ទុតិយកថា 21:1-21

ទុតិយកថា 21:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ប្រសិន‌បើ​ឃើញ​មាន​មនុស្ស​ដែល​គេ​សម្លាប់ ដេក​ស្លាប់​នៅ​ទី​វាល ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​កាន់​កាប់ ហើយ​មិន​ដឹងថា​អ្នក​ណា​បាន​សម្លាប់ នោះ​ពួក​ចាស់‌ទុំ និង​ពួក​ចៅ‌ក្រម​របស់​អ្នក ត្រូវ​ចេញ​ទៅ​វាស់​ចម្ងាយ​ទៅ​កាន់​ទី​ក្រុង​នានា ដែល​នៅ​ជុំ‌វិញ​សាក​សព​នោះ។ ទី​ក្រុង​ណា​ដែល​ឃើញ​ថា នៅ​ជិត​ខ្មោច​នោះ​ជាង​គេ ពួក​ចាស់‌ទុំ​របស់​ក្រុង​នោះ ត្រូវ​យក​គោ​ស្ទាវ​មួយ ដែល​មិន​ទាន់​ប្រើ​ការ ឬ​ទឹម​នៅ​ឡើយ ដឹក​ចុះ​ទៅ​ក្នុង​ជ្រោះ​ដែល​មាន​ទឹក​ហូរ ជា​កន្លែង​មិន​ដែល​ភ្ជួរ‌រាស់ ឬ​សាប‌ព្រោះ ហើយ​ត្រូវ​បំបាក់​ក​គោ​នោះ​នៅ​ក្នុង​ជ្រោះ។ បន្ទាប់​មក ពួក​សង្ឃ ជា​កូន​ចៅ​លេវី ត្រូវ​ចូល​ទៅ​ជិត ដ្បិត​គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​ឲ្យ​បម្រើ​ព្រះ‌អង្គ និង​ឲ្យ​ពរ​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​ការ​ទាស់‌ទែង​គ្នា និង​ការ​វាយ​តប់​គ្នា​ទាំង​ប៉ុន្មាន នោះ​ស្រេច​នឹង​អ្នក​ទាំង​នោះ​អារ​កាត់​ចុះ។ ពួក​ចាស់‌ទុំ​ទាំង​អស់​របស់​ទី​ក្រុង​ណា​មួយ​ដែល​ជិត​ខ្មោច​នោះ​ជាង​គេ ត្រូវ​លាង​ដៃ​ពី​លើ​គោ​ស្ទាវ ដែល​បាន​បំបាក់​ក​នៅ​ក្នុង​ជ្រោះ​នោះ ហើយ​ពួក​លោក​ត្រូវ​ធ្វើ​បន្ទាល់​ថា "ដៃ​របស់​យើង​ខ្ញុំ​មិន​បាន​កម្ចាយ​ឈាម​នេះ​ទេ ហើយ​ភ្នែក​របស់​យើង​ខ្ញុំ​ក៏​មិន​បាន​ឃើញ​ដែរ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​លើក​លែង​ទោស​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែលព្រះ‌អង្គ​បាន​ប្រោស​លោះ​ផង។ សូម​កុំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស បាន​នៅ​ជាប់​កណ្ដាល​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គឡើយ"។ នោះ​ទោស​នៃ​ការ​កម្ចាយ​ឈាម​នឹង​បាន​លើក​លែង​ឲ្យ។ ដូច្នេះ អ្នក​នឹង​បំបាត់​ទោស​នៃ​ការ​កម្ចាយ​ឈាម​មនុស្ស​ស្លូត​ត្រង់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា ពេល​អ្នក​ធ្វើ​ការ​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា»។ «ពេល​ណា​អ្នក​ចេញ​ទៅ​ច្បាំងនឹង​ខ្មាំង‌សត្រូវ ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​ចាប់​ពួក‌គេ​មក​ជា​ឈ្លើយ រួច​បើ​អ្នក​ឃើញ​ស្រ្ដី​ម្នាក់​មាន​រូប​ស្អាត ក្នុង​ចំណោម​ពួក​ឈ្លើយ​នោះ ហើយ​អ្នក​មាន​ចិត្ត​ចង់​យក​នាង​ជា​ប្រពន្ធ នោះ​ត្រូវ​នាំ​នាង​ទៅ​ផ្ទះ​របស់​អ្នក រួច​ឲ្យ​នាង​កោរ​សក់ ហើយ​កាត់​ក្រចក។ នាង​ត្រូវ​ដោះ​អាវ​ដែល​ពាក់​កាល​ពី​ចាប់​បាន​នោះ​ចេញ រួច​ត្រូវ​ឲ្យ​នាង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​យំ​សោក​នឹង​ឪពុក​ម្តាយ​របស់នាង រយៈ​ពេល​ពេញ​មួយ​ខែ។ បន្ទាប់​មក អ្នក​អាច​ចូល​ទៅ​ជិត​នាង ធ្វើ​ជា​ប្ដី​របស់​នាង ហើយ​នាង​នឹង​ក្លាយ​ជា​ប្រពន្ធ​របស់​អ្នក។ ប៉ុន្ដែ បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​នាង ត្រូវ​ឲ្យ​នាង​ចេញ​ទៅ​ដោយ​សេរី​ចុះ មិន​ត្រូវ​លក់​នាង ឬ​ប្រព្រឹត្ត​នឹង​នាង​ទុក​ដូច​ជា​បាវ​បម្រើ​ឡើយ ដ្បិត​អ្នក​បាន​បន្ទាប​នាង​រួច​ទៅ​ហើយ»។ «ប្រសិន‌បើ​បុរស​ម្នាក់​មាន​ប្រពន្ធ​ពីរ តែ​គាត់​ស្រឡាញ់​មួយ ហើយ​មិន​ស្រឡាញ់​មួយ ឯ​នាង​ទាំង​ពីរ ទាំង​នាង​ដែល​គាត់​ស្រឡាញ់ ទាំង​នាង​ដែល​គាត់​មិន​ស្រឡាញ់​បាន​បង្កើត​កូន​ឲ្យគាត់​ដូច​គ្នា តែ​កូន​ច្បង ជា​កូន​របស់​នាង​ដែល​គាត់​មិន​ស្រឡាញ់ ដូច្នេះ នៅ​ថ្ងៃ​ណា​ដែល​គាត់​ត្រូវ​ចែក​មត៌ក​ដល់​កូន គាត់​មិន​ត្រូវ​លើក​កូន​របស់​ប្រពន្ធ​ដែល​គាត់​ស្រឡាញ់​ទុក​ជា​កូន​ច្បង ជំនួស​ឲ្យ​កូន​ច្បង​ពិតរបស់​ប្រពន្ធដែល​គាត់​មិន​ស្រឡាញ់​នោះ​ឡើយ គឺ​គាត់​ត្រូវ​តែ​ទទួល​ស្គាល់​កូន​ច្បង​របស់​ប្រពន្ធ​ដែល​គាត់​មិន​ស្រឡាញ់ ដោយ​ចែក​ទ្រព្យ​សម្បត្តិ​ដល់​កូន​នោះ​មួយ​ជាពីរ ដ្បិត​កូន​នោះ​ផល​ដំបូង​នៃ​កម្លាំង​របស់​គាត់ ហើយ​សិទ្ធិ​របស់​កូន​ច្បងជា​របស់​កូន​នោះឯង»។ «បើ​អ្នក​ណា​មាន​កូន​ដែល​រឹង‌រូស ហើយ​បះបោរ មិន​ស្តាប់​បង្គាប់​ពាក្យ​របស់​ឪពុក​ម្តាយ​សោះ ហើយ​ទោះ​បើ​ឪពុក​ម្តាយ​វាយ​ស្តី​ប្រដៅ ក៏​វា​នៅ​តែ​មិន​ព្រម​ស្ដាប់ នោះ​ឪពុក​ម្តាយ​ត្រូវ​នាំ​យក​ទៅជួប​ពួក​ចាស់‌ទុំ​របស់​ទី​ក្រុង​នោះ នៅ​ត្រង់​ទ្វារ​ក្រុង​របស់​ខ្លួន​រស់​នៅ រួច​ត្រូវ​ជម្រាប​ពួក​ចាស់‌ទុំ​របស់​ក្រុង​នោះ​ថា "កូន​យើង​ខ្ញុំ​នេះ​វា​រឹង‌រូស ហើយ​បះបោរ មិន​ព្រម​ស្តាប់​បង្គាប់​យើង​ខ្ញុំ​ទេ។ វា​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក"។ នោះ​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​នោះ ត្រូវ​ចោល​សម្លាប់​កូននោះ​នឹង​ថ្ម​ទៅ។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ៊ីស្រា‌អែល​ទាំង​អស់​នឹង​ឮ ហើយ​ភ័យ​ខ្លាច»។

ចែក​រំលែក
អាន ទុតិយកថា 21

