ដានីយ៉ែល 9:1-19
ដានីយ៉ែល 9:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំដំបូង ក្នុងរជ្ជកាលព្រះបាទដារីយុស ជាបុត្រាព្រះបាទអ័ហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានតាំងឡើងជាស្តេចគ្រប់គ្រងលើអាណាចក្ររបស់ពួកខាល់ដេ គឺក្នុងឆ្នាំទីមួយនៃរាជ្យរបស់ស្ដេច នោះខ្ញុំ ដានីយ៉ែលបានសិក្សាគម្ពីរ ត្រង់កន្លែងដែលព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ហោរាយេរេមា ពីចំនួនឆ្នាំដែលត្រូវកន្លងទៅ ដើម្បីសម្រេចការខូចបង់នៃក្រុងយេរូសាឡិម គឺចិតសិបឆ្នាំ។ ពេលនោះ ខ្ញុំបានបែរមុខទៅរកព្រះអម្ចាស់យេហូវ៉ា ស្វែងរកព្រះអង្គដោយអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងតមអាហារ ស្លៀកសំពត់ធ្មៃ ហើយព្រលាំងផេះ។ ខ្ញុំបានអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ក៏លន់តួ ដោយពាក្យថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គអើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាប បានប្រព្រឹត្តខុស បានប្រព្រឹត្តយ៉ាងអាក្រក់ ហើយបះបោរ ព្រមទាំងងាកបែរចេញពីបទបញ្ជា និងវិន័យរបស់ព្រះអង្គ។ យើងខ្ញុំមិនបានស្តាប់តាមពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គ ដែលបានថ្លែងក្នុងនាមព្រះអង្គ ប្រាប់ស្តេច ពួកនាម៉ឺន ពួកបុព្វបុរសរបស់យើងខ្ញុំ និងប្រជាជនទាំងប៉ុន្មាននៅក្នុងស្រុកទេ។ ឱព្រះអម្ចាស់អើយ សេចក្ដីសុចរិតជារបស់ព្រះអង្គ តែចំពោះយើងខ្ញុំវិញ ដូចសព្វថ្ងៃនេះ មានតែសេចក្ដីអាម៉ាស់មុខ គឺទាំងអ្នកស្រុកយូដា អ្នកនៅក្រុងយេរូសាឡិម និងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ដែលនៅជិតនៅឆ្ងាយ គឺនៅអស់ទាំងស្រុកដែលព្រះអង្គបានបណ្តេញគេទៅ ព្រោះតែអំពើរំលង ដែលគេបានប្រព្រឹត្តទាស់នឹងព្រះអង្គ។ ឱព្រះអម្ចាស់អើយ សេចក្ដីអាម៉ាស់មុខជារបស់យើងខ្ញុំ គឺរបស់ស្តេចយើងខ្ញុំ ពួកនាម៉ឺន និងពួកបុព្វបុរសរបស់យើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។ ឯសេចក្ដីមេត្តាករុណា និងការអត់ទោស នោះជារបស់ព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំបានបះបោរប្រឆាំងនឹងព្រះអង្គ យើងខ្ញុំមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីដើរតាមក្រឹត្យវិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានតាំងនៅមុខយើងខ្ញុំ ដោយសារពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។ អ៊ីស្រាអែលទាំងមូលបានប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះអង្គ ហើយបានងាកបែរ មិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាបណ្ដាសា និងសម្បថដែលបានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។ ព្រះអង្គបានបញ្ជាក់ព្រះបន្ទូល ដែលព្រះអង្គមានព្រះបន្ទូលទាស់នឹងយើងខ្ញុំ ហើយទាស់នឹងពួកមេដឹកនាំ ដែលគ្រប់គ្រងយើងខ្ញុំ ដោយនាំសេចក្ដីអាក្រក់យ៉ាងធំនេះមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលមានហេតុការណ៍អ្វីកើតឡើង ដូចជាទុក្ខវេទនាដែលបានកើតដល់ក្រុងយេរូសាឡិមឡើយ។ សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានធ្លាក់មកលើយើងខ្ញុំ ដូចបានចែងទុកមកនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែ យើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ក៏មិនបានបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ដើម្បីឲ្យមានគំនិតវាងវៃ ដោយសារសេចក្ដីពិតរបស់ព្រះអង្គឡើយ។ ហេតុនេះហើយបានជាព្រះយេហូវ៉ាបានរវាំងមើល ហើយបាននាំអំពើអាក្រក់នេះទម្លាក់មកលើយើងខ្ញុំ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ព្រះអង្គសុចរិតក្នុងគ្រប់កិច្ចការដែលព្រះអង្គបានធ្វើ តែយើងខ្ញុំមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គឡើយ។ ឥឡូវនេះ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ដែលបាននាំប្រជារាស្ត្ររបស់ព្រះអង្គចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ ហើយបានធ្វើឲ្យព្រះនាមរបស់ព្រះអង្គល្បីរន្ទឺ ដូចសព្វថ្ងៃនេះអើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តយ៉ាងអាក្រក់។ ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ព្រះអង្គ សូមឲ្យសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ព្រះអង្គ បានបែរចេញពីក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់ព្រះអង្គទៅ ដ្បិតក្រុងយេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅជុំវិញយើងខ្ញុំ ព្រោះតែអំពើបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់បុព្វបុរសយើងខ្ញុំ។ ដូច្នេះ ឱព្រះនៃយើងខ្ញុំអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកបម្រើព្រះអង្គផង ហើយដោយយល់ដល់ព្រះអង្គ សូមធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើទីបរិសុទ្ធរបស់ព្រះអង្គ ដែលនៅស្ងាត់ច្រៀបនេះផង។ ឱព្រះនៃទូលបង្គំអើយ សូមផ្អៀងព្រះកាណ៌ស្តាប់ សូមបើកព្រះនេត្រទតមើលសេចក្ដីវេទនារបស់យើងខ្ញុំ និងទីក្រុងដែលបានហៅតាមព្រះនាមព្រះអង្គផង ដ្បិតយើងខ្ញុំមិនមែនទូលអង្វរនៅចំពោះព្រះអង្គ ដោយព្រោះសេចក្ដីសុចរិតរបស់យើងខ្ញុំទេ គឺដោយព្រោះព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គវិញ។ ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្តាប់ ឱព្រះអម្ចាស់អើយ សូមព្រះអង្គអត់ទោស ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្តាប់ ហើយប្រោសមេត្តាផង! ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់ព្រះអង្គ ដ្បិតទីក្រុងរបស់ព្រះអង្គ និងប្រជារាស្ត្ររបស់ព្រះអង្គ មានឈ្មោះហៅតាមព្រះនាមព្រះអង្គ»។
ដានីយ៉ែល 9:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយូស ជាបុត្ររបស់ព្រះចៅអហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានអភិសេកជាស្ដេចរបស់រាជាណាចក្រខាល់ដេ គឺឆ្នាំទីមួយដែលទ្រង់ឡើងគ្រងរាជ្យ ខ្ញុំ ដានីយ៉ែល បានអានព្រះគម្ពីរ ហើយយល់អត្ថន័យនៃចំនួនឆ្នាំដែលព្រះអម្ចាស់ មានព្រះបន្ទូលទុកតាមរយៈព្យាការីយេរេមា ស្ដីអំពីក្រុងយេរូសាឡឹមដែលត្រូវខូចបង់នោះ គឺចិតសិបឆ្នាំ។ ខ្ញុំក៏បែរមុខទៅរកព្រះជាអម្ចាស់ ដើម្បីអធិស្ឋានទទូចអង្វរព្រះអង្គ ដោយតមអាហារ និងកាន់ទុក្ខ។ ខ្ញុំទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ ហើយសារភាពចំពោះព្រះអង្គដូចតទៅ: “បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ ហើយមានព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ! យើងខ្ញុំបានប្រព្រឹត្តអំពើបាប ប្រព្រឹត្តខុស