១ សាំយូអែល 20:4-42
១ សាំយូអែល 20:4-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នោះយ៉ូណាថាននិយាយនឹងដាវីឌថា៖ «ការអ្វីដែលចិត្តអ្នកប្រាថ្នាចង់បាន នោះខ្ញុំនឹងសម្រេចឲ្យ» ដាវីឌឆ្លើយថា៖ «មើល៍ ថ្ងៃស្អែកនេះ ជាថ្ងៃចូលខែហើយ ត្រូវឲ្យខ្ញុំអង្គុយបរិភោគភោជនាហារជាមួយស្តេចជាមិនខាន តែសូមអនុញ្ញាតឲ្យខ្ញុំទៅពួនលាក់ខ្លួននៅវាល ដរាបដល់ល្ងាចថ្ងៃទីបីវិញ បើបិតាអ្នកសួររកខ្ញុំ នោះសូមទូលថា ដាវីឌបានសូមច្បាប់ទូលបង្គំដោយអស់ពីចិត្ត ដើម្បីនឹងទៅឯបេថ្លេហិម ជាទីក្រុងរបស់គាត់ហើយ ដ្បិតត្រូវកំណត់ដែលពួកញាតិគាត់ទាំងប៉ុន្មានថ្វាយយញ្ញបូជា ដែលតែងថ្វាយក្នុងមួយឆ្នាំម្តង ប្រសិនបើស្ដេចមានរាជឱង្ការយ៉ាងនេះថា "អើ" ដូច្នេះ ខ្ញុំជាអ្នកបម្រើរបស់អ្នកនឹងបានសេចក្ដីសុខ តែបើស្ដេចខ្ញាល់វិញ នោះត្រូវដឹងថា ស្ដេចមានបំណងនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ។ ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំ ជាបម្រើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសេចក្ដីសញ្ញានៅចំពោះព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានអំពើទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសម្លាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ»។ យ៉ូណាថានឆ្លើយថា៖ «សូមឲ្យសេចក្ដីនេះថយឆ្ងាយពីអ្នកទៅ ប្រសិនបើខ្ញុំដឹងពិតប្រាកដថា បិតាខ្ញុំបានសម្រេចនឹងធ្វើអាក្រក់ដល់អ្នក នោះតើខ្ញុំមិនបានប្រាប់ដល់អ្នកទេឬ?»។ រួចដាវីឌនិយាយនឹងយ៉ូណាថានថា៖ «បើបិតាអ្នកឆ្លើយនឹងអ្នកដោយគ្រោតគ្រាត នោះតើអ្នកណានឹងប្រាប់ដល់ខ្ញុំ?» យ៉ូណាថានឆ្លើយតបថា៖ «ចូរយើងចេញទៅឯវាលសិន» នោះក៏នាំគ្នាចេញទៅទាំងពីរនាក់។ ដល់ហើយ យ៉ូណាថានមានវាចាថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្ដីល្អណាសម្រេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក តែប្រសិនបើបិតាខ្ញុំសព្វព្រះហឫទ័យនឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយអ្នក ដូចជាទ្រង់បានគង់ជាមួយបិតាខ្ញុំដែរ ឯខ្លួនខ្ញុំ កំពុងដែលនៅរស់នៅឡើយ នោះសូមឲ្យអ្នកសម្ដែងសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ាដល់ខ្ញុំ ដើម្បីកុំឲ្យខ្ញុំស្លាប់ ហើយកុំផ្តាច់សេចក្ដីសប្បុរសរបស់អ្នកពីក្រុមគ្រួសារខ្ញុំ ជារៀងរហូតតទៅ នៅពេលព្រះយេហូវ៉ាដកខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីផែនដី »។ គឺយ៉ាងនោះហើយ ដែលយ៉ូណាថានបានចុះសញ្ញានឹងពួកវង្សរបស់ដាវីឌ ក៏ថែមពាក្យនេះថា បើដាវីឌរំលងបទណា នោះសូមព្រះយេហូវ៉ានឹងសងការនោះ ដោយសារដៃនៃពួកខ្មាំងសត្រូវរបស់ដាវីឌវិញចុះ។ រួចយ៉ូណាថានបានឲ្យដាវីឌស្បថម្តងទៀត ដោយព្រោះសេចក្ដីស្រឡាញ់ ដែលលោកមានដល់ដាវីឌ ដ្បិតលោកមានចិត្តស្រឡាញ់ដល់ដាវីឌ ទុកដូចជាខ្លួនលោក។ យ៉ូណាថានក៏និយាយថា៖ «ថ្ងៃស្អែកជាថ្ងៃចូលខែហើយមុខជាគេនឹងយល់ឃើញថាខ្វះអ្នកដែរ ដោយកៅអីរបស់អ្នកនៅទំនេរ លុះបានផ្អាកនៅអស់បីថ្ងៃហើយ នោះអ្នកត្រូវចុះទៅឯកន្លែងដែលអ្នកបានពួនពីជាន់មុននោះជាប្រញាប់ទៅ គឺត្រូវនៅក្បែរថ្មដាអេសែល ខ្ញុំនឹងបាញ់ព្រួញបីឲ្យត្រូវត្រង់ថ្មដានោះ ធ្វើដូចជាខំបាញ់ឲ្យត្រូវស្នាមអ្វីមួយ រួចខ្ញុំនឹងចាត់ក្មេងជំទង់ម្នាក់ឲ្យទៅដោយថា "ចូរទៅរកព្រួញមក" ហើយបើខ្ញុំនិយាយទៅក្មេងនោះថា "មើល៍ ព្រួញនៅខាងអាយឯងឯណេះ ចូររើសយកមក" នោះខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា គ្មានហេតុអ្វីនឹងនាំឲ្យអន្តរាយទេ មានតែសេចក្ដីមេត្រីដល់អ្នកប៉ុណ្ណោះ តែបើខ្ញុំនិយាយទៅក្មេងនោះថា មើល៍ ព្រួញនៅខាងនាយឯងឯណោះ នោះអ្នកអញ្ជើញទៅចុះ ដ្បិតព្រះយេហូវ៉ាបានឲ្យអ្នកទៅហើយ ឯដំណើរដែលយើងបានសម្រេចគ្នា នោះមានព្រះយេហូវ៉ាគង់នៅជាកណ្ដាលអ្នក និងខ្ញុំ រហូតតទៅស្រាប់ហើយ»។ ដូច្នេះ ដាវីឌក៏ទៅពួននៅឯទីវាល លុះដល់ថ្ងៃចូលខែហើយ នោះស្ដេចក៏គង់សោយព្រះស្ងោយ ទ្រង់ក៏គង់នៅលើអាសនាត្រង់ជិតជញ្ជាំង ដូចជាសព្វមួយដង ឯយ៉ូណាថានលោកឈរនៅ ហើយអ័ប៊ីនើរអង្គុយនៅក្បែរសូល តែឯកន្លែងរបស់ដាវីឌនៅជាទំនេរវិញ។ នៅថ្ងៃនោះ ស្ដេចសូលមិនបានមានរាជឱង្ការអ្វីសោះ ដោយស្មានថា មានការអ្វីកើតឡើងហើយ ប្រាកដជាវាមិនស្អាតទេ ។ លុះស្អែកឡើង ក្រោយថ្ងៃចូលខែ គឺជាថ្ងៃទីពីរ កន្លែងដាវីឌនៅក៏តែទំនេរទៀត នោះសូលមានរាជឱង្ការសួរយ៉ូណាថានជាបុត្រាទ្រង់ថា៖ «ហេតុអ្វីបានជាកូនអ៊ីសាយមិនបានមកបរិភោគភោជនាហារ ពីថ្ងៃម្សិលមិញ ហើយថ្ងៃនេះផង?» យ៉ូណាថានទូលឆ្លើយថា ដាវីឌបានអង្វរ សូមឲ្យទូលបង្គំបើកឲ្យគាត់ទៅឯបេថ្លេហិមហើយ។ ដោយថា សូមអនុញ្ញាតឲ្យខ្ញុំទៅ ដ្បិតគ្រួសាររបស់យើងខ្ញុំ គេនាំគ្នាថ្វាយយញ្ញបូជានៅក្នុងទីក្រុង ហើយបងខ្ញុំបានផ្តាំឲ្យខ្ញុំទៅ ដូច្នេះ បើអ្នកអាណិតមេត្តាដល់ខ្ញុំ នោះសូមឲ្យខ្ញុំទៅសួរបងប្អូនខ្ញុំបន្តិច គឺដោយហេតុនោះបានជាគាត់មិនបានមកបរិភោគជាមួយបិតាទេ។ ខណៈនោះ ស្ដេចសូលក៏កើតមានសេចក្ដីខ្ញាល់នឹងយ៉ូណាថាន ហើយបន្ទោសថា៖ «នែ៎ អាកូនរឹងទទឹង មិនស្ដាប់បង្គាប់ តើយើងមិនដឹងថាឯងបានយកកូនអ៊ីសាយនេះធ្វើជាមិត្តសម្លាញ់ ដែលនាំឲ្យឯងត្រូវខ្មាសគេ ហើយម្តាយឯងក៏ត្រូវខ្មាសគេដែរទេឬ? ដ្បិតដែលកូនអ៊ីសាយនេះរស់នៅផែនដីដរាបណា នោះឯងមិនបានខ្ជាប់ខ្ជួនឡើយ ហើយរាជ្យឯងក៏មិនបានតាំងឡើងដែរ ដូច្នេះ ចូរឲ្យគេទៅនាំយកវាមកឥឡូវនេះ ដ្បិតវាគួរស្លាប់ហើយ»។ តែយ៉ូណាថានទូលទាស់ថា៖ «ហេតុអ្វីបានជាគាត់ត្រូវស្លាប់ តើគាត់បានធ្វើអ្វីខ្លះ?» ស្ដេចសូលពួយដែកពួយទៅ ដើម្បីប្រហារយ៉ូណាថាន ដោយហេតុនោះ លោកក៏បានជ្រាបថា បិតាបានសម្រេចព្រះហឫទ័យនឹងសម្លាប់ដាវីឌហើយ។ ដូច្នេះ យ៉ូណាថានក៏ក្រោកចេញពីតុ ដោយមានកំហឹងជាខ្លាំង ហើយនៅថ្ងៃទីពីរនោះ លោកមិនបានបរិភោគអ្វីសោះ ដោយមានការឈឺឆ្អាលចំពោះដាវីឌ ហើយព្រោះបិតាបានធ្វើឲ្យមានសេចក្ដីខ្មាសផង។ ដល់ព្រឹកឡើង យ៉ូណាថានក៏ចេញទៅឯវាលតាមពេលដែលបានសន្យានឹងដាវីឌ ហើយមានក្មេងម្នាក់ទៅជាមួយផង លោកក៏ប្រាប់ដល់ក្មេងនោះថា៖ «ចូរឯងរត់ទៅយកព្រួញ ដែលយើងនឹងបាញ់ឥឡូវនេះមក» កាលក្មេងនោះកំពុងរត់ទៅ នោះលោកបាញ់ព្រួញមួយទៅខាងនាយវា តែកាលក្មេងបានរត់ទៅដល់កន្លែងដែលព្រួញធ្លាក់ នោះយ៉ូណាថានស្រែកទៅតាមថា៖ «នៅខាងនាយឯងឯណោះ» រួចយ៉ូណាថានក៏ស្រែកទៅតាមវាម្តងទៀតថា៖ «ឲ្យឆាប់ៗ ប្រញាប់ឡើង កុំឲ្យឈប់ឡើយ!»។ ដូច្នេះ ក្មេងនោះក៏រើសព្រួញ រួចត្រឡប់មកឯចៅហ្វាយវិញ តែឥតបានដឹងការអ្វីឡើយ មានតែយ៉ូណាថាន និងដាវីឌប៉ុណ្ណោះ ដែលដឹងការនោះ រួចយ៉ូណាថានលោកប្រគល់គ្រឿងបាញ់ទៅក្មេង ដោយប្រាប់ថា៖ «ចូរយកទៅក្នុងទីក្រុងចុះ»។ កាលបានទៅផុតហើយ នោះដាវីឌក្រោកឡើងពីទីខាងត្បូងនោះ មកក្រាបផ្កាប់មុខនឹងដីអស់បីដង រួចក៏ឱបគ្នាថើបដោយយំទាំងពីរនាក់ ឯដាវីឌយំខ្លាំងជាង ពេលនោះ យ៉ូណាថានមានប្រសាសន៍ទៅកាន់ដាវីឌថា៖ «សូមទៅដោយសុខសាន្តចុះ ដ្បិតយើងទាំងពីរនាក់បានស្បថជាមួយគ្នា ក្នុងព្រះនាមព្រះយេហូវ៉ាហើយថា ព្រះយេហូវ៉ានឹងគង់កណ្ដាលខ្ញុំ និងអ្នក ហើយកណ្ដាលពូជពង្សរបស់ខ្ញុំ និងពូជពង្សរបស់អ្នករហូតតទៅ»។ ដាវីឌក៏ក្រោកឡើងចេញទៅ ឯយ៉ូណាថានត្រឡប់ចូលទៅក្នុងទីក្រុងវិញ។
១ សាំយូអែល 20:4-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សម្ដេចយ៉ូណាថានពោលទៅកាន់លោកដាវីឌថា៖ «បើប្អូនចង់ឲ្យខ្ញុំធ្វើអ្វី ខ្ញុំធ្វើតាមទាំងអស់»។ លោកដាវីឌតបទៅសម្ដេចយ៉ូណាថានវិញថា៖ «ស្អែកនេះជាថ្ងៃបុណ្យដើមខែ ធម្មតា ខ្ញុំត្រូវទៅបរិភោគរួមតុជាមួយស្ដេច។ សូមឲ្យខ្ញុំចេញទៅពួននៅឯស្រែ រហូតដល់ល្ងាចខានស្អែក។ បិតារបស់បងមុខជាសួររកខ្ញុំ ព្រោះខ្ញុំមិននៅ សូមទូលស្ដេចថា “ដាវីឌទទូចសូមអនុញ្ញាតពីទូលបង្គំ ធ្វើដំណើរទៅបេថ្លេហិម ជាភូមិកំណើតរបស់គេយ៉ាងប្រញាប់ ដើម្បីចូលរួមថ្វាយយញ្ញបូជាប្រចាំឆ្នាំ ជាមួយនឹងអំបូរទាំងមូល”។ ប្រសិនបើស្ដេចមានរាជឱង្ការថា “មិនអីទេ!” នោះខ្ញុំនឹងបានសុខសាន្ត! ផ្ទុយទៅវិញ បើស្ដេចខ្ញាល់ នោះបងនឹងដឹងច្បាស់ថា ស្ដេចបានសម្រេចចិត្តធ្វើបាបខ្ញុំហើយ។ ដូច្នេះ សូមបងសម្តែងចិត្តស្មោះស្ម័គ្រចំពោះខ្ញុំផង ដ្បិតយើងទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នាក្នុងនាមព្រះអម្ចាស់។ ម្យ៉ាងទៀត បើបងឃើញខ្ញុំមានកំហុសអ្វី សូមសម្លាប់ខ្ញុំដោយផ្ទាល់ដៃចុះ កុំចាប់ខ្ញុំទៅថ្វាយបិតារបស់បងអី»។ សម្ដេចយ៉ូណាថានពោលឡើងថា៖ «កុំមានគំនិតដូច្នេះឡើយ! ប្រសិនបើខ្ញុំដឹងច្បាស់ថា បិតារបស់ខ្ញុំសម្រេចព្រះហឫទ័យធ្វើបាបប្អូន នោះខ្ញុំមុខជាប្រាប់ប្អូនមិនខាន»។ លោកដាវីឌសួរថា៖ «ប្រសិនបើបិតារបស់បងឆ្លើយមកបងវិញទាំងខ្ញាល់នោះ តើបាននរណានាំដំណឹងមកប្រាប់ខ្ញុំ?»។ សម្ដេចយ៉ូណាថានពោលមកកាន់លោកដាវីឌថា៖ «មក៍ យើងចេញទៅវាលស្រែ!»។ អ្នកទាំងពីរក៏ចេញទៅវាលស្រែជាមួយគ្នា។ សម្ដេចយ៉ូណាថានពោលមកកាន់លោកដាវីឌថា៖ «ខ្ញុំសូមសន្យាក្នុងនាមព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលថា ថ្ងៃស្អែក ឬខានស្អែក ពេលថ្មើរនេះ ខ្ញុំនឹងស្ទង់មើលព្រះហឫទ័យបិតារបស់ខ្ញុំ។ ប្រសិនបើទ្រង់មានបំណងល្អចំពោះប្អូន ហើយបើខ្ញុំមិនចាត់គេឲ្យនាំដំណឹងមកប្រាប់ប្អូនទេនោះ សូមព្រះអម្ចាស់ដាក់ទោសខ្ញុំចុះ។ ប្រសិនបើបិតាខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងឲ្យប្អូនដឹងដែរ។ ខ្ញុំនឹងឲ្យប្អូនចាកចេញទៅដោយសុខសាន្ត។ សូមព្រះអម្ចាស់គង់ជាមួយប្អូន ដូចព្រះអង្គគង់ជាមួយបិតាខ្ញុំកាលពីមុនដែរ។ ពេលក្រោយ ប្រសិនបើខ្ញុំនៅមានជីវិត សូមប្អូនប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តស្មោះស្ម័គ្រមកពីព្រះអម្ចាស់ ដើម្បីកុំឲ្យខ្ញុំបាត់បង់ជីវិតឡើយ។ ទោះបីព្រះអម្ចាស់ផ្ដាច់ជីវិតខ្មាំងសត្រូវរបស់ប្អូនម្ដងមួយៗអស់ពីផែនដីក៏ដោយ សូមប្អូននៅតែសម្តែងចិត្តស្មោះស្ម័គ្រនេះចំពោះកូនចៅរបស់ខ្ញុំ រហូតតទៅ»។ ដូច្នេះ សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយលោកដាវីឌ និងកូនចៅរបស់លោក ដោយពោលថា៖ «បើលោកដាវីឌមិនគោរពសម្ពន្ធមេត្រីនេះទេ សូមព្រះអម្ចាស់ដាក់ទោសលោក តាមរយៈខ្មាំងសត្រូវ!»។ សម្ដេចយ៉ូណាថានបានសុំឲ្យលោកដាវីឌស្បថសាជាថ្មី ក្នុងនាមនៃសេចក្ដីស្រឡាញ់ដែលសម្ដេចមានចំពោះរូបលោក ដ្បិតសម្ដេចយ៉ូណាថានស្រឡាញ់លោកដាវីឌ ដូចស្រឡាញ់ខ្លួនឯង។ សម្ដេចយ៉ូណាថានបញ្ជាក់បន្ថែមថា៖ «ស្អែក នៅពេលបុណ្យដើមខែ គេនឹងសង្កេតឃើញថាបាត់រូបប្អូន ព្រោះកៅអីរបស់ប្អូននៅទំនេរ។ ខានស្អែក ប្អូនត្រូវចុះទៅកន្លែងដែលប្អូនបានលាក់ខ្លួនកាលពីថ្ងៃមុននោះ គឺប្អូនត្រូវទៅពួននៅក្បែរផ្ទាំងថ្មអេសែល។ ខ្ញុំនឹងបាញ់ព្រួញបីដើមទៅរកថ្មនោះ គឺខ្ញុំបាញ់តម្រង់ឆ្ពោះទៅរកទិសដៅមួយ។ បន្ទាប់មក ខ្ញុំប្រើក្មេងបម្រើខ្ញុំឲ្យទៅរើស។ បើខ្ញុំស្រែកថា “មើលហ្ន៎! ព្រួញនៅមិនឆ្ងាយទេ ចូរទៅរើសមក” នោះបានសេចក្ដីថា ប្អូនអាចវិលមកវិញដោយសុខសាន្ត! ខ្ញុំសុំស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា