១ ថេស្សាឡូនិក 3:1-8
១ ថេស្សាឡូនិក 3:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ កាលយើងមិនអាចទ្រាំតទៅទៀតបាន យើងក៏សម្រេចចិត្តស្នាក់នៅក្រុងអាថែនតែគ្នាយើង ហើយយើងបានចាត់ធីម៉ូថេ ជាបងប្អូន និងជាអ្នករួមការងារជាមួយព្រះ ក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទ ដើម្បីជួយពង្រឹង និងដាស់តឿនអ្នករាល់គ្នាឲ្យមានជំនឿរឹងមាំ ក្រែងអ្នកណាម្នាក់រង្គើដោយសារទុក្ខលំបាកទាំងនេះ ដ្បិតអ្នករាល់គ្នាជ្រាបស្រាប់ហើយថា ព្រះបានតម្រូវយើងសម្រាប់ការនេះឯង។ ដ្បិតកាលយើងនៅជាមួយអ្នករាល់គ្នា យើងបានប្រាប់អ្នករាល់គ្នាឲ្យដឹងជាមុនថា យើងនឹងត្រូវជួបទុក្ខលំបាក ហើយទុក្ខលំបាកនោះក៏កើតមានមែន ដូចជាអ្នករាល់គ្នាជ្រាបស្រាប់។ ហេតុនេះ កាលខ្ញុំមិនអាចទ្រាំតទៅទៀតបាន ខ្ញុំក៏ចាត់ធីម៉ូថេឲ្យមក ដើម្បីឲ្យដឹងអំពីជំនឿរបស់អ្នករាល់គ្នា ព្រោះក្រែងមេល្បួងមកលួងលោមអ្នករាល់គ្នា ហើយការនឿយហត់របស់យើង បែរទៅជាឥតប្រយោជន៍វិញ។ ប៉ុន្ដែ ឥឡូវនេះ ធីម៉ូថេបានវិលត្រឡប់ពីអ្នករាល់គ្នា មកដល់យើងវិញហើយ ទាំងនាំដំណឹងល្អអំពីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាមកប្រាប់យើង។ គាត់ប្រាប់យើងថា អ្នករាល់គ្នានឹកចាំពីយើងដោយអំណរជានិច្ច ហើយចង់ជួបយើង ដូចជាយើងចង់ជួបអ្នករាល់គ្នាដែរ។ ហេតុនេះ បងប្អូនអើយ ក្នុងគ្រប់ទាំងទុក្ខព្រួយ និងការលំបាកទាំងប៉ុន្មានរបស់យើង នោះយើងបានក្សាន្តចិត្តឡើងវិញអំពីដំណើរអ្នករាល់គ្នា ដោយសារអ្នករាល់គ្នាមានជំនឿ។ ដ្បិតឥឡូវនេះ យើងមានជីវិតរស់វិញហើយ ប្រសិនបើអ្នករាល់គ្នាឈរមាំមួនក្នុងព្រះអម្ចាស់។
១ ថេស្សាឡូនិក 3:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយយើងពុំអាចទ្រាំតទៅទៀតបាន យើងក៏សម្រេចចិត្តស្នាក់នៅក្រុងអាថែនតែគ្នាយើង ហើយចាត់លោកធីម៉ូថេជាបងប្អូនរបស់យើង ដែលធ្វើការរួមជាមួយព្រះជាម្ចាស់ ក្នុងការប្រកាសដំណឹងល្អ*របស់ព្រះគ្រិស្ដ ឲ្យមកជួយពង្រឹង និងដាស់តឿនបងប្អូនឲ្យមានជំនឿរឹងប៉ឹងឡើង ដើម្បីកុំឲ្យមាននរណាម្នាក់ធ្លាក់ទឹកចិត្ត ព្រោះតែទុក្ខវេទនាដែលកំពុងកើតមាននៅពេលនេះឡើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានតម្រូវឲ្យយើងជួបប្រទះនឹងទុក្ខវេទនាយ៉ាងនេះឯង។ កាលយើងនៅជាមួយបងប្អូននៅឡើយ យើងបានជម្រាបបងប្អូនរួចហើយថា យើងមុខជានឹងជួបទុក្ខវេទនា។ ទុក្ខវេទនានេះក៏កើតមានមែន ដូចបងប្អូនជ្រាបស្រាប់។ ហេតុនេះ ដោយខ្ញុំពុំអាចទ្រាំតទៅទៀតបាន ខ្ញុំក៏ចាត់លោកធីម៉ូថេឲ្យមកយកដំណឹងអំពីជំនឿរបស់បងប្អូន ព្រោះខ្ញុំខ្លាចក្រែងលោមេល្បួងមកល្បួងបងប្អូនបាន បណ្ដាលឲ្យការនឿយហត់របស់យើង បែរទៅជាអសារបង់វិញ។ ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន មកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូននៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញយ៉ាងខ្លាំង ដូចយើងចង់ជួបបងប្អូនដែរ។ ហេតុនេះ បងប្អូនអើយ ជំនឿរបស់បងប្អូនបានធ្វើឲ្យចិត្តយើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្តគ្រប់យ៉ាង និងមានទុក្ខវេទនាយ៉ាងណាក្ដី។ ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួនជាមួយព្រះអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។
១ ថេស្សាឡូនិក 3:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ កាលទ្រាំមិនបានទៀត នោះយើងខ្ញុំបានគិតថា គួរឲ្យយើងខ្ញុំនៅក្រុងអាថែនតែម្នាក់ឯងចុះ ដើម្បីនឹងចាត់ធីម៉ូថេ ជាបងប្អូន គឺជាអ្នកបំរើនៃព្រះ ដែលបានធ្វើការជាមួយនឹងយើងខ្ញុំ ក្នុងដំណឹងល្អនៃព្រះគ្រីស្ទ ឲ្យគាត់បានតាំងអ្នករាល់គ្នាឡើងជាមាំមួន ហើយជួយចំរើនខាងឯសេចក្ដីជំនឿផង ក្រែងអ្នកណាកើតមានចិត្តថប់ព្រួយ ដោយសេចក្ដីទុក្ខលំបាកទាំងនេះ (ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងចៀសពីសេចក្ដីយ៉ាងនេះមិនរួចទេ ព្រោះកាលយើងខ្ញុំនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ នោះក៏បានប្រាប់ជាមុនថា យើងរៀបនឹងរងទុក្ខលំបាក ដូចជាអ្នករាល់គ្នាដឹងស្រាប់ថា មានមកហើយ) ដោយហេតុនោះ កាលខ្ញុំទ្រាំមិនបានទៀត នោះខ្ញុំបានចាត់គាត់មកឲ្យបានដឹងពីសេចក្ដីជំនឿរបស់អ្នករាល់គ្នា ក្រែងមេល្បួងបានលួងនាំចិត្តអ្នករាល់គ្នា ឲ្យការនឿយហត់របស់យើងខ្ញុំបានទៅជាឥតអំពើវិញ តែឥឡូវនេះ ដែលធីម៉ូថេបានចេញពីអ្នករាល់គ្នា ទៅដល់យើងខ្ញុំ ព្រមទាំងនាំដំណឹងល្អពីសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាទៅប្រាប់យើងខ្ញុំវិញ ហើយពីដំណើរដែលអ្នករាល់គ្នានឹកចាំពីយើងខ្ញុំ ដោយអំណរជានិច្ច ទាំងរឭកចង់ឃើញយើងខ្ញុំផង ដូចជាយើងខ្ញុំរឭកដល់អ្នករាល់គ្នាដែរ ដូច្នេះ បងប្អូនអើយ ក្នុងខណដែលយើងខ្ញុំកំពុងតែមានសេចក្ដីទុក្ខព្រួយ នឹងសេចក្ដីលំបាកជាច្រើន នោះយើងខ្ញុំមានសេចក្ដីក្សាន្តចិត្ត ពីដំណើរអ្នករាល់គ្នាឡើងវិញ ដោយសារសេចក្ដីជំនឿរបស់អ្នករាល់គ្នា ដ្បិតឥឡូវនេះ បើអ្នករាល់គ្នាឈរនៅមាំមួនក្នុងព្រះអម្ចាស់ នោះទើបយើងខ្ញុំនឹងរស់នៅ