ដានីយ៉ែល 8:1-9

ដានីយ៉ែល 8:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាល​ព្រះ​បាទ​បេល‌សាសារ មាន​និមិត្ត​មួយ​លេច​មក​ឲ្យ​ដានី‌យ៉ែល​ខ្ញុំ​បាន​ឃើញ គឺ​ក្រោយ​ពី​និមិត្ត​ដែល​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ពី​លើក​មុន។ ក្នុង​និមិត្ត​ដែល​ខ្ញុំ​កំពុង​គន់​មើល​នេះ ខ្ញុំ​ឃើញ​ថា​ខ្លួន​ខ្ញុំ​ស្ថិត​នៅ​ស៊ូសាន ជាក្រុងហ្លួង ដែល​ស្ថិត​ក្នុង​អាណា​ខេត្ត​អេឡាំ។ ក្នុង​និមិត្ត​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡាយ ។ ខ្ញុំ​បាន​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​មាន​ចៀម​ឈ្មោល​មួយ​ឈរ​នៅ​ក្បែរ​ទន្លេ វា​មាន​ស្នែង​ពីរ ហើយ​ស្នែង​ទាំង​ពីរ​នោះ​វែង តែ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយ​ទៀត ឯ​ស្នែង​មួយ​ដែល​វែង​ជាង​បាន​ដុះ​ឡើង​ក្រោយ​គេ។ ខ្ញុំ​ឃើញ​ចៀម​ឈ្មោល​នោះ​ទន្ទ្រាន​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ឥត​មាន​សត្វ​ណា​មួយ​អាច​ទប់​ទល់​នឹង​វា​បាន​ឡើយ ក៏​គ្មាន​អ្នក​ណា​អាច​ជួយ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​វា​បាន​ដែរ គឺ​វា​បាន​ធ្វើ​តាម​អំពើ​ចិត្ត ហើយ​តម្កើង​ខ្លួន។ កាល​ខ្ញុំ​កំពុង​ពិចា‌រណា នោះ​មើល៍ មាន​ពពែ​ឈ្មោល​មួយ​មក​ពី​ទិស​ខាង​លិច ហោះ​ចេញ​លើ​ផែន‌ដី​ទាំង​ដុំ​មូល ឥត​ប៉ះ​ដី​សោះ។ ពពែ​នោះ​មាន​ស្នែង​មួយ​គួរ​ឲ្យ​ស្ញែង ដុះ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ។ ពពែ​នោះ​ចូល​សំដៅ​មក​រក​ចៀម​ឈ្មោល​ស្នែង​ពីរ ឈរ​នៅ​ក្បែរ​ទន្លេ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន ហើយ​វា​ក៏​ស្ទុះ​ទៅ​លើចៀម ដោយ​កំហឹង​យ៉ាង​ខ្លាំង។ ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម​នោះ ហើយ​វា​មួ‌ម៉ៅ​ជា​ខ្លាំង ក៏​ជល់​ចៀម​នោះ រួច​បំបាក់​ស្នែង​ទាំង​ពីរ។ ចៀម​នោះ​មិន​មាន​កម្លាំង​ទប់​ទល់​នឹង​វា​បាន​ទេ គឺ​វា​ផ្ដួល​ចៀម​ទៅ​លើ​ដី ហើយ​ពពែក៏​ជាន់​ឈ្លី គ្មាន​អ្នក​ណា​អាច​ជួយ​ចៀម​ឲ្យ​រួចពី​អំណាច​របស់​វា​បាន​ឡើយ។ ពពែ​ឈ្មោល​នោះ​តម្កើង​ខ្លួន​យ៉ាង​ក្រៃ‌លែង តែ​កាល​វា​មាន​អំណាច​ខ្លាំង នោះ​ស្នែង​ធំ​ក៏​ត្រូវ​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​ឲ្យ​ស្ញែង​ដុះ​ឡើង​ជំនួស ស្នែង​ទាំង​នោះ​កន្ធែក​ទៅ​រក​ទិស​ទាំង​បួន។ មាន​ស្នែង​មួយ​ក្នុង​ចំណោម​ស្នែង​ទាំង​នោះ មាន​ស្នែង​មួយ​តូច​ផ្សេង​ទៀត​ដុះ​ចេញ​មក ស្នែង​នោះ​ក៏​ធំ​ឡើង​យ៉ាង​ក្រៃ‌លែង ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ទៅ​ទិស​ខាង​កើត និង​ឆ្ពោះ​ទៅ​ទឹក​ដី​ដ៏​រុង​រឿង។