គ្មានបញ្ហាអ្វីទេ! ប៉ុន្តែ បើខ្ញុំប្រាប់ទៅក្មេងបម្រើនោះថា “ព្រួញនៅឆ្ងាយឯនាយ” នោះចូរប្អូនទៅចុះ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យប្អូនចាកចេញទៅហើយ។ ព្រះអម្ចាស់ធ្វើជាសាក្សីដឹងឮរហូតតទៅ ចំពោះពាក្យដែលយើងបានសន្យាជាមួយគ្នា»។ លោកដាវីឌក៏ចេញទៅពួននៅឯវាលស្រែ។ លុះដល់ពេលបុណ្យដើមខែ ព្រះបាទសូលគង់សោយព្រះស្ងោយក្នុងពិធីជប់លៀង។ ស្ដេចគង់នៅជិតជញ្ជាំងដូចសព្វមួយដង សម្ដេចយ៉ូណាថានគង់នៅទល់មុខ លោកអប៊ីនើរអង្គុយនៅក្បែរស្ដេច តែកន្លែងរបស់លោកដាវីឌនៅទំនេរ។ នៅថ្ងៃនោះ ព្រះបាទសូលមិនសួរនាំអ្វីឡើយ ដោយស្ដេចនឹកស្មានថា មានហេតុអ្វីមួយកើតឡើងចំពោះលោកដាវីឌ ធ្វើឲ្យលោកក្លាយទៅមិនបរិសុទ្ធ គឺលោកពិតជាមិនបរិសុទ្ធមែន ។ នៅថ្ងៃបន្ទាប់ ជាថ្ងៃទីពីរនៃពិធីបុណ្យដើមខែ កន្លែងរបស់លោកដាវីឌនៅទំនេរដដែល។ ព្រះបាទសូលសួរសម្ដេចយ៉ូណាថាន ជាបុត្រថា៖ «ហេតុអ្វីបានជាកូនលោកអ៊ីសាយមិនមកជប់លៀង ទាំងម្សិលមិញ ទាំងថ្ងៃនេះដូច្នេះ?»។ សម្ដេចយ៉ូណាថានទូលថា៖ «ដាវីឌបានទទូចអង្វរសូមអនុញ្ញាតពីទូលបង្គំទៅឯបេថ្លេហិម ដោយប្រាប់ថា “សូមអនុញ្ញាតឲ្យខ្ញុំចេញទៅ ដ្បិតអំបូររបស់យើងខ្ញុំត្រូវថ្វាយយញ្ញបូជានៅទីនោះ ហើយបងប្រុសខ្ញុំបានផ្ដាំឲ្យខ្ញុំទៅចូលរួម។ បើសម្ដេចយល់អធ្យាស្រ័យដល់ខ្ញុំ សូមអនុញ្ញាតឲ្យខ្ញុំទៅជួបជុំបងប្អូនផង”។ ហេតុនេះហើយបានជាគេមិនមកចូលរួមក្នុងពិធីជប់លៀងរបស់បិតា»។ ព្រះបាទសូលខ្ញាល់នឹងសម្ដេចយ៉ូណាថានយ៉ាងខ្លាំង ស្ដេចស្រែកជេរថា៖ «អាកូនឥតពូជ ឥតអំបូរ! អញដឹងថា ឯងកាន់ជើងកូនរបស់លោកអ៊ីសាយ។ ឯងមុខជាត្រូវអាម៉ាស់ ទាំងកូនទាំងម្ដាយមិនខាន! តោងដឹងថា ដរាបណាកូនលោកអ៊ីសាយនៅមានជីវិតលើផែនដី នោះឯងច្បាស់ជាមិនអាចឡើងសោយរាជ្យឡើយ។ ដូច្នេះ ចូរចាត់គេឲ្យទៅចាប់វានាំមកឲ្យអញនៅទីនេះ ដ្បិតវាត្រូវតែស្លាប់»។ សម្ដេចយ៉ូណាថានទូលព្រះបាទសូល ជាបិតាថា៖ «ហេតុអ្វីបានជាគេត្រូវស្លាប់ តើគេបានធ្វើអ្វី?»។ ព្រះបាទសូលក៏គប់លំពែងតម្រង់ទៅសម្ដេចយ៉ូណាថាន ដើម្បីប្រហារជីវិត។ ពេលនោះ សម្ដេចយ៉ូណាថានជ្រាបថា បិតាពិតជាបានសម្រេចព្រះហឫទ័យសម្លាប់លោកដាវីឌ។ សម្ដេចក្រោកចេញពីតុ ដោយខ្ញាល់យ៉ាងខ្លាំង ហើយមិនខ្ចីសោយអាហារនៅថ្ងៃទីពីរនៃពិធីបុណ្យដើមខែនោះឡើយ ព្រោះសម្ដេចព្រួយបារម្ភអំពីលោកដាវីឌ ដែលបិតាបានជេរប្រមាថ។ ព្រឹកឡើង សម្ដេចយ៉ូណាថានចេញទៅវាលស្រែ ឆ្ពោះទៅកន្លែងដែលលោកបានណាត់ជាមួយលោកដាវីឌ។ សម្ដេចនាំក្មេងម្នាក់ទៅជាមួយផង។ សម្ដេចប្រាប់វាថា៖ «ចូររត់ទៅរើសព្រួញដែលអញនឹងបាញ់ឥឡូវនេះ»។ ក្មេងនោះក៏រត់ទៅមុខ ហើយសម្ដេចយ៉ូណាថានបាញ់ព្រួញរំលងឲ្យឆ្ងាយពីវា។ ពេលក្មេងនោះរត់ទៅដល់កន្លែងដែលព្រួញធ្លាក់ សម្ដេចយ៉ូណាថានស្រែកឡើងថា៖ «ព្រួញធ្លាក់នៅឆ្ងាយពីឯងមែនទេ! ចូរប្រញាប់រត់ទៅ កុំឈប់ឡើយ!»