ទុតិយកថា 22:1-21

ទុតិយកថា 22:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ប្រសិន‌បើ​អ្នក​ឃើញ​គោ ឬ​ចៀម​បង​ប្អូន​របស់​អ្នក​វង្វេង នោះ​មិន​ត្រូវ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​នោះ​ឡើយ ត្រូវ‌នាំ​វា​ទៅឲ្យ​ម្ចាស់​វិញ​កុំ​ខាន។ ប្រសិន‌បើ​បង​ប្អូន​នោះ​នៅ​ឆ្ងាយ​ពី​អ្នក ឬអ្នក​មិន​ស្គាល់​ម្ចាស់ ត្រូវ‌នាំ​សត្វ​នោះ​ទៅ​ផ្ទះ​របស់​អ្នក ហើយ​ទុក​វា​នៅ​ជា‌មួយ​អ្នក រហូត​ដល់​ម្ចាស់​រក​ឃើញ រួច​ត្រូវ​ប្រគល់​វា​ឲ្យ​គេ​វិញ។ ត្រូវ​ប្រព្រឹត្ត​ដូច្នោះ​ចំពោះ​សត្វ​លា ឬ​សម្លៀក‌បំពាក់ ឬ​ចំពោះ​អ្វីៗ​ទាំង​អស់ ដែល​បង​ប្អូន​របស់​អ្នក​បាន​បាត់ ហើយ​អ្នករក​ឃើញ មិន​ត្រូវ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​នោះ​ឡើយ។ ប្រសិន‌បើ​អ្នក​ឃើញ​លា ឬ​គោ​របស់​បង​ប្អូន​ដែល​ដួល​តាម​ផ្លូវ មិន​ត្រូវ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​នោះ​ឡើយ គឺ​ត្រូវ​ជួយ​គាត់​លើក​សត្វ​នោះឡើង។ ស្ត្រី​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​របស់​បុរស​ឡើយ ហើយ​បុរស​ក៏​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​របស់​ស្ត្រី​ដែរ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ ប្រសិន‌បើ​អ្នក​ប្រទះ​ឃើញ​សម្បុក​សត្វ​ដែល​មាន​កូន ឬ​មាន​ពងនៅ​ក្បែរ​ផ្លូវ ទោះ​នៅ​លើ​ដើម​ឈើ​ណា ឬ​នៅ​លើ​ដី​ក្តី ហើយ​មេ​កំពុង​តែ​ក្រាប​នៅ​លើកូន ឬ​ពី​លើ​ពង នោះ​មិន​ត្រូវ​យកទាំង​មេ ទាំង​កូន​ឡើយ។ ត្រូវ​លែង​មេ​ឲ្យ​ហើរ​ទៅចុះ តែ​កូន​របស់​វា​អ្នកអាច​យក​បាន ដើម្បី​ឲ្យ​អ្នក​បាន​សប្បាយ ហើយ​មាន​អាយុ​យឺន​យូរ។ កាល​ណាអ្នក​សង់​ផ្ទះ​ថ្មី ត្រូវ​ធ្វើ​បង្កាន់‌ដៃ​លើ​ដំបូល ក្រែង​មាន​អ្នក​ណា​ម្នាក់​ធ្លាក់​ពី​លើ​ដំបូល​នោះមក ហើយ​នាំ​ឲ្យអ្នក​មាន​ទោស​ចំពោះ​ឈាម​នៅ​លើ​ផ្ទះ​របស់​អ្នក។ មិន​ត្រូវ​ព្រោះ​ពូជ​ពីរប្រភេទ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​ឡើយ ក្រែង​ផល​ទាំង​អស់​ត្រូវ​ខូច​ខាត គឺ​ទាំង​ផល​ដែល​អ្នក​បាន​ព្រោះ ទាំង​ផល​ទំពាំង​បាយ​ជូរ។ មិន​ត្រូវ​ភ្ជួរ​ដោយ​ទឹម​គោ និង​លាជាមួយ​គ្នា​ឡើយ។ មិន​ត្រូវ​ស្លៀក‌ពាក់​សំពត់​ត្បាញ​លាយ​ដោយ​រោម​ចៀម