២ ថេស្សាឡូនិក 2:9-17
២ ថេស្សាឡូនិក 2:9-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចមារ*សាតាំង គឺវាសម្តែងការអស្ចារ្យ ទីសម្គាល់ និងឫទ្ធិបាដិហារិយ៍បោកប្រាស់សព្វបែបយ៉ាង។ វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្តរាយ ព្រោះគេពុំព្រមទទួល ពុំព្រមស្រឡាញ់សេចក្ដីពិត ដែលអាចសង្គ្រោះគេទេ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ឥទ្ធិពលមួយមកធ្វើឲ្យគេវង្វេង និងឲ្យគេជឿលើពាក្យភូតភរ ដើម្បីឲ្យពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្តអំពើទុច្ចរិត ត្រូវទទួលទោស។ ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យបានវិសុទ្ធ* និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។ ព្រះអង្គត្រាស់ហៅបងប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះនេះ គឺឲ្យមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង។ ហេតុនេះ បងប្អូនអើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន ហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបងប្អូន ដោយផ្ទាល់មាត់ក្ដី ឬតាមសំបុត្រក្ដី។ ព្រះជាម្ចាស់ ជាព្រះបិតានៃយើង មានព្រះហឫទ័យស្រឡាញ់យើង ព្រះអង្គបានសម្រាលទុក្ខយើងអស់កល្បជានិច្ច ដោយសារព្រះគុណ ហើយប្រទានឲ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមព្រះយេស៊ូគ្រិស្តផ្ទាល់ជាព្រះអម្ចាស់នៃយើង និងព្រះបិតា សម្រាលទុក្ខបងប្អូន ព្រមទាំងប្រទានឲ្យបងប្អូនមានជំហររឹងប៉ឹង ក្នុងគ្រប់កិច្ចការដែលបងប្អូនធ្វើ និងពាក្យសម្ដីល្អដែលបងប្អូននិយាយ។
២ ថេស្សាឡូនិក 2:9-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អាទទឹងច្បាប់នោះនឹងមកដោយអំណាចរបស់អារក្សសាតាំង ដោយប្រើគ្រប់ទាំងអំណាច ទីសម្គាល់ ការអស្ចារ្យក្លែងក្លាយ និងដោយគ្រប់ទាំងការបោកបញ្ឆោតដ៏អាក្រក់គ្រប់បែបយ៉ាង ដល់អស់អ្នកដែលកំពុងតែវិនាស ព្រោះគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យខ្លួនបានសង្គ្រោះទេ។ ហេតុនេះហើយបានជាព្រះចាត់សេចក្ដីភាន់ភាំងដ៏មានអំណាចមកលើគេ បណ្ដាលឲ្យគេជឿតាមសេចក្ដីភូតភរ ដើម្បីឲ្យអស់អ្នកណាដែលមិនជឿតាមសេចក្ដីពិត គឺពេញចិត្តតែនឹងអំពីទុច្ចរិត ត្រូវទទួលទោស។ រីឯយើងវិញ បងប្អូនស្ងួនភ្ងារបស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ច អំពីអ្នករាល់គ្នា ព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នា ជាផលដំបូងដើម្បីឲ្យបានសង្គ្រោះ ដោយសារព្រះវិញ្ញាណញែកជាបរិសុទ្ធ និងដោយសារជំនឿតាមសេចក្ដីពិត។ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នា ដោយសារដំណឹងល្អរបស់យើង គឺសម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ដូច្នេះ បងប្អូនអើយ ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះដោយពាក្យសម្ដីផ្ទាល់ ឬសំបុត្រក្តី។ សូមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះជាព្រះវរបិតាដែលបានស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តអស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរ ដោយសារព្រះគុណ កម្សាន្តចិត្តអ្នករាល់គ្នា ព្រមទាំងប្រទានឲ្យអ្នករាល់គ្នាឈរមាំមួន ក្នុងគ្រប់ទាំងការល្អដែលអ្នករាល់គ្នាធ្វើ និងពាក្យសម្ដីដែលអ្នករាល់គ្នានិយាយ។
២ ថេស្សាឡូនិក 2:9-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អាទទឹងច្បាប់នោះនឹងមកទាំងធ្វើការ ដូចជាអារក្សសាតាំង ដោយនូវគ្រប់ទាំងឫទ្ធិ ទីសំគាល់ នឹងការអស្ចារ្យដ៏កំភូត ហើយដោយគ្រប់ទាំងសេចក្ដីឆបោករបស់សេចក្ដីទុច្ចរិត ក្នុងពួកអ្នកដែលត្រូវវិនាស ដោយព្រោះគេមិនព្រមស្រឡាញ់ដល់សេចក្ដីពិត ដើម្បីឲ្យគេបានសង្គ្រោះនោះទេ ហេតុនោះបានជាព្រះ ទ្រង់នឹងឲ្យសេចក្ដីខុសឆ្គងមក បណ្តាលឲ្យគេជឿតាមសេចក្ដីភូតភរវិញ ដើម្បីឲ្យអស់មនុស្សណាដែលមិនជឿតាមសេចក្ដីពិត គឺពេញចិត្តនឹងសេចក្ដីទុច្ចរិត នោះបានជាប់មានទោសវិញ។ ឱបងប្អូនដ៏ជាស្ងួនភ្ងានៃព្រះអម្ចាស់អើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះអង្គជានិច្ច ពីដំណើរអ្នករាល់គ្នា ពីព្រោះព្រះទ្រង់បានរើសអ្នករាល់គ្នា តាំងពីដើមដំបូងមក ដើម្បីឲ្យបានសង្គ្រោះ ដោយព្រះវិញ្ញាណទ្រង់ញែកចេញជាបរិសុទ្ធ ហើយដោយមានចិត្តជឿ តាមសេចក្ដីពិតផង ទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្ដីទាំងនោះ ដោយសារដំណឹងល្អនៃយើងខ្ញុំ ប្រយោជន៍ឲ្យបានសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដូច្នេះ បងប្អូនអើយ ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់តាមសេចក្ដីបញ្ញត្ត ដែលយើងខ្ញុំបានបង្រៀនដល់អ្នករាល់គ្នាចុះ ទោះបើដោយពាក្យសំដី ឬសំបុត្រក្តី សូមឲ្យព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងព្រះដ៏ជាព្រះវរបិតា ដែលទ្រង់បានស្រឡាញ់យើង ព្រមទាំងប្រទានឲ្យមានសេចក្ដីកំសាន្តអស់កល្បជានិច្ច នឹងសេចក្ដីសង្ឃឹមយ៉ាងល្អ ដោយព្រះគុណទ្រង់ បានកំសាន្តចិត្តអ្នករាល់គ្នាដែរ ហើយតាំងឲ្យអ្នករាល់គ្នាបានមាំមួនឡើង ក្នុងគ្រប់ទាំងការ នឹងពាក្យសំដីដ៏ល្អផង។