ដានីយ៉ែល 9:20-27
ដានីយ៉ែល 9:20-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំបានរៀបរាប់ទូលអង្វរព្រះអង្គតទៅមុខទៀត ខ្ញុំបានសារភាពអំពើបាបរបស់ខ្ញុំ ព្រមទាំងបាបរបស់ប្រជាជាតិអ៊ីស្រាអែល ហើយខ្ញុំក៏បានទូលអង្វរព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ ស្ដីអំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ ពេលខ្ញុំកំពុងតែអធិស្ឋាននៅឡើយ ស្រាប់តែទេវតា*កាព្រីយ៉ែល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំយ៉ាងរហ័ស ចំពេលថ្វាយតង្វាយវេលាល្ងាច។ លោកមកពន្យល់ប្រាប់ខ្ញុំថា៖ «លោកដានីយ៉ែលអើយ ខ្ញុំមកពេលនេះ ដើម្បីណែនាំលោកឲ្យបានយល់។ នៅពេលលោកចាប់ផ្ដើមទូលអង្វរព្រះជាម្ចាស់ ព្រះអង្គក៏មានព្រះបន្ទូល ហើយខ្ញុំនាំយកមកជម្រាបលោក ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់។ សូមពិចារណាព្រះបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យចុះ។ ព្រះអង្គបានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលព្យាការីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកថ្វាយព្រះអម្ចាស់។ ដូច្នេះ សូមជ្រាប ហើយយល់អត្ថន័យនេះចុះ! ចាប់ពីពេលព្រះអម្ចាស់មានព្រះបន្ទូល ស្ដីអំពីការរៀបចំសង់ក្រុងយេរូសាឡឹមឡើងវិញ រហូតដល់ពេលស្ដេចដែលជាព្រះមេស្ស៊ី*យាងមកដល់ មានរយៈពេលប្រាំពីរឆ្នាំប្រាំពីរដង ហើយនៅប្រាំពីរឆ្នាំហុកសិបពីរដងទៀត គេនឹងសង់ទីក្រុង និងកំពែងឡើងវិញ តែគ្រានោះ ជាគ្រាមួយដ៏សែនវេទនា។ លុះរយៈពេលប្រាំពីរឆ្នាំហុកសិបពីរដងនោះកន្លងផុតទៅ លោកដែលគេចាក់ប្រេងអភិសេក នឹងត្រូវគេដកជីវិត គ្មាននរណាការពារលោកទេ។ ប្រជាជាតិរបស់ស្ដេចមួយអង្គនឹងលើកគ្នាមកកម្ទេចទីក្រុង និងទីសក្ការៈ។ នៅទីបញ្ចប់ ស្ដេចនោះនឹងទទួលទោសពីព្រះជាម្ចាស់។ ប៉ុន្តែ ស្ដេចនោះនឹងបន្តធ្វើសឹកបំផ្លិចបំផ្លាញ រហូតដល់សោយទិវង្គតដូចបានកំណត់ទុក ។ ក្នុងរយៈពេលប្រាំពីរឆ្នាំ ស្ដេចនោះនឹងបង្ខំឲ្យប្រជាជាតិជាច្រើនចុះសន្ធិសញ្ញាយ៉ាងតឹងរ៉ឹង ហើយនៅអំឡុងពេលបីឆ្នាំកន្លះ ស្ដេចបញ្ឈប់លែងឲ្យមានការថ្វាយយញ្ញបូជា ឬថ្វាយតង្វាយទៀតហើយ។ មេបំផ្លាញនេះនឹងប្រព្រឹត្តអំពើចង្រៃគួរស្អប់ខ្ពើមបំផុត គឺរហូតទាល់តែមហន្តរាយធ្លាក់ទៅលើមេបំផ្លាញវិញ ដូចបានកំណត់ទុក»។
