ដានីយ៉ែល 5:1-12
ដានីយ៉ែល 5:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទបេលសាសារបានរៀបចំជប់លៀងមួយយ៉ាងធំ ជូនពួកសេនាបតីរបស់ស្ដេចចំនួនមួយពាន់នាក់ ហើយទ្រង់សោយស្រានៅមុខអ្នកទាំងមួយពាន់នោះ។ កាលព្រះបាទបេលសាសារកំពុងភ្លក់ស្រា ទ្រង់បញ្ជាឲ្យគេយកពែងមាស ពែងប្រាក់ ដែលព្រះបាទនេប៊ូក្នេសា ជាបិតា បានយកចេញពីព្រះវិហារនៅក្រុងយេរូសាឡិម ដើម្បីឲ្យស្តេច និងពួកសេនាបតី ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់ស្ដេច បានផឹកពីពែងទាំងនោះ។ ពេលនោះ គេក៏យកពែងមាសដែលបានរឹបអូសយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះនៅក្រុងយេរូសាឡិមមក ហើយស្តេច និងពួកសេនាបតីរបស់ស្ដេច ព្រមទាំងពួកភរិយា និងពួកស្ត្រីអ្នកម្នាងរបស់ស្ដេច ក៏ផឹកពីពែងទាំងនោះ។ គេនាំគ្នាផឹកស្រា ហើយសរសើរតម្កើងរូបព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។ ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងព្រះរាជដំណាក់ ទល់មុខនឹងជើងចង្កៀង ស្ដេចទតឃើញដៃដែលកំពុងសរសេរនោះ។ ពេលនោះ ព្រះភក្ត្របំព្រងរបស់ស្តេចក៏ផ្លាស់ប្រែ ហើយគំនិតស្ដេចក៏នាំឲ្យព្រួយបារម្ភ ព្រះកាយពលទន់ខ្សោយ ហើយជង្គង់ស្ដេចប្រដំគ្នា។ ស្ដេចស្រែកយ៉ាងខ្លាំង បញ្ជាឲ្យគេនាំពួកអាបធ្មប់ ពួកខាល់ដេ និងពួកគ្រូទាយមក រួចស្ដេចមានរាជឱង្ការទៅកាន់ពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូនថា៖ «អ្នកណាដែលអាចអានអក្សរនេះ ហើយកាត់ស្រាយន័យប្រាប់យើងបាន អ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅក ក៏នឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងនគរនេះ»។ ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្តេចក៏ចូលមក តែគេមិនអាចអានអក្សរនោះបានឡើយ ក៏មិនអាចកាត់ស្រាយថ្វាយស្តេចបានដែរ។ ដូច្នេះ ព្រះបាទបេលសាសារតក់ស្លុតជាខ្លាំង ហើយព្រះភក្ត្រស្ដេចប្រែជាស្លេកស្លាំង ឯពួកសេនាបតីរបស់ស្ដេចក៏ទាល់គំនិតដែរ។ រីឯព្រះមហាក្សត្រិយានី កាលព្រះនាងបានឮរាជឱង្ការរបស់ស្តេច និងពួកសេនាបតី ទ្រង់ក៏យាងចូលមកក្នុងសាលជប់លៀង។ ព្រះនាងមានរាជសវនីយ៍ថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមព្រះករុណាកុំតក់ស្លុត ហើយមានព្រះភក្ត្រស្លេកស្លាំងដូច្នេះឡើយ។ ក្នុងនគររបស់ព្រះករុណា មានបុរសម្នាក់ឈ្មោះដានីយ៉ែល ជាអ្នកដែលមានវិញ្ញាណនៃព្រះដ៏បរិសុទ្ធនៅក្នុងខ្លួន។ កាលពីជំនាន់បិតារបស់ព្រះកុរណា គេឃើញមានពន្លឺ យោបល់ និងប្រាជ្ញា ដូចប្រាជ្ញារបស់ព្រះនៅក្នុងអ្នកនោះ។ ព្រះបាទនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា បានតែងតាំងអ្នកនោះជាអធិបតីលើពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងពួកគ្រូទាយ ព្រោះឃើញថា នៅក្នុងអ្នកនោះមានវិញ្ញាណមួយដ៏វិសេស មានចំណេះជ្រៅជ្រះ និងមានយោបល់ចេះកាត់ស្រាយសុបិន ដោះស្រាយប្រស្នា និងដោះស្រាយបញ្ហាស្មុគស្មាញបាន។ ស្ដេចប្រទានឈ្មោះឲ្យអ្នកនោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមក លោកនឹងកាត់ស្រាយន័យថ្វាយព្រះករុណា»។
ដានីយ៉ែល 5:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅបេលសាសារបានចាត់ឲ្យគេរៀបពិធីជប់លៀងមួយយ៉ាងធំជូននាម៉ឺនមន្ត្រី ចំនួនមួយពាន់នាក់ ហើយទ្រង់បានសោយស្រាជាច្រើននៅមុខនាម៉ឺនមន្ត្រីទាំងនោះ។ ក្រោយពីក្រេបស្រារួចហើយ ព្រះចៅបេលសាសារបញ្ជាឲ្យគេយកពែងមាស និងពែងប្រាក់ដែលព្រះចៅនេប៊ូក្នេសា ជាបិតា បានរឹបអូសមកពីព្រះវិហារនៅក្រុងយេរូសាឡឹម ។ ស្ដេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សម្រាប់ទ្រង់ផ្ទាល់ សម្រាប់ពួកមហេសី សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្ដេច។ ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយទាំងស្ដេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកមហេសី និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។ កាលសេពសុរារួចហើយ គេនាំគ្នាសរសើរតម្កើងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។ ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងព្រះបរមរាជវាំង គឺនៅទល់មុខជើងចង្កៀង។ កាលព្រះរាជាទតឃើញម្រាមដៃដែលកំពុងតែសរសេរនោះ ព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាស្លេកស្លាំង ទ្រង់រំជួលព្រះហឫទ័យ មានព្រះកាយពលទន់ខ្សោយ និងព្រះបាទាញាប់ញ័រ។ ស្ដេចក៏ស្រែកឡើងយ៉ាងខ្លាំងៗ បញ្ជាឲ្យគេហៅពួកហោរា ពួកគ្រូទាយ និងពួកគ្រូធ្មប់មក រួចហើយស្ដេចមានរាជឱង្ការទៅកាន់អ្នកប្រាជ្ញនៃស្រុកបាប៊ីឡូនថា៖ «អ្នកណាអាចអានអក្សរនោះ ហើយពន្យល់អត្ថន័យឲ្យយើងបាន យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាស ជូនជាកិត្តិយស ហើយប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងរាជាណាចក្រនេះផង»។ ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្ដេចនាំគ្នាចូលមក តែគ្មាននរណាម្នាក់អាចអានអក្សរនោះ និងពន្យល់អត្ថន័យថ្វាយព្រះរាជាបានឡើយ ជាហេតុធ្វើឲ្យព្រះចៅបេលសាសាររឹតតែខ្វល់ខ្វាយ និងភ័យញាប់ញ័រថែមទៀត ហើយនាម៉ឺនមន្ត្រីរបស់ស្ដេចក៏ទាល់គំនិតដែរ។ ពេលព្រះមហាក្សត្រិយានីឮរាជឱង្ការរបស់ស្ដេច និងឮពាក្យរបស់ពួកនាម៉ឺនមន្ត្រី ព្រះនាងក៏យាងចូលមកក្នុងសាលជប់លៀង ហើយមានរាជសវនីយ៍ថា៖ «បពិត្រព្រះរាជា សូមទ្រង់ដ៏មានព្រះជន្មគង់នៅរហូតតទៅអើយ! សូមព្រះករុណាកុំខ្វល់ខ្វាយ និងភ័យញាប់ញ័រដូច្នេះឡើយ! ក្នុងរាជាណាចក្ររបស់ព្រះអង្គ មានបុរសម្នាក់ដែលមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ កាលពីជំនាន់ព្រះបិតារបស់ព្រះករុណា គេបានឃើញថា លោកនោះដឹងការលាក់កំបាំង មានតម្រិះ និងប្រាជ្ញា ដូចទេវតា។ ហេតុនេះហើយបានជាព្រះចៅនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា បានតែងតាំងលោកឲ្យធ្វើជាប្រមុខលើពួកគ្រូ គ្រូហោរា គ្រូទាយ និងគ្រូធ្មប់ទាំងអស់។ ព្រះមហាក្សត្រដែលជាព្រះបិតារបស់ព្រះករុណា បានតែងតាំងលោកដូច្នេះ ព្រោះឃើញថា បុរសនោះជាមនុស្សមានប្រាជ្ញាវាងវៃដ៏អស្ចារ្យ មានចំណេះជ្រៅជ្រះ ប៉ិនប្រសប់ខាងរិះគិតពិចារណា ហើយចេះកាត់ស្រាយសុបិន កាត់ប្រស្នា និងដោះស្រាយបញ្ហាដ៏ស្មុគស្មាញបានផង។ លោកនោះគឺដានីយ៉ែល ដែលព្រះបិតារបស់ព្រះករុណាប្រទាននាមថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅលោកដានីយ៉ែលនោះមក លោកនឹងពន្យល់អត្ថន័យថ្វាយព្រះករុណាជាមិនខាន»។
