ទុតិយកថា 13:6-18
ទុតិយកថា 13:6-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើបងប្អូនពោះមួយរបស់អ្នក កូនប្រុសរបស់ឪពុកអ្នក កូនប្រុសរបស់ម្ដាយអ្នក ឬកូនប្រុសកូនស្រីរបស់អ្នកផ្ទាល់ ឬប្រពន្ធជាទីស្រឡាញ់របស់អ្នក ឬមិត្តសម្លាញ់ចិត្តមួយថ្លើមមួយនឹងអ្នក បានបបួលអ្នកដោយស្ងាត់ៗថា "តោះយើង ទៅគោរពប្រតិបត្តិដល់ព្រះដទៃទៀតវិញ" ជាព្រះដែលអ្នក ឬដូនតារបស់អ្នកមិនដែលស្គាល់ គឺក្នុងអស់ទាំងព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញអ្នក ទោះជិត ឬឆ្ងាយពីអ្នកក្តី ចាប់តាំងពីចុងផែនដីម្ខាង ដល់ចុងផែនដីម្ខាង នោះមិនត្រូវយល់ព្រម ឬស្តាប់តាមអ្នកនោះឡើយ ក៏មិនត្រូវឲ្យភ្នែករបស់អ្នកអាណិត ឬប្រណី ឬបិទបាំងអ្នកនោះឡើយ។ ផ្ទុយទៅវិញ ត្រូវសម្លាប់អ្នកនោះចេញកុំខាន។ អ្នកត្រូវដាក់ដៃលើអ្នកនោះមុនគេ រួចសឹមបណ្ដាជនទាំងអស់គ្នាតាមក្រោយ ដើម្បីប្រហារអ្នកនោះចោល។ ត្រូវចោលសម្លាប់នឹងថ្ម ដ្បិតអ្នកនោះរកទាញឲ្យអ្នកបែរចេញពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គបាននាំអ្នកចេញពីផ្ទះដែលអ្នកធ្វើជាទាសករ នៅស្រុកអេស៊ីព្ទ។ ដូច្នេះ សាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងឮ រួចភ័យខ្លាច ហើយលែងប្រព្រឹត្តសេចក្ដីអាក្រក់បែបនេះ នៅក្នុងចំណោមអ្នករាល់គ្នាទៀត។ ប្រសិនបើអ្នកឮនិយាយពីទីក្រុងណាមួយ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គប្រទានឲ្យអ្នករស់នៅថា មានមនុស្សទមិឡល្មើសខ្លះ បានចេញពីក្នុងចំណោមអ្នករាល់គ្នា ហើយទាញពួកអ្នកក្រុងនោះចេញ ដោយពាក្យថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលអ្នករាល់គ្នាមិនបានស្គាល់ នោះត្រូវស៊ើបសួរ ហើយតាមដានរកឲ្យអស់ពីចិត្ត ហើយបើឃើញពិតប្រាកដថា មានអំពើរគួរស្អប់ខ្ពើមកើតឡើងក្នុងចំណោមអ្នករាល់គ្នាដូច្នោះមែន នោះត្រូវប្រហារពួកអ្នកក្រុងនោះដោយមុខដាវ គឺត្រូវបំផ្លាញចេញឲ្យអស់កុំឲ្យសល់ គឺមនុស្សទាំងអស់នៅក្នុងទីក្រុង ព្រមទាំងរបស់របរទាំងប៉ុន្មាននៅក្នុងទីក្រុងនោះ ហើយទាំងហ្វូងសត្វផង ដោយមុខដាវ។ ត្រូវប្រមូលអស់ទាំងជ័យភណ្ឌនៅទីក្រុងនោះ មកដាក់នៅចំកណ្ដាលទីលានក្រុង ហើយដុតទាំងអស់ ទាំងទីក្រុង និងជ័យភណ្ឌទាំងប៉ុន្មាន ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ។ មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញ នៅក្នុងដៃរបស់អ្នកឡើយ ដើម្បីឲ្យព្រះយេហូវ៉ាបានងាកពីសេចក្ដីក្រោធដ៏សហ័សចេញ ហើយសម្ដែងសេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតអាសូរដល់អ្នកវិញ ព្រមទាំងចម្រើនអ្នកឲ្យច្រើនឡើង ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នក ប្រសិនបើអ្នកស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រព្រឹត្តអ្វីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក»។