ចែក​រំលែក
អាន ដានីយ៉ែល 8

ដានីយ៉ែល 8:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះចៅ​បេលសា‌សារ ខ្ញុំ​ដានី‌យ៉ែល​បាន​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មួយ បន្ទាប់​ពី​សុបិន​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ពី​លើក​មុន។ ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នេះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ហាក់​បី​ដូច​ជា​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​ក្រុង​ដ៏​សំខាន់​របស់​អាណា‌ខេត្ត​អេឡាំ។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡៃ។ ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ចៀម​ឈ្មោល​មួយ​ឈរ​នៅ​មាត់​ទន្លេ។ ចៀម​នោះ​មាន​ស្នែង​ពីរ ស្នែង​ទាំង​ពីរ​នេះ​វែង​ណាស់ ហើយ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយ​ទៀត តែ​ស្នែង​ដែល​វែង​នេះ​ដុះ​ក្រោយ​គេ។ ខ្ញុំ​ឃើញ​ចៀម​នោះ​វ័ធ​ប្រហារ​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង តែ​គ្មាន​សត្វ​ណា​មួយ​អាច​តទល់​នឹង​វា​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំដោះ​អ្នក​រង​គ្រោះ​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ដែរ។ វា​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត ហើយ​អំណាច​របស់​វា​កាន់​តែ​ចម្រើន​ធំ​ឡើង​ជានិច្ច។ ពេល​ខ្ញុំ​កំពុង​តែ​រិះគិត ខ្ញុំ​ឃើញ​មាន​ពពែ​ឈ្មោល​មួយ​ចេញ​ពី​ទិស​ខាង​លិច​មក វា​បោល​កាត់​ផែនដី​យ៉ាង​លឿន ជើង​វា​ឥត​ប៉ះ​ដី​សោះ​ឡើយ។ ពពែ​នេះ​មាន​ស្នែង​មួយ​គួរ​ឲ្យ​ស្ញប់‌ស្ញែង ដុះ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ។ ពពែ​នេះ​បាន​មក​ដល់​ជិត​ចៀម​ស្នែង​ពីរ​ឈរ​នៅ​មាត់​ទន្លេ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន រួច​សម្រុក​ទៅ​រក​ចៀម​យ៉ាង​ពេញ​ទំហឹង។ ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម ទាំង​កំរោល វា​ជល់​ចៀម​នោះ​បាក់​ស្នែង​ទាំង​ពីរ ហើយ​ចៀម​ឥត​មាន​កម្លាំង​តទល់​នឹង​វា​វិញ​ឡើយ។ វា​ផ្ដួល​ចៀម​ទៅ​លើ​ដី​ហើយ​ជាន់​កម្ទេច ដោយ​គ្មាន​នរណា​អាច​រំដោះ​ចៀម​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ឡើយ។ ពពែ​ឈ្មោល​នោះ​កាន់​តែ​ធំ​ឡើងៗ ហើយ​ពេល​វា​កំពុង​តែ​មាន​អំណាច​ខ្លាំង‌ក្លា ស្នែង​ធំ​របស់​វា​ក៏​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​ឲ្យ​ស្ញប់‌ស្ញែង​ដុះ​ឡើង​ជំនួស បែរ​មុខ​ទៅ​រក​ទិស​ទាំង​បួន។ មាន​ស្នែង​មួយ​តូច​ដុះ​ចេញ​ពី​ស្នែង​មួយ ក្នុង​ចំណោម​ស្នែង​ទាំង​បួន ស្នែង​តូច​នោះ​កាន់​តែ​រីក​ធំ​ឡើងៗ ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ខាង​កើត និង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​ស្អាត​ជាង​គេ​បំផុត ។