។ ក្មេងនោះក៏រើសព្រួញ ហើយត្រឡប់មករកចៅហ្វាយវិញ។ វាពុំដឹងអ្វីទាំងអស់ គឺមានតែសម្ដេចយ៉ូណាថាន និងលោកដាវីឌប៉ុណ្ណោះដែលដឹងរឿងនេះ។ សម្ដេចយ៉ូណាថានប្រគល់ធ្នូ និងព្រួញឲ្យក្មេងបម្រើ ហើយប្រាប់វាឲ្យយកទៅទីក្រុងវិញ។ ពេលក្មេងនោះចេញផុតទៅ លោកដាវីឌក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយក្រាបចុះ ឱនមុខដល់ដី ថ្វាយបង្គំសម្ដេចយ៉ូណាថានបីដង។ លោកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសលោកដាវីឌ។ បន្ទាប់មក សម្ដេចយ៉ូណាថានមានប្រសាសន៍ទៅកាន់លោកដាវីឌថា៖ «សូមទៅឲ្យបានសុខសាន្តចុះ! ដ្បិតយើងបានស្បថជាមួយគ្នាក្នុងនាមព្រះអម្ចាស់ថា “សូមព្រះអម្ចាស់ធ្វើជាសាក្សីដឹងឮអំពីមិត្តភាពរវាងខ្ញុំ និងប្អូន ព្រមទាំងកូនចៅខ្ញុំ និងកូនចៅប្អូនរហូតតទៅ”»។ លោកដាវីឌប្រញាប់ប្រញាល់ចាកចេញទៅ ហើយសម្ដេចយ៉ូណាថានក៏វិលត្រឡប់ទៅទីក្រុងវិញដែរ។
១ សាំយូអែល 20:4-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះយ៉ូណាថាននិយាយនឹងដាវីឌថា ការអ្វីដែលចិត្តអ្នកប្រាថ្នាចង់បាន នោះខ្ញុំនឹងសំរេចឲ្យ ដាវីឌឆ្លើយថា មើល ថ្ងៃស្អែកនេះ ជាថ្ងៃចូលខែហើយ ត្រូវឲ្យខ្ញុំអង្គុយបរិភោគភោជនាហារជាមួយនឹងស្តេចជាមិនខាន តែសូមអនុញ្ញាតឲ្យខ្ញុំទៅពួនលាក់ខ្លួននៅវាល ដរាបដល់ល្ងាចថ្ងៃទី៣វិញ បើបិតាអ្នកសួររកខ្ញុំ នោះសូមទូលថា ដាវីឌបានសូមច្បាប់ទូលបង្គំដោយអស់ពីចិត្ត ដើម្បីនឹងទៅឯបេថ្លេហិម ជាទីក្រុងរបស់គាត់ហើយ ដ្បិតត្រូវកំណត់ដែលពួកញាតិគាត់ទាំងប៉ុន្មានថ្វាយយញ្ញបូជា ដែលតែងថ្វាយក្នុង១ឆ្នាំម្តង បើទ្រង់មានបន្ទូលយ៉ាងនេះថា អើ ដូច្នេះ ខ្ញុំជាអ្នកបំរើរបស់អ្នកនឹងបានសេចក្ដីសុខ តែបើសិនជាទ្រង់ក្រោធវិញ នោះត្រូវដឹងថា បានសំរេចនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំ ជាបំរើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសញ្ញានៃព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានសេចក្ដីទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសំឡាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ យ៉ូណាថានឆ្លើយថា សូមឲ្យសេចក្ដីនេះថយឆ្ងាយពីអ្នកទៅ បើសិនជាខ្ញុំដឹងពិតប្រាកដថា បិតាខ្ញុំបានសំរេចនឹងធ្វើអាក្រក់ដល់អ្នក នោះតើខ្ញុំមិនបានប្រាប់ដល់អ្នកទេឬអី រួចដាវីឌនិយាយនឹងយ៉ូណាថានថា បើបិតាអ្នកឆ្លើយនឹងអ្នកដោយគ្រោតគ្រាត នោះតើអ្នកណានឹងប្រាប់ដល់ខ្ញុំ យ៉ូណាថានឆ្លើយតបថា ចូរយើងចេញទៅឯវាលសិន នោះក៏នាំគ្នាចេញទៅទាំង២នាក់។ ដល់ហើយ យ៉ូណាថានមានវាចាថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្ដីល្អណាសំរេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក តែបើសិនជាបិតាខ្ញុំសព្វព្រះទ័យ នឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នក ដូចជាទ្រង់បានគង់ជាមួយនឹងបិតាខ្ញុំដែរ ឯខ្លួនខ្ញុំ កំពុងដែលនៅរស់នៅឡើយ នោះសូមឲ្យអ្នកសំដែងសេចក្ដីសប្បុរសនៃព្រះយេហូវ៉ាដល់ខ្ញុំ មិនមែនឲ្យតែខ្ញុំរួចស្លាប់ប៉ុណ្ណោះ គឺឲ្យអ្នកចុះកិច្ចសន្យាថា មិនផ្តាច់សេចក្ដីសប្បុរសរបស់អ្នកពីពួកវង្សខ្ញុំ ជារៀងរាបតទៅ ក្នុងកាលដែលព្រះយេហូវ៉ាបានដកពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកពីផែនដីចេញនោះផង។ គឺយ៉ាងនោះហើយ ដែលយ៉ូណាថានបានចុះសញ្ញានឹងពួកវង្សរបស់ដាវីឌ ក៏ថែមពាក្យនេះថា បើដាវីឌរំលងបទណា នោះសូមព្រះយេហូវ៉ាទ្រង់នឹងសងការនោះ ដោយសារដៃនៃពួកខ្មាំងសត្រូវរបស់ដាវីឌវិញចុះ។ រួចយ៉ូណាថានបានឲ្យដាវីឌស្បថម្តងទៀត ដោយព្រោះសេចក្ដីស្រឡាញ់ដែលលោកមានដល់ដាវីឌ ដ្បិតលោកមានចិត្តស្រឡាញ់ដល់ដាវីឌ ទុកដូចជាខ្លួនលោក យ៉ូណាថានក៏និយាយថា ថ្ងៃស្អែកជាថ្ងៃចូលខែហើយ មុខជាគេនឹងយល់ឃើញថាខ្វះអ្នកដែរ ដោយកៅអីរបស់អ្នកនៅទំនេរ លុះបានផ្អាកនៅអស់៣ថ្ងៃហើយ នោះត្រូវឲ្យអ្នកចុះទៅឯកន្លែងដែលអ្នកបានពួនពីជាន់មុននោះជាប្រញាប់ទៅ គឺត្រូវទៅអែបនៅត្រង់ថ្មដាអេសែល ខ្ញុំនឹងបាញ់ព្រួញ៣ឲ្យត្រូវត្រង់ថ្មដានោះ ធ្វើដូចជាខំបាញ់ឲ្យត្រូវស្នាមអ្វីមួយ រួចខ្ញុំនឹងចាត់ក្មេងជំទង់ម្នាក់ ឲ្យទៅដោយថា ចូរទៅរកព្រួញមក ហើយបើខ្ញុំនិយាយទៅក្មេងនោះថា មើល ព្រួញនៅខាងអាយឯងឯណេះ ចូររើសយកមក នោះខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា គ្មានហេតុអ្វីនឹងនាំឲ្យអន្តរាយទេ មានតែសេចក្ដីមេត្រីដល់អ្នកប៉ុណ្ណោះ តែបើខ្ញុំនិយាយទៅក្មេងនោះថា មើល ព្រួញនៅខាងនាយឯងឯណោះ នោះត្រូវឲ្យអ្នកអញ្ជើញទៅចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានឲ្យអ្នកទៅហើយ ឯដំណើរដែលយើងបានសំរេចគ្នា នោះមានព្រះយេហូវ៉ា ទ្រង់គង់នៅជាកណ្តាលអ្នក ហើយនឹងខ្ញុំ រៀងរាបតទៅស្រាប់ហើយ។ ដូច្នេះ ដាវីឌក៏ទៅពួននៅឯទីវាល លុះដល់ថ្ងៃចូលខែហើយ នោះស្តេចទ្រង់ក៏គង់សោយព្រះស្ងោយ ទ្រង់ក៏គង់នៅលើអាសនៈត្រង់ជិតជញ្ជាំង ដូចជាសព្វ១ដង ឯយ៉ូណាថានលោកឈរនៅ ហើយអ័ប៊ីនើរអង្គុយនៅក្បែរសូល តែឯកន្លែងរបស់ដាវីឌនៅជាទំនេរវិញ ប៉ុន្តែនៅថ្ងៃនោះ សូលទ្រង់មិនបានមានបន្ទូលអ្វីសោះដោយស្មានថា មានការអ្វីកើតឡើងហើយ ប្រាកដជាវាមិនស្អាតទេ។ លុះស្អែកឡើង ក្រោយថ្ងៃចូលខែ គឺជាថ្ងៃទី២ កន្លែងដាវីឌក៏នៅតែទំនេរទៀត នោះសូលទ្រង់មានបន្ទូលសួរយ៉ូណាថានជាបុត្រាទ្រង់ថា