ទុតិយកថា 21:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«នៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កម្មសិទ្ធិ ប្រសិន​បើ​គេ​ប្រទះ​ឃើញ​សាក‌សព​នរណា​ម្នាក់​នៅ​តាម​ចម្ការ ហើយ​គេ​មិន​ដឹង​មុខ​ឃាតក​ទេ ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​ចៅ‌ក្រម ត្រូវ​វាស់​ចម្ងាយ​ពី​កន្លែង​សាក‌សព​នោះ ទៅ​ក្រុង​នានា​ដែល​នៅ​ជុំ‌វិញ។ កាល​ដឹង​ថា ក្រុង​ណា​មួយ​នៅ​ជិត​សាក‌សព​ជាង​គេ ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ក្រុង​នោះ​ត្រូវ​យក​គោ​ញី​ស្ទាវ​មួយ​មក គឺ​គោ​ដែល​គេ​ពុំ​ធ្លាប់​ទឹម ឬ​ប្រើ​ឲ្យ​ធ្វើ​ការ​នៅ​ឡើយ។ ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង​ត្រូវ​នាំ​គោ​ញី​ស្ទាវ​នោះ​ចុះ​ទៅ​កាន់​ជ្រោះ​មួយ ដែល​មាន​ទឹក​ហូរ​មិន​ចេះ​រីង ហើយ​ជា​កន្លែង​គ្មាន​នរណា​សាប​ព្រោះ ឬ​ដាំ​ដំណាំ​ទេ។ គេ​ត្រូវ​វាយ​បំបាក់​ក​គោ​ញី នៅ​ក្នុង​ជ្រោះ។ ពេល​នោះ ពួក​បូជា‌ចារ្យ*​ពី​កុល‌សម្ព័ន្ធ*​លេវី​នាំ​គ្នា​ចូល​មក - ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​ពួក​បូជា‌ចារ្យ​ឲ្យ​នៅ​បម្រើ​ព្រះអង្គ និង​ឲ្យ​ពរ​ប្រជា‌ជន ក្នុង​ព្រះ‌នាម​ព្រះអង្គ។ ពេល​ប្រជា‌ជន​មាន​ជម្លោះ ឬ​វាយ​តប់​គ្នា​រហូត​ដល់​របួស ក៏​ពួក​បូជា‌ចារ្យ​មាន​មុខងារ​អារ​កាត់​រឿងរ៉ាវ​របស់​ពួក​គេ​ដែរ។ ព្រឹទ្ធា‌ចារ្យ​របស់​ក្រុង​ដែល​នៅ​ជិត​សាក‌សព ត្រូវ​នាំ​គ្នា​លាង​ដៃ​ពី​លើ​គោ​ញី ដែល​គេ​វាយ​បំបាក់​ក​នៅ​ក្នុង​ជ្រោះ ទាំង​ប្រកាស​ថា “យើង​ខ្ញុំ​ពុំ​បាន​ធ្វើ​ឃាត​ជន​រង​គ្រោះ​នេះ​ទេ ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃើញ​នរណា​ធ្វើ​ឃាត​គេ​ដែរ។ ព្រះ‌អម្ចាស់​អើយ សូម​លើក‌លែង​ទោស​អ៊ីស្រា‌អែល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ឲ្យ​រួច​ពី​បាប​ផង។ សូម​កុំ​ឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​បាន​រំដោះ ត្រូវ​ទទួល​ទោស ព្រោះ​ឃាត‌កម្ម​ទៅ​លើ​ជន​ស្លូត​ត្រង់​នេះ​ឡើយ”។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គ្មាន​ទោស ព្រោះ​តែ​ឃាត‌កម្ម​នេះ​ទេ។ រីឯ​អ្នក​វិញ ត្រូវ​លុប​បំបាត់​ការ​សម្លាប់​ជន​ស្លូត​ត្រង់​ឲ្យ​អស់​ពី​ចំណោម​អ្នក ហើយ​ប្រព្រឹត្ត​តែ​អំពើ​ត្រឹម​ត្រូវ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់»។ «ពេល​ណា​អ្នក​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ ប្រសិន​បើ​ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​ចាប់​ពួក​គេ​មក​ជា​ឈ្លើយ ក្នុង​ចំណោម​ស្ត្រីៗ​ដែល​អ្នក​ចាប់​មក​ជា​ឈ្លើយ អ្នក​ប្រហែល​ជា​ឃើញ​ស្ត្រី​ម្នាក់​មាន​រូប​ឆោម​ស្អាត ហើយ​អ្នក​ចាប់​ចិត្ត​ស្រឡាញ់ ចង់​បាន​នាង​មក​ធ្វើ​ជា​ភរិយា ត្រូវ​យក​នាង​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ឲ្យ​នាង​កោរ​សក់ និង​កាត់​ក្រចក​ដៃ ក្រចក​ជើង នាង​ត្រូវ​ប្ដូរ​សម្លៀក‌បំពាក់ ដែល​នាង​ស្លៀក នៅ​ពេល​គេ​ចាប់​នាង​មក​ជា​ឈ្លើយ​សឹក​ចេញ នាង​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​យំ​កាន់​ទុក្ខ​ឪពុក‌ម្ដាយ​របស់​ខ្លួន អស់​រយៈ​ពេល​មួយ​ខែ។ បន្ទាប់​មក អ្នក​អាច​ចូល​ទៅ​ជិត​នាង រៀបការ​ជា​មួយ​នាង ហើយ​នាង​នឹង​ទៅ​ជា​ភរិយា​របស់​អ្នក។ ក្រោយ​មក ប្រសិន​បើ​អ្នក​លែង​ពេញ​ចិត្ត​នឹង​នាង​ទៀត​ហើយ នោះ​ត្រូវ​ដោះលែង​នាង​ឲ្យ​មាន​សេរីភាព​ចុះ អ្នក​មិន​អាច​លក់​នាង ឬ​ទុក​នាង​ជា​ខ្ញុំ​បម្រើ​ទេ ព្រោះ​អ្នក​បាន​រួម​រស់​ជា​មួយ​នាង​រួច​ស្រេច​ទៅ​ហើយ»។ «ប្រសិន​បើ​បុរស​ម្នាក់​មាន​ភរិយា​ពីរ គាត់​ស្រឡាញ់​ភរិយា​មួយ​ខ្លាំង​ជាង​ភរិយា​មួយ​ទៀត ហើយ​នាង​ទាំង​ពីរ​មាន​កូន​ប្រុស​ដូច​គ្នា តែ​កូន​ច្បង​ជា​កូន​របស់​នាង​ដែល​គាត់​មិន​សូវ​ស្រឡាញ់។ នៅ​ពេល​ចែក​កេរ‌មត៌ក​ឲ្យ​កូន គាត់​មិន​អាច​យក​ចំណែក​មត៌ក​ដែល​ត្រូវ​បាន​ទៅ​កូន​ច្បង ឲ្យ​កូន​ប្រុស​របស់​ភរិយា ដែល​គាត់​ស្រឡាញ់​ជាង​នោះ​ឡើយ ចំណែក​នេះ​ត្រូវ​តែ​បាន​ទៅ​លើ​កូន​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ព្រោះ​គេ​ជា​កូន​ច្បង។ គាត់​ត្រូវ​តែ​ទទួល​ស្គាល់​ថា កូន​ច្បង គឺ​កូន​ប្រុស​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ហើយ​ប្រគល់​ចំណែក​មត៌ក​ឲ្យ​កូន​នោះ​ពីរ​ដង​ច្រើន​ជាង​កូន​ឯ​ទៀតៗ ដ្បិត​កូន​នេះ​ជា​ផល​ដំបូង​នៃ​កម្លាំង​របស់​គាត់ ដូច្នេះ គេ​ទទួល​ឯក‌សិទ្ធិ​ជា​កូន​ច្បង»។ «ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​រឹង‌រូស​បះ‌បោរ មិន​ស្ដាប់​បង្គាប់​ឪពុក‌ម្ដាយ ទោះ​បី​ឪពុក‌ម្ដាយ​វាយ​ប្រដៅ ក៏​វា​នៅ​តែ​មិន​ស្ដាប់​បង្គាប់​ដដែល ឪពុក‌ម្ដាយ​ត្រូវ​ចាប់​វា​នាំ​ទៅ​ជួប​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ទីក្រុង នៅ​កន្លែង​ដែល​គេ​កាត់​ក្ដី។ ឪពុក‌ម្ដាយ​ពោល​ទៅ​កាន់​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង​ថា “កូន​ប្រុស​របស់​យើង​ខ្ញុំ​នេះ​ជា​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ​មិន​ស្ដាប់​បង្គាប់​យើង​ខ្ញុំ​ទេ។ វា​ជា​មនុស្ស​ខិល‌ខូចជា​មនុស្ស​ប្រមឹក”។ ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​កូន​នោះ។ ធ្វើ​ដូច្នេះ អ្នក​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​រឿង​នេះ ហើយ​គេ​នឹង​ភ័យ​ខ្លាច»។