និង​អំបោះ​ខ្លូត‌ទេស​ជា‌មួយ​គ្នា​ឡើយ។ ត្រូវ​ធ្វើ​រំយោល​ភ្ជាប់​នឹង​ជាយ​ទាំង​បួន​នៃ​ក្រណាត់​ដែល​អ្នក​គ្រប​ដណ្ដប់​ខ្លួន» ។ «ប្រសិន‌បើ​បុរស​ណា​យក​ប្រពន្ធ ហើយ​ចូល​ទៅ​ឯ​នាង រួច​បែរ​ជា​ស្អប់​នាង ហើយ​ចាប់​តាំង​និយាយ​បរិហារ​កេរ្ដិ៍​នាង នាំ​ឲ្យ​នាង​មាន​ឈ្មោះ​អាក្រក់ ដោយ​ពាក្យ​ថា "ខ្ញុំ​បាន​យក​ស្ត្រី​នេះ ហើយ​កាល​ខ្ញុំ​បាន​ចូល​ទៅ​ឯនាង ខ្ញុំ​ឃើញ​ថា នាង​មិន​មែន​ជា​ស្រ្ដីព្រហ្ម​ចារី​ទេ" ពេល​នោះ ឪពុក​ម្តាយ​របស់​នាង ត្រូវ​នាំ​យក​ភស្ដុតាង​ពី​ភាព​ព្រហ្មចារី​របស់​នាង ទៅ​បង្ហាញ​ពួក​ចាស់‌ទុំ​របស់​ទី​ក្រុង នៅ​ត្រង់​ទ្វារ​ក្រុង។ ឪពុក​របស់​នាង​ត្រូវ​ជម្រាប​ពួក​ចាស់‌ទុំ​ថា "ខ្ញុំ​បាន​ឲ្យ​កូន​ស្រី​របស់​ខ្ញុំ​រៀប​ការ​ជា‌មួយ​បុរស​នេះ តែ​គេ​បែរ​ជា​ស្អប់​នាង ហើយ​មើល៍ គេ​បាន​និយាយ​បរិហារ‌កេរ្តិ៍​ពី​នាង​ថា "ខ្ញុំ​ឃើញ​ថា​កូន​ស្រី​របស់​លោក​មិន​មែន​ជា​ស្រ្ដី​ព្រហ្ម​ចារី​ទេ"។ ប៉ុន្ដែ មើលចុះ នេះ​ជា​ភស្ដុតាង​ពី​ភាព​ព្រហ្ម​ចារី​របស់​កូន​ស្រី​ខ្ញុំ"។ ពេលនោះ ឪពុក​ម្ដាយ​ត្រូវ​លា​សំពត់​នោះ​នៅ​មុខ​ចាស់‌ទុំ​របស់​ទី​ក្រុង។ ពេល​នោះ ពួក​ចាស់‌ទុំ​របស់​ក្រុង​នោះ ត្រូវ​ចាប់​បុរស​នោះ​យក​ទៅ​វាយ​ផ្ចាល ហើយ​ត្រូវ​ពិន័យ​អ្នក​នោះ​ជា​ប្រាក់ មួយ​រយ​សេកែល ហើយ​ប្រគល់​ប្រាក់​នោះទៅ​ឪពុក​របស់​នាង ដោយ​ព្រោះ​បាន​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ស្រ្ដី​ព្រហ្មចារី​ម្នាក់​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​នាង​នឹង​នៅ​តែ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​ត​ទៅ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​អស់​មួយ​ជីវិត។ ប៉ុន្ដែ ប្រសិន‌បើ​ការ​នោះ​ពិត​មែន ហើយ​រក​ភស្ដុតាង​ពី​ភាព​ព្រហ្មចារី​របស់​នាង​មិន​បាន នោះ​គេ​ត្រូវ​នាំ​នាង​ចេញទៅ​មាត់​ទ្វារ​ផ្ទះ​ឪពុក​របស់​នាង ហើយ​ត្រូវ​ឲ្យ​មនុស្ស​នៅ​ក្រុង​នោះ​ចោល​សម្លាប់​នឹង​ថ្ម ដ្បិត​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដោយ​បាន​បង្ខូច​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​ឪពុក។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន ទុតិយកថា 22

