សាស្ដា 4:9-16
សាស្ដា 4:9-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សពីរនាក់ប្រសើរជាងមនុស្សតែម្នាក់ ដ្បិតកិច្ចការដែលអ្នកទាំងពីរធ្វើរួមគ្នា រមែងបានទទួលផលច្រើនជាង។ ប្រសិនបើម្នាក់ដួល ម្នាក់ទៀតជួយលើក។ រីឯមនុស្សដែលនៅតែម្នាក់ឯង មុខជាវេទនាពុំខាន ព្រោះពេលគេដួល គ្មាននរណាជួយលើកទេ! មួយវិញទៀត បើមនុស្សពីរនាក់ដេកជាមួយគ្នា នោះគេបានកក់ក្ដៅ។ ចំណែកឯមនុស្សដែលនៅតែម្នាក់ឯងវិញ ធ្វើម្ដេចឲ្យកក់ក្ដៅកើត? មនុស្សម្នាក់អាចវាយមនុស្សម្នាក់ទៀតឈ្នះ តែបើមានពីរនាក់ព្រួតគ្នា អ្នកនោះពុំអាចឈ្នះបានឡើយ។ ពួរដែលវេញដោយខ្សែបីសសៃ មិនងាយដាច់ទេ។ ក្មេងប្រុសម្នាក់ក្រីក្រ តែមានប្រាជ្ញា នោះប្រសើរជាងស្ដេចមួយអង្គដែលមានវ័យចាស់ជរា ហើយល្ងីល្ងើ មិនព្រមទទួលយោបល់ពីអ្នកដទៃ។ ក្មេងប្រុសនោះអាចចេញពីទីឃុំឃាំង ឡើងគ្រងរាជ្យបាន ទោះបីគេកើតមកជាអ្នកក្រក្នុងនគររបស់ខ្លួនក្ដី។ ខ្ញុំឃើញមនុស្សទាំងអស់ដែលមានជីវិត និងមានចលនា នៅលើផែនដី លើកគ្នាទៅហែហមក្មេងប្រុស ដែលឡើងគ្រងរាជ្យជំនួសស្ដេចចាស់។ ក្មេងប្រុសនោះនឹងធ្វើជាមគ្គទេសក៍លើប្រជាជន ដែលច្រើនឥតគណនា។ ប៉ុន្តែ មនុស្សនៅជំនាន់ក្រោយៗមិនចាប់អារម្មណ៍ នឹងស្ដេចនោះទេ។ ត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។
សាស្ដា 4:9-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពីរនាក់ វិសេសជាងនៅតែឯង ព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន។ ដ្បិតបើដួល ម្នាក់ជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នាជួយជ្រោងឡើង។ មួយទៀត បើដេកមានគ្នាពីរនាក់ ក៏បានកក់ក្តៅ តែបើដេកតែម្នាក់ឯង តើធ្វើដូចម្តេចឲ្យកក់ក្តៅបាន? ហើយបើមានខ្មាំងណាមក ដែលមានកម្លាំងជាង មានពីរនាក់នឹងអាចទប់ទល់បាន។ ពួរបីធ្លុងមិនងាយដាច់ទេ។ មនុស្សកំលោះដែលទាល់ក្រ តែមានប្រាជ្ញា វិសេសជាងស្តេចដែលចាស់ជរា ហើយល្ងីល្ងើ ជាស្តេចដែលមិនព្រមទទួលសេចក្ដីដាស់តឿនទៀត ដ្បិតទោះបើអ្នកនោះចេញពីគុកមក ឬកើតមកជាអ្នកក្រក្នុងនគរក៏ដោយ គង់តែនឹងឡើងសោយរាជ្យបានដែរ។ ខ្ញុំបានឃើញគ្រប់មនុស្សមានជីវិតរស់ ដែលដើរនៅក្រោមថ្ងៃថា គេកាន់ខាងមនុស្សកំលោះនោះ គឺអ្នកទីពីរដែលបានតាំងឡើងជំនួសគេ។ ឯបណ្ដាជនទាំងឡាយ គឺជាពួកមនុស្សដែលអ្នកនោះគ្រប់គ្រងលើ នោះប្រមាណមិនបានឡើយ ប៉ុន្តែ ពួកមនុស្សដែលកើតមកក្រោយ គេមិនសុខចិត្តចំពោះអ្នកនោះទេ នេះពិតប្រាកដឥតមានប្រយោជន៍ ហើយដូចជាដេញចាប់ខ្យល់ ។
សាស្ដា 4:9-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ មួយទៀត បើដេកមានគ្នា២នាក់ នោះក៏បានកក់ក្តៅ តែបើដេកតែម្នាក់ឯង នោះធ្វើដូចម្តេចឲ្យកក់ក្តៅបាន ហើយបើមានខ្មាំងណាមក ដែលមានកំឡាំងជាង នោះ២នាក់នឹងអាចទប់ទល់បាន ឯពួរ៣ធ្លុងមិនងាយដាច់ទេ។ មនុស្សកំឡោះដែលទាល់ក្រ តែមានប្រាជ្ញា នោះវិសេសជាងស្តេចដែលចាស់ជរា ហើយល្ងីល្ងើ ជាស្តេចដែលមិនព្រមទទួលសេចក្ដីដាស់តឿនទៀត ដ្បិតទោះបើអ្នកនោះចេញពីគុកមក ឬកើតមកជាអ្នកក្រក្នុងនគរក៏ដោយ គង់តែនឹងឡើងសោយរាជ្យបានដែរ យើងបានឃើញគ្រប់មនុស្សមានជីវិតរស់ ដែលដើរនៅក្រោមថ្ងៃថា គេកាន់ខាងមនុស្សកំឡោះនោះ គឺជាអ្នកទី២ដែលបានតាំងឡើងជំនួសគេ ឯបណ្តាជនទាំងឡាយ គឺជាពួកមនុស្សដែលអ្នកនោះគ្រប់គ្រងលើ នោះប្រមាណមិនបានឡើយ ប៉ុន្តែពួកមនុស្សដែលកើតមកក្រោយ គេនឹងមិនសុខចិត្តចំពោះអ្នកនោះទេ នេះពិតប្រាកដជាឥតមានប្រយោជន៍ ហើយអសារឥតការទទេដែរ។