២ កូរិនថូស 4:1-4
២ កូរិនថូស 4:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា ប្រគល់មុខងារនេះមកឲ្យយើងបំពេញ យើងមិនបាក់ទឹកចិត្តឡើយ។ យើងបដិសេធមិនប្រព្រឹត្តការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្តលើយើង នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ ប្រសិនបើអត្ថន័យនៃដំណឹងល្អ*នៅតែលាក់កំបាំង គឺលាក់កំបាំងតែចំពោះអស់អ្នកដែលត្រូវវិនាសអន្តរាយប៉ុណ្ណោះ ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើឲ្យចិត្តគំនិតរបស់គេទៅជាងងឹត មិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អរបស់ព្រះគ្រិស្ត ជាតំណាង របស់ព្រះជាម្ចាស់នោះឡើយ។
២ កូរិនថូស 4:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ដោយសារយើងបានទទួលសេចក្តីមេត្តាករុណារបស់ព្រះ ទើបយើងមានការងារបម្រើនេះ ហើយយើងមិនរសាយចិត្តឡើយ។ យើងបានលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស យើងមិនប្រព្រឹត្តដោយល្បិចកល ឬបំប្លែងព្រះបន្ទូលរបស់ព្រះឡើយ គឺយើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សទាំងអស់ ដោយបើកសម្ដែងសេចក្តីពិត នៅចំពោះព្រះ។ ប្រសិនបើដំណឹងល្អរបស់យើងត្រូវគ្របបាំង នោះគ្របបាំងតែចំពោះអស់អ្នកដែលកំពុងតែវិនាសប៉ុណ្ណោះ ជាអ្នកដែលព្រះរបស់លោកីយ៍នេះ បានធ្វើឲ្យគំនិតរបស់គេដែលមិនជឿ ទៅជាងងឹត មិនឲ្យគេឃើញពន្លឺដំណឹងល្អនៃសិរីល្អរបស់ព្រះគ្រីស្ទ ដែលជារូបអង្គព្រះភ្លឺដល់គេ។
២ កូរិនថូស 4:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលមានការងារនេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ តាមខ្នាតនៃសេចក្ដីមេត្តាករុណា ដែលយើងខ្ញុំទទួលមក យើងខ្ញុំលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស ឥតប្រព្រឹត្តដោយឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ គឺយើងខ្ញុំផ្ទុកផ្តាក់ខ្លួន នឹងបញ្ញាចិត្តរបស់មនុស្សទាំងអស់ នៅចំពោះព្រះ ដោយសំដែងសេចក្ដីពិតវិញ បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ ជាពួកអ្នក ដែលព្រះរបស់លោកីយនេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