ទុតិយកថា 4:1-45
ទុតិយកថា 4:1-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ឥឡូវនេះ អ៊ីស្រាអែលអើយ ចូរស្ដាប់ ហើយប្រតិបត្តិតាមច្បាប់ និងវិន័យផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នា។ មិនត្រូវបន្ថែម ឬបន្ថយអ្វី ទៅលើពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ ប៉ុន្តែ ត្រូវធ្វើតាមបទបញ្ជាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បង្គាប់ឲ្យអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា។ អ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ដែលព្រះអម្ចាស់បានធ្វើ នៅគ្រាដែលប្រជាជនប្រព្រឹត្តអំពើបាបជាមួយព្រះបាល-ពេអរ។ ព្រះអម្ចាស់ប្រហារមនុស្សទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ដែលបានចូលរួមថ្វាយបង្គំព្រះបាល-ពេអរ ចំណែកឯអ្នករាល់គ្នាដែលស្មោះត្រង់នឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នានៅរស់រានរហូតមកទល់សព្វថ្ងៃ។ អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមច្បាប់ និងវិន័យផ្សេងៗដល់អ្នករាល់គ្នា ដូចព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បានបង្គាប់មកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមច្បាប់ និងវិន័យទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃ នៅចំពោះមុខជាតិសាសន៍នានា។ ពេលឮអំពីក្រឹត្យវិន័យទាំងប៉ុន្មាន ពួកគេនឹងពោលថា ប្រជាជាតិដ៏ធំនេះពិតជាមានប្រាជ្ញាដ៏ឈ្លាសវៃមែន!។ តើប្រជាជាតិដ៏ធំណាមួយមានព្រះដែលគង់នៅជិតគេ ដូចព្រះអម្ចាស់ជាព្រះនៃយើងគង់នៅជិតយើង គ្រប់ពេលយើងអង្វររកព្រះអង្គ? តើប្រជាជាតិដ៏ធំណាមួយមានច្បាប់ និងវិន័យត្រឹមត្រូវ តាមក្រឹត្យវិន័យទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។ «ហេតុនេះ ចូរប្រយ័ត្ន ហើយប្រុងស្មារតីរៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក ដើម្បីកុំឲ្យភ្លេចហេតុការណ៍ដែលអ្នកបានឃើញផ្ទាល់នឹងភ្នែក ហើយក្រែងលោចិត្តរបស់អ្នកលែងនឹកនាដល់ហេតុការណ៍នោះ។ ចូរប្រាប់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងអំពីហេតុការណ៍នេះដែរ។ ចូរនឹកចាំពីថ្ងៃដែលអ្នកមកគាល់ព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅលើភ្នំហោរែប គឺនៅថ្ងៃព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “ចូរប្រមូលប្រជាជនឲ្យមកជួបនឹងយើង ដ្បិតយើងចង់ឲ្យពួកគេឮព្រះបន្ទូលរបស់យើង ដើម្បីឲ្យពួកគេគោរពកោតខ្លាចយើងអស់មួយជីវិត ដែលពួកគេរស់នៅលើផែនដី ព្រមទាំងឲ្យពួកគេបង្រៀនព្រះបន្ទូលនេះដល់កូនចៅរបស់ខ្លួន”។ អ្នករាល់គ្នាបានចូលទៅជិតភ្នំ ហើយឈរនៅជើងភ្នំ។ ពេលនោះ មានភ្លើងឆាបឆេះភ្នំ អណ្ដាតភ្លើងនេះឡើងទៅដល់អាកាសវេហាស៍ មានភាពងងឹត មានពពក និងអ័ព្ទ។ ព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងនោះមកកាន់អ្នករាល់គ្នា អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ តែអ្នករាល់គ្នាពុំបានឃើញព្រះអង្គមានភិនភាគដូចម្ដេចឡើយ គឺឮតែព្រះសូរសៀងប៉ុណ្ណោះ។ ព្រះអង្គបានបង្ហាញសម្ពន្ធមេត្រីរបស់ព្រះអង្គដល់អ្នករាល់គ្នា គឺព្រះអង្គប្រទានបទបញ្ជាទាំងដប់ប្រការឲ្យអ្នករាល់គ្នាប្រតិបត្តិតាម។ ព្រះអង្គបានចារច្បាប់ និងវិន័យទាំងនោះនៅលើបន្ទះថ្មពីរ។ នៅគ្រានោះ ព្រះអម្ចាស់បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នាអំពីច្បាប់ និងវិន័យ ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់»។ «នៅថ្ងៃព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នាពីក្នុងភ្លើង នៅភ្នំហោរែប អ្នករាល់គ្នាពុំបានឃើញព្រះអង្គមានភិនភាគបែបណាឡើយ ហេតុនេះ តោងប្រយ័ត្នស្មារតី ក្រែងលោអ្នករាល់គ្នាបណ្ដាលឲ្យខ្លួនមានបាប ដោយធ្វើរូបព្រះក្លែងក្លាយជារូបតំណាងព្រះណាមួយ ទោះបីជារូបមនុស្សប្រុសស្រី រូបសត្វនៅលើដី ឬសត្វស្លាបហើរនៅលើមេឃ រូបសត្វលូនវារ ឬរូបត្រីនៅក្នុងទឹក។ ពេលណាអ្នកងើយសម្លឹងទៅលើមេឃឃើញថ្ងៃ លោកខែ និងផ្កាយទាំងឡាយ ព្រមទាំងកញ្ចុំផ្កាយទាំងប៉ុន្មាននៅលើមេឃ មិនត្រូវបណ្ដោយខ្លួនឲ្យក្រាបថ្វាយបង្គំរបស់ទាំងនោះទុកជាព្រះឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបណ្ដោយឲ្យជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ក្រាបថ្វាយបង្គំផ្កាយទាំងនោះ។ ចំណែកឯអ្នករាល់គ្នាវិញ ព្រះអម្ចាស់បាននាំអ្នករាល់គ្នាចេញពីទាសភាពនៅស្រុកអេស៊ីប ដើម្បីឲ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់ព្រះអង្គផ្ទាល់ ដូចសព្វថ្ងៃ។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងខ្ញុំ ព្រោះតែអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដ៏ល្អ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រគល់ឲ្យអ្នក ទុកជាកេរមត៌កឡើយ។ ខ្ញុំនឹងស្លាប់នៅទីនេះ ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ទេ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឆ្លងទៅកាន់កាប់ស្រុកដ៏ល្អនោះ។ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន កុំបំភ្លេចសម្ពន្ធមេត្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានចងជាមួយអ្នកឲ្យសោះ។ កុំធ្វើរូបចម្លាក់ ឬរូបតំណាងអ្វីមួយ ផ្ទុយពីព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានហាមឡើយ ដ្បិតព្រះអម្ចាស់ ព្រះរបស់អ្នក ជាភ្លើងដែលឆេះសន្ធោសន្ធៅ ព្រះអង្គមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងជាដាច់ខាត។ ពេលណាអ្នករស់នៅក្នុងស្រុកនោះជាយូរឆ្នាំ អ្នករាល់គ្នានឹងបង្កើតកូនចៅតៗគ្នា ប្រសិនបើអ្នករាល់គ្នាបណ្ដោយខ្លួន ឲ្យប្រព្រឹត្តអំពើបាប ដោយធ្វើរូបព្រះក្លែងក្លាយ ឬរូបតំណាងអ្វីៗ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ ថ្ងៃនេះ ខ្ញុំយកមេឃ និងដី ធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។ បើអ្នករាល់គ្នាធ្វើដូច្នោះ អ្នករាល់គ្នានឹងវិនាសសូន្យបាត់ពីស្រុក ដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះ ដោយការស្លាប់យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចមានអាយុវែងឡើយ ដ្បិតអ្នករាល់គ្នានឹងវិនាសសូន្យទាំងអស់គ្នា។ ព្រះអម្ចាស់នឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅរស់នៅក្នុងចំណោមជាតិសាសន៍នានា អ្នករាល់គ្នានឹងក្លាយទៅជាជនជាតិភាគតិច ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់នាំអ្នករាល់គ្នាទៅរស់នៅ។ នៅទីនោះ អ្នករាល់គ្នានឹងថ្វាយបង្គំព្រះដែលជាស្នាដៃរបស់មនុស្ស ជាព្រះធ្វើពីឈើ និងពីថ្ម ដែលមិនចេះមើល មិនចេះស្ដាប់ មិនចេះបរិភោគ ហើយក៏មិនដឹងអ្វីទាំងអស់។ នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ប្រសិនបើអ្នកស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីព្រលឹង នោះអ្នកមុខជាឃើញព្រះអង្គមិនខាន។ នៅពេលខាងមុខ កាលហេតុការណ៍ទាំងនេះកើតមាន ហើយអ្នករងទុក្ខលំបាក អ្នកនឹងវិលមករកព្រះអម្ចាស់ជាព្រះរបស់អ្នកវិញ អ្នកនឹងស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនបោះបង់ចោលអ្នកឡើយ ហើយព្រះអង្គក៏មិនបំផ្លាញអ្នកដែរ។ ព្រះអង្គនឹកឃើញសម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់អ្នកជានិច្ច»។ «ចូរសាកសួរមើលចុះ ថាតើនៅជំនាន់ដើម គឺតាំងពីថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្សនៅលើផែនដីនេះ ហើយចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត តើធ្លាប់មានព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ ឬក៏មាននរណាធ្លាប់ឮហេតុការណ៍ដ៏ចម្លែកបែបនេះទេ? តើមានជាតិសាសន៍មួយណាធ្លាប់បានឮព្រះជាម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ? តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដោយធ្វើការអស្ចារ្យ ទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ហើយប្រយុទ្ធជំនួសគេដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើនៅស្រុកអេស៊ីប ឲ្យអ្នកឃើញបែបនេះឬទេ? អ្នកបានឃើញការទាំងនោះ ដើម្បីទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន ក្រៅពីព្រះអង្គគ្មានព្រះណាទៀតឡើយ។ ព្រះអង្គបានឲ្យអ្នកឮព្រះសូរសៀងពីលើមេឃមក ដើម្បីអប់រំអ្នក។ ព្រះអង្គឲ្យអ្នកឃើញភ្លើងដ៏សន្ធោសន្ធៅនៅលើផែនដីនេះ ហើយអ្នកបានឮ ព្រះសូរសៀងរបស់ព្រះអង្គ ពីក្នុងភ្លើងនោះមក។ ព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានជ្រើសរើសពូជពង្សរបស់ពួកគេ នៅជំនាន់ក្រោយ។ ហេតុនេះហើយបានជាព្រះអង្គផ្ទាល់នាំអ្នកចេញពីស្រុកអេស៊ីប ដោយមហិទ្ធិឫទ្ធិរបស់ព្រះអង្គ។ ព្រះអង្គបានបណ្ដេញប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នក ដើម្បីឲ្យអ្នកចូលកាន់កាប់ស្រុករបស់គេ ហើយព្រះអង្គប្រគល់ស្រុកនោះមកឲ្យអ្នកទុកជាកេរមត៌ក ដូចអ្នកឃើញសព្វថ្ងៃនេះស្រាប់។ ដូច្នេះ ចូរទទួលស្គាល់នៅថ្ងៃនេះ ហើយចងចាំថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់ នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាផ្សេងទៀតឡើយ។ អ្នកត្រូវកាន់តាមច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបានប្រគល់ឲ្យអ្នកក្នុងថ្ងៃនេះ ដើម្បីឲ្យអ្នកមានសុភមង្គល គឺទាំងអ្នកទាំងកូនចៅរបស់អ្នក ហើយឲ្យអ្នកមានអាយុយឺនយូរនៅលើទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នករហូតតទៅ»។ ពេលនោះ លោកម៉ូសេបានញែកក្រុងបី នៅខាងកើតទន្លេយ័រដាន់ដោយឡែក ធ្វើជាក្រុងជម្រក សម្រាប់ឲ្យអ្នកដែលសម្លាប់គេដោយអចេតនា រត់មកជ្រកកោន គឺអ្នកដែលបានសម្លាប់គេ ដោយគ្មានចិត្តស្អប់ពីមុន អាចរត់ភៀសខ្លួនមកជ្រកនៅក្នុងក្រុងណាមួយ ក្នុងចំណោមក្រុងទាំងបី ដើម្បីបានរួចជីវិត។ ក្រុងទាំងនោះគឺ: ក្រុងបេស៊ើរ នៅវាលរហោស្ថាននៃខ្ពង់រាបក្នុងទឹកដីរូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាដក្នុងទឹកដីកាដ និងក្រុងកូឡាន នៅស្រុកបាសានក្នុងទឹកដីម៉ាណាសេ។ នេះជាក្រឹត្យវិន័យដែលលោកម៉ូសេបានប្រគល់ឲ្យជនជាតិអ៊ីស្រាអែល។ លោកម៉ូសេបានប្រកាសអំពីដំបូន្មាន ច្បាប់ និងវិន័យប្រាប់ជនជាតិអ៊ីស្រាអែល នៅពេលពួកគេចាកចេញពីស្រុកអេស៊ីប
ទុតិយកថា 4:1-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិ ដែលខ្ញុំបង្រៀនអ្នករាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅកាន់កាប់ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃដូនតារបស់អ្នករាល់គ្នាប្រគល់ឲ្យអ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវបន្ថែមអ្វីមួយ ទៅលើសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យអ្នករាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ ភ្នែករបស់អ្នករាល់គ្នាបានឃើញការដែលព្រះយេហូវ៉ាបានធ្វើ ដោយព្រោះដំណើរព្រះបាល-ពេអរ ដ្បិតអស់អ្នកណាដែលបានតាមព្រះបាល-ពេអរ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានបំផ្លាញគេពីចំណោមអ្នករាល់គ្នាចេញ ចំណែកឯអ្នករាល់គ្នា ដែលបាននៅជាប់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា នោះបានរស់នៅរហូតមកដល់សព្វថ្ងៃ។ មើល៍ ខ្ញុំបានបង្រៀនច្បាប់ និងបញ្ញត្តិដល់អ្នករាល់គ្នា ដូចព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ បានបង្គាប់មកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាត្រូវចូលទៅកាន់កាប់។ អ្នករាល់គ្នាត្រូវកាន់ ហើយប្រព្រឹត្តតាមសេចក្ដីទាំងនេះចុះ ដ្បិតនេះនឹងបានជាប្រាជ្ញា និងជាការយល់ដឹងដល់អ្នករាល់គ្នា នៅចំពោះជាតិសាសន៍នានា ដែលកាលណាគេឮពីបញ្ញត្តិច្បាប់ទាំងប៉ុន្មាននេះ គេនឹងពោលថា "សាសន៍ដ៏ធំនេះពិតជាមនុស្សមានប្រាជ្ញា និងការយល់ដឹងមែន!"