ចែក​រំលែក
អាន ដានីយ៉ែល 8

ដានីយ៉ែល 8:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​នៃ​ស្តេច​បេល‌សាសារ នោះ​មាន​ការ​ជាក់​ស្តែង​លេច​មក ឲ្យ​ដានី‌យ៉ែល ខ្ញុំ​ឃើញ គឺ​ក្រោយ​ការ​ជាក់​ស្តែង​១​ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន​នោះ រីឯ​កាល​ខ្ញុំ​ឃើញ​ការ​ជាក់​ស្តែង​១​នេះ នោះ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌រាជ​វាំង​ត្រង់​ក្រុង​ស៊ូសាន ក្នុង​ខេត្ត​អេឡាំ តែ​ក្នុង​ការ​ជាក់​ស្តែង​នោះ​ខ្ញុំ​ឃើញ​ថា ខ្ញុំ​នៅ​ឯ​មាត់​ទន្លេ​អ៊ូឡាយ​វិញ ខណៈ​នោះ ខ្ញុំ​បាន​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​មាន​ចៀម​ឈ្មោល​១​ឈរ​នៅ​ក្បែរ​ទន្លេ វា​មាន​ស្នែង​២ ហើយ​ស្នែង​ទាំង​២​ក៏​វែង មាន​តែ​១​វែង​ជាង ឯ​ស្នែង​១​ដែល​វែង​ជាង បាន​ដុះ​ឡើង​ជា​ខាង​ក្រោយ ខ្ញុំ​ក៏​ឃើញ​ចៀម​ឈ្មោល​នោះ​កំពុង​តែ​ទន្ទ្រាន​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង នឹង​ទិស​ខាង​ត្បូង ឥត​មាន​សត្វ​ណា​មួយ​អាច​នឹង​ទប់​ទល់​បាន​ឡើយ ក៏​គ្មាន​ណា​អាច​នឹង​ជួយ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​វា​បាន​ដែរ គឺ​វា​បាន​ធ្វើ​តាម​តែ​អំពើ​ចិត្ត ហើយ​ក៏​ដំកើង​ខ្លួន​ឡើង​ផង។ កាល​ខ្ញុំ​កំពុង​តែ​ពិចារណា នោះ​ឃើញ​មាន​ពពែ​ឈ្មោល​១​មក​ពី​ទិស​ខាង​លិច ហោះ​ចេញ​លើ​ផែនដី​ទាំង​ដុំ​មូល ឥត​ពាល់​ប៉ះ​នឹង​ដី​ឡើយ ពពែ​នោះ​មាន​ស្នែង​១​នៅ​កណ្តាល​ភ្នែក​ទាំង​២ ជា​ស្នែង​គួរ​ពិច‌ពិល​មើល វា​ក៏​មក​ដល់​ចៀម​ឈ្មោល​មាន​ស្នែង​២ ដែល​ខ្ញុំ​ឃើញ​ឈរ​នៅ​ក្បែរ​ទន្លេ​នោះ ក៏​ស្ទុះ​ទៅ​លើ ដោយ​សេចក្ដី​ឃោរ‌ឃៅ​នៃ​កំឡាំង​វា ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម​ឈ្មោល មាន​សេចក្ដី​មួម៉ៅ​ដាល​ឡើង ក៏​ជល់​ចៀម​នោះ បំបាក់​ស្នែង​ទាំង​២​ទៅ ចៀម​នោះ​មិន​អាច​នឹង​ឈរ​នៅ​មុខ​វា​បាន​ទេ គឺ​ត្រូវ​ដួល​ចុះ​ដល់​ដី ហើយ​ពពែ​បាន​ជាន់​ឈ្លី​ទៅ ឥត​មាន​អ្នក​ណា​មួយ​អាច​នឹង​ជួយ​ចៀម​ឲ្យ​រួច​បាន​ឡើយ ពពែ​ឈ្មោល​នោះ​ក៏​ដំកើង​ខ្លួន​យ៉ាង​ក្រៃ‌លែង កាល​បាន​មាន​កំឡាំង​ហើយ នោះ​ស្នែង​ធំ​ត្រូវ​បាក់​ទៅ រួច​មាន​ស្នែង​៤​គួរ​ពិច‌ពិល​មើល បាន​ដុះ​ឡើង​ជំនួស​ស្នែង​ទាំង​នោះ​កន្ធែក​ទៅ​ទិស​ទាំង​៤។ រួច​មក​មាន​ស្នែង​១​តូច​ដុះ​ចេញ​ពី​ស្នែង​១​នោះ ក៏​ធំ​ឡើង​យ៉ាង​ក្រៃ‌លែង មាន​អំណាច​ទៅ​ទិស​ខាង​ត្បូង ទិស​ខាង​កើត នឹង​ខាង​ស្រុក​ដ៏​ឧត្តម​ដែរ

ចែក​រំលែក
អាន ដានីយ៉ែល 8