២ ពេត្រុស 1:8-14

២ ពេត្រុស 1:8-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​បងប្អូន​មាន​គុណ​សម្បត្តិ​ទាំង​នេះ​ពេញ​បរិបូណ៌​ក្នុង​ខ្លួន​ហើយ គុណ​សម្បត្តិ​ទាំង​នេះ​មុខ​ជា​នាំ​បងប្អូន​ឲ្យ​មាន​សកម្ម‌ភាព និង​បង្កើត​ផល ដើម្បី​បាន​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌អម្ចាស់​របស់​យើង​យ៉ាង​ច្បាស់។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ណា​គ្មាន​គុណ​សម្បត្តិ​ទាំង​នេះ​ទេ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​បាន​វែង​ឆ្ងាយ គេ​ភ្លេច​ថា​ព្រះ‌ជា‌ម្ចាស់​បាន​លាង​ជម្រះ​គេ​ពី​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​អតីតកាល។ ហេតុ​នេះ បងប្អូន​អើយ ចូរ​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ជ្រើស​រើស​របស់​ព្រះ‌ជា‌ម្ចាស់ បាន​កាន់​តែ​ខ្ជាប់ខ្ជួន​ឡើង​ថែម​ទៀត។ ធ្វើ​យ៉ាង​នេះ បងប្អូន​មុខ​ជា​មិន​ជំពប់​ដួល​ឡើយ។ ដូច្នេះ បងប្អូន​នឹង​ទទួល​សិទ្ធិ​ដ៏​ធំ​ទូលំ‌ទូលាយ អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ* ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច គឺ​ព្រះ‌រាជ្យ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ ហេតុ​នេះ ខ្ញុំ​នឹង​រំឭក​ដាស់‌តឿន​បងប្អូន​អំពី​សេចក្ដី​ទាំង​នោះ​ជានិច្ច ទោះ​បី​បងប្អូន​បាន​ដឹង និង​នៅ​តែ​កាន់​តាម​សេចក្ដី​ពិត ដែល​បងប្អូន​បាន​ទទួល​យ៉ាង​ខ្ជាប់ខ្ជួន​ហើយ​ក៏​ដោយ។ ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត​រស់​ក្នុង​លោកីយ៍​នេះ​នៅ​ឡើយ ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​រំឭក​បងប្អូន​ឲ្យ​ភ្ញាក់​ស្មារតី។ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​លា​ចាក​លោក​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដូច​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង​បាន​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ស្រាប់។

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:8-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​បើ​គុណ​សម្បត្តិ​ទាំងនេះ​មាន​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ចម្រើន​ឡើង គុណ​សម្បត្តិ​ទាំង​នោះ​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សកម្មភាព និង​បង្កើត​ផល​ខាងឯ​ការ​ស្គាល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ជា​ពិត។ ប៉ុន្ដែ បើ​អ្នក​ណា​ដែលគ្មាន​គុណ​សម្បត្តិ​ទាំង​នេះ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​ឆ្ងាយ​ទេ ទាំង​ភ្លេច​ថា ព្រះ​បាន​សម្អាត​អំពើ​បាប​របស់​ខ្លួន​កាល​ពី​ដើម​ទៀត​ផង។ ដូច្នេះ បង‌ប្អូន​អើយ ចូរមាន​ចិត្ត​សង្វាត​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ដែល​ព្រះ​រើស​តាំង​អ្នក​រាល់​គ្នា​បាន​ពិត​ប្រាកដ​ឡើង ព្រោះ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ដែល​ជំពប់​ដួល​ឡើយ។ ដ្បិត​យ៉ាង​នេះនឹង​មាន​ផ្លូវ​បើក​ចំហ​ឲ្យ​អ្នក​រាល់​គ្នា ចូល​ទៅ​ក្នុង​ព្រះរាជ្យ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង។ ដូច្នេះ ខ្ញុំ​នឹង​រំឭក​ដាស់​តឿន​អ្នក​រាល់​គ្នាអំពី​គុណ​សម្បត្តិ​ទាំង​នេះ​ជា‌និច្ច ទោះ​បើ​អ្នក​រាល់​គ្នា​ដឹង ហើយ​បាន​តាំង​យ៉ាង​ខ្ជាប់​ខ្ជួន តាម​សេចក្ដី​ពិត​ដែល​អ្នក​រាល់​គ្នា​មាន​ហើយ​ក៏​ដោយ។ ដរាប​ណា​ខ្ញុំ​នៅ​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ ខ្ញុំ​គិត​ថា ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​ត្រូវរំឭក​ដាស់‌តឿន​អ្នក​រាល់​គ្នា​ឲ្យ​ភ្ញាក់​ឡើង ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​រូប​កាយ​របស់​ខ្ញុំ​ចេញ គឺ​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ ដូច​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​បាន​បង្ហាញ​ខ្ញុំ។

ចែក​រំលែក
អាន ២ ពេត្រុស 1

២ ពេត្រុស 1:8-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​បើ​មាន​សេចក្ដី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ ពី​ព្រោះ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ទាំង​នោះ គឺ​ឈ្មោះ​ថា​ជា​អ្នក​ខ្វាក់ មើល​ទៅ​ឆ្ងាយ​មិន​ឃើញ ព្រម​ទាំង​ភ្លេច​ថា ព្រះ​បាន​សំអាត​បាប​ដែល​ខ្លួន​ធ្វើ​ពី​ដើម​ផង ដូច្នេះ បង​ប្អូន​អើយ គួរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ឧស្សាហ៍​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នា បាន​ពិត​ប្រាកដ​ឡើង បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​មិន​ដែល​ជំពប់​ឡើយ ដ្បិត​យ៉ាង​នោះ​នឹង​មាន​ផ្លូវ​បើក​ចំហ ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​នគរ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់ ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា។ ដូច្នេះ ខ្ញុំ​ប្រុង​ប្រៀប​នឹង​រំឭក ដល់​អ្នក​រាល់​គ្នា អំពី​សេចក្ដី​ទាំង​នេះ​ជានិច្ច ទោះ​បើ​អ្នក​រាល់​គ្នា​ស្គាល់ ហើយ​បាន​តាំង​ខ្ជាប់‌ខ្ជួន ក្នុង​សេចក្ដី​ពិត ដែល​មាន​ហើយ​ក៏​ដោយ ហើយ​កាល​ខ្ញុំ​នៅ​ក្នុង​ត្រសាល​នេះ​នៅ​ឡើយ នោះ​ខ្ញុំ​គិត​ថា ត្រូវ​ឲ្យ​ខ្ញុំ​ដាស់‌តឿន​រំឭក​ដល់​អ្នក​រាល់​គ្នា​ជា​ដរាប ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​ត្រសាល​នេះ​ចេញ នោះ​ដល់​ឆាប់​ហើយ ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​បាន​បង្ហាញ​ខ្ញុំ

ចែក​រំលែក
អាន ២ ពេត្រុស 1