ទុតិយកថា 22:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ប្រសិន​បើ​អ្នក​ឃើញ​គោ ឬ​ចៀម​របស់​បងប្អូន​អ្នក​វង្វេង កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ តែ​ត្រូវ​នាំ​សត្វ​នោះ​ទៅ​ឲ្យ​ម្ចាស់​វា​វិញ កុំ​បី​អាក់‌ខាន​ឡើយ។ ប្រសិន​បើ​ម្ចាស់​សត្វ​នៅ​ឆ្ងាយ ហើយ​អ្នក​មិន​ស្គាល់​គេ​ទេ ត្រូវ​នាំ​សត្វ​ទៅ​ទុក​នៅ​ផ្ទះ​អ្នក រហូត​ដល់​ម្ចាស់​វា​មក​សុំ​យក​ទៅ​វិញ ពេល​នោះ ត្រូវ​តែ​ប្រគល់​វា​ទៅ​ឲ្យ​គេ​ចុះ។ ចំពោះ​សត្វ​លា សម្លៀក‌បំពាក់ និង​អ្វីៗ​ទាំង​អស់​ដែល​បងប្អូន​អ្នក​បាត់ ក៏​ត្រូវ​ធ្វើ​បែប​នេះ​ដែរ ប្រសិន​បើ​អ្នក​រក​ឃើញ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ។ ប្រសិន​បើ​អ្នក​ឃើញ​លា ឬ​គោ​របស់​បងប្អូន​អ្នក ធ្លាក់​ទៅ​ក្នុង​ស្នាម​ភ្លោះ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ តែ​ត្រូវ​ជួយ​គេ​អូស​សត្វ​នោះ​ឲ្យ​ឡើង​មក​វិញ»។ «ស្ត្រី​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​បុរស​ឡើយ រីឯ​បុរស​ក៏​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​ស្ត្រី​ដែរ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ដែល​ធ្វើ​ដូច្នេះ​ទេ។ ពេល​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ ប្រសិន​បើ​អ្នក​ឃើញ​សំបុក​សត្វ​នៅ​លើ​ដើម​ឈើ ឬ​នៅ​ផ្ទាល់​ដី ហើយ​ឃើញ​កូន​សត្វ ឬ​ពង​សត្វ ដែល​មាន​មេ​វា​កំពុង​តែ​ក្រាប នោះ​មិន​ត្រូវ​យក​ទាំង​មេ​ទាំង​កូន​ឡើយ។ ចូរ​ទុក​ឲ្យ​មេ​វា​ហើរ​ទៅ​ចុះ គឺ​យក​តែ​កូន​របស់​វា​ប៉ុណ្ណោះ​បាន​ហើយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភមង្គល ព្រម​ទាំង​មាន​អាយុ​យឺន‌យូរ។ ប្រសិន​បើ​អ្នក​សង់​ផ្ទះ​ថ្មី ត្រូវ​ធ្វើ​បង្កាន់​ដៃ​ព័ទ្ធ​ជុំ‌វិញ​ដំបូល​ផ្ទះ ក្រែង​លោ​មាន​នរណា​ម្នាក់​ធ្លាក់​ពី​លើ​ដំបូល​បណ្ដាល​ឲ្យ​អ្នក​មាន​ទោស ព្រោះ​តែ​ផ្ទះ​នោះ។ មិន​ត្រូវ​ព្រោះ​ពូជ​អ្វី​ផ្សេង ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​យក​ដំណាំ​ទាំង​អស់​ថ្វាយ​ព្រះ‌ជាម្ចាស់ គឺ​ទាំង​ពូជ​ផ្សេង​ដែល​អ្នក​ព្រោះ ទាំង​ផល​ទំពាំង‌បាយជូរ។ កុំ​ទឹម​គោ និង​លា