២ ថេស្សាឡូនិក 2:3-8

២ ថេស្សាឡូនិក 2:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​បងប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​ព្រះ‌អម្ចាស់​យាង​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះ‌បង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។ មេ​ប្រឆាំង​នោះ​លើក​ខ្លួន​ឡើង​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​គោរព​ថ្វាយ‌បង្គំ​ទុក​ជា​ព្រះ គឺ​រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ប្រកាស​ខ្លួន​ឯង​ថា​ជា​ព្រះ‌ជាម្ចាស់​ថែម​ទៀត​ផង។ កាល​ខ្ញុំ​នៅ​ជា​មួយ​បងប្អូន ខ្ញុំ​ធ្លាប់​បាន​និយាយ​ប្រាប់​បងប្អូន​សព្វ​គ្រប់​ហើយ តើ​បងប្អូន​នៅ​ចាំ​ឬ​ទេ? ឥឡូវ​នេះ បងប្អូន​ស្គាល់​អ្វី​ដែល​ឃាត់​ឃាំង​មេ​ប្រឆាំង​នោះ​ហើយ វា​ចេញ​មុខ​មក​បាន លុះ​ត្រា​តែ​ពេល​កំណត់​របស់​វា​មក​ដល់។ គម្រោង‌ការ​លាក់​កំបាំង​របស់​មេ​ប្រឆាំង​សាសនា​នោះ មាន​សកម្ម‌ភាព​នៅ​ពេល​នេះ​ស្រាប់​ហើយ គឺ​នៅ​ចាំ​តែ​អ្វី​ដែល​កំពុង​ឃាត់​ឃាំង​វា​នេះ​ចេញ​ទៅ​បាត់​ប៉ុណ្ណោះ វា​នឹង​ចេញ​មុខ​មក ហើយ​ព្រះ‌អម្ចាស់‌យេស៊ូ​នឹង​បំផ្លាញ​វា​ដោយ​ ខ្យល់ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ រួច​ហើយ នៅ​ពេល​ព្រះអង្គ​យាង​មក ព្រះអង្គ​នឹង​ជាន់​កម្ទេច​វា ដោយ​រស្មី​រុងរឿង​របស់​ព្រះអង្គ។

២ ថេស្សាឡូនិក 2:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា​ដែរ ដ្បិត​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្ដី​ក្បត់​សាសនា​មក​ជា​មុន ហើយ​មនុស្ស​ដែល​ជា​តួ​បាប​នោះ​បាន​លេច​មក គឺ​ជា​មនុស្ស​ដែល​ត្រូវ​ហិន‌វិនាស ដែល​ទាស់​ទទឹង ហើយ​លើក​ខ្លួន​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​អ្វី ដែល​ហៅ​ថា​ព្រះ ឬ​របស់​អ្វី​ដែល​គេ​គោរព​ប្រតិ‌បត្តិ​ផង ដល់​ម៉្លេះ​បាន​ជា​វា​នឹង​អង្គុយ​នៅ ដូច​ជា​ព្រះ​ក្នុង​វិហារ​នៃ​ព្រះ ទាំង​សំដែង​ខ្លួន​ថា​ជា​ព្រះ​ផង តើ​អ្នក​រាល់​គ្នា​មិន​នឹក​ចាំ​ទេ​ឬ​អី​ថា ក្នុង​គ្រា​ដែល​ខ្ញុំ​នៅ​ជា​មួយ នោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​ទាំង​នេះ​ដែរ ហើយ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ដែល​ឃាត់​វា ប្រយោជន៍​ឲ្យ​វា​បាន​លេច​មក​តែ​ក្នុង​ពេល​វេលា​របស់​វា​ប៉ុណ្ណោះ ដ្បិត​សេចក្ដី​អាថ៌‌កំបាំង​របស់​ការ​ទទឹង​ច្បាប់ កំពុង​តែ​បណ្តាល​ឡើង​ហើយ ប៉ុន្តែ មាន​១​អង្គ​ដែល​ឃាត់‌ឃាំង​វា​សព្វ​ថ្ងៃ​នេះ ទាល់​តែ​បាន​ដក​ទ្រង់​ចេញ​ទៅ នោះ​ទើប​អា​ទទឹង​ច្បាប់​នោះ​នឹង​លេច​មក ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​នឹង​បំផ្លាញ ដោយ​ខ្យល់​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​ធ្វើ​ឲ្យ​វិនាស ដោយ​រស្មី​ពន្លឺ​ពី​ដំណើរ​ទ្រង់​យាង​មក

២ ថេស្សាឡូនិក 2:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​តាម​វិធី​ណា​ឡើយ ដ្បិត​ថ្ងៃ​នោះ​នឹង​មិន​មក​ទេ រហូត​ទាល់​តែ​មាន​ការ​បះ​បោរ​មក​ជា​មុន ហើយ​មនុស្ស​ទទឹង​ច្បាប់​លេច​មក គឺ​ជាកូន​នៃ​សេចក្ដី​វិនាស ដែល​ប្រឆាំង ហើយ​លើក​ខ្លួន​ឡើង​ខ្ពស់ លើស​ជាង​អស់​ទាំង​អ្វីៗដែល​ហៅ​ថា​ព្រះ ឬវត្ថុ​ដែល​គេ​ថ្វាយ​បង្គំ រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​ទៀត​ផង។ កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​ទាំង​នេះ តើ​អ្នក​រាល់​គ្នា​មិន​នឹក​ចាំ​ឬទេ? ឥឡូវ​នេះ អ្នក​រាល់​គ្នា​ដឹង​ថា​អ្វី​ដែល​ឃាត់ឃាំង​វា​ហើយ ដើម្បី​ឲ្យ​វា​បាន​លេច​មក​តាម​ពេល​កំណត់​របស់​វា។ ដ្បិត​អាថ៌‌កំបាំង​នៃ​អំពើ​ទទឹង​ច្បាប់ កំពុង​តែ​មាន​សកម្មភាព​ហើយ ប៉ុន្តែ អ្នក​ដែល​ឃាត់​ឃាំង​វានៅ​ពេល​នេះ នឹង​បន្ត​ឃាត់​ឃាំង​រហូត​ត្រឹម​តែ​ពេល​ដែល​ត្រូវ​ថយ​ចេញ​ទៅ​ប៉ុណ្ណោះ។ ពេលនោះ អា​ទទឹង​ច្បាប់​នឹង​លេច​មក ដែល​ព្រះ‌អម្ចាស់‌យេស៊ូវ​នឹង​បំផ្លាញ​វា ដោយ​ខ្យល់​ដែល​ចេញពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​វា​វិនាស​ដោយ​រស្មី​ដ៏រុងរឿងនៅ​ពេល​ព្រះ‌អង្គ​យាង​មក។