ទុតិយកថា 26:1-4 - ប្រៀបធៀបគ្រប់កំណែ
ទុតិយកថា 26:1-4 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
«ពេលណាអ្នកចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យជាកេរមត៌ក ពេលណាអ្នកកាន់កាប់ទឹកដី ព្រមទាំងរស់នៅក្នុងស្រុកនោះហើយ ចូរយកផលដំបូងនៃភោគផលទាំងអស់ ដែលកើតពីដីនៅស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ដាក់ក្នុងល្អីមួយ រួចយកទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ។ អ្នកត្រូវទៅជួបបូជាចារ្យដែលបំពេញមុខងារនៅគ្រានោះ ជម្រាបលោកដូចតទៅ: “ថ្ងៃនេះ ខ្ញុំបាទសូមប្រកាស នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់លោកថា ខ្ញុំបាទបានចូលមកដល់ទឹកដី ដែលព្រះអង្គសន្យាជាមួយបុព្វបុរស*របស់យើងថា ប្រគល់ឲ្យយើងខ្ញុំនេះហើយ”។ បូជាចារ្យនឹងទទួលល្អីពីដៃរបស់អ្នក យកទៅតម្កល់នៅមុខអាសនៈព្រះអម្ចាស់ ជាព្រះរបស់អ្នក។
ទុតិយកថា 26:1-4 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
កាលណាឯងបានចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដក រួចបានតាំងទីលំនៅជាស្រេចហើយ នោះត្រូវឲ្យយកផលដំបូងគ្រប់មុខកើតពីដី ដែលឯងនឹងប្រមូលមកពីស្រែចំការ ជាផលដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ រួចដាក់ចុះក្នុងបញ្ជី នាំយកទៅឯកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង នឹងរើសសំរាប់តាំងព្រះនាមទ្រង់ ហើយត្រូវទៅជំរាបសង្ឃដែលមាននៅគ្រានោះថា នៅថ្ងៃនេះខ្ញុំសូមទូលដល់ព្រះយេហូវ៉ាជាព្រះនៃលោកថា ខ្ញុំបានមកដល់ស្រុក ដែលព្រះយេហូវ៉ាទ្រង់បានស្បថនឹងពួកឰយុកោថា នឹងឲ្យមកយើងខ្ញុំហើយ នោះត្រូវឲ្យសង្ឃយកកញ្ជើពីដៃឯង ទៅដាក់នៅមុខអាសនាផងព្រះយេហូវ៉ាជាព្រះនៃឯង
ទុតិយកថា 26:1-4 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
«កាលណាអ្នកបានចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកជាមរតក រួចបានតាំងទីលំនៅក្នុងស្រុកនោះហើយ នោះត្រូវយកផលដំបូងគ្រប់មុខទាំងអស់ ដែលកើតពីដី ដែលអ្នកប្រមូលពីស្រែចម្ការ ជាផលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នក រួចដាក់ក្នុងកញ្ជើមួយ នាំយកទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។ អ្នកត្រូវទៅជួបសង្ឃដែលបំពេញមុខងារនៅគ្រានោះ ហើយជម្រាបលោកថា "នៅថ្ងៃនេះ ខ្ញុំសូមប្រកាសចំពោះព្រះយេហូវ៉ា ជាព្រះរបស់លោកថា ខ្ញុំបានមកដល់ស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់យើងថា នឹងឲ្យមកយើងខ្ញុំហើយ"។ ពេលនោះ សង្ឃត្រូវយកកញ្ជើពីដៃរបស់អ្នក ទៅដាក់នៅមុខអាសនារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។