២ ថេស្សាឡូនិក 1:4-12

២ ថេស្សាឡូនិក 1:4-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​ក្រុម‌ជំនុំ*​នានា​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​តែ​បងប្អូន ដ្បិត​បងប្អូន​ចេះ​ស៊ូ​ទ្រាំ និង​មាន​ជំនឿ ទោះ​បី​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន និង​ត្រូវ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​ក៏​ដោយ។ ហេតុ‌ការណ៍​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះ‌ជាម្ចាស់​ទ្រង់​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ណាស់ គឺ​ទុក្ខ​លំបាក​របស់​បងប្អូន ធ្វើ​ឲ្យ​បងប្អូន​សម​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​មែន ដ្បិត​បងប្អូន​រង​ទុក្ខ​លំបាក ព្រោះ​តែ​ព្រះ‌រាជ្យ​នេះ​ឯង។ ព្រះ‌ជាម្ចាស់​នឹង​សម្រេច​ការ​មួយ​ដ៏​ត្រឹម​ត្រូវ គឺ​ព្រះអង្គ​នាំ​ទុក្ខ​វេទនា​យក​មក​សង​ពួក​អ្នក ដែល​ធ្វើ​ឲ្យ​បងប្អូន​វេទនា ហើយ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​បងប្អូន​ដែល​រង​ទុក្ខ​វេទនា បាន​សម្រាក​ជា​មួយ​យើង នៅ​ពេល​ព្រះ‌អម្ចាស់‌យេស៊ូ​លេច​ចេញ​ពី​ស្ថាន​បរម‌សុខ*​មក ជា​មួយ​ពួក​ទេវតា*​ដ៏​មាន​ឫទ្ធា‌នុភាព។ ព្រះអង្គ​យាង​មក​ក្នុង​ភ្លើង​សន្ធោ‌សន្ធៅ ដើម្បី​ធ្វើ​ទោស​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់ និង​អស់​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង‌ល្អ*​របស់​ព្រះ‌យេស៊ូ‌ជា‌អម្ចាស់​នៃ​យើង។ ពួក​គេ​នឹង​ទទួល​ទោស គឺ​ត្រូវ​វិនាស​អន្តរាយ​អស់‌កល្ប​ជានិច្ច។ ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​ឆ្ងាយ​ពី​ឥទ្ធិ‌ឫទ្ធិ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ។ នៅ​ថ្ងៃ​នោះ ពេល​ព្រះអង្គ​យាង​មក ប្រជា‌ជន​ដ៏វិសុទ្ធ*​នឹង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​ជឿ​ក៏​នាំ​គ្នា​ស្ងើច​សរសើរ​ព្រះអង្គ​ដែរ ។ ចំពោះ​បងប្អូន​វិញ បងប្អូន​បាន​ជឿ​សក្ខីភាព​របស់​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អធិស្ឋាន​ឲ្យ​បងប្អូន​ជានិច្ច សូម​ព្រះ‌ជាម្ចាស់​នៃ​យើង​ប្រទាន​ឲ្យ​បងប្អូន​រស់​នៅ​បាន​សម​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​ប្រទាន​ឲ្យ​បងប្អូន​អាច​បំពេញ​បំណង​ដ៏​ល្អ​គ្រប់​យ៉ាង និង​ឲ្យ​ជំនឿ​របស់​បងប្អូន​បង្កើត​ផល​បាន​បរិបូណ៌ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ ដូច្នេះ ព្រះ‌នាម​របស់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង មាន​សិរី‌រុងរឿង​នៅ​ក្នុង​បងប្អូន ហើយ​បងប្អូន​ក៏​មាន​សិរី‌រុងរឿង​ក្នុង​ព្រះអង្គ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​នៃ​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ដែរ។