ចែក​រំលែក
អាន ទុតិយកថា 21

ទុតិយកថា 21:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ‌សិន​ជា​ឃើញ​មាន​ខ្មោច​ចង្គ្រាង នៅ​ទី​វាល ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក ហើយ​គ្មាន​អ្នក​ណា​ដឹង​ជា​អ្នក​ណា​បាន​សំឡាប់​ឡើយ នោះ​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ នឹង​ពួក​ចៅ‌ក្រម​របស់​ឯង ចេញ​ទៅ​វាស់ ចាប់​ពី​ខ្មោច​នោះ ទៅ​ដល់​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ រួច​ទី​ក្រុង​ណា​ដែល​ឃើញ​ថា នៅ​ជិត​ខ្មោច​នោះ​ជា​ជាង​គេ ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​យក​គោ​ស្ទាវ​១ ដែល​មិន​ទាន់​ប្រើ​ការ ឬ​ទឹម​នៅ​ឡើយ ដឹក​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ​មួយ​ដែល​មាន​ទឹក​ហូរ ជា​កន្លែង​មិន​ដែល​ភ្ជួរ‌រាស់ ឬ​សាប‌ព្រោះ​ឡើយ ហើយ​ត្រូវ​បំបាក់​ក​គោ​នៅ​ត្រង់​ច្រក​នោះ​ទៅ រួច​ពួក​លេវី​ដ៏​ជា​សង្ឃ​ត្រូវ​ចូល​ទៅ​ជិត ដ្បិត​គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​សំរាប់​នឹង​បំរើ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​ការ​ទាស់‌ទែង​គ្នា នឹង​របួស​ទាំង​ប៉ុន្មាន នោះ​ស្រេច​នៅ​អ្នក​ទាំង​នោះ​កាត់​ឲ្យ​ចុះ នោះ​ពួក​ចាស់‌ទុំ​គ្រប់​គ្នា​របស់​ទី​ក្រុង​ណា​មួយ​ដែល​ជិត​ខ្មោច​នោះ​ជា​ជាង​គេ ត្រូវ​លាង​ដៃ​ពី​លើ​គោ​ស្ទាវ​ដែល​បាន​បំបាក់​ក​នៅ​ក្នុង​ច្រក​នោះ ហើយ​ត្រូវ​ថា ដៃ​យើង​ខ្ញុំ​រាល់​គ្នា​មិន​បាន​កំចាយ​ឈាម​នេះ​ទេ ហើយ​ភ្នែក​យើង​ខ្ញុំ​ក៏​មិន​បាន​ឃើញ​ដែរ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អត់​ទោស​ដល់​អ៊ីស្រាអែល​ជា​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​បាន​លោះ​ផង សូម​កុំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស បាន​នៅ​ជាប់​កណ្តាល​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​ទ្រង់​ឡើយ យ៉ាង​នោះ​ទោស​ពី​ការ​កំចាយ​ឈាម​នឹង​បាន​អត់​ឲ្យ​ហើយ ដូច្នេះ​ឯង​នឹង​បាន​បំបាត់​ការ​កំចាយ​ឈាម ដែល​ឥត​មាន​ទោស ពី​ពួក​ឯង​ចេញ ដោយ​ធ្វើ​ការ​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។ បើ​កាល​ណា​ឯង​ចេញ​ទៅ​ច្បាំង នឹង​ពួក​ខ្មាំង​សត្រូវ ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង ឯង​ក៏​បាន​ចាប់​គេ​នាំ​ទៅ​ជា​ឈ្លើយ​ហើយ រួច​ឃើញ​មាន​ស្រី​ណា​មាន​រូប​ស្រស់​ល្អ​នៅ​ក្នុង​ពួក​ឈ្លើយ​នោះ ហើយ​ឯង​មាន​ចិត្ត​ប្រតិព័ទ្ធ ចង់​យក​ធ្វើ​ជា​ប្រពន្ធ នោះ​ត្រូវ​នាំ​នាង​ទៅ​ឯ​ផ្ទះ​ឯង ឲ្យ​នាង​កោរ​សក់ ហើយ​កាត់​ក្រចក ព្រម​ទាំង​ដោះ​អាវ​ដែល​ពាក់​ពី​កាល​ចាប់​បាន​នោះ​ចេញ រួច​ត្រូវ​ឲ្យ​នាង​នៅ​ក្នុង​ផ្ទះ​ឯង ដោយ​យំ​សោក​នឹង​ឪពុក​ម្តាយ​អស់​១​ខែ​គត់ ក្រោយ​នោះ​មក សឹម​ឯង​ចូល​ទៅ​ឯ​នាង យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ចុះ លុះ​ក្រោយ​ទៅ បើ​មិន​ចូល​ចិត្ត​នឹង​នាង​វិញ នោះ​ត្រូវ​បើក​ឲ្យ​ទៅ​តាម​តែ​ចិត្ត មិន​ត្រូវ​លក់​នាង ឬ​ប្រព្រឹត្ត​នឹង​នាង​ទុក​ដូច​ជា​បាវ​បំរើ​ឡើយ ដ្បិត​ឯង​បាន​បន្ទាប​នាង​ហើយ។ បើ‌សិន​ជា​មាន​អ្នក​ណា​មាន​ប្រពន្ធ​២ មួយ​ជា​ទី​ស្រឡាញ់ ហើយ​មួយ​ស្អប់​វិញ តែ​ទាំង​២​បាន​បង្កើត​កូន​ដោយ‌សារ​អ្នក​នោះ ហើយ​កូន​ច្បង​បង្អស់​ជា​កូន​របស់​នាង​ដែល​ស្អប់ ដូច្នោះ​នៅ​ថ្ងៃ​ណា​ដែល​ចែក​មរដក​ដល់​កូន នោះ​មិន​ត្រូវ​ឲ្យ​លើក​កូន​របស់​នាង​ដែល​ជា​ទី​ស្រឡាញ់ ទុក​ជា​កូន​ច្បង​ជំនួស​កូន​នាង ១​ជា​ទី​ស្អប់ ដែល​ជា​កូន​ច្បង​ពិត​មែន​នោះ​ឡើយ គឺ​ត្រូវ​ទទួល​រាប់​កូន​របស់​នាង​ដែល​ខ្លួន​ស្អប់​នោះ ទុក​ជា​កូន​ច្បង​ពិត ដោយ​ចែក​ទ្រព្យ​សម្បត្តិ​ដល់​វា ឲ្យ​លើស​១​ជា​២ ដ្បិត​កូន​នោះ​ជា​កូន​ដំបូង​របស់​ខ្លួន អំណាច​ច្បាប់​របស់​កូន​ច្បង​ត្រូវ​បាន​ជា​របស់​ផង​វា។ បើ​អ្នក​ណា​មាន​កូន​ដែល​ចចេស​រឹង‌រូស មិន​ព្រម​ចុះ​ចូល​ស្តាប់​តាម​បង្គាប់​ឪពុក​ម្តាយ​សោះ ហើយ​ទោះ​បើ​ឪពុក​ម្តាយ​វាយ​ស្តី​ប្រដៅ គង់​តែ​វា​មិន​ចេះ​រាង‌ចាល​ដែរ នោះ​ត្រូវ​ឲ្យ​ឪពុក​ម្តាយ​នាំ​យក​ទៅ ឯ​ពួក​ចាស់‌ទុំ​នៃ​ទី​ក្រុង​នោះ នៅ​ត្រង់​ទ្វារ​ក្រុង​របស់​គេ រួច​ត្រូវ​ជំរាប​ដល់​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​ថា កូន​យើង​ខ្ញុំ​នេះ​វា​ចចេស ហើយ​រឹង‌រូស មិន​ព្រម​ស្តាប់​បង្គាប់​យើង​ខ្ញុំ​សោះ វា​ក៏​ល្មោភ​ស៊ី​ផឹក ហើយ​ស្រវឹង​ខួប​ផង នោះ​ត្រូវ​ឲ្យ​បណ្តា​មនុស្ស​នៅ​ទី​ក្រុង​នោះ​ទាំង​ប៉ុន្មាន ចោល​សំឡាប់​វា​នឹង​ថ្ម​ទៅ យ៉ាង​នោះ​ឯង​រាល់​គ្នា​នឹង​បំបាត់​ការ​អាក្រក់ ពី​ពួក​ឯង​ចេញ រួច​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នឹង​បាន​ឮ ហើយ​នឹង​មាន​សេចក្ដី​កោត‌ខ្លាច​ផង។

ចែក​រំលែក
អាន ទុតិយកថា 21