ដានីយ៉ែល 9:20-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលខ្ញុំកំពុងតែទូលដល់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ព្រមទាំងអធិស្ឋាន និងលន់តួអំពើបាបរបស់ខ្ញុំ និងអំពើបាបរបស់ពួកអ៊ីស្រាអែលជាសាសន៍របស់ខ្ញុំ ទាំងទូលអង្វរឲ្យភ្នំបរិសុទ្ធរបស់ព្រះនៃខ្ញុំ អើ កាលខ្ញុំកំពុងតែអធិស្ឋាននៅឡើយ នោះលោកដែលនាម កាព្រីយ៉ែល ជាអ្នកដែលខ្ញុំបានឃើញក្នុងនិមិត្តពីមុន ហោះយ៉ាងលឿន ចូលមករកខ្ញុំ ចំពេលថ្វាយតង្វាយល្ងាច។ លោកពន្យល់ប្រាប់ខ្ញុំ ដោយសន្ទនាជាមួយខ្ញុំថា៖ «ដានីយ៉ែលអើយ ខ្ញុំបានចេញមកឥឡូវនេះ ដើម្បីឲ្យលោកមានប្រាជ្ញា និងមានយោបល់។ នៅពេលលោកចាប់ផ្ដើមអធិស្ឋាន នោះមានបញ្ជាមួយចេញមក ហើយខ្ញុំបាននាំយកមកជម្រាបលោក ដ្បិតលោកជាមនុស្សសំណព្វយ៉ាងសំខាន់។ ដូច្នេះ ចូរពិចារណាព្រះបន្ទូល ហើយយល់និមិត្តនេះចុះ។ ព្រះបានកំណត់ពេលចិតសិបអាទិត្យដល់ប្រជាជន និងដល់ទីក្រុងបរិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើរំលង បញ្ឈប់អំពើបាប ហើយធ្វើឲ្យធួននឹងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក ហើយបោះត្រាលើនិមិត្ត និងសេចក្ដីទំនាយ ព្រមទាំងចាក់ប្រេងតាំងដល់ទីបរិសុទ្ធបំផុត។ ដូច្នេះ សូមលោកជ្រាប ហើយយល់ថា ចាប់ពីពេលព្រះចេញបញ្ជាឲ្យតាំង ហើយសង់ក្រុងយេរូសាឡិមឡើងវិញ រហូតដល់គ្រារបស់ស្ដេចមួយអង្គ ដែលព្រះបានចាក់ប្រេងតាំងយាងមកដល់ នោះនឹងមានរយៈពេលប្រាំពីរអាទិត្យ ហើយរយៈពេលហុកសិបពីរអាទិត្យទៀត នឹងត្រូវសង់ឡើងវិញឲ្យមានផ្លូវធ្លា ប្រឡាយការពារ តែសង់ក្នុងគ្រាដែលមានទុក្ខលំបាក។ លុះក្រោយពីហុកសិបពីរអាទិត្យនោះទៅ នោះអ្នកដែលគេបានចាក់ប្រេងតាំង នឹងត្រូវផ្តាច់ចេញ ហើយនឹងគ្មានអ្វីសោះ រួចប្រជាជនរបស់ស្ដេចមួយអង្គដែលត្រូវមក នឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធ។ ចុងបំផុតនៃហេតុការណ៍នោះនឹងមកដូចជាជំនន់ទឹក ក៏នឹងមានចម្បាំងរហូតទីបំផុត ដ្បិតសេចក្ដីវេទនាបានកំណត់ទុកហើយ។ ស្ដេចនោះនឹងតាំងសញ្ញាមួយយ៉ាងមុតមាំជាមួយមនុស្សជាច្រើនរយៈពេលមួយអាទិត្យ ហើយរយៈពេលកន្លះអាទិត្យ ស្ដេចនឹងបញ្ឈប់លែងឲ្យមានការថ្វាយយញ្ញបូជា និងតង្វាយទៀត ហើយនៅកន្លែងរបស់គេ នឹងកើតមានអំពើគួរស្អប់ខ្ពើមដែលបំផ្លាញ រហូតទាល់តែចុងបំផុតដូចបានកំណត់ទុកនោះ ធ្លាក់ទៅលើមេបំផ្លាញវិញ»។
ដានីយ៉ែល 9:20-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលខ្ញុំកំពុងតែទូលដល់ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំព្រមទាំងអធិស្ឋាន នឹងលន់តួបាបរបស់ខ្លួនខ្ញុំ ហើយបាបរបស់ពួកអ៊ីស្រាអែលជាសាសន៍នៃខ្ញុំ ទាំងទូលអង្វរឲ្យភ្នំបរិសុទ្ធរបស់ព្រះនៃខ្ញុំផង អើ កំពុងដែលខ្ញុំអធិស្ឋាននៅឡើយ នោះលោកដែលនាមជា កាព្រីយ៉ែល ជាអ្នកដែលខ្ញុំបានឃើញក្នុងការជាក់ស្តែងមុនដំបូង លោកហោះយ៉ាងលឿន ចូលមកឯខ្ញុំ ក្នុងរវាងពេលថ្វាយដង្វាយល្ងាច ហើយក៏ប្រាប់ខ្ញុំ ព្រមទាំងសន្ទនានឹងខ្ញុំថា ដានីយ៉ែលអើយ យើងបានចេញមកឥឡូវ ដើម្បីនឹងឲ្យអ្នកមានប្រាជ្ញា ហើយនឹងយោបល់ កាលអ្នកទើបនឹងចាប់តាំងអធិស្ឋាន នោះមានចេញបង្គាប់ស្រេចហើយ រួចយើងបានចេញមក ដើម្បីនឹងប្រាប់ដល់អ្នក ដ្បិតអ្នកជាមនុស្សសំណប់យ៉ាងសំខាន់ ដូច្នេះ ចូរពិចារណាសេចក្ដីនេះហើយយល់ការជាក់ស្តែងចុះ។ គ្រប់៧០អាទិត្យបានកំណត់ដល់សាសន៍ឯង នឹងដល់ទីក្រុងបរិសុទ្ធរបស់ឯង ដើម្បីនឹងរំលត់បំបាត់អំពើរំលង នឹងធ្វើឲ្យអំពើបាបផុតទៅ ហើយឲ្យបានធួននឹងអំពើទុច្ចរិត ព្រមទាំងនាំសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក នឹងបិទត្រាការជាក់ស្តែង នឹងសេចក្ដីទំនាយ ហើយនឹងចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើង ដូច្នេះ ត្រូវឲ្យដឹង ហើយយល់ថា ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកដែលជាកំពូលបណ្តាច់ នោះត្រូវជាចំនួន៧អាទិត្យ នឹង៦២អាទិត្យ រួចនៅគ្រាជ្រួលច្រាល់ នោះទីក្រុងនឹងបានសង់ឡើងវិញ មានទាំងផ្លូវធ្លា នឹងកំផែងផង លុះក្រោយពី៦២អាទិត្យនោះទៅ នោះអ្នកដែលបានចាក់ប្រេងតាំងឡើង នឹងត្រូវផ្តាច់ចេញវិញ ឥតមានទាក់ទងនឹងអ្វីឡើយ រួចបណ្តាទ័ពរបស់ចៅហ្វាយ១ដែលនឹងមក គេនឹងបំផ្លាញទីក្រុង នឹងទីបរិសុទ្ធបង់ ឯចុងបំផុតនៃការនោះនឹងបានដូចជាជំនន់ទឹក ក៏នឹងមានចំបាំងដរាបដល់ចុង ហើយបានសំរេចឲ្យមានការលាញបំផ្លាញដែរ ចៅហ្វាយនោះនឹងតាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាង១អាទិត្យ តែដល់ពាក់កណ្តាលអាទិត្យនោះ នឹងធ្វើឲ្យការថ្វាយយញ្ញបូជា នឹងដង្វាយឈប់ទៅ ហើយនៅក្នុងព្រះវិហារ នឹងមានធ្វើការគួរស្អប់ខ្ពើមដែលនឹងបង្ខូចបំផ្លាញ ក៏នឹងមានសេចក្ដីក្រោធចាក់ទៅលើទីខូចបង់នោះ ដរាបដល់ចុងបំផុត ជាវេលាដែលបានកំណត់ទុកហើយ។