ឲ្យ​អូស​នង្គ័ល​ជា​មួយ​គ្នា​ឡើយ។ កុំ​ស្លៀក​សម្លៀក‌បំពាក់​ត្បាញ​ដោយ​អំបោះ​រោម​ចៀម និង​អំបោះ​ធ្មៃ លាយ​គ្នា​ឡើយ។ ចូរ​ដេរ​ខ្សែ​រំយោល​ភ្ជាប់​នឹង​ជាយ​ទាំង​បួន​របស់​ក្រណាត់​ដែល​អ្នក​រុំ​ខ្លួន»។ ប្រសិន​បើ​បុរស​ណា​យក​ស្ត្រី​ម្នាក់​មក​ធ្វើ​ជា​ភរិយា ហើយ​រួម​រស់​ជា​មួយ​នាង តែ​ក្រោយ​មក គេ​បែរ​ជា​ឈប់​ស្រឡាញ់​នាង រួច​ចាប់​តាំង​បរិហារ​កេរ្តិ៍​នាង​ថា “ខ្ញុំ​បាន​យក​នាង​នេះ​មក​ធ្វើ​ជា​ភរិយា ខ្ញុំ​បាន​រួម​រស់​ជា​មួយ​នាង ហើយ​ខ្ញុំ​ឃើញ​ថា នាង​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។ ឪពុក‌ម្ដាយ​របស់​នាង​ត្រូវ​យក​ភស្ដុតាង​ពី​ភាព​ព្រហ្មចារី​របស់​នាង ទៅ​បង្ហាញ​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ទីក្រុង នៅ​ត្រង់​កន្លែង​កាត់​ក្ដី។ ឪពុក​របស់​នាង​ត្រូវ​ពោល​ទៅ​កាន់​ពួក​ព្រឹទ្ធា‌ចារ្យ​ថា៖ «ខ្ញុំ​បាន​លើក​កូន​ស្រី​ទៅ​ឲ្យ​បុរស​នោះ​ធ្វើ​ជា​ភរិយា តែ​គេ​លែង​ស្រឡាញ់​នាង គេ​បាន​បរិហារ​កេរ្តិ៍​របស់​នាង ដោយ​ពោល​ថា “ខ្ញុំ​ឃើញ​ថា​កូន​របស់​លោក​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។ ក៏​ប៉ុន្តែ សូម​អស់​លោក​មើល​ចុះ នេះ​ជា​ភស្ដុតាង​ដែល​បញ្ជាក់​ថា កូន​ស្រី​របស់​ខ្ញុំ​ពិត​ជា​ស្ត្រី​ព្រហ្មចារី​មែន!»។ ឪពុក‌ម្ដាយ​ត្រូវ​យក​សំពត់​របស់​នាង​បង្ហាញ​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង។ ពួក​ព្រឹទ្ធា‌ចារ្យ​ត្រូវ​ចាប់​បុរស​នោះ​មក​ផ្ដន្ទា​ទោស ព្រោះ​គេ​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ស្ត្រី​ព្រហ្មចារី​ម្នាក់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​ព្រឹទ្ធា‌ចារ្យ​ត្រូវ​ពិន័យ​អ្នក​នោះ​ឲ្យ​បង់​ប្រាក់​មួយ​រយ​ណែន ទៅ​ឪពុក​របស់​នាង។ រីឯ​នាង​វិញ នាង​នៅ​តែ​ជា​ភរិយា​របស់​អ្នក​នោះ​អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រឿង​នោះ​ជា​ការ​ពិត​មែន គឺ​ប្រសិន​បើ​គេ​រក​បាន​ភស្ដុតាង​ថា នាង​មិន​នៅ​ព្រហ្មចារី​ទេ គេ​ត្រូវ​នាំ​ស្ត្រី​នោះ​ទៅ​មាត់​ទ្វារ​ផ្ទះ​របស់​ឪពុក​នាង ហើយ​អ្នក​ស្រុក​ត្រូវ​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​សម្លាប់​នាង ព្រោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​នៅ​ស្រុក​អ៊ីស្រា‌អែល ដោយ​បង្ខូច​ខ្លួន​នៅ​ពេល​រស់​ក្នុង​ផ្ទះ​របស់​ឪពុក។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។

ចែក​រំលែក
អាន ទុតិយកថា 22

ទុតិយកថា 22:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​ឯង​ឃើញ​គោ ឬ​ចៀម​របស់​បង​ប្អូន​វង្វេង នោះ​មិន​ត្រូវ​ឲ្យ​គេច​ចេញ​ឡើយ ត្រូវ​ឲ្យ​ដឹក‌នាំ​ទៅ​ឯ​ម្ចាស់​វិញ​ជា​កុំ​ខាន បើ​បង​ប្អូន​នោះ​នៅ​ឆ្ងាយ​ពី​ឯង ឬ​ជា​អ្នក​ដែល​ឯង​មិន​ស្គាល់​សោះ នោះ​ត្រូវ​ដឹក‌នាំ​សត្វ​ទៅ​ឯ​ផ្ទះ​ឯង​ទុក ចាំ​ទាល់​តែ​គេ​មក​រក រួច​សឹម​ប្រគល់​ដល់​គេ​វិញ ត្រូវ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នោះ​ចំពោះ​សត្វ​លា នឹង​សំលៀក‌បំពាក់ ហើយ​នឹង​គ្រប់​របស់​ទាំង​អស់​ដែល​បង​ប្អូន​ឯង​បាន​បាត់ ហើយ​ឯង​បាន​ឃើញ​នោះ​ដែរ មិន​ត្រូវ​ឲ្យ​គេច​ចេញ​ឡើយ ឬ​បើ​ឃើញ​លា ឬ​គោ​របស់​បង​ប្អូន​ដែល​ដួល​តាម​ផ្លូវ នោះ​ក៏​មិន​ត្រូវ​ឲ្យ​ឯង​ចេញ​ពី​គេ​ដែរ គឺ​ត្រូវ​តែ​ជួយ​លើក​សត្វ​នោះ​ឡើង​វិញ​ជា​កុំ​ខាន។ រីឯ​ពួក​ស្ត្រី មិន​ត្រូវ​ឲ្យ​គេ​ស្លៀក‌ពាក់​ប្រដាប់​របស់​បុរស​ឡើយ ហើយ​បុរស​ក៏​មិន​ត្រូវ​ស្លៀក‌ពាក់​ប្រដាប់​របស់​ស្ត្រី​ដែរ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ណាស់។ បើ​កាល​ណា​ឯង​ប្រទះ​ឃើញ​សំបុក​សត្វ ដែល​មាន​កូន ឬ​មាន​ពង នៅ​ក្បែរ​ផ្លូវ ទោះ​នៅ​លើ​ដើម​ឈើ​ណា ឬ​នៅ​លើ​ដី​ក្តី ហើយ​មេ​កំពុង​តែ​ក្រាប​នៅ​លើ​កូន ឬ​ពី​លើ​ពង នោះ​មិន​ត្រូវ​ឲ្យ​ឯង​យក​មេ​ជា​មួយ​នឹង​កូន​ផង​ទេ គឺ​ត្រូវ​ឲ្យ​ឯង​លែង​មេ​ទៅ​ជា​កុំ​ខាន ឯ​កូន​នោះ ឯង​នឹង​យក​បាន ដូច្នេះ​ឯង​នឹង​បាន​សប្បាយ ហើយ​បាន​ជីវិត​រស់​នៅ​ជា​យូរ‌អង្វែង​ត​ទៅ។ កាល​ណា​សង់​ផ្ទះ​ថ្មី នោះ​ត្រូវ​ឲ្យ​ធ្វើ​បង្កាន់‌ដៃ​លើ​ដំបូល ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ធ្លាក់​ពី​លើ​នោះ​ទៅ​ក្រោម នឹង​នាំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​គេ​លើ​ផ្ទះ​ឯង​ឡើយ។ មិន​ត្រូវ​ឲ្យ​ព្រោះ​ពូជ​២​យ៉ាង​ខុស​គ្នា​ចំរុះ​ក្នុង​ចំការ​ឯង​ឡើយ ក្រែង​ផល​ទាំង​អស់​ត្រូវ​ខូច​ខាត​ទៅ ព្រម​ទាំង​ពូជ​ដែល​ឯង​បាន​ព្រោះ នឹង​ផល​ចំរើន​នោះ​ផង