ប្រព្រឹត្តអំពើអាក្រក់ និងបះបោរ ហើយយើងខ្ញុំបានងាកចេញពីបទបញ្ជា និងវិន័យរបស់ព្រះអង្គ។ យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់អស់លោកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដែលបានថ្លែងព្រះបន្ទូលក្នុងនាមព្រះអង្គថ្វាយស្ដេច ប្រាប់នាម៉ឺន បុព្វបុរស និងប្រជាជនទាំងមូលនៅក្នុងស្រុកទេ។ បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលសុចរិត រីឯយើងខ្ញុំ សព្វថ្ងៃនេះ យើងខ្ញុំត្រូវអាម៉ាស់ គឺទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹម និងជនជាតិអ៊ីស្រាអែលទាំងមូល ទាំងអ្នកនៅជិត និងអ្នកនៅឆ្ងាយដែលព្រះអង្គបណ្ដេញឲ្យទៅរស់នៅតាមស្រុកទាំងប៉ុន្មាន ព្រោះតែយើងខ្ញុំបានប្រព្រឹត្តខុសចំពោះព្រះអង្គ។ បពិត្រព្រះអម្ចាស់ យើងខ្ញុំទាំងអស់គ្នា ទាំងស្ដេច ទាំងនាម៉ឺន ទាំងបុព្វបុរស ត្រូវអាម៉ាស់មុខ ព្រោះតែយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំបានបះបោរប្រឆាំងនឹងព្រះអង្គ តែព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ ហើយលើកលែងទោសឲ្យយើងខ្ញុំជានិច្ច។ យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំទេ យើងខ្ញុំក៏ពុំបានធ្វើតាមវិន័យដែលព្រះអង្គប្រទានមកយើងខ្ញុំ តាមរយៈអស់លោកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។ ជនជាតិអ៊ីស្រាអែលទាំងមូលបានបំពានលើក្រឹត្យវិន័យរបស់ព្រះអង្គ ហើយងាកចេញពុំព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាបណ្ដាសា ទំនាយផ្សេងៗ ដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើព្រះអង្គ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។ ព្រះអង្គបានប្រព្រឹត្តចំពោះយើងខ្ញុំ និងចំពោះអ្នកដឹកនាំដែលគ្រប់គ្រងលើយើងខ្ញុំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ គឺព្រះអង្គធ្វើឲ្យទុក្ខវេទនាមួយយ៉ាងធំ កើតមានដល់យើងខ្ញុំ ហើយនៅក្រោមមេឃនេះពុំដែលមានទុក្ខវេទនាណាមួយកើតឡើងដូចទុក្ខវេទនា ដែលក្រុងយេរូសាឡឹមបានជួបប្រទះនោះឡើយ។ ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំ ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ តែយើងខ្ញុំពុំបានទូលអង្វរសុំសេចក្ដីសន្ដោសពីព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំទេ យើងខ្ញុំក៏ពុំបានបែរចេញពីកំហុស ហើយផ្ចង់ចិត្តទៅរកសេចក្ដីពិតដែរ។ ព្រះអម្ចាស់មិនរារែកនឹងដាក់ទោសយើងខ្ញុំទេ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់សុចរិតក្នុងគ្រប់កិច្ចការទាំងអស់ តែយើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គឡើយ។ ឥឡូវនេះ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកអេស៊ីបដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយព្រះអង្គបានធ្វើឲ្យព្រះកិត្តិនាមរបស់ព្រះអង្គល្បីរន្ទឺដូចសព្វថ្ងៃ តែយើងខ្ញុំបានប្រព្រឹត្តអំពើបាប ហើយមានទោស។ ឱព្រះអម្ចាស់អើយ អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែសុចរិតទាំងអស់ ហេតុនេះ សូមបំបែរព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ចេញពីក្រុងយេរូសាឡឹម និងចេញពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គទៅ ដ្បិតសាសន៍ទាំងឡាយដែលនៅជុំវិញយើងខ្ញុំ នាំគ្នាមាក់ងាយក្រុងយេរូសាឡឹម និងប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះតែអំពើបាបរបស់យើងខ្ញុំ និងកំហុសរបស់បុព្វបុរសយើងខ្ញុំ។ ឱព្រះនៃយើងខ្ញុំអើយ ឥឡូវនេះ សូមទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំដែលជាអ្នកបម្រើព្រះអង្គផង។ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមសម្តែងព្រះហឫទ័យប្រណីមេត្តាចំពោះទីសក្ការៈរបស់ព្រះអង្គ ដែលត្រូវគេបំផ្លាញនេះផង។ ឱព្រះនៃទូលបង្គំអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមទតមើលក្រុងបាក់បែក ដែលជាព្រះដំណាក់របស់ព្រះអង្គនេះផង! យើងខ្ញុំអង្វរព្រះអង្គ ដោយមិនពឹងផ្អែកលើអំពើសុចរិតរបស់យើងខ្ញុំទេ តែយើងខ្ញុំសូមពឹងផ្អែកលើព្រះហឫទ័យអាណិតអាសូរដ៏ធំធេងរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! ព្រះអម្ចាស់អើយ សូមអត់ទោសឲ្យយើងខ្ញុំផង! ព្រះអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱព្រះនៃទូលបង្គំអើយ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមយាងមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ត្រនេះ ជាកម្មសិទ្ធិរបស់ព្រះអង្គ”។
ដានីយ៉ែល 9:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅឆ្នាំដំបូង ក្នុងរាជ្យនៃដារីយុស ព្រះរាជបុត្រាអ័ហាស៊ូរុស ជាពូជពង្សសាសន៍មេឌី ដែលគេបានតាំងឡើងជាស្តេច ឲ្យគ្រប់គ្រងលើអាណាខេត្តរបស់សាសន៍ខាល់ដេ គឺក្នុងឆ្នាំដំបូងនៃរាជ្យទ្រង់ នោះខ្ញុំ ដានីយ៉ែលបានមើលគម្ពីរ ត្រង់កន្លែងដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមា ពីចំនួនឆ្នាំដែលត្រូវកន្លងទៅ ដើម្បីនឹងសំរេចការខូចបង់នៃក្រុងយេរូសាឡិម គឺគ្រប់៧០ឆ្នាំ នោះខ្ញុំបានតាំងចិត្តចំពោះព្រះដ៏ជាព្រះអម្ចាស់ ដើម្បីរកអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងតមអត់ស្លៀកសំពត់ធ្មៃ ហើយព្រលាំងផេះផង ខ្ញុំបានអធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ក៏លន់តួ ដោយពាក្យថា ឱព្រះអម្ចាស់ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមបញ្ញត្តទ្រង់អើយ យើងខ្ញុំរាល់គ្នាបានធ្វើបាប បានប្រព្រឹត្តក្រវិចក្រវៀន គឺបានប្រព្រឹត្តអាក្រក់ ហើយបះបោរ ព្រមទាំងងាកបែរចេញពីក្រឹត្យក្រម នឹងបញ្ញត្តច្បាប់របស់ទ្រង់ផង ក៏មិនស្តាប់តាមពួកហោរា ជាអ្នកបំរើទ្រង់ ដែលបានទាយដល់ពួកស្តេច ពួកចៅហ្វាយ ពួកឰយុកោរបស់យើងខ្ញុំ នឹងបណ្តាជនក្នុងស្រុក ដោយនូវព្រះនាមទ្រង់ដែរ ឱព្រះអម្ចាស់អើយ សេចក្ដីសុចរិតជារបស់ផងទ្រង់ហើយ តែខាងយើងខ្ញុំ មានតែសេចក្ដីជ្រប់មុខវិញ ដូចជាសព្វថ្ងៃនេះ គឺទាំងពួកមនុស្សនៅស្រុកយូដា ពួកអ្នកនៅក្រុងយេរូសាឡិម នឹងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ដែលនៅជិតនៅឆ្ងាយ នៅក្នុងអស់ទាំងប្រទេសដែលទ្រង់បានបណ្តេញគេ ដោយព្រោះអំពើរំលង ដែលគេបានប្រព្រឹត្តទាស់នឹងទ្រង់ផង ឱព្រះអម្ចាស់អើយ សេចក្ដីជ្រប់មុខជារបស់ផងយើងខ្ញុំហើយ គឺរបស់ពួកស្តេច ពួកចៅហ្វាយ នឹងពួកឰយុកោនៃយើងខ្ញុំ ពីព្រោះយើងខ្ញុំបានធ្វើបាបនឹងទ្រង់ ឯសេចក្ដីមេត្តាករុណា នឹងសេចក្ដីអត់ទោស នោះជារបស់ផងព្រះដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំវិញ ទោះបើយើងខ្ញុំបានបះបោរនឹងទ្រង់ក៏ដោយ យើងខ្ញុំក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់ទ្រង់ ដែលទ្រង់បានតាំងនៅមុខយើងខ្ញុំ ដោយសារពួកហោរា ជាអ្នកបំរើទ្រង់ដែរ អើ ពួកអ៊ីស្រាអែលទាំងអស់គ្នាបានរំលងចំពោះក្រឹត្យវិន័យរបស់ទ្រង់ហើយ ក៏បែរចេញ ដើម្បីមិនឲ្យត្រូវស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះ សេចក្ដីបណ្តាសានេះត្រូវចាក់មកលើយើងខ្ញុំ ព្រមទាំងសេចក្ដីសម្បថដែលបានកត់ទុក នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើនៃព្រះដែរ ពីព្រោះយើងខ្ញុំបានធ្វើបាបចំពោះទ្រង់ ហើយទ្រង់បានសំរេចបញ្ជាក់ព្រះបន្ទូល ដែលទ្រង់មានបន្ទូលទាស់នឹងយើងខ្ញុំ ហើយទាស់នឹងពួកចៅក្រម ដែលជំនុំជំរះយើងខ្ញុំ ដោយបាននាំសេចក្ដីអាក្រក់យ៉ាងធំនេះមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលកើតមានការអ្វី ដូចជាបានកើតដល់ក្រុងយេរូសាឡិមនោះឡើយ។ សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានមកលើយើងខ្ញុំដូចជាបានចែងទុកមក នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែយើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីនឹងបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ឲ្យមានគំនិតវាងវៃ ក្នុងសេចក្ដីពិតរបស់ទ្រង់វិញនោះឡើយ ហេតុនោះបានជាព្រះយេហូវ៉ាបានរវាំងមើលអំពើអាក្រក់នោះ ក៏បានទំលាក់មកលើយើងខ្ញុំវិញ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំទ្រង់សុចរិតក្នុងគ្រប់ទាំងការដែលទ្រង់ធ្វើ តែយើងខ្ញុំមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ឥឡូវនេះ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ដែលបាននាំរាស្ត្ររបស់ទ្រង់ចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តខ្លាំងពូកែ ហើយបានល្បីព្រះនាមខ្ចរខ្ចាយ ដូចជាសព្វថ្ងៃនេះអើយ យើងខ្ញុំបានធ្វើបាប ក៏បានប្រព្រឹត្តអំពើអាក្រក់ផង ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ទ្រង់ នោះសូមឲ្យសេចក្ដីខ្ញាល់ នឹងសេចក្ដីក្រោធរបស់ទ្រង់ បានបែរចេញពីក្រុងយេរូសាឡិម គឺជាភ្នំបរិសុទ្ធរបស់ទ្រង់ទៅ ដ្បិតក្រុងយេរូសាឡិម នឹងពួករាស្ត្ររបស់ទ្រង់បានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅព័ទ្ធជុំវិញយើងខ្ញុំ គឺដោយព្រោះតែអំពើបាបរបស់យើងខ្ញុំ ហើយនឹងអំពើទុច្ចរិតរបស់ពួកឰយុកោយើងខ្ញុំទេ ដូច្នេះ ឱព្រះនៃយើងខ្ញុំអើយ សូមទ្រង់ស្តាប់តាមសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វររបស់អ្នកបំរើទ្រង់ ហើយសូមធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើទីបរិសុទ្ធរបស់ទ្រង់ ដែលនៅស្ងាត់ច្រៀបចុះ គឺដោយយល់ដល់ព្រះអម្ចាស់ ឱព្រះនៃទូលបង្គំអើយ សូមផ្អៀងព្រះកាណ៌មកស្តាប់ សូមបើកព្រះនេត្រទ្រង់ទតមើលសេចក្ដីខូចបង់របស់យើងខ្ញុំ នឹងទីក្រុងដែលបានហៅតាមព្រះនាមទ្រង់ ដ្បិតយើងខ្ញុំមិនមែនទូលអង្វរដល់ទ្រង់ដោយព្រោះយើងខ្ញុំមានសេចក្ដីសុចរិតទេ គឺដោយព្រោះតែសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់វិញ ឱព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្តាប់ ឱព្រះអម្ចាស់អើយ សូមទ្រង់អត់ទោស ឱព្រះអម្ចាស់អើយ សូមទ្រង់ស្តាប់ ហើយប្រោសមេត្តាផង ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់អង្គទ្រង់ ដ្បិតទីក្រុងនៃទ្រង់ នឹងរាស្ត្ររបស់ទ្រង់ បានហៅតាមព្រះនាមទ្រង់ហើយ។