សាស្ដា 4:9-12
សាស្ដា 4:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សពីរនាក់ប្រសើរជាងមនុស្សតែម្នាក់ ដ្បិតកិច្ចការដែលអ្នកទាំងពីរធ្វើរួមគ្នា រមែងបានទទួលផលច្រើនជាង។ ប្រសិនបើម្នាក់ដួល ម្នាក់ទៀតជួយលើក។ រីឯមនុស្សដែលនៅតែម្នាក់ឯង មុខជាវេទនាពុំខាន ព្រោះពេលគេដួល គ្មាននរណាជួយលើកទេ! មួយវិញទៀត បើមនុស្សពីរនាក់ដេកជាមួយគ្នា នោះគេបានកក់ក្ដៅ។ ចំណែកឯមនុស្សដែលនៅតែម្នាក់ឯងវិញ ធ្វើម្ដេចឲ្យកក់ក្ដៅកើត? មនុស្សម្នាក់អាចវាយមនុស្សម្នាក់ទៀតឈ្នះ តែបើមានពីរនាក់ព្រួតគ្នា អ្នកនោះពុំអាចឈ្នះបានឡើយ។ ពួរដែលវេញដោយខ្សែបីសសៃ មិនងាយដាច់ទេ។
សាស្ដា 4:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពីរនាក់ វិសេសជាងនៅតែឯង ព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន។ ដ្បិតបើដួល ម្នាក់ជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នាជួយជ្រោងឡើង។ មួយទៀត បើដេកមានគ្នាពីរនាក់ ក៏បានកក់ក្តៅ តែបើដេកតែម្នាក់ឯង តើធ្វើដូចម្តេចឲ្យកក់ក្តៅបាន? ហើយបើមានខ្មាំងណាមក ដែលមានកម្លាំងជាង មានពីរនាក់នឹងអាចទប់ទល់បាន។ ពួរបីធ្លុងមិនងាយដាច់ទេ។
សាស្ដា 4:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ មួយទៀត បើដេកមានគ្នា២នាក់ នោះក៏បានកក់ក្តៅ តែបើដេកតែម្នាក់ឯង នោះធ្វើដូចម្តេចឲ្យកក់ក្តៅបាន ហើយបើមានខ្មាំងណាមក ដែលមានកំឡាំងជាង នោះ២នាក់នឹងអាចទប់ទល់បាន ឯពួរ៣ធ្លុងមិនងាយដាច់ទេ។