ទុតិយកថា 13:6-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើបងប្អូនបង្កើតរបស់អ្នក ឬកូនប្រុស កូនស្រី ឬភរិយាជាទីស្រឡាញ់របស់អ្នក ឬក៏មិត្តភក្ដិដ៏ជិតស្និទ្ធរបស់អ្នក មកបបួលអ្នកដោយស្ងាត់ៗឲ្យទៅថ្វាយបង្គំព្រះដទៃទៀត ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់ គឺព្រះរបស់ជាតិសាសន៍នានាដែលនៅជុំវិញអ្នក ទោះបីនៅជិត ឬឆ្ងាយដាច់ស្រយាលក្ដី កុំយល់ស្របជាមួយគេ កុំស្ដាប់តាមគេឡើយ។ កុំអាណិតអាសូរ ឬត្រាប្រណីជននោះឲ្យសោះ ហើយក៏មិនត្រូវការពារគេដែរ។ ផ្ទុយទៅវិញ ត្រូវតែប្រហារជីវិតជននោះ គឺអ្នកលើកដៃប្រហារមុនគេ បន្ទាប់មក ទើបប្រជាជនប្រហារតាមក្រោយ។ ត្រូវយកដុំថ្មគប់សម្លាប់ជននេះ ព្រោះគេចង់ទាក់ទាញអ្នកឲ្យចេញឆ្ងាយពីព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប គឺស្រុកដែលអ្នកធ្វើជាទាសករ។ ប្រជាជនអ៊ីស្រាអែលទាំងមូលនឹងដឹងរឿងនេះ នាំគ្នាភ័យខ្លាច ហើយលែងប្រព្រឹត្តអំពើដ៏អាក្រក់ដូច្នេះ នៅក្នុងចំណោមអ្នករាល់គ្នា។ ក្នុងបណ្ដាក្រុងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នករស់នៅ ប្រសិនបើអ្នកឮដំណឹងថា មានជនពាលក្នុងចំណោមប្រជាជនរបស់អ្នក នាំគ្នាបបួលអ្នកក្រុងឲ្យទៅថ្វាយបង្គំព្រះដទៃទៀត ជាព្រះដែលអ្នករាល់គ្នាពុំស្គាល់។ ពេលនោះ អ្នកត្រូវស៊ើបសួរ និងតាមដានមើល ព្រមទាំងសាកសួរដំណឹងឲ្យច្បាស់លាស់ថា តើការនោះពិត ឬមិនពិត។ ប្រសិនបើមានភស្ដុតាងថា អំពើដ៏គួរស្អប់ខ្ពើមនោះពិតជាកើតមានក្នុងចំណោមអ្នករាល់គ្នាមែន ត្រូវប្រហារអ្នកក្រុងទាំងនោះដោយមុខដាវ ហើយបំផ្លាញក្រុងនោះថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គឺត្រូវកម្ទេចរបស់របរនៅក្នុងទីក្រុង និងសម្លាប់ហ្វូងសត្វដោយមុខដាវ ឥតទុកអ្វីឲ្យនៅសល់ឡើយ។ ចូរប្រមូលទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងក្រុងនោះ មកដាក់នៅចំកណ្ដាលទីលានក្រុង រួចដុតកម្ទេចក្រុងជាមួយទ្រព្យសម្បត្តិទាំងអស់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ក្រុងនោះនឹងក្លាយទៅជាទីស្មសានរហូតតទៅ ឥតមាននរណាសង់ឡើងវិញឡើយ។ កុំយកអ្វីៗដែលត្រូវបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ឡើយ ដើម្បីឲ្យព្រះអម្ចាស់លែងព្រះពិរោធ។ ព្រះអង្គនឹងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នក ព្រមទាំងប្រទានឲ្យអ្នកកើនចំនួនច្រើនឡើង ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក ដ្បិតអ្នកស្ដាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នក នៅថ្ងៃនេះ ហើយប្រព្រឹត្តអំពើត្រឹមត្រូវដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក»។
