កូឡូស 2:1-8

កូឡូស 2:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​តយុទ្ធ​ខ្លាំង​យ៉ាង​ណា​សម្រាប់​អ្នក​រាល់​គ្នា សម្រាប់​អស់​អ្នក​នៅ​ក្រុង​ឡៅ‌ឌីសេ និង​សម្រាប់​អស់​អ្នក​ដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ខាង​សាច់​ឈាម។ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​អ្នក​ទាំង​នោះ ឲ្យ​បាន​រួប​រួម​គ្នា​ក្នុង​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​គេ​មាន​ការ​យល់​ដឹង​យ៉ាង​ជឿ​ជាក់​សព្វ​គ្រប់​ទាំង​អស់ ជា​សម្បត្តិ​យ៉ាង​បរិបូរ ដើម្បី​ឲ្យ​បាន​ស្គាល់​អាថ៌‌កំបាំង​របស់​ព្រះ ពោល​គឺ​ព្រះ‌គ្រីស្ទ​ផ្ទាល់ ដែល​គ្រប់​ទាំង​កំណប់​នៃ​ប្រាជ្ញា និង​ចំណេះ​ដឹង​លាក់​ទុក​ក្នុង​ព្រះ‌អង្គ។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​អាច​មក​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​លួង​លោម​បាន​ឡើយ។ ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់ ក៏​ខ្ញុំ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ ហើយ​ខ្ញុំ​មាន​អំណរ​ដោយ​ឃើញ​សណ្តាប់​ធ្នាប់​របស់​អ្នក​រាល់​គ្នា និង​សេចក្តី​ខ្ជាប់‌ខ្ជួន​នៃ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ។ ដូច្នេះ អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា ចូរ​រស់​នៅ​ក្នុង​ព្រះ‌អង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ចុះ ទាំង​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ព្រះ‌អង្គ ព្រម​ទាំង​តាំង​ឡើង​ឲ្យ​បាន​រឹង​មាំ​ក្នុង​ជំនឿ ដូច​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា ដោយ​អរ​ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង។ ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នក​រាល់​គ្នា​ជា​រំពា ដោយ​ប្រើ​ទស្សន‌វិជ្ជា និង​ពាក្យ​បោក​បញ្ឆោត​ឥត​ខ្លឹមសារ តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស តាម​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍ គឺ​មិន​តាម​ព្រះ‌គ្រីស្ទ​ទេ។

ចែក​រំលែក
អាន កូឡូស 2

កូឡូស 2:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា ខ្ញុំ​តយុទ្ធ​ខ្លាំង​ក្លា​យ៉ាង​ណា សម្រាប់​បងប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​ដែល​មិន​ធ្លាប់​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់​ គឺ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​នោះ ឲ្យ​រួប‌រួម​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​គេ​មាន​ប្រាជ្ញា​វាង‌វៃ​បំផុត យល់​សព្វ​គ្រប់​ទាំង‌អស់ និង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជា‌ម្ចាស់ ពោល​គឺ​ព្រះ‌គ្រិស្ត​ផ្ទាល់ ដ្បិត​ព្រះ‌តម្រិះ និង​ព្រះ‌ប្រាជ្ញា‌ញាណ​ដ៏​ខ្ពង់‌ខ្ពស់​ របស់​ព្រះ‌ជា‌ម្ចាស់ សុទ្ធ​តែ​លាក់​ទុក​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​ហ្នឹង​ហើយ។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ការពារ​កុំ​ឲ្យ​នរណា​ម្នាក់​អាច​មក​បញ្ឆោត​បងប្អូន ដោយ​ពាក្យ​សម្ដី​ដ៏​ពីរោះៗ​នោះ​ឡើយ។ ថ្វី‌ដ្បិត​តែ​រូប​កាយ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​បងប្អូន តែ​ចិត្ត​ខ្ញុំ​ ​នៅ​ជាប់​ជា​មួយ​បងប្អូន ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ដោយ​ឃើញ​បងប្អូន​មាន​សណ្ដាប់‌ធ្នាប់ និង​មាន​ជំនឿ​មាំ‌មួន​លើ​ព្រះ‌គ្រិស្ត។ ដូច្នេះ បើ​បងប្អូន​បាន​ទទួល​ព្រះគ្រិស្ត‌យេស៊ូ​ទុក​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា​ហើយ ចូរ​រស់​នៅ​រួម​ជា​មួយ​ព្រះអង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ទៅ។ ចូរ​ចាក់​ឫស និង​កសាង​ជីវិត​លើ​ព្រះអង្គ ចូរ​រក្សា​ជំនឿ​ឲ្យ​រឹង‌ប៉ឹង ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​បងប្អូន​បាន​ទទួល ហើយ​ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ច្រើន​លើស‌លុប។ ចូរ​ប្រុង‌ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​មក​ទាក់‌ទាញ​បងប្អូន​បាន ដោយ​ប្រើ​ទស្សន‌វិជ្ជា ឬ​ប្រើ​ពាក្យ​បោក‌បញ្ឆោត​ឥត​ខ្លឹមសារ ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​តៗ​គ្នា​មក និង​ស្រប​តាម​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍​ គឺ​មិន​ស្រប​តាម​ព្រះ‌គ្រិស្ត​ទេ

ចែក​រំលែក
អាន កូឡូស 2

កូឡូស 2:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណើរ​ខ្ញុំ ដែល​ខំ​ត‌យុទ្ធ​ជា​ខ្លាំង​ទាំង​ម៉្លេះ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា នឹង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ ព្រម​ទាំង​អស់​អ្នក​ណា ដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ខាង​សាច់​ឈាម​ផង ដើម្បី​ឲ្យ​គេ​មាន​ចិត្ត​ក្សាន្ត ដោយ​បាន​រួប‌រួម​គ្នា​មក​ក្នុង​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​បាន​អស់​ទាំង​ផល​ប្រយោជន៍​នៃ​ប្រាជ្ញា ដែល​ជឿ‌ជាក់​ផ្តាច់ ដើម្បី​ឲ្យ​បាន​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ គឺ​ជា​ព្រះ‌គ្រីស្ទ ដែល​មាន​គ្រប់​ទាំង​ផល​ថ្លៃ​វិសេស​នៃ​ប្រាជ្ញា នឹង​សេចក្ដី​ចេះ​ដឹង​លាក់​ទុក​ក្នុង​ទ្រង់ ហើយ​ដែល​ខ្ញុំ​ថា​ដូច្នេះ នោះ​គឺ​ក្រែង​លោ​មាន​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​លលួង ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់​ក៏​ដោយ គង់​តែ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ ទាំង​មាន​សេចក្ដី​អំណរ ដោយ​ឃើញ​សណ្តាប់‌ធ្នាប់​របស់​អ្នក​រាល់​គ្នា នឹង​សេចក្ដី​ខ្ជាប់‌ខ្ជួន​នៃ​សេចក្ដី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌គ្រីស្ទ ដូច្នេះ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់ បែប​យ៉ាង​ណា នោះ​ចូរ​ដើរ​ក្នុង​ទ្រង់​តាម​បែប​យ៉ាង​នោះ​ចុះ ដោយ​បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំង​នៅ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ ដូច​ជា​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​អរ​ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង​ផង។ ចូរ​ប្រយ័ត ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ នឹង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្តាប់​បុរាណ​របស់​មនុស្ស តាម​បថម​សិក្សា​នៅ​នា​លោកីយ គឺ​មិន​មែន​តាម​ព្រះ‌គ្រីស្ទ​ទេ

ចែក​រំលែក
អាន កូឡូស 2