កិច្ចការ 9:36-42

កិច្ចការ 9:36-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ក្រុង​យ៉ុប‌ប៉េ មាន​សិស្ស​ម្នាក់ ឈ្មោះ​តេ‌ប៊ី‌ថា ភាសាក្រិក​ហៅ​ថា ឌ័រកាស។ នាង​បាន​ធ្វើ​អំពើ​ល្អ និង​ដាក់​ទាន​ជា​ច្រើន។ នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ គេ​បាន​លាង​សព​នាង ហើយយក​ទៅ​តម្កល់ទុក​នៅ​បន្ទប់​ខាង​លើ។ ដោយ​ព្រោះ​ក្រុង​លីដា នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា លោក​ពេត្រុស​នៅ​ទី​នោះ គេ​ក៏​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ ដោយ​បង្ខំ​លោក​ថា៖ «សូម​មក​ឯ​យើង​ខ្ញុំ​កុំ​បង្អង់ឡើយ»។ ដូច្នេះ លោក​ពេត្រុស​ក៏​ក្រោក​ឡើង ហើយ​ទៅ​ជា‌មួយពួក​គេ។ ពេល​លោក​មក​ដល់ គេ​នាំ​លោក​ទៅ​បន្ទប់​ខាង​លើ។ ស្ត្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​ឈរ​ជិត​លោក​ទាំង​យំ ហើយ​បង្ហាញ​អាវ និង​សម្លៀក​បំពាក់​ទាំង​ប៉ុន្មានដែល​នាង​ឌ័រ​កាស​បាន​ធ្វើ​ឲ្យ កាល​នាង​នៅ​រស់​នៅ​ឡើយ។ ប៉ុន្ដែ លោក​ពេត្រុស​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់ រួច​លោក​លុត​ជង្គង់​អធិស្ឋាន ហើយ​ងាក​បែរ​ទៅរក​សព មាន​ប្រសាសន៍​ថា៖ «តេប៊ីថា​អើយ! ក្រោក​ឡើង!» ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​ពេត្រុស នាង​ក្រោក​អង្គុយ។ លោក​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​លោក​ហៅ​ពួក​បរិសុទ្ធ និង​ពួក​ស្ត្រី​មេម៉ាយ​មក រួច​ប្រគល់​នាងទៅ​គេ​ទាំង​មាន​ជីវិត​រស់។ ដំណឹង​នេះ បាន​ដឹង​សុសសាយ​ពាស‌ពេញ​ក្រុង​យ៉ុប‌ប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន កិច្ចការ 9

កិច្ចការ 9:36-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ក្រុង​យ៉ុប‌ប៉េ មាន​ស្ត្រី​ម្នាក់​ឈ្មោះ តេប៊ី‌ថា ភាសា​ក្រិក​ថា “ឌ័រកាស” នាង​ជា​សិស្ស*​ដែរ នាង​តែង​ប្រព្រឹត្ត​អំពើ​ល្អ និង​ធ្វើ​ទាន​ជា​ច្រើន។ នៅ​គ្រា​នោះ នាង​មាន​ជំងឺ ហើយ​ស្លាប់​ទៅ។ គេ​បាន​លាង​សព​របស់​នាង​តម្កល់​ទុក​នៅ​បន្ទប់​ខាង​លើ។ ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ។ កាល​ពួក​សិស្ស​ឮ​ដំណឹង​ថា លោក​ពេត្រុស​ស្ថិត​នៅ​ឯ​ក្រុង​លីដា​នោះ គេ​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ​អញ្ជើញ​លោក​ថា៖ «សូម​លោក​មេត្តា​ប្រញាប់​ធ្វើ​ដំណើរ​បង្ហួស​ទៅ​កន្លែង​យើង​ខ្ញុំ​ផង»។ លោក​ពេត្រុស​ក៏​ចេញ​ដំណើរ​មក​ជា​មួយ​អ្នក​ទាំង​ពីរ​នោះ​ភ្លាម។ ពេល​លោក​មក​ដល់ គេ​បាន​អញ្ជើញ​លោក​ឡើង​ទៅ​បន្ទប់​ខាង​លើ ស្ត្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​បាន​នាំ​គ្នា​ចូល​មក​ជិត​លោក ទាំង​យំ​សោក និង​បង្ហាញ​អាវ​វែង អាវ​ក្រៅ​ដែល​នាង​ឌ័រកាស​បាន​ដេរ កាល​នាង​រស់​នៅ​ជា​មួយ​គេ​នៅ​ឡើយ។ លោក​ពេត្រុស​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​លោក​លុត​ជង្គង់​អធិស្ឋាន។ បន្ទាប់​មក លោក​បែរ​ទៅ​រក​សព មាន​ប្រសាសន៍​ថា៖ «តេប៊ី‌ថា​អើយ ក្រោក​ឡើង!»។ ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​ពេត្រុស នាង​ក្រោក​អង្គុយ។ លោក​ចាប់​ដៃ​នាង​ឲ្យ​ក្រោក​ឈរ ហើយ​ហៅ​ពួក​អ្នក​ជឿ និង​ស្ត្រី​មេម៉ាយ​ឲ្យ​ចូល​មក បង្ហាញ​នាង​ឌ័រកាស ដែល​មាន​ជីវិត​រស់​ឲ្យ​គេ​ឃើញ។ អ្នក​ក្រុង​យ៉ុប‌ប៉េ​ទាំង​ប៉ុន្មាន​បាន​ដឹង​រឿង​នេះ ហើយ​ច្រើន​នាក់​ជឿ​លើ​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន កិច្ចការ 9

កិច្ចការ 9:36-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ក្រុង​យ៉ុបប៉េ​ក៏​ដែរ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ កាល​គេ​បាន​ផ្ងូត​ទឹក​រូប​នាង​ហើយ នោះ​ក៏​យក​ទៅ​ដាក់​នៅ​ឯ​បន្ទប់​ខាង​លើ រួច​ដោយ​ព្រោះ​ភូមិ​លីដា​នៅ​ជិត​យ៉ុបប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា ពេត្រុស​នៅ​ទី​នោះ បាន​ជា​គេ​ប្រើ​២​នាក់​ឲ្យ​ទៅ​រក​គាត់ ដើម្បី​នឹង​សូម​អង្វរ​ឲ្យ​មក​ឯ​គេ​ដោយ​ឥត​បង្អង់ ពេត្រុស​ក៏​ក្រោក​ឡើង​ទៅ​ជា​មួយ កាល​បាន​ដល់​ហើយ នោះ​គេ​នាំ​គាត់​ទៅ​ឯ​បន្ទប់​ខាង​លើ​នោះ ហើយ​ពួក​ស្រី​មេម៉ាយ​ក៏​ឈរ​ជិត​គាត់​ទាំង​យំ ព្រម​ទាំង​បង្ហាញ​អាវ នឹង​សំលៀក‌បំពាក់​ទាំង​ប៉ុន្មាន ដែល​តេប៊ីថា​បាន​ធ្វើ​ឲ្យ ពី​កាល​នាង​នៅ​ជា​មួយ​នៅ​ឡើយ តែ​ពេត្រុស​បណ្តេញ​គេ​ទៅ​ក្រៅ​ទាំង​អស់ ក៏​លុត​ជង្គង់​អធិស្ឋាន រួច​គាត់​បែរ​ខ្លួន​ទៅ​ឯ​រូប​បុគ្គល​នោះ និយាយ​ថា តេប៊ីថា​អើយ ចូរ​នាង​ក្រោក​ឡើង នាង​ក៏​បើក​ភ្នែក​ឃើញ​ពេត្រុស រួច​ឡើង​អង្គុយ គាត់​ក៏​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​គាត់​ហៅ​ពួក​បរិសុទ្ធ នឹង​ពួក​ស្រី​មេម៉ាយ​មក ប្រគល់​នាង​ទៅ​គេ​ទាំង​រស់ មនុស្ស​ទាំង‌ឡាយ​បាន​ដឹង​ដំណឹង​ពី​ការ​នោះ នៅ​ពេញ‌ពាស​ក្នុង​ក្រុង​យ៉ុបប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន បាន​ជឿ​ដល់​ព្រះ‌អម្ចាស់

ចែក​រំលែក
អាន កិច្ចការ 9