ទុតិយកថា 13:6-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើសិនជាបង ឬប្អូនពោះ១នឹងឯង ឬកូនប្រុសកូនស្រីឯង ឬប្រពន្ធ ជាដួងជីវិតរបស់ឯង ឬសំឡាញ់ថ្លើម១នឹងឯង បានបបួលដោយសំងាត់ថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលឯង ឬពួកឰយុកោឯងមិនដែលបានស្គាល់សោះ គឺក្នុងអស់ទាំងព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯង ទោះជិត ឬឆ្ងាយពីឯងក្តី ចាប់តាំងពីចុងផែនដីម្ខាង ដល់ចុងផែនដីម្ខាង នោះមិនត្រូវព្រម ឬស្តាប់តាមអ្នកនោះឡើយ ក៏មិនត្រូវឲ្យភ្នែកឯងអាណិត ឬប្រណី ឬបំពួនទុកដែរ ត្រូវតែឯងសំឡាប់វិញកុំខាន ត្រូវឲ្យឯងដាក់ដៃលើអ្នកនោះជាមុនគេ រួចសឹមបណ្តាជនទាំងអស់គ្នាជាខាងក្រោយ ដើម្បីនឹងសំឡាប់អ្នកនោះចោល ត្រូវឲ្យចោលសំឡាប់នឹងថ្ម ដ្បិតជាអ្នករកទាញឲ្យឯងបែរចេញពីព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក ដូច្នេះសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងឮ រួចកើតមានសេចក្ដីភ័យខ្លាច ហើយលែងប្រព្រឹត្តសេចក្ដីអាក្រក់យ៉ាងនោះនៅក្នុងពួកឯងតទៅ។ បើសិនជាឯងឮនិយាយពីទីក្រុងណាមួយ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានឲ្យឯងនៅ ថា មានមនុស្សទមិលល្មើសខ្លះ បានចេញពីពួកឯង ទៅនាំប្រទាញពួកអ្នកក្រុងនោះ ដោយពាក្យថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលឯងរាល់គ្នាមិនបានស្គាល់សោះ នោះត្រូវស៊ើបសួររកឲ្យអស់ពីចិត្ត បើពិតដូច្នោះមែន ការនោះត្រូវដូចជាបានឮហើយ ថាមានគេបានប្រព្រឹត្តការគួរខ្ពើមនោះ នៅក្នុងពួកឯងជាពិត នោះត្រូវឲ្យកាប់ពួកមនុស្សនៅក្រុងនោះ ដោយមុខដាវជាកុំខាន ទាំងបំផ្លាញគេឲ្យអស់រលីងចេញ ព្រមទាំងរបស់នៅក្នុងទីក្រុងនោះ នឹងហ្វូងសត្វផង ដោយមុខដាវ រួចត្រូវឲ្យប្រមូលអស់ទាំងរបឹបនៅទីក្រុងនោះ មកដាក់នៅនាផ្លូវ ហើយដុតទាំងអស់ចោល ទាំងទីក្រុង នឹងរបឹបទាំងអស់ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ ក៏មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញទាំងនោះ នៅក្នុងដៃឯងដែរ ដើម្បីឲ្យព្រះយេហូវ៉ាបានបាត់សេចក្ដីខ្ញាល់ដ៏ក្តៅក្រហាយចេញ បែរមកមានសេចក្ដីមេត្តាករុណា នឹងសេចក្ដីអាណិតអាសូរដល់ឯងវិញ ព្រមទាំងចំរើនឯងឲ្យច្រើនឡើង ដូចជាទ្រង់ស្បថនឹងពួកឰយុកោឯងផង ដោយឯងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងកាន់តាមអស់ទាំងបញ្ញត្តទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ឲ្យឯងបានប្រព្រឹត្តចំពោះសេចក្ដីណាដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង។