យើងស្រឡាញ់ដល់ពួកកូនរបស់ព្រះដែរ ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយហើយ ឯជ័យជំនះដែលឈ្នះលោកីយ នោះគឺជាសេចក្ដីជំនឿរបស់យើង តើអ្នកណាជាអ្នកឈ្នះលោកីយ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ។ គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនឹងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង គឺជាព្រះវិញ្ញាណដែលធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណទ្រង់ជាសេចក្ដីពិត មានសាក្សី៣អង្គដែលធ្វើបន្ទាល់នៅស្ថានសួគ៌ គឺជាព្រះវរបិតា១ ព្រះបន្ទូល១ នឹងព្រះវិញ្ញាណបរិសុទ្ធ១ តែទាំង៣អង្គនេះរួមមកតែ១ទេ ហើយមាន៣មុខទៀត ដែលធ្វើបន្ទាល់នៅផែនដីដែរ គឺជាព្រះវិញ្ញាណ១ ទឹក១ នឹងឈាម១ ទាំង៣នេះក៏ត្រូវគ្នាដែរ បើសិនជាយើងបានទទួលសេចក្ដីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្ដីបន្ទាល់របស់ព្រះ ក៏ប្រសើរជាងទៅទៀត ដ្បិតសេចក្ដីបន្ទាល់របស់ព្រះ គឺជាសេចក្ដីដែលទ្រង់ថ្លែងប្រាប់ ពីព្រះរាជបុត្រានៃទ្រង់ អ្នកណាដែលជឿដល់ព្រះរាជបុត្រានៃព្រះ នោះមានសេចក្ដីបន្ទាល់នៅក្នុងខ្លួនហើយ តែអ្នកណាដែលមិនជឿដល់ព្រះសោះ នោះឈ្មោះថា បានធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ពីព្រោះមិនបានជឿដល់សេចក្ដីបន្ទាល់ ដែលទ្រង់បានធ្វើពីដំណើរព្រះរាជបុត្រានៃទ្រង់ នេះហើយជាសេចក្ដីបន្ទាល់នោះ គឺថា ព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ។