ទុតិយកថា 7:1-22
ទុតិយកថា 7:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកហៀបនឹងចូលទៅកាន់កាប់ ហើយព្រះអង្គបានដេញសាសន៍ជាច្រើនពីមុខអ្នកចេញ គឺសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស សាសន៍ទាំងប្រាំពីរនោះមានគ្នាច្រើន ហើយខ្លាំងពូកែជាងអ្នក កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រគល់សាសន៍ទាំងនោះមកអ្នក ហើយអ្នកបានឈ្នះគេ នោះត្រូវបំផ្លាញគេឲ្យអស់កុំឲ្យសល់ មិនត្រូវតាំងសញ្ញាជាមួយគេ ឬអាណិតមេត្តាដល់គេឡើយ។ មិនត្រូវរៀបការជាមួយគេ ដោយឲ្យកូនស្រីរបស់អ្នកទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់អ្នកឡើយ ដ្បិតគេនឹងបង្វែរកូនរបស់អ្នកចេញពីយើង ឲ្យទៅគោរពប្រតិបត្តិតាមព្រះដទៃ។ ពេលនោះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ានឹងត្រូវឆួលឡើងទាស់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងបំផ្លាញអ្នកយ៉ាងរហ័ស។ ប៉ុន្ដែ អ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងគេយ៉ាងនេះវិញ គឺត្រូវរំលំអាសនារបស់គេ បំបាក់បំបែកស្ដូបរបស់គេ ហើយបំផ្លាញបង្គោលសក្ការៈ របស់គេ ព្រមទាំងដុតរូបឆ្លាក់របស់គេនឹងភ្លើងទៅ។ ដ្បិតអ្នកជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយព្រះយេហូវ៉ាជាព្រះរបស់អ្នកបានជ្រើសរើសអ្នក ពីក្នុងចំណោមប្រជាជនទាំងអស់នៅលើផែនដី មកធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់។ ព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមានគ្នាច្រើនជាងសាសន៍ឯទៀតនោះឡើយ ដ្បិតអ្នករាល់គ្នាជាសាសន៍មានគ្នាតិចជាងសាសន៍ទាំងអស់ តែដោយព្រោះព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា ហើយដោយព្រោះព្រះអង្គគោរពតាមសេចក្ដីសម្បថ ដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា បានជាព្រះអង្គនាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ ហើយបានលោះអ្នករាល់គ្នាឲ្យរួចពីផ្ទះដែលអ្នកធ្វើទាសករ គឺពីកណ្ដាប់ដៃរបស់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ។ ដូច្នេះ ចូរដឹងថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ពិតជាព្រះមែន គឺជាព្រះស្មោះត្រង់ដែលគោរពតាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ រហូតដល់មួយពាន់តំណ ព្រះអង្គសងដល់អស់អ្នកដែលស្អប់ព្រះអង្គនៅប្រទល់មុខគេ ដោយបំផ្លាញគេចេញ។ ព្រះអង្គនឹងមិនបង្អង់ឡើយចំពោះអ្នកណាដែលស្អប់ព្រះអង្គ គឺនឹងសងដល់អ្នកនោះនៅប្រទល់មុខ ។ ដូច្នេះ ត្រូវប្រយ័ត្ននឹងកាន់តាមបទបញ្ជា ច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះចុះ»។ «ប្រសិនបើអ្នករាល់គ្នាស្តាប់តាមបញ្ញត្តិទាំងនេះ ទាំងកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកក៏នឹងកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសចំពោះអ្នក ជាសេចក្ដីដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នកដែរ។ ព្រះអង្គនឹងស្រឡាញ់អ្នក ព្រមទាំងប្រទានពរ ហើយចម្រើនឲ្យអ្នកមានគ្នាច្រើនឡើង ព្រះអង្គនឹងប្រទានពរផលដែលកើតពីពោះរបស់អ្នក និងផលពីដីរបស់អ្នក គឺជាស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ព្រមទាំងផលចម្រើនពីហ្វូងគោ និងកូនពីហ្វូងចៀមរបស់អ្នក នៅក្នុងស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នកថា នឹងប្រគល់ឲ្យអ្នក។ អ្នកនឹងបានពរលើសអស់ទាំងជាតិសាសន៍នៅក្នុងចំណោមអ្នករាល់គ្នា នឹងគ្មានប្រុស ឬស្រី សត្វឈ្មោល ឬញីណា នៅជាអារទេ។ ព្រះយេហូវ៉ានឹងដកអស់ទាំងជំងឺចេញពីអ្នក ហើយព្រះអង្គមិនឲ្យជំងឺដ៏អាក្រក់ទាំងប៉ុន្មានរបស់ស្រុកអេស៊ីព្ទដែលអ្នកធ្លាប់ស្គាល់កើតមកលើអ្នកឡើយ គឺនឹងដាក់ជំងឺទាំងនោះទៅលើអស់អ្នកដែលស្អប់អ្នកវិញ។ អ្នកនឹងបំផ្លាញអស់ទាំងសាសន៍ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រគល់មកអ្នកឲ្យវិនាសទៅ។ ភ្នែករបស់អ្នកមិនត្រូវប្រណីដល់គេឡើយ ក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ដ្បិតនោះជាអន្ទាក់ដល់អ្នក។ ប្រសិនបើអ្នកនឹកក្នុងចិត្តថា "សាសន៍ទាំងនេះមានគ្នាច្រើនជាងខ្ញុំ ធ្វើដូចម្ដេចឲ្យខ្ញុំចាប់យកស្រុករបស់គេបាន?" នោះកុំឲ្យខ្លាចឡើយ តែត្រូវនឹកចាំពីអស់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រព្រឹត្តចំពោះផារ៉ោន និងចំពោះស្រុកអេស៊ីព្ទទាំងមូលចុះ គឺពីការល្បងលយ៉ាងធំដែលភ្នែកអ្នកបានឃើញ ពីទីសម្គាល់ និងការអស្ចារ្យ ពីព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រើ ដើម្បីនាំអ្នកចេញមក។ ដូច្នេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នក ក៏នឹងប្រព្រឹត្តចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកខ្លាចយ៉ាងនោះដែរ។ មួយទៀត ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងចាត់ឪម៉ាល់ ទៅកណ្ដាលគេ រហូតទាល់តែពួកគេដែលសល់នៅ ហើយលាក់ខ្លួនវិនាសអស់។ មិនត្រូវភ័យខ្លាចពួកគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលគង់នៅជាមួយអ្នក ព្រះអង្គជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច។ ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងបណ្តេញសាសន៍ទាំងនោះ ចេញពីមុខអ្នកបន្តិចម្តងៗ។ អ្នកមិនអាចបំផ្លាញពួកគេទាំងអស់ភ្លាមៗបានឡើយ បើមិនដូច្នោះទេ សត្វព្រៃនឹងចម្រើនឡើង ហើយធ្វើទុក្ខអ្នកមិនខាន។
ទុតិយកថា 7:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ ដោយបណ្ដេញប្រជាជាតិជាច្រើនចេញពីមុខអ្នក ដូចជាជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស គឺប្រជាជាតិទាំងប្រាំពីរដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ពេលណាអ្នកយកជ័យជម្នះលើពួកគេហើយ ចូរបំផ្លាញពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្ដោសពួកគេឡើយ។ កុំចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនេះ ដោយចំណងអាពាហ៍ពិពាហ៍ គឺមិនត្រូវលើកកូនស្រីរបស់អ្នកឲ្យកូនប្រុសរបស់ពួកគេ ហើយក៏មិនត្រូវដណ្ដឹងកូនស្រីរបស់ពួកគេឲ្យកូនប្រុសរបស់អ្នកដែរ។ បើមិនដូច្នោះទេ កូនប្រុសរបស់អ្នកមុខជាបែរចិត្តចេញឆ្ងាយពីព្រះអម្ចាស់ ទៅគោរពថ្វាយបង្គំព្រះឯទៀតៗ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងអ្នករាល់គ្នា