២ កូរិនថូស 4:13-18

២ កូរិនថូស 4:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដោយ​យើង​មាន​វិញ្ញាណ​នៃ​ជំនឿ​ដូច​គ្នា ស្រប​តាម​សេចក្តី​ដែល​ចែង​ទុក​មក​ថា «ខ្ញុំ​បាន​ជឿ បាន​ជា​ខ្ញុំ​និយាយ» នោះ​យើង​ក៏​ជឿ​ដែរ បាន​ជា​យើង​និយាយ ដោយ​ដឹង​ថា ព្រះ‌អង្គ​ដែល​ប្រោស​ព្រះ‌អម្ចាស់‌យេស៊ូវ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ជាមួយ​ព្រះ‌យេស៊ូវ​ដែរ ហើយ​នាំ​យើង​ចូល​ចំពោះ​ព្រះ‌អង្គ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ផង។ ព្រោះ​អ្វីៗ​ទាំង​អស់​សម្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​ចម្រើន​ដល់​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ ហើយ​មាន​ការ​អរ‌ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង​ដែរ សម្រាប់​ជា​សិរី​ល្អ​របស់​ព្រះ។ ហេតុ​នេះ យើង​មិន​រសាយ​ចិត្ត​ឡើយ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ដោយ តែ​មនុស្ស​ខាង​ក្នុង​កំពុង​តែ​កែ​ឡើង​ជា​ថ្មី ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង ដែល​នៅ​តែ​មួយ​ភ្លែត​នេះ ធ្វើ​ឲ្យ​យើង​មាន​សិរី​ល្អ​ដ៏​លើស​លុប ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា‌និច្ច រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន ព្រោះ​យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​មើល​ឃើញ​ឡើយ គឺ​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​អ្វី​ដែល​មើល​ឃើញ នៅ​ស្ថិត‌ស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​មើល​មិន​ឃើញ នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច។

ចែក​រំលែក
អាន ២ កូរិនថូស 4

២ កូរិនថូស 4:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ជឿ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា «ខ្ញុំ​ជឿ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ» យើង​ក៏​ជឿ​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​យើង​និយាយ។ យើង​ដឹង​ថា ព្រះអង្គ​ដែល​បាន​ប្រោស​ព្រះ‌អម្ចាស់​យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ព្រម​ទាំង​នាំ​យើង​ទៅ​នៅ​ក្បែរ​ព្រះអង្គ រួម​ជា​មួយ​បងប្អូន​ថែម​ទៀត​ផង។ ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​ជា​ប្រយោជន៍​ដល់​បងប្អូន គឺ​ឲ្យ​ព្រះ‌គុណ​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​ឲ្យ​មាន​គ្នា​មួយ​ចំនួន​ធំ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើង និង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌ‌ទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជម្រៅ​ចិត្ត​យើង កាន់​តែ​ចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ ដ្បិត​ទុក្ខ​លំបាក​បន្តិច‌បន្តួច​ដែល​យើង​ជួប​ប្រទះ​ម្ដង‌ម្កាល​នោះ ធ្វើ​ឲ្យ​យើង​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លុប ជា​សិរី‌រុងរឿង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ដែល​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។ ដូច្នេះ យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​ឡើយ គឺ​យើង​ចាប់​អារម្មណ៍​នឹង​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នោះ​វិញ ដ្បិត​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​នៅ​ស្ថិត‌ស្ថេរ​តែ​មួយ​រយៈ​ប៉ុណ្ណោះ តែ​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។

ចែក​រំលែក
អាន ២ កូរិនថូស 4

២ កូរិនថូស 4:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ដែល​មាន​ចិត្ត​ជឿ​ដូច​គ្នា ត្រូវ​នឹង​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ខ្ញុំ​បាន​ជឿ បាន​ជា​ខ្ញុំ​និយាយ» នោះ​យើង​ខ្ញុំ​ក៏​ជឿ​ដែរ បាន​ជា​យើង​ខ្ញុំ​និយាយ ដោយ​ដឹង​ថា ព្រះ‌អង្គ ដែល​ប្រោស​ព្រះ‌អម្ចាស់​យេស៊ូវ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​ខ្ញុំ​រស់​ឡើង​ដែរ ដោយ‌សារ​ព្រះ‌យេស៊ូវ ហើយ​នឹង​នាំ​យើង​ខ្ញុំ​ទៅ​នៅ​ចំពោះ​ទ្រង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ពី​ព្រោះ​គ្រប់​ទាំង​អស់​សំរាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌គុណ​ដែល​ចំរើន​ឡើង ដោយ‌សារ​មនុស្ស​ជា​ច្រើន បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​អរ​ព្រះ‌គុណ​ចំរើន​ជា​បរិបូរ​ឡើង ដល់​សិរី‌ល្អ​នៃ​ព្រះ​លើស​ទៅ​ទៀត។ ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក‌រលួយ​ទៅ​ក៏​ពិត​មែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរី‌ល្អ​យ៉ាង​ធ្ងន់​លើស‌លប់ ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​វិញ ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិត‌ស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិត‌ស្ថេរ​អស់​‌កល្ប​ជានិច្ច​វិញ។

ចែក​រំលែក
អាន ២ កូរិនថូស 4