១ សាំយូអែល 20:1-3

១ សាំយូអែល 20:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ដាវីឌ​រត់​ចេញ​ពី​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា ទៅ​ជួប​សម្ដេច​យ៉ូណា‌ថាន ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​មាន​កំហុស​អ្វី? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​បិតា​របស់​បង បាន​ជា​ស្ដេច​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។ សម្ដេច​យ៉ូណា‌ថាន​ឆ្លើយ​តប​ថា៖ «សូម​កុំ​ឲ្យ​កើត​មាន​ដូច្នោះ​អី! ប្អូន​មិន​ត្រូវ​ស្លាប់​ទេ! បិតា​របស់​ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី​ដោយ​ឥត​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ជា​មុន​ឡើយ ទោះ​បី​ការ​នោះ​ធំ ឬ​តូច​ក្ដី។ បើ​បិតា​ចង់​សម្លាប់​ប្អូន ទ្រង់​មុខ​ជា​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​មិន​ខាន ទ្រង់​មិន​លាក់​ទេ»។ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ «បិតា​របស់​បង​ដឹង​ច្បាស់​ថា ខ្ញុំ​ជា​មិត្ត​សម្លាញ់​របស់​បង បាន​ជា​ស្ដេច​គិត​ថា “មិន​ត្រូវ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ទេ ក្រែង​លោ​គេ​ពិបាក​ចិត្ត”។ ប៉ុន្តែ ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​បង​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា សេចក្ដី​ស្លាប់​នៅ​ឃ្លាត​ពី​ខ្ញុំ​តែ​មួយ​ចង្អាម ប៉ុណ្ណោះ»។

១ សាំយូអែល 20:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដាវីឌ​បាន​រត់​ចេញ​ពី​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា​នោះ ទៅ​ឯ​យ៉ូណា‌ថាន​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី ខ្ញុំ​មាន​ទោស​ជា​យ៉ាង​ណា ឬ​បាន​ធ្វើ​បាប​ដូច​ម្តេច​ខ្លះ​នៅ​ចំពោះ​បិតា​អ្នក បាន​ជា​ទ្រង់​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?» យ៉ូណា‌ថាន​ឆ្លើយ​ថា៖ «សូម​កុំ​ឲ្យ​បាន​ដូច្នេះ​ឡើយ អ្នក​មិន​ត្រូវ​ស្លាប់​ទេ មើល៍ បិតា​ខ្ញុំ​មិន​ដែល​ធ្វើ​ការ​អ្វី ទោះ​ធំ ឬ​តូច​ក្តី ដែល​មិន​ប្រាប់​ដល់​ខ្ញុំ​នោះ​ទេ ចុះ​មាន​ទំនង​អ្វី​ឲ្យ​ទ្រង់​លាក់​ការ​នេះ​នឹង​ខ្ញុំ​វិញ ការ​នោះ​មិន​ត្រូវ​ទេ»។ ប៉ុន្តែ ដាវីឌ​និយាយ​ដោយ​ស្បថ​ថា៖ «បិតា​អ្នក​ជ្រាប​ច្បាស់​ថា ខ្ញុំ​ជា​ទី​គាប់​ចិត្ត​ដល់​អ្នក បាន​ជា​ទ្រង់​នឹក​ថា កុំ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ឡើយ ក្រែង​ទាស់​ចិត្ត ប៉ុន្តែ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​អ្នក​ដែល​រស់​នៅ​ដែរ​ថា ពិត​ប្រាកដ​ជា​ខ្ញុំ និង​សេចក្ដី​ស្លាប់ នៅ​ឃ្លាត​តែ​មួយ​ជំហានពី​គ្នា​ទេ»។

១ សាំយូអែល 20:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ដាវីឌ លោក​រត់​ចេញ​ពី​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា​នោះ ទៅ​ឯ​យ៉ូណា‌ថាន​សួរ​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី ខ្ញុំ​មាន​ទោស​ជា​យ៉ាង​ណា ឬ​បាន​ធ្វើ​បាប​ដូច​ម្តេច​ខ្លះ​នៅ​ចំពោះ​បិតា​អ្នក បាន​ជា​ទ្រង់​រក​សំឡាប់​ខ្ញុំ​ដូច្នេះ យ៉ូណា‌ថាន​ឆ្លើយ​ថា សូម​កុំ​ឲ្យ​បាន​ដូច្នេះ​ឡើយ អ្នក​មិន​ត្រូវ​ស្លាប់​ទេ មើល បិតា​ខ្ញុំ​មិន​ដែល​ធ្វើ​ការ​អ្វី ទោះ​ធំ ឬ​តូច​ក្តី ដែល​មិន​ប្រាប់​ដល់​ខ្ញុំ​នោះ​ទេ ចុះ​មាន​ទំនង​អ្វី​ឲ្យ​ទ្រង់​លាក់​ការ​នេះ​នឹង​ខ្ញុំ​វិញ ការ​នោះ​មិន​ត្រូវ​ទេ ប៉ុន្តែដាវីឌ​និយាយ​ដោយ​ស្បថ​ថា បិតា​អ្នក​ជ្រាប​ច្បាស់​ថា ខ្ញុំ​ជា​ទី​គាប់​ចិត្ត​ដល់​អ្នក​បាន​ជា​ទ្រង់​នឹក​ថា កុំ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ឡើយ ក្រែង​ទាស់​ចិត្ត ប៉ុន្តែខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​អ្នក​ដែល​រស់​នៅ​ដែរ​ថា ពិត​ប្រាកដ​ជា​ខ្ញុំ នឹង​សេចក្ដី​ស្លាប់ នៅ​ឃ្លាត​តែ​១​ជំហានពី​គ្នា​ទេ