១ ធីម៉ូថេ 4:7-10
១ ធីម៉ូថេ 4:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុំរវីរវល់នឹងរឿងព្រេងដ៏ឥតខ្លឹមសាររបស់យាយចាស់ៗឡើយ តែត្រូវហាត់គោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។ ការហាត់ប្រាណមានប្រយោជន៍តែបន្ដិចបន្តួចប៉ុណ្ណោះ រីឯការគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ មានប្រយោជន៍គ្រប់ចំពូកទាំងអស់ ហើយផ្ដល់ជីវិតនាបច្ចុប្បន្នកាល និងជីវិតទៅអនាគតកាល តាមព្រះបន្ទូលសន្យា។ ពាក្យដូចតទៅនេះគួរឲ្យជឿ សមនឹងទទួលយកទាំងស្រុង គឺថា: យើងធ្វើការនឿយហត់ យើងខំប្រឹងតយុទ្ធ មកពីយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ព្រះអង្គជាព្រះសង្គ្រោះរបស់មនុស្សលោកទាំងអស់ ជាពិសេសរបស់អ្នកជឿ។
១ ធីម៉ូថេ 4:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កុំរវល់នឹងរឿងព្រេងឥតខ្លឹមសាររបស់ស្ត្រីចាស់ៗឡើយ តែត្រូវបង្ហាត់ខ្លួនខាងឯការគោរពប្រតិបត្តិដល់ព្រះវិញ ដ្បិតការបង្ហាត់ខ្លួនប្រាណមានប្រយោជន៍បន្តិចបន្តួចប៉ុណ្ណោះ តែឯការគោរពប្រតិបត្តិដល់ព្រះ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ក៏មានសេចក្ដីសន្យា ទាំងសម្រាប់ជីវិតនៅបច្ចុប្បន្ន ទាំងសម្រាប់ជីវិតនៅបរលោក។ ពាក្យនេះពិតប្រាកដមែន ហើយគួរទទួលយកទាំងស្រុង។ ដ្បិតគឺដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ហើយតយុទ្ធ ព្រោះយើងមានសង្ឃឹមដល់ព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់អស់អ្នកដែលជឿ។
១ ធីម៉ូថេ 4:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យព្រមស្តាប់អស់ទាំងរឿងល្បែងរបស់ស្រីចាស់ៗឡើយ ចូរបង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្តិដល់ព្រះវិញ ដ្បិតការបង្ហាត់ខ្លួនប្រាណ នោះមានប្រយោជន៍តែបន្តិចទេ តែសេចក្ដីគោរពប្រតិបត្តិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្ដីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង ដ្បិតគឺដោយហេតុនោះបានជាយើងខ្ញុំខំធ្វើការ ទាំងត្រូវគេត្មះតិះដៀល ពីព្រោះយើងខ្ញុំមានសេចក្ដីសង្ឃឹម ដល់ព្រះដ៏មានព្រះជន្មរស់ ដែលទ្រង់ជាព្រះអង្គសង្រ្គោះនៃមនុស្សទាំងឡាយ មានមនុស្សដែលជឿជាដើម