ក៏​មិន​ត្រូវ​ភ្ជួរ​ដោយ​ទឹម​គោ​ជា​មួយ​នឹង​លា​ដែរ មិន​ត្រូវ​ឲ្យ​ឯង​ស្លៀក‌ពាក់​សំពត់​ត្បាញ​លាយ​ដោយ​រោម​ចៀម នឹង​អំបោះ​ខ្លូត‌ទេស​ជា​មួយ​គ្នា​ឡើយ។ ត្រូវ​ឲ្យ​ឯង​ធ្វើ​រំយោល ភ្ជាប់​ត្រង់​ជាយ​ទាំង​៤​នៃ​សំពត់​ដែល​ឯង​ស្លៀក​ផង។ បើ​អ្នក​ណា​យក​ប្រពន្ធ ហើយ​ចូល​ទៅ​ឯ​នាង រួច​បែរ​ជា​ស្អប់​វិញ ហើយ​ចាប់​តាំង​និយាយ​កេរ​ពី​នាង ព្រម​ទាំង​នាំ​ឲ្យ​នាង​មាន​ឈ្មោះ​អាក្រក់ ដោយ​ពាក្យ​ថា ខ្ញុំ​បាន​យក​ស្ត្រី​នេះ ហើយ​កាល​បាន​ចូល​ទៅ​ឯ​វា នោះ​ឃើញ​ថា​មិន​បរិសុទ្ធ​ទេ នោះ​ត្រូវ​ឲ្យ​ឪពុក​ម្តាយ​នាង នាំ​យក​ទី​សំគាល់​ពី​សេចក្ដី​បរិសុទ្ធ​របស់​នាង ទៅ​ឯ​ពួក​ចាស់‌ទុំ​នៃ​ទី​ក្រុង​ត្រង់​មាត់​ទ្វារ​ក្រុង រួច​ត្រូវ​ឲ្យ​ឪពុក​នាង​ជំរាប​ដល់​ពួក​ចាស់‌ទុំ​ថា ខ្ញុំ​បាន​ឲ្យ​កូន​ខ្ញុំ​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​នេះ តែ​គេ​បែរ​ជា​ស្អប់​វិញ ហើយ​មើល គេ​បាន​និយាយ​បរិហារ‌កេរ​ពី​នាង​ថា មិន​ឃើញ​នាង​បរិសុទ្ធ​ទេ តែ​មើល​មាន​ទី​សំគាល់​នេះ​ពី​សេចក្ដី​បរិសុទ្ធ​របស់​កូន​ខ្ញុំ​ស្រាប់ នោះ​ត្រូវ​លា​សំពត់​នោះ​នៅ​មុខ​ចាស់‌ទុំ​នៃ​ទី​ក្រុង រួច​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ ចាប់​យក​អ្នក​នោះ​ទៅ​វាយ‌ផ្ចាល​ចេញ ហើយ​ត្រូវ​ពិន័យ​លក់​អ្នក​នោះ​១០០​រៀល ឲ្យ​ដល់​ឪពុក​នាង ដោយ​ព្រោះ​បាន​នាំ​បង្ខូច​ឈ្មោះ​នាង​ក្រមុំ​ម្នាក់​នៃ​សាសន៍​អ៊ីស្រាអែល រួច​នាង​នោះ​នឹង​នៅ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​ត​ទៅ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត តែ​បើ​ការ​នោះ​ពិត​មែន ហើយ​រក​ទី​សំគាល់​ពី​សេចក្ដី​បរិសុទ្ធ​របស់​នាង​មិន​បាន នោះ​ត្រូវ​ឲ្យ​គេ​នាំ​នាង​ចេញ​ទៅ​ឯ​មាត់​ទ្វារ​ផ្ទះ​ឪពុក ហើយ​ត្រូវ​ឲ្យ​មនុស្ស​នៅ​ក្រុង​នោះ​ចោល​សំឡាប់​នឹង​ថ្ម​ទៅ ដ្បិត​នាង​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​បារាយ​ក្នុង​ពួក​អ៊ីស្រាអែល ដោយ​បាន​ធ្វើ​ឲ្យ​ខូច​សេចក្ដី​បរិសុទ្ធ កាល​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​ខ្លួន​នៅ​ឡើយ គឺ​យ៉ាង​នោះ​ដែល​ត្រូវ​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ។

ចែក​រំលែក
អាន ទុតិយកថា 22