ហេតុអ្វីបានជាកូនអ៊ីសាយមិនបានមកបរិភោគភោជនាហារ ពីថ្ងៃម្សិលមិញ ហើយថ្ងៃនេះផង យ៉ូណាថានទូលឆ្លើយថា ដាវីឌបានអង្វរ សូមឲ្យទូលបង្គំបើកឲ្យគាត់ទៅឯបេថ្លេហិមហើយ ដោយថា សូមអនុញ្ញាតឲ្យខ្ញុំទៅ ដ្បិតពួកគ្រួរបស់យើងខ្ញុំ គេនាំគ្នាថ្វាយយញ្ញបូជានៅក្នុងទីក្រុង ហើយបងខ្ញុំបានផ្តាំឲ្យខ្ញុំទៅ ដូច្នេះ បើអ្នកអាណិតមេត្តាដល់ខ្ញុំ នោះសូមឲ្យខ្ញុំទៅសួរបងប្អូនខ្ញុំបន្តិច គឺដោយហេតុនោះបានជាគាត់មិនបានមកបរិភោគជាមួយនឹងបិតាទេ។ ខណនោះ សូលទ្រង់ក៏កើតមានសេចក្ដីខ្ញាល់នឹងយ៉ូណាថាន ហើយបន្ទោសថា នែ អាកូនម្នោម្នះ ហើយរឹងចចេស អញដឹងហើយថា ដែលឯងបានរើសយកកូនអ៊ីសាយនេះ ទុកជាមិត្រសំឡាញ់ នោះនឹងបានជាសេចក្ដីខ្មាសដល់ឯង ហើយជាសេចក្ដីខ្មាសដល់កេរខ្មាសរបស់ម្តាយឯងថែមទៀត ដ្បិតដែលកូនអ៊ីសាយនេះរស់នៅផែនដីដរាបណា នោះឯងមិនបានខ្ជាប់ខ្ជួនឡើយ ហើយរាជ្យឯងក៏មិនបានតាំងឡើងដែរ ដូច្នេះ ចូរឲ្យគេទៅនាំយកវាមកឯអញឥឡូវនេះ ដ្បិតវាគួរស្លាប់ហើយ តែយ៉ូណាថានទូលទាស់ថា ហេតុអ្វីបានជាគាត់ត្រូវស្លាប់ តើបានធ្វើអ្វីខ្លះ នោះសូលទ្រង់ពួយដែកពួយទៅ ដើម្បីប្រហារយ៉ូណាថាន ដោយហេតុនោះ លោកក៏បានជ្រាបថា បិតាបានសំរេចព្រះទ័យនឹងសំឡាប់ដាវីឌហើយ ដូច្នេះ យ៉ូណាថានក៏ក្រោកពីតុឡើង ដោយមានសេចក្ដីកំហឹងជាខ្លាំង ហើយនៅថ្ងៃទី២នោះ លោកមិនបានបរិភោគអ្វីសោះ ដោយមានសេចក្ដីឈឺឆ្អាលចំពោះដាវីឌ ហើយពីព្រោះបិតាបានធ្វើឲ្យមានសេចក្ដីខ្មាសផង។ លុះដល់ព្រឹកឡើង យ៉ូណាថានក៏ចេញទៅឯវាលតាមពេលដែលបានសន្យានឹងដាវីឌ ហើយមានក្មេងម្នាក់ទៅជាមួយផង លោកក៏ប្រាប់ដល់ក្មេងនោះថា ចូរឯងរត់ទៅយកព្រួញ ដែលអញនឹងបាញ់ឥឡូវនេះមក កាលក្មេងនោះកំពុងរត់ទៅ នោះលោកបាញ់ព្រួញ១ទៅខាងនាយវា តែកាលក្មេងបានរត់ទៅដល់កន្លែង ដែលព្រួញធ្លាក់ នោះយ៉ូណាថានស្រែកទៅតាមថា នៅខាងនាយឯងឯណោះ រួចយ៉ូណាថានក៏ស្រែកទៅតាមវាម្តងទៀតថា ឲ្យឆាប់ៗ ប្រញាប់ឡើង កុំឲ្យឈប់ឡើយ ដូច្នេះ ក្មេងនោះក៏រើសព្រួញ រួចត្រឡប់មកឯចៅហ្វាយវិញ តែឥតបានដឹងការអ្វីឡើយ មានតែយ៉ូណាថាន ហើយនឹងដាវីឌប៉ុណ្ណោះ ដែលដឹងការនោះ រួចយ៉ូណាថានលោកប្រគល់គ្រឿងបាញ់ទៅក្មេង ដោយប្រាប់ថា ចូរយកទៅក្នុងទីក្រុងចុះ កាលបានទៅផុតហើយ នោះដាវីឌក្រោកឡើងពីទីខាងត្បូងនោះ មកក្រាបផ្កាប់មុខនឹងដីអស់៣ដង រួចក៏ឱបគ្នាថើបដោយយំទាំង២នាក់ ទាល់តែដាវីឌបានហូរទឹកភ្នែកខ្លាំងជាង នោះយ៉ូណាថានមានប្រសាសន៍ដល់ដាវីឌថា អញ្ជើញអ្នកទៅឲ្យប្រកបដោយសេចក្ដីសុខចុះ ដ្បិតយើងទាំង២នាក់បានស្បថគ្នា ដោយនូវព្រះនាមព្រះយេហូវ៉ាហើយ ថា ព្រះយេហូវ៉ាទ្រង់នឹងគង់កណ្តាលខ្ញុំហើយនឹងអ្នក ហើយកណ្តាលពូជខ្ញុំ នឹងពូជរបស់អ្នកជាដរាបតទៅ នោះដាវីឌក៏ក្រោកឡើងចេញទៅ ឯយ៉ូណាថានលោកក៏ត្រឡប់វិលចូលទៅក្នុងទីក្រុងវិញ។