ហើយកម្ទេចអ្នកមួយរំពេច។ អ្នករាល់គ្នាត្រូវប្រព្រឹត្តចំពោះជាតិសាសន៍ទាំងនោះដូចតទៅ គឺត្រូវផ្ដួលរំលំអាសនៈរបស់ពួកគេ បំបាក់ស្តូបរបស់ពួកគេ ត្រូវកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយដុតកម្ទេចរូបព្រះរបស់ពួកគេ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចាត់ទុកអ្នកជាប្រជាជនដ៏វិសុទ្ធ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់»។ «ព្រះអម្ចាស់ស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នាដូច្នេះ មិនមែនមកពីអ្នករាល់គ្នាមានចំនួនច្រើនជាងជាតិសាសន៍ទាំងប៉ុន្មាននោះឡើយ ដ្បិតអ្នករាល់គ្នាជាជាតិសាសន៍មួយតូចជាងគេបំផុត។ ព្រះអង្គជ្រើសរើសអ្នករាល់គ្នា មកពីព្រះអង្គស្រឡាញ់អ្នករាល់គ្នា ហើយសព្វព្រះហឫទ័យគោរពតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា។ ហេតុនេះហើយបានជាព្រះអម្ចាស់ប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ ដើម្បីនាំអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាធ្វើជាទាសករ ព្រះអង្គរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានតែព្រះអម្ចាស់ជាព្រះរបស់អ្នកប៉ុណ្ណោះ ដែលជាព្រះដ៏ពិតប្រាកដ។ ព្រះអង្គគោរពតាមសម្ពន្ធមេត្រី*របស់ព្រះអង្គ ដោយព្រះហឫទ័យស្មោះត្រង់ ហើយសម្តែងព្រះហឫទ័យមេត្តាករុណារហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ។ ផ្ទុយទៅវិញ ព្រះអង្គដាក់ទោសអស់អ្នកដែលស្អប់ព្រះអង្គ និងធ្វើឲ្យពួកគេវិនាស ដោយឥតបង្អង់ឡើយ។ ដូច្នេះ អ្នកត្រូវកាន់តាមបទបញ្ជា ច្បាប់ និងវិន័យដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីឲ្យអ្នកយកទៅប្រតិបត្តិតាម។ ប្រសិនបើអ្នករាល់គ្នាស្ដាប់វិន័យទាំងនេះ ហើយកាន់ និងប្រតិបត្តិតាម ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក៏ធ្វើតាមសម្ពន្ធមេត្រីរបស់ព្រះអង្គ ព្រមទាំងសម្តែងព្រះហឫទ័យមេត្តាករុណាដ៏ស្មោះស្ម័គ្រចំពោះអ្នក ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នកដែរ។ ព្រះអង្គនឹងស្រឡាញ់អ្នក ប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្នកកើនចំនួនច្រើនឡើង។ ព្រះអង្គនឹងប្រទានពរឲ្យអ្នកមានកូនចៅច្រើន ឲ្យដីរបស់អ្នកបង្កបង្កើតផល មានស្រូវ ស្រាទំពាំងបាយជូរ និងប្រេងដ៏បរិបូណ៌។ ព្រះអង្គក៏ប្រទានឲ្យហ្វូងគោ និងហ្វូងចៀមរបស់អ្នក បង្កើតកូនចៅកើនចំនួនឡើងនៅក្នុងស្រុក ដែលព្រះអង្គសន្យាជាមួយបុព្វបុរសរបស់អ្នក ថានឹងប្រគល់ឲ្យអ្នក។ អ្នកនឹងទទួលពរលើសជាតិសាសន៍ទាំងអស់ គឺក្នុងស្រុករបស់អ្នក គ្មានបុរស ឬស្ត្រី ដែលពុំអាចបង្កើតកូន ហើយក្នុងហ្វូងសត្វរបស់អ្នក ក៏គ្មានសត្វដែលពុំអាចបង្កើតកូនដែរ ។ ព្រះអម្ចាស់នឹងកម្ចាត់ជំងឺទាំងអស់ចេញឆ្ងាយពីអ្នក ព្រះអង្គមិនឲ្យអ្នកជួបប្រទះជំងឺរាតត្បាតផ្សេងៗ ដូចអ្នកធ្លាប់ឃើញនៅស្រុកអេស៊ីបឡើយ តែព្រះអង្គឲ្យជំងឺទាំងនោះកើតមានដល់ខ្មាំងសត្រូវរបស់អ្នកវិញ។ អ្នកនឹងបំផ្លាញជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្ដាប់ដៃអ្នក។ មិនត្រូវអាណិតអាសូរពួកគេ ហើយក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ព្រោះជាអន្ទាក់សម្រាប់អ្នករាល់គ្នា»។ «មិនត្រូវរិះគិតក្នុងចិត្តថា “ប្រជាជាតិទាំងនោះមានចំនួនច្រើនជាងខ្ញុំ តើធ្វើដូចម្ដេចឲ្យខ្ញុំអាចបណ្ដេញពួកគេចេញពីទឹកដីនេះបាន?” កុំខ្លាចពួកគេឡើយ តែត្រូវនឹកគិតអំពីហេតុការណ៍ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានប្រព្រឹត្តចំពោះព្រះចៅផារ៉ោន និងអ្នកស្រុកអេស៊ីបទាំងមូល។ អ្នកឃើញស្រាប់ហើយថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើឲ្យមានគ្រោះកាចដ៏ធំៗ ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ព្រមទាំងឫទ្ធិបារមី និងតេជានុភាព ដើម្បីនាំអ្នកចេញពីស្រុកអេស៊ីប។ ដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក៏ប្រព្រឹត្តបែបនេះចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកនឹកខ្លាចដែរ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងចាត់សត្វឪម៉ាល់ ទៅប្រហារអស់អ្នកដែលនៅសេសសល់ ហើយលាក់ខ្លួន ឲ្យវិនាសសូន្យនៅមុខអ្នក។ កុំភ័យខ្លាចពួកគេឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក ព្រះអង្គជាព្រះដ៏ឧត្ដម គួរឲ្យស្ញែងខ្លាច។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដេញកម្ចាត់ពួកគេចេញឆ្ងាយពីអ្នកបន្តិចម្ដងៗ។ អ្នកពុំអាចបំផ្លាញពួកគេអស់ភ្លាមៗឡើយ បើមិនដូច្នោះទេ សត្វព្រៃកើនចំនួនច្រើនឡើង ហើយធ្វើទុក្ខអ្នកជាមិនខាន។
ទុតិយកថា 7:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុកដែលត្រូវចូលទៅទទួលយកនោះ ហើយទ្រង់បានដេញសាសន៍ជាច្រើន ពីមុខឯងចេញ គឺជាសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស ទាំង៧សាសន៍នោះដែលធំ ហើយពូកែជាងឯង កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បានប្រគល់សាសន៍ទាំងនោះមកឯង ហើយឯងបានឈ្នះគេ នោះត្រូវឲ្យបំផ្លាញគេឲ្យអស់រលីងចេញ មិនត្រូវតាំងសញ្ញានឹងគេ ឬអាណិតមេត្តាដល់គេឡើយ ក៏មិនត្រូវរៀបការជាមួយនឹងគេ ឬឲ្យកូនស្រីឯងទៅកូនប្រុសគេ ហើយយកកូនស្រីគេមកឲ្យកូនប្រុសឯងនោះដែរ ដ្បិតគេនឹងបង្វែរកូនឯងពីអញចេញ ឲ្យទៅគោរពប្រតិបត្តិតាមព្រះដទៃ យ៉ាងនោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងត្រូវកាត់ឡើងទាស់នឹងឯងរាល់គ្នា ហើយទ្រង់នឹងបំផ្លាញឯងចេញជាឆាប់ ត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តនឹងគេយ៉ាងនេះវិញ គឺត្រូវរំលំអាសនារបស់គេ បំបាក់បំបែកបង្គោលដែលសំរាប់គោរព ហើយបំផ្លាញអ្នកតា ព្រមទាំងដុតរូបឆ្លាក់របស់គេនៅក្នុងភ្លើងទៅ ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសយកឯង ឲ្យបានជារបស់ផងទ្រង់ លើសជាងអស់ទាំងសាសន៍ ដែលនៅផែនដីផង។ ព្រះយេហូវ៉ាទ្រង់មិនបានស្រឡាញ់ឯងរាល់គ្នា ឬរើសឯង ដោយព្រោះឯងមានគ្នាច្រើនជាងសាសន៍ឯទៀតនោះទេ ដ្បិតឯងរាល់គ្នាជាសាសន៍តិចជាងសាសន៍ទាំងអស់ គឺដោយព្រោះព្រះយេហូវ៉ាទ្រង់ស្រឡាញ់ឯងរាល់គ្នាវិញ ហើយដោយព្រោះទ្រង់ចង់កាន់តាមសេចក្ដីសម្បថដែលទ្រង់បានស្បថ នឹងពួកឰយុកោឯង បានជាទ្រង់នាំឯងចេញមក ដោយព្រះហស្តដ៏មានព្រះចេស្តា ហើយបានលោះឯងពីផ្ទះពួកបាវបំរើ គឺពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក ដូច្នេះ ចូរដឹងថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ពិតជាព្រះហើយ គឺជាព្រះស្មោះត្រង់ ដែលទ្រង់កាន់តាមសេចក្ដីសញ្ញា ហើយនឹងសេចក្ដីសប្បុរសដរាបដល់ទាំងពាន់ដំណ របស់ពួកអ្នកដែលស្រឡាញ់ទ្រង់ហើយកាន់តាមបញ្ញត្តរបស់ទ្រង់ ហើយទ្រង់ក៏សងដល់ពួកអ្នកដែលស្អប់ទ្រង់នៅប្រទល់មុខគេ ដើម្បីនឹងបំផ្លាញគេចេញ ទ្រង់មិនបង្អង់ដល់អ្នកណាដែលស្អប់ទ្រង់ឡើយ គឺទ្រង់នឹងសងគេនៅប្រទល់មុខវិញ ដូច្នេះត្រូវឲ្យឯងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ នឹងច្បាប់ ហើយនឹងបញ្ញត្តទាំងប៉ុន្មាន ដែលអញបង្គាប់ឯងនៅថ្ងៃនេះ ដើម្បីនឹងប្រព្រឹត្តតាមចុះ។ បើសិនណាជាឯងរាល់គ្នានឹងស្តាប់តាមអស់ទាំងបញ្ញត្តទាំងនេះ ព្រមទាំងកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងកាន់តាមសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរសចំពោះឯង ជាសេចក្ដីដែលទ្រង់បានស្បថនឹងពួកឰយុកោនៃឯង ទ្រង់នឹងស្រឡាញ់ឯង ព្រមទាំងប្រទានពរ ហើយចំរើនឲ្យឯងមានគ្នាច្រើនឡើង ទ្រង់ក៏នឹងប្រទានពរដល់ផលដែលកើតពីពោះឯងមក នឹងផលពីដីឯងផង គឺជាស្រូវ នឹងទឹកទំពាំងបាយជូរ ហើយនឹងប្រេង ព្រមទាំងផលចំរើនពីហ្វូងគោ នឹងកូនពីហ្វូងចៀមរបស់ឯង នៅក្នុងស្រុកដែលទ្រង់បានស្បថនឹងពួកឰយុកោថា ទ្រង់នឹងឲ្យដល់ឯង ឯងនឹងបានពរលើសជាងអស់ទាំងសាសន៍ឯទៀត នៅក្នុងពួកឯងនឹងគ្មានប្រុស ឬស្រី សត្វឈ្មោល ឬញីណា នៅជាអារទេ ព្រះយេហូវ៉ាទ្រង់នឹងដកអស់ទាំងជំងឺពីឯងចេញ ហើយទ្រង់មិនឲ្យឯងកើតមានជំងឺដ៏អាក្រក់ណាមួយរបស់ស្រុកអេស៊ីព្ទ ដែលឯងស្គាល់ហើយនោះទេ គឺនឹងដាក់ជំងឺទាំងនោះទៅលើពួកអ្នកទាំងប៉ុន្មានដែលស្អប់ឯងវិញ ហើយឯងនឹងបានធ្វើឲ្យអស់ទាំងសាសន៍ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រគល់មកឯង បានរោយរៀវទៅ ភ្នែកឯងមិនត្រូវប្រណីដល់គេឡើយ ក៏មិនត្រូវគោរពប្រតិបត្តិដល់ព្រះគេដែរ ដ្បិតនោះនឹងបានជាអន្ទាក់ដល់ឯងវិញ។ បើសិនជាឯងនឹកក្នុងចិត្តថា សាសន៍ទាំងនេះគេមានគ្នាច្រើនជាងអញ ធ្វើដូចម្តេចឲ្យអញចាប់យកស្រុករបស់គេបាន នោះកុំឲ្យខ្លាចឡើយ ចូរនឹកតែពីអស់ទាំងការដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានធ្វើដល់ផារ៉ោន ហើយដល់ស្រុកអេស៊ីព្ទទាំងមូលប៉ុណ្ណោះចុះ គឺពីការល្បងលយ៉ាងធំ ដែលភ្នែកឯងបានឃើញ នឹងទីសំគាល់ ហើយការអស្ចារ្យទាំងប៉ុន្មាន នឹងពីព្រះហស្តដ៏មានព្រះចេស្តា ហើយនឹងព្រះពាហុលើកសំរេច ដែលព្រះយេហូវ៉ាជាព្រះនៃឯងបានប្រើ ដើម្បីនឹងនាំឯងចេញមកនោះ គឺយ៉ាងនោះដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងធ្វើដល់គ្រប់អស់ទាំងសាសន៍ដែលឯងខ្លាចនោះដែរ មួយទៀត ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងចាត់ឪម៉ាល់ទៅកណ្តាលគេ ទាល់តែពួកគេដែលសល់នៅ ហើយពួននឹងឯង បានវិនាសចេញអស់ទៅ មិនត្រូវឲ្យឯងភ័យខ្លាច ដោយព្រោះគេឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ទ្រង់គង់កណ្តាលពួកឯងហើយ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបណ្តេញសាសន៍ទាំងនោះ ចេញពីមុខឯងបន្តិចម្តងៗ មិនត្រូវឲ្យឯងរាល់គ្នាបំផ្លាញគេទាំងអស់ ដោយរហ័សពេកឡើយ ក្រែងសត្វព្រៃចំរើនឡើងដល់ឯងវិញ