២ ថេស្សាឡូនិក 1:4-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ​ហើយ​បាន​ជា​យើង​អួតអំ​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​ក្រុម​ជំនុំទាំងឡាយ​របស់​ព្រះ អំពី​សេចក្ដី​ខ្ជាប់‌ខ្ជួន និង​ជំនឿរបស់​អ្នក​រាល់​គ្នា ទោះ​ជា​អ្នក​រាល់​គ្នា​ត្រូវ​រង​ទ្រាំ​ការ​បៀត‌បៀន និង​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ក៏​ដោយ។ នេះ​ជា​ភស្តុ‌តាងអំ​ពី​ការ​ជំនុំ‌ជម្រះ​ដ៏​សុចរិត​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​ស័ក្ដិ‌សម​នឹង​ព្រះរាជ្យ​របស់​ព្រះ ដែល​អ្នក​រាល់​គ្នា​កំពុង​រង​ទុក្ខ​លំបាកដោយ​ព្រោះ​ព្រះរាជ្យ​នេះ​ឯង។ ដ្បិត​នេះ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដែល​ទ្រង់​នឹង​សង​សេចក្ដី​វេទនា ដល់​អស់​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា ហើយ​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​នោះ បាន​សម្រាក​ជា​មួយ​យើង​វិញ នៅ​ពេល​ព្រះ‌អម្ចាស់‌យេស៊ូវ​លេច​មក​ពី​ស្ថាន‌សួគ៌ ជា​មួយ​ពួក​ទេវតា​ដ៏​មាន​ឫទ្ធានុភាព​របស់​ព្រះ‌អង្គ នៅ​ក្នុង​អណ្ដាត​ភ្លើង ទាំង​សង​សឹក​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អស់​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អរបស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ គេ​នឹង​ទទួល​ទោស​ជា​សេចក្ដី​អន្តរាយ​អស់​កល្ប​ជា‌និច្ច គឺ​ឃ្លាត​ពី​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ និង​ពី​សិរី‌ល្អ​នៃឫទ្ធានុភាព​របស់​ព្រះ‌អង្គ នៅ​ពេល​ព្រះ‌អង្គ​យាង​មក ដើម្បី​ទទួល​សិរីល្អ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​នៅ​ថ្ងៃ​នោះ អស់​អ្នក​ដែល​ជឿនឹង​មានចិត្ត​ស្ញប់​ស្ញែង ព្រោះ​អ្នក​រាល់​គ្នា​បាន​ជឿ​ទី​បន្ទាល់​របស់​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជា‌និច្ច ដើម្បី​ឲ្យ​ព្រះ​នៃ​យើងបានរាប់​អ្នក​រាល់​គ្នា​ជា​ស័ក្ដិ‌សម​នឹង​ការ​ត្រាស់​ហៅ ហើយ​ឲ្យ​បាន​បំពេញ​គ្រប់​ទាំង​បំណង​សម្រាប់​ការ​ល្អ និង​កិច្ច​ការ​ដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​តម្កើង​ឡើង​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​តម្កើង​ឡើង​ក្នុង​ព្រះ‌អង្គ​ដែរ តាម​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។

២ ថេស្សាឡូនិក 1:4-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ពី​ដំណើរ​សេចក្ដី​ខ្ជាប់‌ខ្ជួន នឹង​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ដែល​មាន​ក្នុង​សេចក្ដី​បៀត‌បៀន នឹង​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​រង​ទ្រាំ នោះ​ជា​ភស្តុ‌តាង​ពី​សេចក្ដី​ជំនុំ‌ជំរះ​ដ៏​សុចរិត​របស់​ព្រះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​គួរ​នឹង​នគរ​ព្រះ ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រង​ទុក្ខ ដោយ​ព្រោះ​នគរ​នោះ​ឯង ដ្បិត​នេះ​ជា​សេចក្ដី​សុចរិត​នៅ​ចំពោះ​ព្រះ គឺ​នឹង​សង​សេចក្ដី​ទុក្ខ​លំបាក ដល់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​នោះ បាន​សំរាក​ជា​មួយ​នឹង​យើង​ខ្ញុំ​វិញ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ ទ្រង់​លេច​មក​ពី​ស្ថាន‌សួគ៌ ជា​មួយ​នឹង​ពួក​ទេវតា​នៃ​ព្រះ‌ចេស្តា​ទ្រង់ នៅ​ក្នុង​អណ្តាត​ភ្លើង ទាំង​សង‌សឹក​នឹង​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អ ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង គេ​នឹង​រង​ទុក្ខ​ទោស ជា​សេចក្ដី​ហិន‌វិនាស​អស់​‌កល្ប​ជានិច្ច ឃ្លាត​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌អម្ចាស់ ហើយ​ពី​សិរី‌ល្អ​នៃ​ព្រះ‌ចេស្តា​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​យាង​មក ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ក្នុង​ពួក​បរិសុទ្ធ​របស់​ទ្រង់ ហើយ​នៅ​ថ្ងៃ​នោះ ឲ្យ​បាន​គេ​មើល​ទ្រង់​ដោយ​អស្ចារ្យ ក្នុង​ពួក​អ្នក​ដែល​ជឿ ដ្បិត​អ្នក​រាល់​គ្នា​បាន​ជឿ​ពាក្យ​បន្ទាល់​របស់​យើង​ខ្ញុំ​ហើយ ដូច្នេះ យើង​ខ្ញុំ​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជានិច្ច ដើម្បី​ឲ្យ​ព្រះ​នៃ​យើង​ខ្ញុំ បាន​រាប់​អ្នក​រាល់​គ្នា​ជា​គួរ​នឹង​ការ ដែល​ទ្រង់​ហៅ​មក​ធ្វើ ហើយ​ឲ្យ​ទ្រង់​បាន​បំពេញ​គ្រប់​អស់​ទាំង​សេចក្ដី​បំណង​ខាង​ឯ​ការ​ល្អ នឹង​ការ​ដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះ‌ចេស្តា ដើម្បី​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​ដំកើង​ឡើង​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក្នុង​ទ្រង់​ផង តាម​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង នឹង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។