។ ដ្បិតតើមានសាសន៍ដ៏ធំណាមួយដែលមានព្រះគង់នៅជិតគេ ដូចព្រះយេហូវ៉ាជាព្រះនៃយើងគង់ជិតយើង គ្រប់ពេលដែលយើងអំពាវនាវរកព្រះអង្គ? ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ និងបញ្ញត្តិត្រឹមត្រូវ ដូចជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលខ្ញុំដាក់នៅមុខអ្នករាល់គ្នានៅថ្ងៃនេះ? ប៉ុន្តែ ចូរប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែករបស់អ្នកបានឃើញ ក្រែងនៅក្នុងជីវិតអ្នក ការទាំងនោះបានឃ្លាតចេញពីចិត្តរបស់អ្នកទៅ។ ចូរប្រាប់ពីការទាំងនោះដល់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងតរៀងទៅ គឺពីថ្ងៃដែលអ្នកបានឈរនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅភ្នំហោរែប ពេលព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរប្រមូលបណ្ដាជនឲ្យមកជួបយើង ដ្បិតយើងនឹងឲ្យគេឮអស់ទាំងពាក្យរបស់យើង ដើម្បីឲ្យគេរៀនកោតខ្លាចយើង នៅគ្រប់មួយជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅរបស់ខ្លួនដែរ"។ អ្នករាល់គ្នាបានចូលមកឈរនៅជិតជើងភ្នំ ឯភ្នំក៏មានភ្លើងឆាបឆេះឡើងដល់ផ្ទៃមេឃ ហើយក៏មានពពកងងឹតសូន្យសុង។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាពីកណ្ដាលភ្លើងនោះ អ្នករាល់គ្នាបានឮព្រះសូរសៀងនៃព្រះបន្ទូល តែមិនឃើញព្រះអង្គមានរូបរាងដូចម្ដេចទេ គឺឮតែសំឡេងប៉ុណ្ណោះ។ ព្រះអង្គប្រកាសប្រាប់អ្នករាល់គ្នាពីសេចក្ដីសញ្ញារបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យវិន័យទាំងដប់ប្រការ ។ ព្រះអង្គបានចារឹកបញ្ញត្តិទាំងនោះនៅលើបន្ទះថ្មពីរផ្ទាំង។ នៅវេលានោះ ព្រះយេហូវ៉ាបានបង្គាប់ខ្ញុំឲ្យបង្រៀនអ្នករាល់គ្នា អស់ទាំងច្បាប់ និងបញ្ញត្តិ ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមនៅក្នុងស្រុក ដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ ដូច្នេះ ចូរប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតអ្នករាល់គ្នាមិនបានឃើញរូបអង្គបែបយ៉ាងណា នៅថ្ងៃដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នា ពីក្នុងភ្លើងនៅភ្នំហោរែបនោះឡើយ ក្រែងអ្នករាល់គ្នាបង្ខូចខ្លួន ដោយឆ្លាក់ធ្វើរូបមានរាងដូចជាអង្គណាមួយ ទោះជាប្រុស ឬស្រីក្តី ឬជារូបសត្វណាដែលនៅលើផែនដី ឬជារូបសត្វស្លាបណាដែលហើរនៅលើអាកាស ឬរូបសត្វណាដែលលូនវាលើដី ឬរូបត្រីណាដែលនៅក្នុងទឹកក្ដី ហើយក្រែងអ្នករាល់គ្នាងើបភ្នែកទៅលើមេឃ ហើយឃើញថ្ងៃ ខែ និងអស់ទាំងផ្កាយ គឺគ្រប់ទាំងអស់នៅលើមេឃ នោះមិនត្រូវបណ្ដោយខ្លួនទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិរបស់ទាំងនោះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានបណ្ដោយឲ្យគ្រប់ទាំងសាសន៍នៅក្រោមមេឃវិញ។ ប៉ុន្ដែ ព្រះយេហូវ៉ាបាននាំយកអ្នករាល់គ្នាចេញពីគុករំលាយដែកនៅស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជាប្រជារាស្ត្រ ជាមត៌ករបស់ព្រះអង្គផ្ទាល់ ដូចជាថ្ងៃនេះ។ ព្រះយេហូវ៉ាខ្ញាល់នឹងខ្ញុំដោយព្រោះអ្នករាល់គ្នា ហើយព្រះអង្គស្បថមិនឲ្យខ្ញុំឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកល្អ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នកទុកជាមត៌កឡើយ។ ដ្បិតខ្ញុំត្រូវស្លាប់នៅស្រុកនេះ ខ្ញុំមិនត្រូវឆ្លងទន្លេយ័រដាន់នេះទៅឡើយ តែអ្នករាល់គ្នានឹងឆ្លងទៅទទួលយកស្រុកល្អនោះវិញ។ ដូច្នេះ ចូរប្រយ័ត្នខ្លួន ក្រែងភ្លេចសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានតាំងជាមួយអ្នក រួចងាកបែរទៅឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានហាមឡើយ។ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាភ្លើងដែលឆេះបន្សុស ជាព្រះដែលប្រច័ណ្ឌ។ កាលណាអ្នកបាននៅស្រុកនោះជាយូរអង្វែង ព្រមទាំងបង្កើតកូនចៅ ហើយបង្ខូចខ្លួនទៅជាឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយ ក៏ប្រព្រឹត្តការអ្វីដែលអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាការដែលធ្វើឲ្យព្រះអង្គខ្ញាល់ នោះខ្ញុំយកស្ថានសួគ៌ និងផែនដីធ្វើបន្ទាល់ទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសអស់ពីស្រុកដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ទៅកាន់កាប់នោះ យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចរស់នៅក្នុងស្រុកនោះយូរអង្វែងឡើយ គឺនឹងត្រូវវិនាសសូន្យទៅ។ ព្រះយេហូវ៉ានឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅក្នុងចំណោមប្រជាជននានា ហើយអ្នករាល់គ្នានឹងនៅសល់គ្នាតិចក្នុងចំណោមជាតិសាសន៍ទាំងឡាយ ដែលព្រះយេហូវ៉ានឹងនាំអ្នករាល់គ្នាទៅនៅនោះ។ នៅទីនោះ អ្នករាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះផ្សេងៗ ដែលធ្វើពីឈើ ឬពីថ្ម ធ្វើដោយដៃមនុស្ស ជារូបដែលមិនចេះមើល មិនចេះស្តាប់ មិនចេះបរិភោគ ឬដឹងក្លិនអ្វីទាំងអស់ ។ ប៉ុន្តែ នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយអ្នកនឹងរកព្រះអង្គឃើញ ប្រសិនបើអ្នកស្វែងរកព្រះអង្គអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក ។ កាលណាអ្នកកើតមានសេចក្ដីវេទនា ហើយគ្រប់ទាំងសេចក្ដីនេះបានកើតឡើងដល់អ្នក នោះនៅគ្រាចុងបំផុត អ្នកនឹងត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ហើយស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ។ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនបំផ្លាញអ្នកដែរ ហើយមិនភ្លេចសេចក្ដីសញ្ញាជាមួយបុព្វបុរសរបស់អ្នក ដែលព្រះអង្គបានស្បថនឹងគេឡើយ។ ចូរសាកសួរពីអស់ទាំងថ្ងៃកន្លងមក គឺតាំងពីមុនអ្នកកើតមក ចាប់តាំងពីថ្ងៃដែលព្រះទ្រង់បានបង្កើតមនុស្សនៅលើផែនដី ចូរសាកសួរពីជើងមេឃម្ខាងទៅជើងមេឃម្ខាង តើដែលមានការដ៏ធំបែបនេះ ឬដែលមានឮនិយាយពីការបែបនេះឬទេ? តើដែលមានសាសន៍ណាឮព្រះសូរសៀងព្រះទ្រង់មានព្រះបន្ទូលពីកណ្ដាលភ្លើងមក ដូចជាអ្នកបានឮ ហើយនៅរស់ឬទេ? ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍មួយសម្រាប់អង្គទ្រង់ ពីកណ្ដាលសាសន៍មួយទៀត ដោយសារការល្បង ដោយទីសម្គាល់ ដោយការអស្ចារ្យ ដោយចម្បាំង ដោយព្រះហស្តដ៏ខ្លាំងពូកែ និងដោយព្រះពាហុលើកសម្រេច ហើយដោយការគួរស្ញែងខ្លាចដ៏ធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានធ្វើសម្រាប់អ្នកនៅស្រុកអេស៊ីព្ទ នៅចំពោះមុខអ្នកឬទេ? ការទាំងនោះបានសម្ដែងមកឲ្យអ្នកឃើញ ដើម្បីឲ្យអ្នកបានដឹងថា ព្រះយេហូវ៉ាពិតជាព្រះមែន ក្រៅពីព្រះអង្គគ្មានព្រះឯណាទៀតឡើយ។ ព្រះអង្គធ្វើឲ្យអ្នកឮព្រះសូរសៀងព្រះអង្គពីលើមេឃ ដើម្បីអប់រំអ្នក។ នៅលើផែនដី ព្រះអង្គឲ្យអ្នកបានឃើញភ្លើងដ៏ធំរបស់ព្រះអង្គ ហើយអ្នកបានឮព្រះបន្ទូលរបស់ព្រះអង្គចេញពីកណ្ដាលភ្លើងនោះមក។ ដោយព្រោះព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ព្រះអង្គក៏បានរើសយកពូជពង្សរបស់ពួកគេនៅជំនាន់ក្រោយ។ ព្រះអង្គបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមកនៅចំពោះព្រះអង្គ ដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ ដោយបណ្តេញសាសន៍នានាដែលធំ ហើយពូកែជាងអ្នក ចេញពីមុខអ្នក ដើម្បីនាំអ្នកចូលទៅ ហើយប្រគល់ស្រុករបស់គេឲ្យអ្នក ទុកជាមត៌ក ដូចមាននៅថ្ងៃនេះ។ ដូច្នេះ ចូរដឹងនៅថ្ងៃនេះ ហើយកំណត់ទុកក្នុងចិត្តចុះថា ព្រះយេហូវ៉ា ពិតជាព្រះនៅលើស្ថានសួគ៌ និងនៅផែនដីនេះ គ្មានព្រះឯណាទៀតឡើយ។ អ្នករាល់គ្នាត្រូវរក្សាអស់ទាំងបញ្ញត្តិច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដើម្បីឲ្យបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នកតរៀងទៅ ហើយឲ្យមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នករហូតតទៅ»។ ពេលនោះ លោកម៉ូសេបានញែកក្រុងបីនៅត្រើយទន្លេយ័រដាន់ ទិសខាងកើត សម្រាប់ឲ្យអ្នកណាដែលសម្លាប់គេបានរត់ទៅជ្រកកោននៅទីនោះ គឺអ្នកណាដែលសម្លាប់អ្នកជិតខាងខ្លួនដោយអចេតនា ដោយមិនបានស្អប់អ្នកនោះពីមុន បានរត់ទៅជ្រកកោននៅក្នុងក្រុងណាមួយ ក្នុងចំណោមក្រុងទាំងនោះ ដើម្បីបានរួចជីវិត។ ក្រុងទាំងនោះគឺ ក្រុងបេស៊ើរ នៅទីរហោស្ថាននៃតំបន់ខ្ពង់រាប សម្រាប់ពួករូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាត សម្រាប់ពួកកាដ និងក្រុងកូឡាន នៅស្រុកបាសាន សម្រាប់ពួកម៉ាណាសេ។ នេះជាក្រឹត្យវិន័យដែលលោកម៉ូសេបានដាក់នៅមុខពួកកូនចៅអ៊ីស្រាអែល។ នេះហើយជាបន្ទាល់ ជាច្បាប់ និងជាបញ្ញត្តិទាំងប៉ុន្មាន ដែលលោកម៉ូសេបានប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅពេលគេចេញពីស្រុកអេស៊ីព្ទ
ទុតិយកថា 4:1-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ នឹងបញ្ញត្ត ដែលអញបង្រៀនដល់ឯងរាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅទទួលយកស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោឯង ទ្រង់ប្រទានមក មិនត្រូវឲ្យឯងរាល់គ្នាបន្ថែមបញ្ចូលអ្វីៗក្នុងសេចក្ដីទាំងប៉ុន្មាន ដែលអញបង្គាប់ដល់ឯង ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យឯងរាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលអញបង្គាប់មកឯងនេះ ភ្នែកឯងរាល់គ្នាបានឃើញការ ដែលព្រះយេហូវ៉ាទ្រង់ធ្វើ ដោយព្រោះដំណើរព្រះបាល-ពេអរ ដ្បិតអស់អ្នកណាដែលបានតាមព្រះបាល-ពេអរ នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបំផ្លាញគេពីពួកឯងចេញ តែពួកឯងរាល់គ្នា ដែលបាននៅជាប់នឹងព្រះយេហូវ៉ាជាព្រះនៃឯង នោះបានរស់នៅដរាបដល់សព្វថ្ងៃនេះវិញ មើល អញបានបង្រៀនច្បាប់ ហើយនឹងបញ្ញត្តដល់ឯងរាល់គ្នា តាមដែលព្រះយេហូវ៉ាជាព្រះនៃអញបានបង្គាប់មក ដើម្បីឲ្យឯងបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលឯងត្រូវចូលទៅទទួលយក ដូច្នេះចូរឲ្យឯងរាល់គ្នាកាន់ ហើយប្រព្រឹត្តតាមចុះ ដ្បិតនេះនឹងបានជាប្រាជ្ញា ហើយជាយោបល់ដល់ឯងរាល់គ្នា នៅភ្នែកនៃអស់ទាំងសាសន៍ ដែលនឹងឮថ្លែងពីបញ្ញត្តច្បាប់ទាំងប៉ុន្មាននេះ ហើយគេនឹងនិយាយថា ប្រាកដជាសាសន៍នេះមានប្រាជ្ញា នឹងយោបល់ពិត ដ្បិតតើមានសាសន៍ដ៏ធំណាមួយ ដែលមានព្រះគង់នៅជិតគេ ដូចជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់គង់នៅជិត ក្នុងកាលដែលយើងអំពាវនាវរកទ្រង់នោះ ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ នឹងបញ្ញត្តដ៏ត្រឹមត្រូវ ឲ្យដូចជាក្រឹត្យព្រះវិន័យនេះ ដែលអញដាក់នៅមុខឯងរាល់គ្នានៅថ្ងៃនេះដូច្នេះ។ ប៉ុន្តែ ត្រូវឲ្យឯងរាល់គ្នាប្រយ័តខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែកឯងបានឃើញ ហើយក្រែងនៅក្នុងជីវិតឯង ការទាំងនោះបានឃ្លាតចេញពីចិត្តឯងទៅ ត្រូវឲ្យឯងប្រាប់ពីការទាំងនោះដល់កូនចៅឯងឲ្យដឹងតរៀងទៅវិញ គឺពីថ្ងៃដែលឯងបានឈរនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់ភ្នំហោរែប ក្នុងកាលដែលទ្រង់មានបន្ទូលមកអញថា ចូរប្រមូលពួកបណ្តាជនមកឯអញ នោះអញនឹងឲ្យគេឮអស់ទាំងពាក្យរបស់អញ ដើម្បីឲ្យគេរៀនឲ្យចេះកោតខ្លាចដល់អញ នៅគ្រប់១ជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅគេថែមទៀត នោះឯងរាល់គ្នាបានចូលមកឈរនៅជិតជើងភ្នំ ហើយភ្នំក៏ឆេះឡើងជាភ្លើង នាំឲ្យស្រអាប់ពេញផ្ទៃមេឃ ហើយក៏មានពពក នឹងងងឹតសូន្យសុងផង រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលមកឯងរាល់គ្នាពីកណ្តាលភ្លើងនោះ ឯងរាល់គ្នាក៏បានឮព្រះសូរសៀងនៃព្រះបន្ទូលនោះ តែមិនឃើញរូបអង្គណាសោះ គ្រាន់តែឮសំឡេងប៉ុណ្ណោះ ទ្រង់បានមានបន្ទូលប្រាប់ដល់ឯងរាល់គ្នាពីសេចក្ដីសញ្ញារបស់ទ្រង់ ដែលទ្រង់បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យទាំង១០ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រឹត្យទាំងនោះ ចុះទៅបន្ទះថ្ម២ផ្ទាំង នៅវេលានោះ ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកអញ ឲ្យបង្រៀនអស់ទាំងច្បាប់ នឹងបញ្ញត្តដល់ឯង ដើម្បីឲ្យបានប្រព្រឹត្តតាម នៅក្នុងស្រុក ដែលឯងនឹងឆ្លងចូលទៅទទួលយកនោះ។ ដូច្នេះចូរឯងរាល់គ្នាប្រយ័តខ្លួនឲ្យមែនទែន ដ្បិតឯងមិនបានឃើញរូបអង្គបែបយ៉ាងណា នៅថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមកឯង ពីកណ្តាលភ្លើងនៅភ្នំហោរែបនោះទេ ក្រែងឯងរាល់គ្នាបង្ខូចខ្លួន ដោយឆ្លាក់ធ្វើរូបមានរាងដូចជាអង្គណា១ផង ទោះជាប្រុស ឬស្រីក្តី ឬជារូបសត្វណាដែលនៅលើផែនដី ឬជារូបសត្វណាដែលហើរនៅលើអាកាស ឬរូបសត្វណាដែលលូនវានៅដី ឬរូបត្រីណាដែលនៅក្នុងទឹកក្តី ហើយក្រែងឯងរាល់គ្នាងើបភ្នែក មើលទៅលើមេឃវេលាណាឃើញថ្ងៃ ខែ នឹងអស់ទាំងផ្កាយ គឺគ្រប់ទាំងរបស់ដែលមានជាបរិបូរនៅលើមេឃ នោះឯងរាល់គ្នាមានសេចក្ដីល្បួងប្រទាញចេញទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់របស់ទាំងនោះ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានមកឲ្យគ្រប់ទាំងសាសន៍ នៅក្រោមផ្ទៃមេឃវិញ តែព្រះយេហូវ៉ាបាននាំយកឯង ចេញពីគុករំលាយដែកនៅស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជារាស្ត្រដ៏ជាមរដកទ្រង់ ដូចជាសព្វថ្ងៃនេះ។ ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអញ ដោយព្រោះឯងរាល់គ្នាដែរ ហើយទ្រង់ស្បថមិនឲ្យអញឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកល្អ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដករបស់ឯងនោះទេ គឺអញត្រូវស្លាប់នៅស្រុកនេះ អញមិនត្រូវឆ្លងទន្លេយ័រដាន់នេះទៅឡើយ តែឯងរាល់គ្នានឹងឆ្លងទៅ ទទួលយកស្រុកល្អនោះវិញ ដូច្នេះចូរប្រយ័តខ្លួនចុះ ក្រែងភ្លេចសេចក្ដីសញ្ញាផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បានតាំងនឹងពួកឯង រួចងាកបែរទៅឆ្លាក់ធ្វើរូបមានរាងដូចរបស់យ៉ាងណាដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានហាមប្រាមមិនឲ្យធ្វើ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ជាភ្លើងឆេះបន្សុស គឺជាព្រះប្រចណ្ឌ។ កាលណាបាននៅស្រុកនោះជាយូរអង្វែង ព្រមទាំងបង្កើតកូនចៅ ហើយបង្ខូចខ្លួនទៅជាឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយ ក៏ប្រព្រឹត្តការអ្វីដែលអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង ជាការដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង នោះអញអាងដល់ស្ថានសួគ៌ ហើយនឹងផែនដី ឲ្យធ្វើជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា បន្តិចទៀត ឯងរាល់គ្នាត្រូវវិនាសអស់រលីង ចេញពីស្រុកដែលឯងឆ្លងទន្លេយ័រដាន់ ចូលទៅទទួលយកនោះជាមិនខាន នឹងធ្វើឲ្យនៅយូរអង្វែងតទៅទៀតមិនបាន គឺនឹងត្រូវវិនាសទៅទាំងអស់គ្នាវិញ ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯងរាល់គ្នាទៅ ឲ្យនៅគ្រប់ទាំងសាសន៍ ឯងនឹងនៅមានតែគ្នាតិច ក្នុងគ្រប់ទាំងនគរដែលព្រះយេហូវ៉ានឹងនាំឯងទៅនៅនោះ ហើយនៅស្រុកទាំងនោះ ឯងនឹងគោរពប្រតិបត្តិដល់ព្រះផ្សេងៗ ដែលធ្វើពីឈើ ឬពីថ្មដោយដៃមនុស្ស ជារូបដែលមិនអាចនឹងមើលឃើញស្តាប់ឮ ឬទទួលអាហារ ឬដឹងក្លិនឡើយ ប៉ុន្តែនៅទីនោះ ឯងនឹងស្វែងរកព្រះយេហូវ៉ាជាព្រះនៃឯង ហើយនឹងឃើញទ្រង់ ក្នុងកាលដែលរកទ្រង់អស់ពីចិត្ត ហើយអស់ពីព្រលឹងឯងផង កាលណាឯងកើតមានសេចក្ដីវេទនា ហើយគ្រប់ទាំងសេចក្ដីនេះបានកើតឡើងដល់ឯង នោះនៅគ្រាចុងបំផុត ឯងនឹងត្រឡប់មកឯព្រះយេហូវ៉ាជាព្រះនៃឯងវិញ ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ជាព្រះដ៏មានសេចក្ដីមេត្តាករុណា ទ្រង់មិនខាននឹងប្រោសឯងទេ ក៏មិនបំផ្លាញឯង ឬភ្លេចសេចក្ដីសញ្ញាដែលទ្រង់បានស្បថនឹងពួកឰយុកោឯងឡើយ។ ចូរស៊ើបសួររកពីអស់ទាំងថ្ងៃកន្លងទៅហើយដែលមានតាំងពីមុនឯងមក គឺចាប់តាំងពីថ្ងៃដែលព្រះទ្រង់បានបង្កើតមនុស្សនៅលើផែនដី ហើយពីជើងមេឃម្ខាងទៅដល់ជើងមេឃម្ខាងផង តើដែលមានការដ៏ធំយ៉ាងនេះ ឬដែលមានឮនិយាយពីការយ៉ាងនេះឬអី តើដែលមានសាសន៍ណាឮព្រះសៀងនៃព្រះ ដែលទ្រង់មានបន្ទូលពីកណ្តាលភ្លើងមក ដូចជាឯងបានឮ ហើយបានរស់នៅឬទេ ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍១សំរាប់អង្គទ្រង់ ពីកណ្តាលសាសន៍១ទៀត ដោយសារការល្បងទីសំគាល់ នឹងការអស្ចារ្យ ដោយចំបាំង ដោយព្រះហស្តដ៏មានព្រះចេស្តា នឹងដោយព្រះពាហុលើកសំរេច ហើយដោយការគួរស្ញែងខ្លាចជាធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានធ្វើ ជាប្រយោជន៍ដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងឃើញផងឬទេ ការទាំងនោះបានសំដែងមកឲ្យឯងឃើញ ដើម្បីឲ្យឯងបានដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ក្រៅពីទ្រង់ នោះគ្មានព្រះឯណាទៀតឡើយ ទ្រង់ធ្វើឲ្យឯងឮព្រះសៀងទ្រង់ពីលើមេឃ ដើម្បីនឹងបង្រៀនឯង ហើយលើផែនដី ទ្រង់បានឲ្យឃើញភ្លើងដ៏ធំរបស់ទ្រង់ ឯងក៏បានឮព្រះបន្ទូលទ្រង់ចេញពីកណ្តាលភ្លើងនោះមក ហើយដោយព្រោះទ្រង់បានស្រឡាញ់ពួកឰយុកោឯង បានជាទ្រង់រើសយកពូជគេតៗមក ព្រមទាំងនាំឯងចេញពីស្រុកអេស៊ីព្ទមកនៅចំពោះទ្រង់ ដោយព្រះចេស្តាដ៏ជាធំរបស់ទ្រង់ ដើម្បីនឹងបណ្តេញអស់ទាំងសាសន៍ដែលធំ ហើយពូកែជាងឯង ពីមុខឯងចេញ ឲ្យបាននាំឯងចូលទៅ ប្រយោជន៍នឹងឲ្យស្រុកគេ ទុកជាមរដកដល់ឯង ដូចជាមានសព្វថ្ងៃនេះ ដូច្នេះ ចូរដឹងនៅថ្ងៃនេះ ហើយកំណត់ទុកក្នុងចិត្តចុះថា ព្រះយេហូវ៉ាទ្រង់ជាព្រះនៅលើស្ថានសួគ៌ ហើយនៅផែនដីនេះផង គ្មានព្រះឯណាទៀតសោះឡើយ ត្រូវឲ្យឯងរាល់គ្នារក្សាអស់ទាំងបញ្ញត្តច្បាប់របស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីឲ្យបានសប្បាយ ព្រមទាំងកូនចៅឯងតរៀងទៅផង ហើយឲ្យបានជីវិតយូរអង្វែងតទៅ នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកឲ្យឯងបាននៅជាដរាប។ នៅគ្រានោះ ម៉ូសេក៏ញែកទីក្រុង៣នៅត្រើយទន្លេយ័រដាន់ ទិសខាងកើត សំរាប់ឲ្យអ្នកណាដែលសំឡាប់អ្នកជិតខាងខ្លួន មិនប្រកបដោយចិត្តប៉ង ហើយដែលមិនបានស្អប់អ្នកនោះពីកាលមុន បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ហើយឲ្យបានរស់នៅដោយរត់ទៅជ្រកកោននៅទីក្រុងណាមួយនោះ ទីក្រុងទាំងនោះ គឺក្រុងបេស៊ើរ១ ដែលនៅទីរហោស្ថាន នាស្រុកវាល សំរាប់ពួករូបេន នឹងទីក្រុងរ៉ាម៉ូត១ នៅស្រុកកាឡាត សំរាប់ពួកកាឌ់ ហើយទីក្រុងកូឡាន១ នៅស្រុកបាសាន សំរាប់ពួកម៉ាន៉ាសេ។ នេះគឺជាក្រឹត្យវិន័យដែលម៉ូសេបានដាក់នៅមុខពួកកូនចៅអ៊ីស្រាអែល ហើយនេះជាសេចក្ដីបន្ទាល់ ជាច្បាប់ ហើយជាបញ្ញត្តទាំងប៉ុន្មាន ដែលម៉ូសេបានប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ក្នុងកាលដែលគេចេញពីស្រុកអេស៊ីព្ទមក