ដានីយ៉ែល 5:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្តេចបេលសាសារ ទ្រង់ជប់លៀងយ៉ាងធំ ដល់ពួកសេនាបតីរបស់ទ្រង់១ពាន់នាក់ ហើយក៏សោយស្រាទំពាំងបាយជូរ នៅចំពោះអ្នកទាំង១ពាន់នាក់នោះ កាលបេលសាសារកំពុងតែភ្លក់ស្រាទំពាំងបាយជូរ នោះទ្រង់ក៏បង្គាប់ឲ្យគេយកពែងមាស ពែងប្រាក់ ដែលនេប៊ូក្នេសា ជាបិតាទ្រង់ បានប្រមូលយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិមមក សំរាប់ឲ្យស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់គេទាំងអស់គ្នាបានផឹក ដូច្នេះ គេក៏យកពែងមាស ដែលបានប្រមូលយកពីទីបរិសុទ្ធក្នុងព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមមកថ្វាយ រួចស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា នឹងពួកស្រីអ្នកម្នាងទាំងប៉ុន្មានក៏ផឹកពីពែងទាំងនោះ គេបានផឹកស្រាបណ្តើរ ហើយសរសើរដល់អស់ទាំងព្រះបណ្តើរ ជាព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ នឹងថ្ម។ នៅវេលានោះឯង មានម្រាមដៃនៃមនុស្ស លេចចេញមក សរសេរនៅជញ្ជាំងនៃព្រះរាជដំណាក់ ប្រទល់មុខនឹងជើងចង្កៀង ស្តេចទ្រង់ក៏ឃើញចំណែកដៃដែលសរសេរនោះ ដូច្នេះ ព្រះភក្ត្របំព្រងនៃស្តេចក៏ផ្លាស់ប្រែទៅ ហើយគំនិតទ្រង់ក៏នាំឲ្យបារម្ភព្រួយវិញ កំឡាំងទ្រង់ក៏ល្វើយទៅ ហើយព្រះជង្ឃទ្រង់ប្រដំគ្នា ស្តេចទ្រង់ស្រែកយ៉ាងខ្លាំង បង្គាប់ឲ្យនាំពួកអាបធ្មប់ នឹងពួកខាល់ដេ ហើយពួកគ្រូទាយមក រួចស្តេចទ្រង់មានបន្ទូលនឹងពួកអ្នកប្រាជ្ញ ដែលនៅក្រុងបាប៊ីឡូនថា អ្នកណាដែលអានមើលអក្សរនេះ ហើយស្រាយន័យឲ្យយើងផង អ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយនឹងមានខ្សែមាសពាក់នៅក ក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ ខណៈនោះ អស់ទាំងពួកអ្នកប្រាជ្ញរបស់ស្តេចក៏ចូលមក តែគេមើលអក្សរនោះមិនបានឡើយ ក៏មិនអាចនឹងស្រាយន័យថ្វាយស្តេចបានដែរ ដូច្នេះ បេលសាសារទ្រង់មានព្រះទ័យវិតក្កជាខ្លាំង ហើយព្រះភក្ត្រទ្រង់ក៏ស្លុតទៅ ឯពួកសេនាបតីរបស់ទ្រង់គេក៏ទាល់គំនិតដែរ។ រីឯអគ្គមហេសី ព្រះនាងក៏យាងចូលទៅក្នុងរោងលៀង ដោយឮព្រះបន្ទូលនៃស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រះនាងទូលដល់ស្តេចថា បពិត្រព្រះករុណា សូមទ្រង់មានព្រះជន្មចំរើននៅជាយឺនយូរ សូមកុំឲ្យគំនិតទ្រង់នាំឲ្យមានព្រះទ័យវិតក្កឡើយ ក៏កុំឲ្យព្រះភក្ត្រទ្រង់ផ្លាស់ប្រែទៅដូច្នេះដែរ ដ្បិតនៅក្នុងនគរទ្រង់ មានមនុស្សម្នាក់ឈ្មោះដានីយ៉ែល ជាអ្នកដែលមានវិញ្ញាណនៃព្រះដ៏បរិសុទ្ធសណ្ឋិតនៅ ហើយនៅក្នុងរាជ្យនៃព្រះបិតាទ្រង់ នោះឃើញមានពន្លឺ នឹងយោបល់ ព្រមទាំងប្រាជ្ញា ដូចជាប្រាជ្ញារបស់ពួកព្រះនៅក្នុងអ្នកនោះ រីឯស្តេចនេប៊ូក្នេសា បិតាទ្រង់ ក៏បានតាំងអ្នកនោះឡើង ជាអធិបតីលើពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ នឹងពួកគ្រូទាយ អើ គឺជាស្តេច ជាបិតាទ្រង់នោះឯង ដែលតាំងគេ ពីព្រោះឃើញថា មានវិញ្ញាណយ៉ាងវិសេស មានដំរិះ នឹងយោបល់ ក៏មានចំណេះចេះកាត់ស្រាយសប្តិ នឹងដោះស្រាយប្រស្នា ហើយកែសេចក្ដីដ៏ជ្រាលជ្រៅ នៅក្នុងខ្លួនអ្នកនោះ ដែលស្តេចទ្រង់ប្រទានឈ្មោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមកឥឡូវ លោកនឹងបកប្រែសេចក្ដីថ្វាយទ្រង់។